ក្រសួងសុខាភិបាលបានឱ្យដឹងថា មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៧នាក់បន្ថែមទៀត ដែលជាប្រភេទអូមីក្រុង និងជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញ អ្នកឆ្លងកូវីដ-១៩ ចំនួន១៧នាក់បន្ថែមទៀតកាលពីម្សិលមិញ ដែលជាការឆ្លងក្នុងសហគមន៍ ហើយ៨នាក់ក្នុងចំណោមនោះ ជាករណីស្នើសុំវិញ្ញាបនបត្របញ្ជាក់ពីជំងឺនេះដើម្បីចេញទៅក្រៅប្រទេស។ ក្រសួងបន្តថា សម្រាប់អ្នកជាសះស្បើយថ្មី គឺមិនមាននោះទេ ស្របពេលអ្នកស្លាប់ថ្មីដោយសារជំងឺនេះក៏មិនមាននោះដែរ។
កម្ពុជា បានប្រកាសរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ឡើងវិញកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្រោយពីកម្ពុជា មិនមានករណីឆ្លង និងអ្នកស្លាប់ថ្មី ដោយសារជំងឺនេះជិត ២ខែមកហើយ គិតចាប់ពីថ្ងៃទី៧ ខែឧសភា មក។
គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៦ ៣៤៣នាក់ ហើយអ្នកជាសះស្បើយសរុបចំនួន ១៣៣ ២០៦នាក់ និងស្លាប់សរុបចំនួន ៣ ០៥៦នាក់។
កាលពីចុងខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទូចដល់ប្រជាពលរដ្ឋដែលមិនទាន់ទទួលវ៉ាក់សាំងកូវីដ-១៩គ្រប់ដូស ត្រូវនាំគ្នាទៅទទួលយកវ៉ាក់សាំង ជាពិសេសពលរដ្ឋដែលមិនទាន់បានចាក់ដូសទី៣ ដែលមានជាង ៥លាននាក់ទៀត ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍។
លោកបញ្ជាក់តាមសារជាសំឡេងពេលនោះថា ភាពស៊ាំនៅសហគមន៍នៅមិនទាន់អាចធានាបានគ្រប់គ្រាន់នៅឡើយ ដោយសារចំនួនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសទី៣ ទើបតែបានជាង ៩លាននាក់ បើធៀបនឹងចំនួនពលរដ្ឋ១៥លាននាក់ដែលនឹងត្រូវទទួលវ៉ាក់សាំងដូសទី៣៕












