ព្រះមហាក្សត្រ​ខ្មែរ​អំពាវ​នាវ​ឱ្យ​ជន​រួម​ជាតិ​ជួយ​​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​និង​​សត្វព្រៃ​​

ព្រះមហាក្សត្រខ្មែរ បានអំពាវនាវទៅកាន់ជនរួមជាតិទាំងអស់ ឱ្យជួយទប់ស្កាត់ និងបញ្ឈប់រាល់បទល្មើសការកាប់ឈើ ការកាប់រានដុតឈូសឆាយដីព្រៃ ព្រមទាំងបទល្មើសការចាប់សត្វព្រៃដោយខុសច្បាប់ ហើយត្រូវនាំគ្នាចូលរួមថែរក្សា និងដាំដើមឈើឡើងវិញ។

ក្នុងឱកាស​យាងជាព្រះរាជាធិបតីប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» ដែលប្រារព្ធធ្វើឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើនៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៩ ខែកក្កដានេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ​មានព្រះរាជបន្ទូលដោយជំរុញទៅ​ជនរួមជាតិនៅទូទាំងប្រទេសមេត្តាដាំដើមឈើគ្រប់ប្រភេទ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះ ព្រះអង្គ​មានព្រះបន្ទូលបន្ថែមដោយជំរុញទៅ​ជនរួមជាតិជួយទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់រាន ដុត ឈូស ឆាយដីព្រៃ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់ ហើយចូលរួមថែរក្សាការពារ ព្រៃឈើជាពិសេសការពារភ្លើងឆេះព្រៃនៅតាមតំបន់ដែលពលរដ្ឋរស់នៅផងដែរ។

ព្រះអង្គមានព្រះរាជបន្ទូលថា៖ «សូមបងប្អូនជនរួមជាតិជួយទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់រាន ដុត ឈូស ឆាយដីព្រៃ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់ ហើយចូលរួមថែរក្សាការពារ ព្រៃឈើជាពិសេសការពារភ្លើងឆេះព្រៃនៅតាមតំបន់ដែលបងប្អូនរស់នៅ ដើម្បីរក្សាការពារឱ្យបាន នូវធនធានព្រៃឈើសម្រាប់កូនចៅរបស់យើងជំនាន់នេះនិងជំនាន់ក្រោយៗទៀត។

ជាងនេះទៀតព្រះអង្គបន្ថែមថា ត្រូវចូលរួមយកចិត្តទុកដាក់ធ្វើកសិកម្មចម្រុះនៅតាមសហគមន៍នីមួយៗ ទៅតាមសក្ដានុពលដីប្រកបដោយ ភាពវៃឆ្លាត ដោយមិនពឹងអាស្រ័យទៅលើផល អនុផលព្រៃឈើនោះឡើយ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលបានអញ្ជើញចូលរួមក្នុង​ពិធីបុណ្យ រុក្ខទិវា ដែរនោះ បានលើកឡើងថា ព្រៃឈើ បានផ្តល់សារៈសំខាន់ណាស់ សម្រាប់ជីវិតមនុស្ស សត្វនៅលើភពផែនដីដូចជាជួយទ្រទ្រង់អាកាសធាតុផែនដី។ បន្ថែមពីនេះ ព្រៃឈើក៏បានជួយធ្វើឱ្យដីមានជីវជាតិ នាំមកនូវទឹកភ្លៀង ជាជម្រកជីវចម្រុះ និងភាពស្រស់បំព្រង់នៃផែនដី។

លោកបន្តថា៖ «ព្រៃឈើមានអត្ថប្រយោជន៍ខ្លាំងណាស់នៅលើផែនដី វាគឺជាអាវុធប្រឆាំងនឹងគ្រោះធម្មជាតិជាច្រើន អស់រយៈពេលរាប់លានឆ្នាំមកហើយ ដោយព្រៃ ឬដើមឈើ គឺជាឧបករណ៍សម្រាប់ស្វែងរកអាហារ ប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួន និងជាច្រើនទៀតរាប់មិនអស់ ជាពិសេស គឺជាសួតរបស់ភពផែនដី»។

លោក ស ខេង ឱ្យដឹងថា ផ្ទៃដីប្រារព្ធ «រុក្ខទិវា» នាថ្ងៃសៅរ៍នេះ មានទំហំ ១០ហិកតា នៃផ្ទៃដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាសទំហំ ២៦.១៣ហិកតា ហើយកូនឈើដែលត្រូវយកមកដាំមានដើមធ្នង់ ច្រេស គីនីន គ្រញូង ឈើទាល និងម៉ៃសាក់ សរុបទាំងអស់ចំនួន ១៣ ៩៤០ដើម និងបានត្រៀមកូនឈើសម្រាប់ដាំជួសមួយចំនួនទៀត។

បើតាមរបាយការណ៍ និងការអះអាងរបស់ប្រជាសហគមន៍កន្លងមកថា បទល្មើសព្រៃឈើ និងសត្វព្រៃនៅតែបន្តកើតមានឡើងនៅតាមតំបន់ការពារធម្មជាតិ​មួយចំនួនក្នុងប្រទេសកម្ពុជា ពិសេសតំបន់ព្រៃឡង់ ​ព្រៃព្រះរការ ស្របពេល​រដ្ឋាភិបាលតាមរយៈ​ក្រសួងបរិស្ថាន បានហាមឃាត់ប្រជាសហគមន៍ យុវជន សង្គមស៊ីវិល មិនឱ្យចូលរួមចុះល្បាតក្នុងតំបន់ព្រៃអភិរក្សទាំងនោះដូចមុនឡើយ។ ​

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្ងៃទី​២៨ ខែមករា ឆ្នាំ២០២២​​ បានចេញរបាយការណ៍ដោយ​បង្ហាញ​​​ថា ក្នុ​ង​ឆ្នាំ​២០២១ ព្រៃឈើ​​​​​​ជាង ៦ ០០០​​ហិកតា ​ ​នៅ​តំបន់ជម្រកសត្វព្រៃ«​ព្រៃឡង់» និង«​​ព្រៃ​ព្រះ​រការ» ត្រូវបានកាប់បំផ្លាញ​ ដោយ​​មាន​​​​ការ​ទទួល​​​​សំណូក​ និង​ការ​​ប្រព្រឹត្ត​​អំពើ​ពុករលួយ​​របស់​អាជ្ញាធរ​​ពាក់ព័ន្ធ។

ទំហំនៃការបាត់បង់ផ្ទៃដីព្រៃឈើនៅតំបន់ការពារទាំងពីរនេះ អង្គការលើកលែងទោសអន្តរជាតិ​ អះអាងថា មានទំហំស្មើនឹងទីលាន ឬតារាងបាល់ទាត់ចំនួនជិត១ម៉ឺនទីតាំង (៨ ៧៨៤)។

ជាមួយគ្នានេះ ក្នុង​ឆ្នាំ២០២១ ក្រសួងបរិស្ថាន និងស្ថាប័នអង្គការដៃគូរបស់ខ្លួន បានដកហូត​អន្ទាក់សត្វព្រៃសរុបចំនួន ៦១ ៦១១អន្ទាក់ ចេញពីតំបន់ការពារធម្មជាតិ ចំនួន​៧២ និងច្រករបៀង​ជីវ​ចម្រុះផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានថា ជាមធ្យម ក្នុងមួយឆ្នាំ មានអន្ទាក់សរុបចំនួន​ជាង ៤០ ០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទាំងនេះ។

បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ក្នុងឆ្នាំ២០២១​ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់​មកពី​អង្គភាពចម្រុះ បានចុះប្រតិបត្តិការបង្ក្រាប​​ការ​ជួញដូរសត្វ​ព្រៃ​​ចំនួន៦២៥​ករណី សង្គ្រោះសត្វព្រៃបាន១ ២៧១ក្បាល រឹបអូសសាច់សត្វព្រៃចំនួន៣ ៦០៩ក្បាល និង​រឹបអូស​សាច់សត្វព្រៃគ្រប់ប្រភេទបានចំនួន ៣៥៤គីឡូក្រាម។ លើសពីនេះ បញ្ចូនសំណុំរឿងចំនួន «១១ទៅ​តុលាការ និងបានដោះលែងសត្វព្រៃចូលទៅព្រៃធម្មជាតិ​វិញចំនួន៨៦៤ក្បាល។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថា «រុក្ខទិវា» ជាទិវាមួយដែលត្រូវបានប្រារព្ធធ្វើឡើង ដើម្បីជំរុញចលនាដាំដុះឡើងវិញនូវកូនឈើ និងបំផុសស្មារតីស្រឡាញ់ព្រៃឈើ ធនធានធម្មជាតិក្នុងសង្គម ឈានទៅការចូលរួមថែរក្សា ការពារ និងបញ្ចប់ការកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិ។ ទិវានេះ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៥២ ក្រោមព្រះរាជតម្រិះរបស់សម្តេច នរោត្តម សីហនុ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

យ៉ាងណា លោកថា ទិវានេះបានខកខានក្នុងការប្រារព្ធបន្ទាប់ពីប្រទេសកម្ពុជា បានជួបនូវវិបត្តិនយោបាយ និងសង្គ្រាម ក្រោយថ្ងៃរដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ប៉ុន្តែក្រោយមករាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបង្កើតឡើងវិញនូវ «រុក្ខទិវា» តាមសេចក្តីសម្រេចលេខ០៨ ស.ស.រ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ១៩៩០ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលត្រូវប្រារព្ធឡើងនៅថ្ងៃទី៩ ខែកក្កដា ហើយច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២ បានកំណត់ទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិ ហៅ «រុក្ខទិវា» នេះនៅថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ។

ប្រភពដដែលបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ឆ្នាំ២០១៩ ពិធី «រុក្ខទិវា» បានប្រារព្ធនៅតាមបណ្តារាជធានី-ខេត្តចំនួន ១៤ទូទាំងប្រទេសសរុបចំនួន ២៩លើក នៅលើផ្ទៃដីទំហំជាង ៤៧០ហិកតា។ ប៉ុន្តែដោយសារប្រទេសជាតិជួបវិបត្តិជាសាកលនៃជំងឺកូវីដ១៩ កម្ពុជា បានអាក់ខានពុំបានរៀបចំពិធី «រុក្ខទិវា» ចំនួន២ឆ្នាំ គឺឆ្នាំ២០២០ និង២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ