ខួប៦ឆ្នាំ​បណ្ឌិត កែម ឡី៖ សង្គមស៊ីវិល​និង​សហជីព​នៅ​តែ​មើល​ឃើញ​ថា ជួប សម្លាប់ មិនមែន​ឃាតក​ពិត

ក្រុមសង្គមស៊ីវិល និងក្រុមយុវជនដែលស្រឡាញ់គាំទ្រលោកបណ្ឌិត កែម ឡី បានចូលរួមគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ចំថ្ងៃខួប៦ឆ្នាំនៃឃាតកម្មលើរូបលោក នៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មន្ត្រីសង្គមស៊ីវិល និងសហជីពមួយចំនួនបានបង្ហាញការមើលឃើញស្រដៀងគ្នាថា ជួប សម្លាប់ មិនមែនជាឃាតកពិត ក្នុងការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពី៦ឆ្នាំមុននោះទេ ដោយសារភស្តុតាងមិនស៊ីចង្វាក់ជាមួយនឹងអង្គហេតុដែលកើតឡើងរវាងជនរងគ្រោះ និងអ្នកប្រព្រឹត្ត។

ក្នុងពិធីរម្លឹកខួប៦ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ទីប្រឹក្សាសមាគម​គ្រូបង្រៀនកម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខស្តារម៉ាតស្តុបបូកគោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យនេះថា ដើមចមដែលនាំឱ្យគាត់ និងសហជីព-សង្គមស៊ីវិល និងយុវជនមួយចំនួនទៀត ប្រារព្ធខួបនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី ដើម្បីរម្លឹកពីវីរភាពរបស់លោកកាលនៅរស់ ដែលហ៊ាន «និយាយការពិត មិននិយាយការពារ»

លោកបន្ថែមថា កាលលោកបណ្ឌិត កែម ឡី នៅរស់ បានជួយសង្គមជាតិជាច្រើន រហូតបន្សល់ទុកសារ ឬបណ្ដាំផ្ដល់ជាដំបូន្មាន​ដល់កូនចៅជំនាន់ក្រោយឱ្យយកគំរូតាម ក្នុងការកសាងប្រទេសជាតិខ្មែរ ស្របតាមគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដ។

ប៉ុន្តែលោក រ៉ុង ឈុន ក៏បង្ហាញការសោកស្ដាយចំពោះឃាតកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដែលជាធនធានមនុស្សដ៏ល្អសម្រាប់កម្ពុជា។ ករណីនេះ លោកយល់ថា ការចាប់ឃាតកឈ្មោះ អឿត អាង ហៅខ្លួនឯងថា ជួប សម្លាប់ និងដាក់ពន្ធនាគារអស់មួយជីវិតនោះ មិនមែនជាឃាតកពិតនោះទេ ដោយសាររូបភាពនិងវីដេអូដែលសមត្ថកិច្ចបង្ហាញកន្លងមក មិនស៊ីចង្វាក់គ្នាជាមួយនឹងអង្គហេតុនោះឡើយ។

លោក រ៉ុង ឈុន ចូលរួមគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ចំថ្ងៃខួប៦ឆ្នាំនៃឃាតកម្មលើរូបលោក នៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។
លោក រ៉ុង ឈុន ចូលរួមគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ចំថ្ងៃខួប៦ឆ្នាំនៃឃាតកម្មលើរូបលោក នៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោកមានប្រសាសន៍ថា៖ «មនុស្សភាគច្រើន ទាំងមតិជាតិនិងអន្តរជាតិ គេមើល ជួប សម្លាប់ ហ្នឹងមិនមែនជាឃាតកពិត។ ហើយខ្ញុំក៏មើលឃើញវាមិនមែនជាឃាតកពិត ពីព្រោះរូបស្រមោលនិងរូបពិតរបស់ ជួប សម្លាប់ វាផ្សេងគ្នា។ អាហ្នឹងហើយដែលយើងមានមន្ទិលសង្ស័យ។ អ៊ីចឹងធ្វើម៉េចជំរុញអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា តាមរកឃាតកពិត និងអ្នកនៅពីក្រោយខ្នងឃាតករយកមកផ្តន្ទាទោស»។ ​

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថ្លែងក្នុងពិធីរម្លឹកខួប៦ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ថាឃាតកបាញ់សម្លាប់លោកបណ្ឌិត ​ដែលសមត្ថកិច្ចចាប់បាននិងយកមកផ្ដន្ទាទោសកន្លងមកនោះ មិនទាន់ផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះនៅឡើយ ដោយសារ ជួប សម្លាប់ ត្រូវបានមហាជនភាគច្រើនគិតថា មិនមែនជាឃាតកពិតនោះទេ។

លោក អាត់ ធន់ ជំរុញទៅរាជរដ្ឋាភិបាលឱ្យស្វែងរកឃាតកពិត និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ទើបអាចផ្ដល់យុត្តិធម៌ពិតដល់ជនរងគ្រោះ និងក្រុមគ្រួសារ ដើម្បីលុបបំបាត់វប្បធម៌និទណ្ឌភាពនៅកម្ពុជា។

លោកមានប្រសាសន៍ថា៖ «ជំរុញទៅអាជ្ញាធរធ្វើយ៉ាងណារកឃាតកពិត ដែលប្រជាពលរដ្ឋនិងមហាជនយល់ឃើញថានេះជាឃាតកពិតត្រឹមត្រូវ ទី១។ ទី២ យើងអត់ចង់ឃើញនិទណ្ឌភាព បើសិនជាអ្នកសម្លាប់នៅក្រៅច្បាប់ ទីបំផុតអ្នកដែលតស៊ូមតិ ឬអ្នកធ្វើការងារសង្គម ឬក៏សកម្មជនផ្សេងៗ គឺយើងមានការបាក់ស្បាត»។ ​

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា កាលដែលលោកបណ្ឌិត កែម ឡី នៅរស់ គាត់ហ៊ានរិះគន់ចំណុចខ្វះខាតរបស់រដ្ឋាភិបាល និងខ្វះខាតផ្សេងៗនៅក្នុងសង្គម ធ្វើឱ្យកូនខ្មែរជំនាន់ក្រោយយកគំរូតាម ដើម្បី​កែលម្អប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

លោក អំ សំអាត នៅតែមិនជឿថា លោកបណ្ឌិត កែម ឡី ជំពាក់លុយ ជួប សម្លាប់ ចំនួន៣ ០០០ដុល្លារនោះទេ ដោយសារលោកបណ្ឌិតមិនធ្លាប់ស្គាល់ ជួប សម្លាប់ ខណៈលោក​ក៏ជាអ្នកមានធនធានសមរម្យផងដែរ។

ករណីនេះ លោកជំរុញទៅអាជ្ញាធរស្វែងរកជនល្មើសនិងអ្នកពាក់ព័ន្ធនឹងឃាតកម្មលើបណ្ឌិត កែម ឡី យកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីធានាថា អំពើឃាតកម្មបែបនេះនឹងមិនកើតឡើងបន្តទៀត។

លោកមានប្រសាសន៍ថា៖ «យើងនៅតែទទូចទាមទារឱ្យមានការស៊ើបអង្កេតឱ្យបានពេញលេញ ដើម្បីផ្ដល់យុត្តិធម៌ក្នុងសង្គម ក៏ដូចជាផ្ដល់យុត្តិធម៌ដល់លោកបណ្ឌិត កែម ឡី និងក្រុមគ្រួសារ។ ហើយមួយទៀត ក៏ជាគំរូ ដើម្បីធ្វើការទប់ស្កាត់​នូវអំពើឃាតកម្ម[ដូច]គាត់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ឬអ្នកទាំងអស់គ្នាដែលនិយម កែម ឡី ធ្វើការចងចាំ។ ទី២ យើងនៅតែទាមទារស្វែងរកយុត្តិធម៌ឱ្យបានពេញលេញសម្រាប់លោកបណ្ឌិត កែម ឡី»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចាត់ទុកការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិលនិងសហជីពដែលអះអាងថា ជួប សម្លាប់ មិនមែនជាឃាតក​ពិត គឺគ្រាន់តែជាការបញ្ចេញមតិដើម្បីកេងចំណេញផ្នែកនយោបាយតែប៉ុណ្ណោះ។

លោកមានប្រសាសន៍ថា ៖«ជានីតិវិធីច្បាប់ ការសើរើលុះត្រាតែមានភស្តុតាងផ្ទុយ ដែលបញ្ជាក់ថា អ្វីដែលសមត្ថកិច្ចរកឃើញ ហើយការសម្រេចរបស់តុលាការវាមិនត្រឹមត្រូវ។ អ៊ីចឹងបើសង្គមស៊ីវិលយល់ឃើញថា ភស្តុតាងដែលមានមិនត្រឹមត្រូវ មិនស៊ីសង្វាក់ ហើយមិនមានយុត្តិធម៌ ហើយបើមានភស្តុតាងផ្ទុយដែលបញ្ជាក់ថា ជនដៃដល់មិនមែនជាជនដៃដល់ពិតប្រាកដ សុំឱ្យមានការសហការជាមួយសមត្ថកិច្ច ប៉ុន្តែកន្លងមកវាអត់មាន ក្រៅពីការចោទប្រកាន់ ហើយថ្លែងសារនយោបាយ ដើម្បីគ្រាន់តែជាការកេងចំណេញផ្នែកនយោបាយប៉ុណ្ណោះឯង។ ជាទិដ្ឋភាពផ្លូវច្បាប់ វាអត់មានអ្វីទាំងអស់»។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្តារម៉ាតស្តុបបូកគោ រាជធានីភ្នំពេញ ទាំងព្រឹកព្រលឹម។

ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កើតឡើងតែ២ថ្ងៃប៉ុណ្ណោះ ក្រោយពេលលោកបានធ្វើអត្ថាធិប្បាយជុំវិញរបាយការណ៍មួយរបស់អង្គការឃ្លាំមើលអន្តរជាតិ Global Witness ដែលមានឈ្មោះថា «អាណាចក្រអាជីវកម្មត្រកូលហ៊ុននៅកម្ពុជា»

របាយការណ៍នោះបានលាតត្រដាងពីការក្ដោបក្ដាប់អាជីវកម្មរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងច្រើននៅកម្ពុជា ដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក ដែលបញ្ហានេះ លោកបណ្ឌិតយល់ឃើញពេលនោះថា នឹងធ្វើឱ្យមានទំនាស់ផលប្រយោជន៍រវាងជំនួញ និងការដឹកនាំឬ កាន់អំណាច។

អស់រយៈពេលជិត៦ឆ្នាំកន្លងមកនេះ ​​​ព្រឹត្តិការណ៍សម្លាប់លោកបណ្ឌិត កែម ឡី គឺមានតែឃាតកម្នាក់ប៉ុណ្ណោះឈ្មោះ អឿត អាង ហៅខ្លួនឯង «ជួប សម្លាប់» ដែលត្រូវបានចាប់ខ្លួន ហើយតុលាការបានផ្តន្ទាទោសឱ្យជាប់គុកអស់មួយជីវិត។

យ៉ាងណា សម្រាប់ភរិយាលោកបណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា ធ្លាប់ប្រាប់វីអូឌីថា បុរសឈ្មោះជួប សម្លាប់ គ្រាន់តែជាឃាតកសម្បនិមិត្ត ឬជាឃាតកក្លែងក្លាយតែប៉ុណ្ណោះ ហើយគ្រួសារអ្នកស្រីក៏មិនសង្ឃឹមថា នឹងទទួលបានយុត្តិធម៌ពិតនៅក្រោមការដឹកនាំរបស់រដ្ឋាភិបាល លោក ហ៊ុន សែន នោះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ