Human Rights Watch ថា​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​រក​យុត្តិធម៌​ពិត​ឱ្យ​បណ្ឌិត កែម ឡី

អ្នកគាំទ្រម្នាក់កាន់រូបថតលោក កែម ឡី ដើម្បីគោរពវិញ្ញាណក្ខន្ធនៅចំថ្ងៃខួប៦ឆ្នាំនៃឃាតកម្មលើរូបលោក នៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ថ្លែងថា ខ្លួនគ្មានសង្ឃឹមថាមានយុត្តិធម៌ពិតប្រាកដលើសំណុំរឿងឃាតកម្មលោកបណ្ឌិត កែម ឡី ឡើយ ដោយថា រដ្ឋាភិបាលលោក ហ៊ុន សែន គ្មានឆន្ទៈស៊ើបអង្កេតដោយស្មោះត្រង់ ដើម្បីលាតត្រដាងរកជននៅពីក្រោយអំពើឃាតកម្មនេះទេ។

ការថ្លែងនេះធ្វើឡើងនាឱកាសរម្លឹកខួប៦ឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី ខណៈ ៦ឆ្នាំកន្លងមកនេះ ​​​ព្រឹត្តិការណ៍សម្លាប់លោក កែម ឡី គឺមានតែឃាតកម្នាក់ប៉ុណ្ណោះឈ្មោះ អឿត អាង ហៅខ្លួនឯង «ជួប សម្លាប់» ដែលត្រូវបានចាប់ខ្លួន ហើយតុលាការបានផ្តន្ទាទោសឱ្យជាប់គុកអស់មួយជីវិត។

នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ថ្លែងប្រាប់វីអូឌីតាមបណ្តាញសារអេឡិចត្រូនិចអ៊ីម៉ែលថា អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិមួយនេះ​បន្តទាមទារឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ និងមិនលម្អៀង លើករណីឃាតកម្មលើលោក កែម ឡី ដើម្បីធ្វើយ៉ាងណាឱ្យមានការទទួលខុសត្រូវចំពោះអ្នកពាក់ព័ន្ធទាំងអស់ក្នុងសំណុំរឿងនេះ។

លោក Phil Robertsonថា៖ «យើង​មិន​បោះបង់​ការ​ទាមទារ​រក​យុត្តិធម៌​ជូន​លោក កែម ឡី ព្រមទាំងទាមទារ​សំណង និង​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​គ្រួសារ​គាត់​ ពីសំណាក់​អ្នកពាក់ព័ន្ធ​ដែលបាន​សម្លាប់​គាត់​យ៉ាង​ព្រៃផ្សៃ។ ​យ៉ាង​ណា ដរាបណា​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារលោកនៅកាន់​អំណាច នោះលទ្ធភាព​នៃ​ការ​ស៊ើប​អង្កេត​បែប​នេះ [រកយុត្តិធម៌ និងរកជននៅពីក្រោយឃាតកម្មពិតប្រាកដ] ​នឹងមិន​កើត​ឡើងឡើយ»។

នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិរូបនេះ បន្តថា ការកាត់ក្តីរបស់តុលាការ​កម្ពុជានេះ គឺជាការបិទបាំងការពិត ដែលរៀបចំឡើងក្នុងគោលបំណងដាក់គុកតែជនដែលបានកំណត់​ទុក ជាជាងចំណាត់ការម៉ឺងម៉ាត់ណាមួយ ដើម្បីធានាយុត្តិធម៌ពិតជូនលោក កែម ឡី។

លោក ហ្វីល រ៉ូប៊ើតសុន បន្តថា តុលាការកម្ពុជាមិន​ឯករាជ្យនោះទេ ហើយការកាត់ក្តីនេះ គឺជាកំហុសអាក្រក់បំផុតមួយ។

តុលាការមានការខកខានក្នុងការនាំយកភស្តុតាង ស្វែងរកមេខ្លោងដែលផ្ដល់កាំភ្លើង ឬសូម្បីតែការពន្យល់ដែលអាចជឿជាក់បានសម្រាប់ការរត់គេចខ្លួនរបស់បុរសដែលត្រូវបានចាប់ខ្លួន និងភាពមិនប្រក្រតីសំខាន់ៗផ្សេងទៀត។ លោកថា សវនាការហាក់​ត្រូវ​បាន​ធ្វើឡើងយ៉ាងប្រញាប់​ប្រញាល់ ​ដើម្បី​កុំ​ឱ្យ​មាន​ពេលវេលា​​ស៊ើបអង្កេតឱ្យបានស៊ីជម្រៅ។

នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ថា៖ «លោក កែម ឡី គឺជាជនរងគ្រោះនៃឃាតកម្មនយោបាយដែលរៀបចំឡើងពីក្រុមមនុស្សកំពូលនៃគណបក្សកាន់អំណាច។ ដូច្នេះ ការពិតនៃអ្វីដែលបានកើតឡើង នឹងនៅតែមិនត្រូវបានលាតត្រដាង»។

ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន យល់ថា អង្គការសិទ្ធិមនុស្សអន្តរជាតិខាងលើ មានការលម្អៀងផ្នែកនយោបាយជាការសម្ដែងទស្សនៈ កាន់ជើងក្រុមប្រឆាំងដែលមាននិន្នាការមិនត្រូវនឹងរដ្ឋាភិបាល និងថែមទាំងមិនបានផ្តល់យុត្តិធម៌ដល់រដ្ឋាភិបាលកម្ពុជា។

លោកថា៖ «គ្រាន់តែជាការយល់ឃើញរបស់គាត់ទេ ក៏ប៉ុន្តែតាមច្បាប់របស់កម្ពុជា យើងចាប់បានអ្នកដែលប្រព្រឹត្តអំពើឃាតកម្មផ្ទាល់ហើយ គេឆ្លើយសារភាពហើយ ហើយតុលាការកាត់ទោសរួចហើយ។ អ៊ីចឹងហើយ ករណីឃាតកម្មលោកបណ្ឌិត កែម ឡី នេះ ត្រូវបានបញ្ចប់តាមផ្លូវច្បាប់រួចហើយ។ ត្រង់អ្នកណាយល់ឃើញយ៉ាងម៉េច អាហ្នឹងជារឿងយល់ឃើញរបស់គេរៀងៗខ្លួន»។

ចំណែកប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ច្រានចោលការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដែលថា រដ្ឋាភិបាលលោក ហ៊ុន សែន គ្មានឆន្ទៈស៊ើបអង្កេតដោយស្មោះត្រង់ ដើម្បីលាតត្រដាងរកជននៅពីក្រោយឃាតកម្មលើលោក កែម ឡី។ លោកថា ខ្លឹមសាររបស់អង្គការអន្តរជាតិខាងលើ គឺប្រាសចាកពីការពិត និងជាការចោទប្រកាន់មួយដែលមិនអាចទទួលយកបាន។

លោកថា នីតិវិធីនៃដំណើរការលើសំណុំរឿងលោក កែម ឡី បានបញ្ចប់ហើយ ខណៈរឿងនេះមិនមែនរដ្ឋាភិបាលជាអ្នកចាត់ការទេ ពោលគឺតុលាការជាអ្នកធ្វើ។

លោក ផៃ ស៊ីផាន ថា៖ «ពីព្រោះអ្វីដែលគាត់លើកនិយាយបានសេចក្តីថា គាត់យកក្រុមគ្រួសារសម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន សែន ទៅច្របូកច្របល់នៅក្នុងសាច់រឿងហ្នឹង។ អាហ្នឹងវាមិនសមយករឿងហ្នឹងទៅច្របូកច្របល់នៅក្នុងរឿងហ្នឹងទេ! ពីព្រោះជីវិតរបស់មនុស្សម្នាក់ ហើយនិងជីវិតរបស់មនុស្សដទៃទៀត គួរតែស្វែងរកការពិតហ្នឹងឱ្យបានត្រឹមត្រូវ និងប្រកបដោយវិជ្ជាជីវៈ»។

​រីឯអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ ដែលមានបណ្ឌិត កែម ឡី ជាសហស្ថាបនិកដែរនោះ ថ្លែងថា គណបក្សនេះនឹងនៅតែបន្តទាមទារឱ្យមានយុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី។

លោក សុធារ ថា៖ «ទាក់ទងទៅនឹងយុត្តិធម៌ យើងនៅតែយល់ថា មកទល់ពេលនេះ គឺមិនទាន់មានអ្នកណាទទួលខុសត្រូវចំពោះមរណភាពរបស់គាត់ឡើយ។ បើទោះបីជាឃាតកត្រូវបានរកឃើញ ប៉ុន្តែអ្នកដែលនៅពីខាងក្រោយឃាតកម្មសម្លាប់នោះ គឺមិនទាន់បានដឹងនៅឡើយទេ។ ហើយយើងនៅបន្តទាមទារស្វែងរកយុត្តិធម៌តទៅមុខទៀត»។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្តារម៉ាតស្តុបបូកគោ រាជធានីភ្នំពេញ ទាំងព្រឹកព្រលឹម។

ទាក់ទងករណីនេះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោក Chad Roedemeier បានប្រាប់វីអូឌីតាមប្រព័ន្ធសារអេឡិចត្រូនិចអ៊ីម៉ែលនៅថ្ងៃនេះ ដោយស្រង់សម្តីឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជា លោក W. Patrick Murphy ថាអាមេរិកចូលរួមជាមួយប្រជាជនកម្ពុជាក្នុងការចងចាំលោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគ និងជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ដ៏គួរឱ្យគោរព ដែលត្រូវបានគេបាញ់សម្លាប់នៅថ្ងៃនេះកាលពី ៦ឆ្នាំមុន។ ក្រៅពីនោះ អាមេរិកអំពាវនាវជាថ្មីទៀតដល់អាជ្ញាធរកម្ពុជាឱ្យធ្វើការស៊ើបអង្កេតពេញលេញ និងប្រកបដោយតម្លាភាព ចំពោះការសម្លាប់លោកបណ្ឌិត។

ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កើតឡើងតែ២ថ្ងៃប៉ុណ្ណោះ ក្រោយពេលលោកបានធ្វើអត្ថាធិប្បាយជុំវិញរបាយការណ៍មួយរបស់អង្គការឃ្លាំមើលអន្តរជាតិ Global Witness ដែលមានឈ្មោះថា «អាណាចក្រអាជីវកម្មត្រកូលហ៊ុននៅកម្ពុជា»

របាយការណ៍នោះបានលាតត្រដាងពីការក្ដោបក្ដាប់អាជីវកម្មរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងច្រើននៅកម្ពុជា ដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក ដែលបញ្ហានេះ លោកបណ្ឌិតយល់ឃើញពេលនោះថា នឹងធ្វើឱ្យមានទំនាស់ផលប្រយោជន៍រវាងជំនួញ និងការដឹកនាំឬ កាន់អំណាច។

អស់រយៈពេល៦ឆ្នាំកន្លងមកនេះ ​​​ព្រឹត្តិការណ៍សម្លាប់លោកបណ្ឌិត កែម ឡី គឺមានតែឃាតកម្នាក់ប៉ុណ្ណោះឈ្មោះ អឿត អាង ហៅខ្លួនឯង «ជួប សម្លាប់» ដែលត្រូវបានចាប់ខ្លួន ហើយតុលាការបានផ្តន្ទាទោសឱ្យជាប់គុកអស់មួយជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ