យុវជន​ប្ដេជ្ញា​ដើរ​តាម​គំរូ​ភាព​បណ្ឌិត កែម ឡី ដើម្បី​ចូលរួម​លើក​ឡើង​និង​ដោះស្រាយ​បញ្ហា​សង្គម

ក្រុមសង្គមស៊ីវិល និងក្រុមយុវជនដែលស្រឡាញ់គាំទ្រលោកបណ្ឌិត កែម ឡី បានចូលរួមគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ចំថ្ងៃខួប៦ឆ្នាំនៃឃាតកម្មលើរូបលោក នៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គម្រប់ខួប៦ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដានេះ ក្រុមយុវជននិងសកម្មជនសង្គមមួយចំនួនដែលបានចូលរួមរម្លឹកខួបនៅស្ថានីយប្រេងឥន្ធនៈនៅស្ដុបបូកគោ បាន​ប្ដេជ្ញាដើរតាមគំរូភាពនិងការលះបង់របស់លោកបណ្ឌិត ដើម្បីលើកយកបញ្ហាសង្គមមកចូលរួមដោះស្រាយឱ្យកាន់តែប្រសើរ។

ការអះអាងនេះធ្វើឡើងក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កានៅទីតាំងដែលឃាតកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅស្តាម៉ាតស្ថានីយប្រេងឥន្ធនៈស្តុបបូកគោ ដែលមានអ្នកចូលរួមពីអង្គការសង្គមស៊ីវិល យុវជន សកម្មជន និងអ្នកស្រឡាញ់លោកបណ្ឌិត ប្រមាណ១០០នាក់។

មានសម្លៀកបំពាក់ពណ៌ស និងកាន់រូបថតលោកបណ្ឌិត កែម ឡី និងផ្កាឈូកនៅក្នុងដៃផង សកម្មជនបរិស្ថាន កញ្ញា ភួន កែវរស្មី ​បានលើកឡើងថា ការដែលយុវជនចូលរួមរម្លឹកខួប៦ឆ្នាំនៃមរណភាពរបស់បណ្ឌិត កែម ឡី គឺ​ជាសារជំរុញឱ្យយុជនជំនាន់ក្រោយលុបបំបាត់​ភាពភ័យខ្លាច។ ​កញ្ញាបន្ថែមថា ពួកគាត់នឹងនៅតែបន្ត​រម្លឹកគុណនូវវីរភាពរបស់លោក ដែលហ៊ាននិយាយការពិត ទោះបីជាដឹងមុនថានឹងត្រូវបាត់បង់ជីវិតក៏ដោយ។

សកម្មជនបរិស្ថាន កញ្ញា ភួន កែវរស្មី ក្នុងសម្លៀកបំពាក់ពណ៌ស និងកាន់រូបថតលោកបណ្ឌិត កែម ឡី និងផ្កាឈូកនៅក្នុងដៃផង អំឡុងពេលចូលរួមគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ចំថ្ងៃខួប៦ឆ្នាំនៃឃាតកម្មលើរូបលោក នៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។
សកម្មជនបរិស្ថាន កញ្ញា ភួន កែវរស្មី ក្នុងសម្លៀកបំពាក់ពណ៌ស និងកាន់រូបថតលោកបណ្ឌិត កែម ឡី និងផ្កាឈូកនៅក្នុងដៃផង អំឡុងពេលចូលរួមគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ចំថ្ងៃខួប៦ឆ្នាំនៃឃាតកម្មលើរូបលោក នៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

កញ្ញា កែវរស្មី បន្តថា ​ដើម្បីរម្លឹកគុណនូវអ្វីដែលបណ្ឌិត កែម ឡី បានព្យាបាលជំងឺបាក់ស្បាតនោះ កញ្ញានឹងបន្តគំរូភាពរបស់លោក ពិសេសគឺការនិយាយការពិត។

កញ្ញាថា៖ «នាងខ្ញុំយល់ថា នាងខ្ញុំខ្លួនឯងគួរតែព្យាបាលខ្លួនឯង​ ដើម្បីកុំឱ្យតដល់កូនចៅនាងខ្ញុំ​ ដែលជាហេតុផលជំរុញខ្លាំងមែនទែនពីលោកបណ្ឌិត»។

និស្សិតសង្គមកិច្ចវិទ្យាម្នាក់ កញ្ញា មេន ស្រីដាវ ដែលបានចូលរួមពិធីគម្រប់ខួបនោះដែរ ​ប្ដេជ្ញាចិត្តបន្តចូលរួមតស៊ូមតិទៅលើរឿងអយុត្តិធម៌ក្នុងសង្គម​ ខណៈ​បច្ចុប្បន្ន កញ្ញាយល់ថា មិនទាន់មានអ្នកតស៊ូមតិ និងហ៊ានបញ្ចេញទស្សនៈដើម្បីស្ថាបនាសង្គមក្លាហានដូចលោកបណ្ឌិត កែម ឡី​ នៅឡើយទេ។

លោកថា៖ «សម្រាប់ខ្ញុំនៅតែបន្តសកម្មភាពជួយដល់សង្គម​ ខ្ញុំនៅតែបន្តសកម្មភាព បន្តការអភិវឌ្ឍខ្លួនខ្ញុំ​ ដើម្បីក្លាយជាទំពាំងស្នងឫស្សីរបស់លោកបណ្ឌិត កែម ឡី»។

ជានិស្សិតផ្នែកបច្ចេកវិទ្យាអប់រំ និងជាជនជាតិចារ៉ាយ កញ្ញា រំចង់ មុន្នី មានអាយុ១៨ឆ្នាំ ដែលចូលចិត្តស្ដាប់ការវិភាគលោកបណ្ឌិត កែម ឡី បានឡើងថា ការដែលចូលរួមលើកយកនូវបញ្ហាសង្គមមកវិភាគ និងស្វែងរកដំណោះស្រាយ ពិតជាសំខាន់ក្នុងសង្គមជាតិនីមួយៗ។ ហេតុដូច្នេះ ក្នុងនាមកញ្ញាជាយុវជនមួយរូប កញ្ញាអះអាងថា នឹងបន្តសកម្មភាពដូចអ្វីដែលលោកបណ្ឌិត កែម ឡី បានធ្វើ ដើម្បីជាគំរូដល់យុវជនជំនាន់ក្រោយឱ្យមានភាពក្លាហាន និងមានសេរីភាពបញ្ចេញមតិពេញលេញ។

កញ្ញាបន្តថា៖ «ខ្ញុំនៅតែបន្តកិច្ចការទាំងអស់នេះ​ ដើម្បីជាគំរូភាពដល់យុវជនក្រោយ​នូវភាពក្លាហានក្នុងការចូលរួមទាំងអស់គ្នា​ ដើម្បីផលប្រយោជន៍ប្រទេសជាតិយើង​ ហើយការនិយាយជាសាធារណៈនិងការបញ្ចេញមតិត្រូវបានគេទទួលស្គាល់​»។  

ចំណែកសមាជិកសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ កញ្ញា សូ មេត្តា ដែលធ្លាប់ជាប់ពន្ធនាគារយៈពេលជាង១ឆ្នាំ និង​ជាអ្នកចូលរួមរម្លឹកខួបបណ្ឌិត កែម ឡី ចំនួន៤លើករួចមកហើយ បាននិយាយថា មូលហេតុដែលកញ្ញាយកចាត់ទុកបណ្ឌិត កែម ឡី ជានិមិត្តរូប និងហ៊ានកោរសក់ដើម្បីរម្លឹកគុណផងនោះ ដោយសារតែបណ្ឌិតរូបនេះជាអ្នករូតវាំងននទម្លាយនូវភាពអយុត្តិធម៌ អំពើពុករលួយនានា ដើម្បីឱ្យសាធារណជនគ្រប់រូបងាយយល់ដឹង​ ទោះបីជាលោកបានដឹងច្បាស់​ថា នឹងអាចស្លាប់ដោយសារការបង្ហាញការពិតនោះ​ក៏ដោយ។

កញ្ញាថា៖ «គាត់ជាមនុស្សដែល​ធ្វើការដើម្បីផលប្រយោជន៍រួម​ ដើម្បីប្រយោជន៍ជាតិ គាត់​តស៊ូទាមទារ​បញ្ចេញមតិរាល់បញ្ហា​ដែល​កើតឡើងនៅក្នុងសង្គម​ ជាពិសេសគឺរឿងនយោបាយ​ រឿងដែលមន្ត្រីរាជការអសកម្ម​ដែលគាត់មិនបំពេញភារកិច្ចការងារ។​ ហើយគាត់បានលះបង់ពេលវេលា​ដើម្បីជាតិមាតុភូមិយើង ហើយគាត់បានលះបង់ទាំងអាយុជីវិតទៅទៀត។ គាត់មិនខ្លាច នេះជាវីរភាពរបស់គាត់»។

កញ្ញាបន្តថា ដើម្បីឱ្យគោលបំណងដែលនៅសេសសល់របស់បណ្ឌិត កែម ឡី បានសម្រេច កញ្ញា​ប្ដេជ្ញាថានឹងចូលរួមលើកពីបញ្ហានានាក្នុងសង្គមកម្ពុជា ដូចជា ការរំលោភសិទ្ធិមនុស្ស​ ​បញ្ហាដីធ្លី និងបំផ្លាញធនធានធម្មជាតិនៅតែកើតមាន ជាដើម។

ចំណែកឯប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានលើកឡើងដោយខ្លីថា ការប្តេជ្ញានេះជាសេរីភាពរបស់យុវជន ប៉ុន្តែធ្វើយ៉ាងណាកុំឱ្យតែផ្ទុយពីផ្លូវច្បាប់។

លោកថា៖ «បាទ! គាត់មានសេរីភាពធ្វើអ្វីធ្វើទៅ កុំឱ្យតែប្រាសចាកពីគោលការណ៍ពីអ្វីដែលច្បាប់ហាម តែប៉ុណ្ណឹង»។

តាមរយៈការផ្ដល់បទម្ភាសន៍ដល់វីអូឌីក្នុងការរម្លឹកខួប៦ឆ្នាំនៃមរណភាពរបស់​បណ្ឌិត កែម ឡី ​លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ចំណុចពិសេសរបស់លោក កែម ឡី កាលនៅមានជីវិត គឺការបញ្ចេញមតិ​នានា​របស់គាត់ប្រកបដោយវិជ្ជាជីវៈ និងសេចក្តីក្លាហាន។ ​

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនេះក៏បានចាត់ទុកការបាត់បង់​បណ្ឌិត កែម ឡី ​ជារឿងសោកស្តាយធំបំផុតសម្រាប់រាជរដ្ឋាភិបាល និងជាការបាត់បង់នូវធនធានមនុស្សម្នាក់របស់​ជាតិខ្មែរផងដែរ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ