អាជ្ញាធរ​ប្រាប់​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​នឹង​បញ្ហា​អាកាសធាតុ ដោយ​គួរ​ផ្អាក​ធ្វើដំណើរ​និង​នេសាទ​នៅ​លំហសមុទ្រ

ភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់បក់បោក នៅស្រុកមួយនៃកោះកុង ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology)

ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរខេត្តមាត់សមុទ្រចំនួន​២ អំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ននឹងបញ្ហាអាកាសធាតុ ជាពិសេស​ពលរដ្ឋរស់នៅ​ភូមិសាស្ត្រ​ខេត្តកោះកុង និងខេត្តព្រះសីហនុ ខណៈកម្ពុជា​នឹងរងនូវឥទ្ធិពល​ប្រព័ន្ធសម្ពាធទាប ដែលនឹងធ្វើឱ្យ​បណ្ដាខេត្តនិងរាជធានី នឹងមានភ្លៀង​ធ្លាក់ លាយឡំនឹងរន្ទះ និងខ្យល់កន្ត្រាក់ខ្លាំង។

សេចក្តីជូនដំណឹងបន្ថែមរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១១ ខែ​កក្កដា ឆ្នាំ២០២២នេះ បាន​ឱ្យដឹងថា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកក្កដានេះ កម្ពុជាទទួលរងនូវឥទ្ធិ​ពល​ពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេសថៃ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្ម​មួយ​នៅលើសមុទ្រចិនខាង​ត្បូង រួមជាមួយនឹងមូសុងនិរតីបក់ខ្លាំងមកលើតំបន់មាត់សមុទ្រ និងភាគខាងក្រោមកម្ពុជា។

តាមរយៈការតាមដានការវិវត្តស្ថានភាពអាកាសធាតុនេះ ក្រសួងថា បណ្តាខេត្ត និងរាជធានី​ នៅក្នុងប្រទេសកម្ពុជា នឹង​អាចមានភ្លៀង​ធ្លាក់រាយប៉ាយ លាយឡំដោយផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ក្នុងនោះតំបន់មាត់សមុទ្រ​នឹងអាចមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ដែលអាច​ធ្វើឱ្យ​ផ្នែក​មួយចំនួន​ក្នុងភូមិសាស្ត្ររវាង​ខេត្តកោះកុង និង​ខេត្តព្រះសីហនុ អាចជួបប្រទះនូវជំនន់​ទឹក​ភ្លៀង ហើយ​នៅលើផ្ទៃសមុទ្រ​នឹងមានភ្លៀងធ្លាក់ខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រ​ខ្ពស់ៗ។

ក្រសួង​បានបញ្ជាក់ថា៖ «អាស្រ័យ​ដោយ​ស្ថានភាពអាកាស​ធាតុ ដូចបានជម្រាបជូន​ខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន​ និងបង្កើនការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បីចៀស​វាងនូវគ្រោះ​ថ្នាក់​ផ្សេងៗ​ដែលអាចកើត​មានជាយថាហេតុ»។

ស្របពេលគ្នានេះដែរ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃចន្ទនេះ ក៏បានផ្ញើ​សារ​​ជាសំឡេង​​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​​ផ្សព្វផ្សាយពីស្ថានភាពអាកាសធាតុ​នេះ​​ដល់ប្រជា​​ពលរដ្ឋ ដោយ​ហាមប្រាមការ​ធ្វើដំណើរតាមទូកទៅកាន់កោះឬឆ្នេរ​ផ្សេងៗ ជាពិសេស​ផ្សព្វផ្សាយ​​​ដល់​​ប្រជានេសាទ​ ដើម្បីឱ្យពួកគាត់បានដឹង និងបញ្ចៀសកុំឱ្យ​មានគ្រោះថ្នាក់​ផ្សេង​ៗ​ដែលអាចកើតឡើងជាយថាហេតុ។ នេះបើតាមការ​ស្រង់ប្រសាសន៍របស់អភិបាលខេត្តរូប​នេះនៅលើ​បណ្ដាញសារព័ត៌មានក្នុង​ស្រុកមួយចំនួន​។

លោក គួច ចំរើន ថ្លែង​ថា៖ «ខ្ញុំសូមឱ្យមានការហាមឃាត់ការធ្វើដំណើរតាមទូកទៅលំហសមុទ្រ កោះឆ្នេរ ក្នុងរយៈពេលនេះ ព្រោះដើម្បីបញ្ចៀសកុំឱ្យមានគ្រោះថ្នាក់ ឬក៏ការជាប់គាំងណាមួយ​ ដែលបង្កទៅដល់មហន្តរាយផ្សេងៗ ហើយក៏សូមរកគ្រប់មធ្យោបាយ ដើម្បីផ្តល់ដំណឹងដល់បងប្អូនប្រជានេសាទ ដែលពេលនេះម៉ោងនេះ ពួកគាត់កំពុងតែស្ថិតនៅក្នុងលំហសមុទ្រ តាមកោះឆ្នេរ ដើម្បីធ្វើនេសាទនោះ»។

ចំណែករដ្ឋបាលខេត្តកោះកុង ក៏បាន​បង្ហោះសារនៅលើទំព័រហ្វេស​ប៊ុករបស់ខ្លួន ដោយអំពាវនាវ​ដល់​ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ឱ្យ​មានការប្រុងប្រយ័ត្នចំពោះស្ថានភាព​អាកាសធាតុដែល​​អាក្រក់ខ្លាំងនេះផងដែរ ដោយ​អ្នកធ្វើដំណើរ​​ពុំគួរធ្វើនាវាចរ ហើយ​អ្នកនេសាទ​គួរ​ផ្អាកការចេញនេសាទទៅសមុទ្រ ចាប់ពីថ្ងៃ​ទី១១ ដល់ថ្ងៃទី​១៤ ខែកក្កដានេះ​ ដើម្បី​ការ​ពារ​គ្រោះថ្នាក់​ជាយថាហេតុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ