រដ្ឋាភិបាល​សម្រេច​កាត់​ផ្ទៃដី​បឹងតាមោក​ជាង​៦ហិកតា​ឱ្យ​នាយ​ឧត្ដមសេនីយ៍​ម្នាក់​ធ្វើ​ជា​កម្មសិទ្ធិ

ទិដ្ឋភាព​ផ្ទៃ​បឹង​តា​មោក ដែល​ជា​បឹង​ធម្មជាតិ​សម្រាប់​ស្តុក​ទឹក​ស្អុយ ស្ថិតនៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ដាក់​ដី​បំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។ (ហ៊ុន សិរី​វឌ្ឍន៍​)

រាជរដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃដីបឹងតាមោក ឬបឹងកប់ស្រូវ ទំហំជាង៦​ហិកតា ប្រគល់ឱ្យឈ្មោះ សេង យូអ៊ាន់ ដែលមានតួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ធ្វើជាកម្មសិទ្ធិ។  

អនុក្រឹត្យចុះថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ២០២២ ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលវីអូឌីទើបទទួលបាននៅថ្ងៃចន្ទនេះ បានឱ្យដឹងថា រដ្ឋាភិបាលសម្រេចកាត់ផ្ទៃដីបឹងតាមោកចំនួន២ទីតាំង មានទំហំសរុបជាង៦ហិតា​ (៦១ ៨៣៦ម៉ែត្រក្រឡា) ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​​ ប្រគល់ឱ្យឈ្មោះ សេង យូអ៊ាន់ ដើម្បីធ្វើជាកម្មសិទ្ធិ ដោយពន្ធនិងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា លោកមិនដឹងរឿងនេះទេ ព្រោះមិនមែនជាភារកិច្ចរបស់លោក។

លោក ខៀវ សុភ័គ លើកឡើងថា៖ «ពូមិនដឹងទេ! រឿងគេ រឿងដីរឿងធ្លី ពូមិនមែនម្ចាស់ដីអីណាក្មួយ។ ក្រសួងមហាផ្ទៃមិនមែនអ្នកគ្រប់គ្រងរឿងហ្នឹងណា។ មិនមែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃទេ ក្មួយ»។

ចំណែកអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន មិនអាចទាក់ទងបានឡើយ ខណៈលោក សេង យូអ៊ាន់ ក៏មិនអាចរកប្រភពទាក់ទងបានដែរ នៅថ្ងៃចន្ទនេះ។

បើតាមទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២នេះ ឱ្យដឹងថា លោក សេង យូអ៊ាន់ មានងារជានាយឧត្តមសេនីយ៍ ឬមន្ត្រីផ្កាយមាស៤ ដែលមានតួនាទីជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។

បើតាមអនុក្រឹត្យចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ របស់​រដ្ឋាភិបាលកន្លងទៅ ក៏បានសម្រេចកាត់ផ្ទៃដី «បឹងតាមោក» ឬ​ «បឹងទំនប់កប់ស្រូវ» ទំហំ​ជិត៣៦ហិកតា ​ (៣៥៩ ៧២៧,៥​​ម៉ែត្រក្រឡា) ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់ទៅឱ្យអគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ លោក វង្ស ពិសេន។ បន្ថែមពីនេះ ដីនោះក៏បានប្រគល់ទៅឱ្យអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា ព្រមទាំងលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន និងជានាយកនៃ​នាយកដ្ឋានអធិការកិច្ចនៃក្រសួងការពារជាតិ លោក ​យ៉ា គឹមអ៊ី។​

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង បង្ហាញ​ការព្រួយបារម្ភពីអនាគតនៃបឹងតាមោក ខណៈ​រដ្ឋាភិបាលសម្រេចកាត់ឱ្យឯកជនជាបន្ដបន្ទាប់ក្រោមស្លាកអភិវឌ្ឍន៍​។ លោកថា បឹងតាមោកនេះមានតួនាទីសំខាន់ណាស់ក្នុងការផ្ទុកទឹកស្អុយ និងជំនន់ទឹកភ្លៀងក្នុងក្រុងភ្នំពេញ។

លោក ហេង គឹមហុង ក៏បង្ហាញនូវផលប៉ះពាល់នៃការកាត់ឬលុបបឹងតាមោកនេះថា អាចកើតមានជំនន់ទឹកភ្លៀងក្នុងតំបន់នោះ ហើយពលរដ្ឋរស់នៅទីនោះរងផលប៉ះពាល់ បាត់បង់ប្រភពចំណូល និងប៉ះពាល់ជម្រកមច្ឆជាតិ ជាដើម។

លោកថា៖ «ប្រជាពលរដ្ឋនៅតំបន់នោះបាត់បង់ប្រភពចំណូលរបស់គាត់ យើងឃើញថាពលរដ្ឋមិនត្រឹមតែមិនបានចំណែកនៃការអភិវឌ្ឍទេ ប៉ុន្ដែបែរជាបាត់បង់ប្រភពចំណូល និងចុងក្រោយគឺអ្វីដែលប្រឈមជាងគេ តើទឹកស្អុយដែលធ្លាប់នៅបឹងតាមោកនឹងទៅដាក់នៅកន្លែងណា ប្រសិនបើយើងលុបបឹងតាមោកអស់បាត់»។

បឹង​តាមោក មាន​ផ្ទៃដី​សរុប​៣ ២៣៩ហិកតា ជាអាង​ស្តុក​​ទឹ​ក​កខ្វក់ និងរំដោះទឹក​ចេញ​​ពី​រាជធានីភ្នំពេញ ហើយបឹងនេះត្រូវបានរាជរដ្ឋាភិបាល​​​ចេញ​អនុក្រឹត្យមួយកាលពីដើម​ខែកុម្ភៈ ឆ្នាំ២០១៦ ដោយកំណត់​​បឹង​ធម្មជាតិ​មួយនេះជាសម្បតិ្ត​សាធារណៈរបស់រដ្ឋ។

ប៉ុន្តែបើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់ចុង​ខែធ្នូ​ ឆ្នាំ២០២១ ផ្ទៃបឹងតាមោកសរុប​ជាង២ ០០០ហិកតាហើយ ត្រូវបានរដ្ឋាភិបាល​កាត់ ឬដោះដូរ​ទៅ​ឱ្យស្ថា​ប័ន​រដ្ឋ ​ក្រុមហ៊ុន​ឯកជន និង​បុគ្គលឯកជនដែលគេដឹងថាជាអ្នក​មាន​ប្រាក់និងមានអំណាច សម្រាប់សាងសង់អគារ​និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ