លោក ហ៊ុន សែន ស្នើ​ក្រសួង​អប់រំ​ពន្យារពេល​ឈប់​សម្រាក​វិស្សមកាល​តូច​នា​ឆ្នាំ​ក្រោយ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំ ដើម្បីពិភាក្សាលើកិច្ចការនានាត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានស្នើទៅក្រសួងអប់រំ យុវជន និងកីឡា ឱ្យពិនិត្យលទ្ធភាព​ពន្យារពេលថ្ងៃឈប់សម្រាកវិស្សមកាល ឬវ៉ាកងតូច រហូតដល់ពាក់កណ្ដាលខែឧសភា ដើម្បីអាចផ្ដល់ឱកាសដល់សិស្សនិស្សិតបានចូលរួមបម្រើការងារស្ម័គ្រចិត្ត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។​

តាមរយៈការថ្លែងសុន្ទរកថានៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើក្រសួងអប់រំ យុវជន និងកីឡា ឱ្យពិនិត្យលទ្ធភាព​ពន្យារពេលថ្ងៃឈប់សម្រាកវិស្សមកាលតូច រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។  ​

លោកថា៖ «ខ្ញុំសូមស្នើក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាពពន្យារវិស្សមកាលតូច ក្នុងអំឡុងពេលចូលឆ្នាំខ្មែរប្រពៃណីជាតិ រហូតដល់ថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បីផ្ដល់ឱកាសឱ្យសិស្សនិស្សិតចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរលើកទឹកចិត្តកីឡាករ-កីឡាការិនីជាតិនិងអន្តរជាតិ»។

វីអូឌី បានព្យាយាមសុំការឆ្លើយតបពីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ព្រមទាំងអ្នកនាំពាក្យក្រសួង លោក ឌី ខាំបូលី និងលោក រស់ សុវាចារ ប៉ុន្តែមិនមានការឆ្លើយតបទេ នៅថ្ងៃចន្ទនេះ។ យ៉ាងណា ការឈប់សម្រាកវិស្សមកាលតូច ​ក្រសួងអប់រំតែងកំណត់មានរយៈពេល១៥ថ្ងៃ ក្នុងខែមេសា ក្នុងឱកាសកម្ពុជារៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ។

​ក្រៅពីស្នើក្រសួងអប់រំពន្យារពេលការឈប់សម្រាកវ៉ាកងតូចរបស់សិស្សនិស្សិត នាឱកាសនោះ លោក ហ៊ុន សែន ក៏បានអំពាវនាវដល់បណ្ដាប្រទេសជាសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឱ្យផ្ដល់នូវការគាំទ្រលើគ្រប់ទម្រង់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។

កម្ពុជាបានទទួលទង់របស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា «ទង់ស៊ីហ្គេម» ជាផ្លូវការ កាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ