គណបក្សចំនួន៥នៅក្រៅរដ្ឋាភិបាល បង្ហាញជំនឿថា ផែនការតស៊ូមតិរួមគ្នា ដើម្បីឱ្យដំណើរការបោះឆ្នោតខាងមុខ ឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋពិតប្រាកដនោះ អាចនឹងទទួលផលជាវិជ្ជមាន បើទោះបីជាពេលនេះពួកគេគ្មានតំណាងរាស្ត្រនៅក្នុងសភា សម្រាប់ពិនិត្យ និងកែច្បាប់ក្ដី។
ការសម្អាងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាលើកដំបូង ដែលរៀបចំដោយគណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សកម្ពុជានិយម នៅថ្ងៃចន្ទនេះ នៅក្នុងរាជធានីភ្នំពេញ។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ លើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែលទើបបិទបញ្ចប់ទៅថ្មីៗនេះ គណបក្សទាំង៥បានរកឃើញដូចៗគ្នានូវភាពមិនប្រក្រតីមួយចំនួន ដែលធ្វើឱ្យលទ្ធផលបោះឆ្នោតមិនឆ្លុះបញ្ចាំងឆន្ទៈពលរដ្ឋនោះទេ។
លោកបន្តថា បញ្ហាដែលបានកត់សម្គាល់មានទាំងការគំរាមកំហែងខាងនយោបាយ និងអព្យាក្រឹត្យភាពរបស់អាជ្ញាធរ ជាដើម ដែលបញ្ហានេះ គណបក្សទាំង៥បានកំណត់យក៨ចំណុចសម្រាប់យកទៅជជែកជាមួយគណបក្សកាន់អំណាច ក្រសួងមហាផ្ទៃ រដ្ឋសភា និង គ.ជ.ប ដើម្បីកែលម្អ ដោយធ្វើយ៉ាងណាឱ្យការបោះឆ្នោតជាតិនាពេលខាងមុខ មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ប៉ុន្តែនៅពេលសួរថា តើគណបក្សទាំងនោះសម្អាងលើមូលដ្ឋានអ្វីសម្រាប់ជំរុញទៅដៃគូប្រកួតដែលកំពុងគ្រប់គ្រងអំណាចឱ្យពិចារណាទទួលយកសំណើនេះ ដើម្បីធ្វើកំណែទម្រង់? លោក សុន ឆ័យ បានបញ្ជាក់ដោយសម្អាងទៅលើចំនួនពលរដ្ឋដែលបោះឆ្នោតគាំទ្រជាង២លាននាក់ ការរួមកម្លាំងតស៊ូរួមគ្នាដោយសន្តិវិធី រួមទាំងការជំរុញរបស់សហភាពអឺរ៉ុប។
លោកថា៖ «កាលណាមានការលំបាក យើងត្រូវសម្ដែងនូវការលំបាកហ្នឹង ហើយយើងនឹងធ្វើការតស៊ូ តស៊ូម្នាក់ឯងមិនកើត រួមគ្នាតស៊ូ […] ហើយខ្ញុំមានពិសោធន៍ក្នុងជីវិតនយោបាយខ្ញុំខ្លះដែរ។ កន្លងទៅ ជាអ្នកតំណាងរាស្ត្រ ខ្ញុំធ្លាប់តស៊ូរឿងផ្លូវជាតិលេខ៤ អ៊ីចឹងញ៉ែអាផ្លូវជាតិលេខ៤ទាល់តែឈប់យកលុយ»។
បើតាមសេចក្តីប្រកាសព័ត៌មាន បញ្ហាចំនួន៨ចំណុចដែលគណបក្សទាំងនោះគ្រោងយកទៅជជែកជាមួយគណបក្សប្រជាជនកម្ពុជានោះ រួមមាន ការតម្រូវឱ្យសមាសភាព គ.ជ.ប ត្រូវមានប្រធានជាបុគ្គលឯករាជ្យ, សមាជិក គ.ជ.ប ៤រូបមកពីប្រភពឯករាជ្យ មិនជាប់ពាក់ព័ន្ធនយោបាយ, ភាពមិនលម្អៀងរបស់មន្ត្រី គ.ជ.ប, អព្យាក្រឹត្យស្ថាប័នតុលាការ យោធា នគរបាលជាតិ មន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ រួមទាំងមេភូមិ និងអនុភូមិ និងត្រូវទប់ស្កាត់រាល់សកម្មភាពបំភិតបំភ័យ ជាដើម។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា ផែនការតស៊ូមតិរួមគ្នានេះ គឺចង់បង្កើតវប្បធម៌សន្ទនា ដើម្បីរកផលប្រយោជន៍វែងឆ្ងាយសម្រាប់ប្រទេសជាតិនិងប្រជាធិបតេយ្យនៅកម្ពុជា។
លោកថា៖ «ព្រោះគណបក្សនយោបាយមានប្រជាពលរដ្ឋរាប់ម៉ឺន រាប់សែន និងរាប់លាននាក់ ជាអ្នកគាំទ្រអីអ៊ីចឹង អ៊ីចឹងយើងបំពេញតួនាទីកាតព្វកិច្ចក្នុងនាមជាគណបក្សនយោបាយស្របច្បាប់មួយ ធ្វើអ្វីដែលយើងអាចធ្វើបាន ដើម្បីចូលរួមកែលម្អរបៀបដឹកនាំប្រទេស កែលម្អស្ថាប័នជាតិនានា ដែលយើងយល់ឃើញថាល្អ ថាសមស្របទៅលើបរិបទសង្គម»។
អនុប្រធានបណ្ដោះអាសន្នគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន បានការពារថា សំណើដែលត្រៀមយកទៅជជែកជាមួយភាគីពាក់ព័ន្ធ ដើម្បីជំរុញឱ្យមានការកែលម្អនេះ គឺដើម្បីប្រយោជន៍សង្គមនិងប្រជាធិបតេយ្យ។
លោកអះអាងថា បច្ចុប្បន្ន ច្បាប់ខ្លះបានកែលម្អដើម្បីបម្រើតែផលប្រយោជន៍មនុស្សមួយក្រុម ដែលបញ្ហានេះនឹងបង្កឱ្យមានវិបត្តិសង្គមនៅថ្ងៃណាមួយ ហើយបញ្ហាកំណែទម្រង់នេះអាចនឹងទៅរួច បើគណបក្សនយោបាយយល់ដូចគ្នាពីបញ្ហានេះ។
លោកថា៖ «ខ្ញុំនៅតែជឿជាក់ថា យើងអាចធ្វើកើតទាំងអស់គ្នា ឱ្យតែយើងយោគយល់គ្នា យើងរួមគ្នាធ្វើ យើងកុំទុកគ្នាជាសត្រូវ យើងអាចធ្វើកើតហើយ»។
បន្ថែមពីនេះ ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា លើកឡើងថា ការតស៊ូមតិនេះជាការចង់បានសង្គមមួយដែលមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ មិនមែនមានតែលើក្រដាស និងដើម្បីបង្កើននូវវប្បធម៌ថ្មីឱ្យអ្នកនយោបាយមកពីគ្រប់និន្នាការ ចេះអង្គុយទល់មុខគ្នាជជែកពីបញ្ហាជាតិ ហើយស្វែងរកដំណោះស្រាយ ដោយតម្កល់ផលប្រយោជន៍ជាធំ។
ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលការលើកឡើងទាំងនោះ ដោយលោកចាត់ការបង្ហាញហេតុផលរបស់មេបក្សទាំងនោះថា គ្រាន់តែជាសារនយោបាយប៉ុណ្ណោះ គ្មានទម្ងន់សម្រាប់ការពិចារណានោះទេ។
លោកថា៖ «សភាពការណ៍នយោបាយ គាត់ទទួលយកបានហើយ ឥលូវដល់ពេលគាត់ចាញ់ គាត់ថាមិនល្អ! អាហ្នឹងជាបញ្ហាមួយដែលយើងយល់ថា បើអញឈ្នះ បាន គ.ជ.ប ត្រឹមត្រូវ! បើអញមិនឈ្នះទេ គ.ជ.ប មិនត្រឹមត្រូវ! មិនអាចលេង៤សន្លឹកអ៊ីចឹងបានទេ។ យើងគណបក្សប្រជាជន អត់មានពេលមកជជែករឿងហ្នឹងទេ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា ការតស៊ូមតិរួមគ្នា ដើម្បីជំរុញឱ្យមានកំណែទម្រង់ការបោះឆ្នោត និងសិទ្ធិនយោបាយនេះ ជារឿងត្រឹមត្រូវមួយ ព្រោះអាចនឹងជំរុញឱ្យមានការឆ្លើយតបពី គ.ជ.ប និងជាសារប្រាប់ទៅគណបក្សតូចៗជាច្រើនទៀតថា បើពួកគេមិនចូលរួម មានន័យថា ពួកគេគ្មានឆន្ទៈចង់បានការបោះឆ្នោតមួយតាមយន្តការប្រជាធិបតេយ្យពិតប្រាកដទេ។
ក៏ប៉ុន្តែលោកថា ផ្លូវទៅរកភាពជោគជ័យនៃការជំរុញនេះ ទាល់តែមានការគាំទ្រពីសហគមន៍អន្តរជាតិ និងភ្លើងខៀវរបស់មេដឹកនាំបក្សកាន់អំណាចផងដែរ៕