អនុប្រធាន​បក្សកាន់អំណាច​បញ្ជា​ឱ្យ​មន្ត្រី​ដោះស្រាយ​រឿង​អយុត្តិធម៌​ជូន​ពលរដ្ឋ ដើម្បី​កុំ​ឱ្យ​បាត់​សំឡេង​ឆ្នោត

ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង ថ្លែងក្នុងកិច្ចប្រជុំបូកសរុប វាយតម្លៃលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង។ (ហ្វេសប៊ុកលោក ស ខេង)

មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច ប្រាប់មន្ត្រីនៅក្រោមឱវាទទាំងអស់ត្រូវយកចិត្តទុកដាក់ពន្លឿនដោះស្រាយរឿងអយុត្តិធម៌ដែលនៅសេសសល់ជូនប្រជាពលរដ្ឋ ដើម្បីកុំឱ្យបាត់បង់សំឡេងគាំទ្រ​គណបក្សប្រជាជនកម្ពុជាបន្ថែមទៀត ខណៈការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតជិតចូលមកដល់។ ​

ក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលនៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៥ កាលពីចុងសប្តាហ៍មុន របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថា ការបោះឆ្នោត​ឃុំ-សង្កាត់ អាណត្តិទី៥នេះ គណបក្សកាន់អំណាចខេត្តនេះទទួលបានសំឡេងឆ្នោតគាំទ្រសរុប៣៤៧ ០៦២សំឡេង ស្មើនឹង៧៦,០៩ភាគរយ។ ក្នុងចំណោមអាសនៈសរុប៨២៣ បក្សកាន់អំណាចខេត្តនេះ​ទទួលបាន៦៧៦អាសនៈ​​ ឬស្មើនឹង៨២,១៤ភាគរយ។

បន្ថែមពីនេះ លោកថា ​ឃុំ-សង្កាត់ដែលគណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈច្រើនខ្ពស់ជាងគេ ក្នុងអត្រាសំឡេងគាំទ្រចាប់ពី៨០ភាគរយឡើង និងឈ្នះអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់មានចំនួន១៣ឃុំ-សង្កាត់។

យ៉ាងណា អនុប្រធាន​គណបក្សប្រជាជនកម្ពុជារូបនេប្រាប់ទៅក្រុមការងារត្រូវពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា ដើម្បីស្វែងរកចំណុចល្អៗបន្ថែមទៀតពាក់ព័ន្ធនឹងចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់ដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដោយថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងមិនដូចគ្នានឹងលទ្ធផលនៃការបោះឆ្នោតថ្នាក់ជាតិនោះទេ។

លោក ស ខេង អះអាងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមានចរិតនៃការតស៊ូផ្នែកនយោបាយតានតឹងជាងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ករណីនេះ លោកប្រាប់ទៅអាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ជូនប្រជាពលរដ្ឋ។ បញ្ហាទាំងនោះ លោកថា មានដូចជាការរំលោភបំពានដោយអយុត្តិធម៌ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពពួកគេ ដើម្បីកុំឱ្យបាត់បង់សំឡេងគាំទ្រ​គណបក្សប្រជាជនកម្ពុជាបន្ថែមទៀត ខណៈការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣ខាងមុខនេះ។

លោក ស ខេង សង្កត់ធ្ងន់ទៀតថា៖ «តើយើងនៅមានបញ្ហាអ្វីខ្លះទៀតដែលនៅសេសសល់? នោះហើយជាបញ្ហាដែលយើងត្រូវតែមើលឱ្យឃើញ ហើយរួមគ្នាដោះស្រាយឱ្យបាន ដូចជាការរំលោភ ការបំពាន ប៉ះពាល់ទៅដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ នេះជាបញ្ហាធំធ្វើឱ្យមានភាពអយុត្តិធម៌ អាចបង្កភាពមិនសប្បាយចិត្ត ហើយមិននាំឱ្យមានការគាំទ្រ និងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារបស់យើង»។

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់ គ.ជ.ប កាលពីថ្ងៃទី២៤ ខែមិថុនា បង្ហាញថា មាន​​គ​​ណ​​​​​​​បក្សនយោបាយចំនួន៩​ ក្នុងចំណោមគណបក្សទាំង១៧ ដែល​​បានចូលរួម​​ប្រកួត​​ប្រ​ជែង​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥នេះ ទទួលបាន​​អា​សនៈជាមេឃុំ-ចៅសង្កាត់ និងក្រុមប្រឹក្សាឃុំ-សង្កាត់។ ក្នុងចំណោមគណបក្សទាំង៩នោះ គណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន ទទួលបានសំឡេងគាំទ្រច្រើនជាងគេ។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា យល់ថា ការលើកឡើងរបស់លោក ស ខេង គ្រាន់តែជាទ្រឹស្តីតែប៉ុណ្ណោះ។ លោកបន្ថែមថា ដើម្បីឱ្យបទបញ្ជានេះមានប្រសិទ្ធភាព ​លុះត្រាតែ​មានវិធានការច្បាប់ចំពោះ​មន្ត្រីទាំងឡាយណាដែលមិនដោះស្រាយរឿងអយុត្តិធម៌ទាំងនោះ ឬដោះស្រាយដែរ តែលម្អៀង មិនមានតម្លាភាព និងប្រកាន់បក្ខពួក ជាដើម។

លោកមានប្រសាសន៍ថា៖ «បើសិនជាមិនមានវិធានការតឹងរ៉ឹង ដាក់ពិន័យដល់មន្ត្រីអសកម្ម ឬមន្ត្រីដែលប្រព្រឹត្តមិនសមស្រប មិនត្រឹមត្រូវទេ វានៅតែឱ្យអ្នកហ្នឹង[មន្ត្រី]បន្តធ្វើរឿងហ្នឹង[រឿងអយុត្តិធម៌]ដដែលទៀត»។

​ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍គាំទ្រនឹងការលើកឡើងរបស់លោក ស ខេង ដែលប្រាប់ឱ្យមន្ត្រីក្រោមឱវាទរួមគ្នាដោះស្រាយបញ្ហាអយុត្តិធម៌នានាដែលនៅសេសសល់ជូនប្រជាពលរដ្ឋ។

លោកបន្តថា នៅក្នុងសង្គមប្រជាធិបតេយ្យ គណបក្សនយោបាយដែលឈ្នះឆ្នោត ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋម្ចាស់ឆ្នោតប្រកបដោយតម្លាភាព មិនប្រកាន់បក្ខពួក មិនប្រកាន់និន្នាការនយោបាយឡើយ ទើបធ្វើឱ្យសង្គមជាតិរីកចម្រើន និងដើរទាន់សម័យកាលទំនើប។

ជាមួយគ្នានេះ លោកជំរុញទៅអ្នកនយោបាយទាំងអស់ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋដែលរង​នូវភាពអយុត្តិធម៌ ការរំលោភបំពានសិទ្ធិសេរីភាពនានា ជាជាងប្រកាន់បក្ខពួក ពីព្រោះប្រទេសជាតិស្លាប់ឬរស់អាស្រ័យលើអ្នកនយោបាយមានភាពស្មោះត្រង់ជាមួយម្ចាស់ឆ្នោត។

លោកមានប្រសាសន៍ថា៖ «គួរតែផ្ដោតការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាជាងបង្កើតបញ្ហា ឬបង្កបញ្ហារវាងគ្នានិងគ្នា ជាពិសេសរវាងសកម្មជន ឬក៏អ្នកនយោបាយដែលនៅក្នុងបក្សផ្សេងគ្នា។ កាលណាយើងបង្កើតបញ្ហានយោបាយ ហើយមិនរួបរួមសាមគ្គីគ្នានៅក្នុងការដោះស្រាយបញ្ហាចំពោះមុខរបស់ប្រជាពលរដ្ឋទេ សង្គមយើងកាន់តែមានបញ្ហា»។

កាលពីខែសីហា ឆ្នាំ២០២១ សាលាដំបូងខេត្តបាត់ដំបង បានសម្រេចកាត់ទោសបុរសម្នាក់ឈ្មោះ ងួន លី ឱ្យជាប់ពន្ធនាគារ១០ខែ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»​ ក្រោយពីយុវជនរូបនោះបានបង្ហោះសារលើបណ្ដាញសង្គមថា រដ្ឋាភិបាលបានឱ្យពួកគាត់កាច់ផ្លែមៀនពីចម្ការ ហើយបែរជាមិនយកផ្លែមៀនរបស់ពួកគាត់វិញ។

បើទោះបីជាការរិះគន់តាមបណ្តាញសង្គមរបស់លោក ងួន លី ពេលនោះជារឿងពិតក៏ដោយ ប៉ុន្តែសមត្ថកិច្ចខេត្តបាត់ដំបងបានចាត់ទុកការរិះគន់នោះថា ជាករណីញុះញង់ និង​ជេរប្រមាថ​ដល់ក្រុមការងារ​អ្នកប្រមូលទិញមៀន និងរដ្ឋាភិបាលទៅវិញ។  

យ៉ាងណា ក្រុមគ្រួសារនិងសង្គមស៊ីវិលចាត់ទុកការសម្រេចនោះថាជារឿងអយុត្តិធម៌មួយ និងជាការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិកាន់តែធ្ងន់ធ្ងរ។

កាលពីខែតុលា ឆ្នាំ២០២១ អង្គការគម្រោងយុត្តិធម៌ពិភពលោក (WJP) បានចេញរបាយការណ៍មួយដោយបានផ្ដល់ចំណាត់ថ្នាក់ជាប្រទេសមាន​នីតិរដ្ឋទាបបំផុត ដោយទទួលបានលេខ១៣៨ ក្នុងចំណោមប្រទេសចំនួន១៣៩ លើពិភពលោក។ ចំណាត់ថ្នាក់នេះបង្ហាញថា សន្ទស្សន៍នីតិរដ្ឋកម្ពុជា គឺល្អ​ជាងប្រទេសវ៉េណេស៊ុយអេឡាតែមួយប៉ុណ្ណោះ។​

ការផ្ដល់ចំណាត់ថ្នាក់នេះ គឺធ្វើឡើងតាមរយៈការសិក្សានិងវាយតម្លៃដោយផ្អែកលើសូចនាករ ៨ចំណុច រួមមាន ដែនកំ​ណត់អំណាច​រដ្ឋាភិបា​ល ការលុប​បំបាត់អំពើ​ពុក​រលួយ រដ្ឋាភិបាល​បើកទូលាយ សិទ្ធិ​ជាមូលដ្ឋាន សណ្ដាប់ធ្នាប់​និងសន្តិសុ​ខ ការអ​នុវត្តបទប្បញ្ញត្តិ យុ​ត្តិធម៌ស៊ីវិល និងយុត្តិធម៌​ព្រហ្ម​ទណ្ឌ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ