មន្ត្រី​ជាន់ខ្ពស់​ការបរទេស​អាមេរិក​មក​កម្ពុជា ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង​ទ្វេភាគី

លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូពា៌ និងប៉ាស៊ីហ្វិក។ ​(ធ្វីតទ័រ៖ U.S. Asia Pacific Media Hub)

​ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូពា៌ និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink ​បានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា និងជប៉ុនរយៈពេល៥ថ្ងៃ ដើម្បីជួបពិភាក្សាគ្នាលើទំនាក់ទំនងទ្វេភាគីក្នុងនាមកម្ពុជាជាប្រធានអាស៊ាន និងពិភាក្សាជាមួយភាគីជប៉ុនផងដែរ។  

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកនៅកម្ពុជា បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Daniel J. Kritenbrink នឹងធ្វើទស្សនកិច្ចនៅកម្ពុជា និងជប៉ុន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែកក្កដា។ ​

ប្រភពដដែលថា ដំណើរទស្សនកិច្ចផ្លូវការនេះ ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសរូបនេះ នឹងចូលជួបជាមួយ​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគី ក្នុងនោះ មន្ត្រីជាន់ខ្ពស់រូបនេះក៏នឹងចូលជួបជាមួយយុវជន និងមេដឹកនាំសង្គមស៊ីវិលផងដែរ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងថា ការជួបពិភាក្សាគ្នារវាងប្រទេសទាំងពីរនឹងលើកឡើងពីកិច្ចគាំទ្ររបស់សហរដ្ឋអាមេរិក​ចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងបញ្ហាក្នុងតំបន់ ក៏ដូចជាក្នុងសកលលោក។

ដំណើរទស្សនកិច្ចរបស់​ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក​ លោក Daniel J. Kritenbrink រយៈពេល៥ថ្ងៃនេះ ក្រៅពី​មកកម្ពុជា លោកក៏នឹងធ្វើដំណើរទៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន ដើម្បី​សម្ដែងសមានទុក្ខ​ដល់ប្រជាជនជប៉ុន ចំពោះការបាត់បង់អតីតនាយករដ្ឋមន្រ្តី លោក Shinzo Abe ដោយសារអំពើឃាតកម្មកាលពីសប្តាហ៍មុន។ លើសពីនេះ លោក Daniel J. Kritenbrink នឹងឆ្លៀតឱកាសចូលជួបពិភាក្សាគ្នារវាងសមភាគីជាន់ខ្ពស់ជប៉ុន ដើម្បីជំរុញភាពជាដៃគូរឹងមាំរវាងប្រទេសទាំងពីរ ព្រោះថា ជប៉ុនគឺជាគ្រឹះនៃសន្តិភាព និងស្ថិរភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ