ក្រុមប្រឹក្សាធម្មនុញ្ញ​បើកផ្លូវ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​មាត្រា​មួយចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ

ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅអគារស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យនិងរៀបចំសេចក្ដីក្រាបបង្គំទូលថ្វាយមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញទៅលើការធ្វើវិសោធនកម្មធម្មនុញ្ញ។ (ហ្វេសប៊ុក៖ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ)

ក្រុមប្រឹក្សាធម្មនុញ្ញ បើកផ្លូវឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញ ដើម្បីធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិមានដំណើរការប្រព្រឹត្តទៅដោយរលូន ប្រកបដោយនិរន្តរភាព និងធានាស្ថិរភាពនយោបាយរបស់ប្រទេសគ្រប់កាលៈទេសៈ។

អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ លោក តាំង រតនា មានប្រសាសន៍នៅថ្ងៃអង្គារនេះ​ថា យោង​តាម​សំណើ ​រដ្ឋាភិ​បាល​បាន​ស្នើសុំធ្វើ​វិសោធន​កម្ម​មាត្រាចំនួន៦ ក្នុងរដ្ឋធម្មនុញ្ញ និង​មាត្រា​ចំនួន២ ក្នុងច្បាប់ធម្មនុញ្ញបន្ថែម។ លោកបន្តថា មាត្រាទាំងនោះរួមមាន​ មាត្រា​១៩ថ្មី​(មួយ) មាត្រា៨៩ មាត្រា៩៨ មាត្រា១០២​ថ្មី មាត្រា១១៩​ថ្មី(មួយ) និងមាត្រា១២៥ថ្មី ខណៈមាត្រាចំនួន​២ក្នុងច្បាប់ធម្មនុញ្ញបន្ថែម រួមមាន មាត្រា៣ថ្មី និង​មាត្រា៤ថ្មី។

លោក តាំង រតនា បញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុងតាមរយៈកិច្ចប្រជុំដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។

លោក​បញ្ជាក់​ថា នៅព្រឹកស្អែក​នេះ ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គ​លើសេចក្ដីព្រាងច្បាប់ស្ដីពីការ​ធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនេះ ហើយ​​​ចំពោះព័​ត៌មា​ន​លម្អិត មន្ត្រី​ជំនាញ​នឹង​ជម្រាបជូន​តាមរយៈការ​ធ្វើសន្និ​សីទ​សារព័ត៌មាន​ក្រោយកិច្ចប្រជុំពេញអង្គនេះ។

លោក​ថា៖ «រង់ចាំការប្រជុំរបស់ក្រុមប្រឹក្សាធម្មនុញ្ញស្អែកសិន បានអាចដឹងខ្លឹមសារ ហើយចំពោះខ្លឹមសារយ៉ាងណា​នោះ យើងនឹងប្រកាសព័ត៌មាននៅថ្ងៃស្អែក»។

អ្នកនាំពាក្យគ​ណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន បង្ហាញ​ជា​ទស្សនៈ​ថា នៅដំ​ណាក់​កាល​នេះ រដ្ឋាភិបាល​មិន​គួរ​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និង​ច្បាប់ធម្មនុញ្ញបន្ថែម ដោយឯកបក្សនោះទេ ដែលការធ្វើបែបនេះ​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ និងធ្វើឱ្យមានបញ្ហាប្រឈមនៅពេលក្រោយ។

លោកមានប្រសាសន៍ថា៖ «យើងមាន​ការសោកស្ដាយ ដែលការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជារឿងធំ វាប៉ះពាល់ដល់​ស្ថាប័នធំៗរបស់ជាតិទាំងមូល ហើយមិនគួរធ្វើនៅពេលដែលសំឡេងនៅក្នុងរដ្ឋសភាជាតិ គឺ​មាន​តែ​មួយគណបក្ស មិន​មានសំឡេងតំណាងឱ្យគណបក្សប្រឆាំងណាមួយទាល់តែសោះនៅក្នុងរដ្ឋសភាជាតិ។ អ៊ីចឹង​វាអាច​បង្ក​ឱ្យ​មាន​ភាព​មិន​ល្អនៅពេលក្រោយ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ​ ឥសាន សុំមិនអត្ថាធិប្បាយជុំវិញការស្នើសុំធ្វើវិសោធនកម្ម​ច្បាប់កំពូលទាំង២នេះទេ។

តែយ៉ាងណា លោកថា៖ «នៅក្នុងច្បាប់បានកំណត់ថា រដ្ឋាភិបាលមានសិទ្ធិស្នើសុំវិសោធនកម្មច្បាប់ ហើយរដ្ឋសភាអនុវត្តតាមច្បាប់ មិនមានអ្វីខុសនោះទេ»។

អ្នកវិភាគនយោបាយជើងចាស់ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញថា រដ្ឋាភិបាលមិនមានអ្វីចាំបាច់ត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនោះទេ ពីព្រោះច្បាប់កំពូលរបស់ជាតិដែលបង្កើតឡើងតាំងពីសម័យអន្តរកាលឆ្នាំ១៩៩៣នេះ បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈនិងស្មារតីប្រជាពលរដ្ឋពិតប្រាកដទៅហើយ​។

ករណីនះ លោកថា បើរដ្ឋាភិបាល និង​រដ្ឋសភា ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនោះ នឹង​ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​ស្មារតី​និងខ្លឹ​មសារ​ដើម ខណៈការធ្វើវិសោធនកម្មនោះធ្វើឡើងដោយឯកបក្ស។

លោកមានប្រសាសន៍ថា៖ «ច្បាប់ហ្នឹងវាបង្កើតជាបញ្ហា ហើយច្បាប់អត់មាននីត្យានុកូលភាព គឺអត់មានកម្លាំងសីលធម៌ និងកម្លាំងច្បាប់ អត់មានទម្ងន់»។

គួរបញ្ជាក់ថា គិតចាប់តាំងពីការបង្កើតរដ្ឋធម្មនុញ្ញឡើងក្នុងឆ្នាំ១៩៩៣ រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន១០លើកមកហើយ ខណៈច្បាប់រដ្ឋធម្មនុញ្ញបន្ថែម ក៏ត្រូវយកមកធ្វើវិសោធនកម្មជាមួយគ្នាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ