សកម្មជន​បរិស្ថាន​ចេញ​វីដេអូ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​រាល់​ការ​ចោទប្រកាន់​លើ​ពួកគេ

កញ្ញា ឡុង គន្ធា – លោក ថុន រដ្ឋា – កញ្ញា ភួន កែវរស្មី សកម្មជនមាតាធម្មជាតិ។ (ហ្វេសប៊ុកសកម្មជន និង មាតាធម្មជាតិ)

សកម្មជនចលនាមាតាធម្មជាតិ (Mother Nature Cambodia) ឬសកម្មជនបរិស្ថាន ចំនួន៦រូប បានចេញវីដេអូទាមទារឱ្យតុលាការទម្លាក់បទចោទប្រកាន់ទាំងឡាយប្រឆាំងពួកគេ ដោយអះអាងថា រាល់សកម្មភាពដែលពួកគេធ្វើកន្លងមកគ្រាន់តែដើម្បីចូលរួមការពារធនធានធម្មជាតិតែប៉ុណ្ណោះ និងមិនបានប្រព្រឹត្តដូចអ្វីដែលតុលាការ​ចោទប្រកាន់នោះទេ។

ក្នុងវីដេអូឃ្លីប​ជាង២នាទីដែលចេញផ្សាយនៅថ្ងៃអង្គារនេះបង្ហាញថា សកម្មជនចលនាមាតាធម្មជាតិទាំងនោះរួមមាន លោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា, កញ្ញា ភួន កែវរស្មី​, លោក យឹម លាងហ៊ី, កញ្ញា ស៊ុន រដ្ឋា និង លោក លី ចាន់​ដារ៉ា​វុធ។  ​ ​

ការចេញផ្សាយវីដេអូនេះ ពួកគេអះអាងថា ដើម្បីទាមទារឱ្យតុលាការទម្លាក់ការចោទប្រកាន់ទាំងឡាយ ពិសេសបទចោទ «រួមគំនិតក្បត់» ដែលអាចធ្វើឱ្យពួកគេប្រឈមជាប់ពន្ធនាគារចន្លោះពី៥ឆ្នាំទៅ១០ឆ្នាំ។

ទោះបីជាតុលាការបានដោះលែងឱ្យពួកគេបាននៅក្រៅឃុំបណ្ដោះអាសន្នកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ក៏ដោយ ប៉ុន្តែពួកគេអះអាងថា ត្រូវស្ថិតក្រោមលក្ខខណ្ឌរបស់តុលាការ ​រួមមាន មិនត្រូវ​ផ្លាស់ប្ដូរលំនៅឋានដោយគ្មានការអនុញ្ញាត។ បន្ថែមពីនេះ មិនត្រូវចាកចេញពីប្រទេសដោយគ្មានការអនុញ្ញាត ត្រូវចូលមកបង្ហាញខ្លួន​នៅពេលមានការកោះហៅពីតុលាការ​ និងតម្រូវឱ្យសកម្មជនគោរពនូវ​កាតព្វកិច្ចដទៃទៀត។

តាមរយៈវីដេអូឃ្លីបដដែល សកម្មជនបរិស្ថានទាំងនោះបានលើកឡើងថា ការដែលប្រជាពលរដ្ឋចូលរួមការពារបរិស្ថានមិនមែនជាបទល្មើសនោះទេ​ ហើយពួកគាត់នៅតែទាមទារ​ឱ្យតុលាការ​ទម្លាក់ការចោទប្រកាន់ដោយឥតលក្ខខណ្ឌ។​ ​

យុវតីចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី បានលើកឡើងក្នុងវីដេអូនោះថា រាល់សកម្មភាពដែលសកម្មជនបរិស្ថានធ្វើឡើងកន្លងមក ដើម្បីស្វែងរកឱ្យឃើញពីបញ្ហាបរិស្ថាន និងស្វែងរកដំណោះស្រាយតែប៉ុណ្ណោះ។ តែយ៉ាងណា កញ្ញាថា សកម្មជនបរិស្ថានបែរជាត្រូវបានធ្វើ​ទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ ព្រមទាំងប្រព័ន្ធតុលាការ​ រហូតដល់សកម្មជនបរិស្ថានត្រូវបានជាប់ពន្ធនាគារម្នាក់ៗជាងមួយឆ្នាំថែមទៀត។

កញ្ញា ភួន កែវរស្មី ថា៖ «មិនត្រឹមតែមិនបានលើកទឹកចិត្ត​ដល់សកម្មភាពរបស់ពួកយើងនោះទេ​ ប៉ុន្តែពួកយើងត្រូវបានគាបសង្កត់គ្រប់រូបភាព ព្រមទាំងការធ្វើទុក្ខបុកម្នេញតាមប្រព័ន្ធតុលាការផងដែរ។ ជាក់ស្ដែង យើងបានជាប់គុកយ៉ាងអយុត្តិធម៌​ជាងមួយឆ្នាំ»។

ចំណែកឯកញ្ញា ស៊ុន រដ្ឋា បានលើកឡើងថា ​រាល់ការចោទរបស់តុលាការមិនមានមូលដ្ឋានច្បាប់នោះទេ រួមទាំងភស្ដុតាង​ណាមួយដែលបញ្ជាក់ថា ​សកម្មភាពរបស់ពួកគេបានរួមគំនិតក្បត់នោះឡើយ។ កញ្ញាបន្តថា រាល់សកម្មភាព​ដែលសកម្មជនធ្វើ គឺគ្រាន់តែទាមទារឱ្យមានការបកស្រាយ​ពីសំណាក់រដ្ឋាភិបាល ដើម្បីថែរក្សាធនធានធម្មជាតិ និងធ្វើឱ្យបរិស្ថានស្អាតប៉ុណ្ណោះ។

កញ្ញាបន្តថា៖ «ក្នុងផេករបស់ចលនាមាតាធម្មជាតិដែលបានផុសកន្លងមក​ គ្រាន់តែនិយាយពីបញ្ហាទឹកលូ​ បញ្ហាសំរាម បញ្ហាការអភិវឌ្ឍ​ដែលបំផ្លាញធនធានធម្មជាតិ​ ប៉ុន្តែនៅពេលដែលយើងទទួលបានបទចោទរហូតដល់រួមគំនិតក្បត់​ ហើយយើងមានអារម្មណ៍ថា អយុត្តិធម៌សម្រាប់ពួកយើង​ ក្នុងពេលដែលយើងព្យាយាមការពារធនធានធម្មជាតិ»។

យុវជនចលនាមាតាធម្មជាតិមួយរូបទៀត លោក ថុន រដ្ឋា ឱ្យដឹងថា មូលហេតុសកម្មជនបរិស្ថានទាមទារឱ្យតុលាការទម្លាក់បទចោទប្រកាន់ចំពោះបទ «​រួមគំនិតក្បត់» ដោយថា​ជាបទល្មើសធ្ងន់ធ្ងរ ខណៈពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។

លោក រដ្ឋា បន្តថា ​ការចោទប្រកាន់មកលើសកម្មជនបរិស្ថានទាំង៦នាក់នេះ គឺជារឿងដែលមិនអាចទទួលយកបាន​ ត្បិតសកម្មភាពរបស់ពួកគេគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការការពារធនធានធម្មជាតិ​។ លោកអះអាងថា ការពារបរិស្ថានមិនមែនជាបទល្មើសឡើយ និងត្រូវបានការពារដោយច្បាប់ជាតិនិងអន្តរជាតិថែមទៀតផង។

លោកថា៖ «ប៉ុន្តែជាក់ស្ដែង​ សកម្មភាពរបស់យើងត្រូវបានធ្វើបាប​ ចោទពួកយើងរហូតរួមគំនិតក្បត់​ ដែលជាបទឧក្រិដ្ឋ ប្រឈមរហូតដល់ជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ​។ ហ្នឹងគឺជារឿងដ៏មហាឃោរឃៅមួយ​ដែលធ្វើមកកាន់យុវជន ហើយពិសេសយុវជនដែល​ខ្វល់ខ្វាយលើធនធានធម្មជាតិ​»។​

បញ្ហានេះ យុវជនស្រឡាញ់បរិស្ថានដដែល ទាមទារឱ្យតុលាការទម្លាក់ចោលរាល់ការចោទប្រកាន់មកលើពួកគេដោយឥតលក្ខខណ្ឌ។

វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បាន​ទេ នៅថ្ងៃទី១២​ ខែកក្កដានេះ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានលើកឡើងថា នៅពេលតុលាការមិនទាន់ទម្លាក់បទចោទ និងបន្ត​ដាក់បម្រាមទៅលើសកម្មជនបរិស្ថានទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់សេរីភាពជាមូលដ្ឋានធ្ងន់ធ្ងររបស់ពួកគេ។ បន្ថែមពីនេះ ប៉ះពាល់ដល់​ការបំពេញភារកិច្ចរបស់យុវជនទាំងនោះ ស្របពេលអង្គការសង្គមស៊ីវិលបានចាត់ទុកថា​ សកម្មភាពការពារធនធានធម្មជាតិមិនមែនជាបទល្មើសតាំងតែពីដំបូងមកម៉្លេះ។

លោកថា៖ «បាទ! តាំងពីខាងដើមហើយថា​អង្គការសង្គមស៊ីវិល ហើយមិនមែនតែខ្ញុំលើកឡើងទេ​ ដែលយើងបានចាត់ទុកថាជាករណីមួយដែលថា​ កិច្ចការមួយដែលធ្វើការសម្រាប់ផលប្រយោជន៍សង្គមជាតិយើងហ្នឹងឯង។​ ដោយឡែក ការចោទប្រកាន់របស់តុលាការនេះ​ យើងឃើញថា ហាក់បីដូចជាផ្ទុយពីការពិត ក្នុងការ​អនុវត្តការងាររបស់ពួកគាត់»។

ក្នុងចំណោមសកម្មជនមាតាធម្មជាតិទាំង៦នាក់ ក្នុងនោះ៣នាក់ រួមមាន លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងជាប់ពន្ធនាគារជាង១ឆ្នាំ ​ក្រោមបទប្រកាន់ «​ញុះញង់​បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ អ្នកទាំង៣ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់លើពួកគេមួយករណីទៀត គឺបទ «រួមគំនិតក្បត់»

ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចចាប់ឃុំខ្លួនយុវជនបរិស្ថានចលនាមាតាធម្មជាតិ ៣រូបផ្សេងទៀត ក្នុងនោះមាន កញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និងលោក លី ចាន់ដារ៉ាវុធ ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ» ហើយពួកគេត្រូវបានតុលាការ​ឃុំនៅពន្ធនាគារអស់រយៈពេល៥ខែ។

សកម្មជនបរិស្ថានទាំង៦នាក់នោះត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ ការដោះលែងពេលនោះ គឺអ្នកខ្លះបានអនុវត្តទោសចប់តាមការកំណត់របស់តុលាការ ហើយអ្នកខ្លះទៀតត្រូវបានដោះលែងនៅក្រៅឃុំបណ្ដោះអាសន្ន ដោយទោសនៅសល់ត្រូវព្យួរសាកល្បងប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ក្រោយដោះលែងពួកគេពីពន្ធនាគារមិនបានប៉ុន្មានថ្ងៃផង សកម្មជនចលនាមាតាធម្មជាតិ​កម្ពុជា ​ទទួលបានពានរង្វាន់ជួរមុខលើសកម្មភាពការពារបរិស្ថានប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ២០២១។

​ពានរង្វាន់ដែលសកម្មជនចលនាមាតាធម្មជាតិទទួលបានពី​ អង្គការ​អន្តរជាតិ​ហ្រ្វាន់ឡាញ​ ​ឌីហ្វិនឌឺ (Frontline​ ​Defenders) កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ​ចំពោះ​ភាព​ក្លាហាន​និង​ការ​ហ៊ាន​ប្រថុយ​គ្រោះថ្នាក់​ ​ដើម្បី​ការពារ​បរិស្ថាន​​និង​ធនធានធម្មជាតិ​នៅប្រទេស​កម្ពុជា​៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ