ពលរដ្ឋ​៤នាក់​ត្រូវ​បាន​ឃាត់ខ្លួន ក្រោយ​តវ៉ា​ឱ្យ​អាជ្ញាធរ​ប្រគល់​រថយន្ត​ដឹក​កសិផល​របស់​ពួកគេ​ទៅ​ភាគីថៃ​វិញ

អាជ្ញាធរនិងមន្ត្រីមន្ទីរសាធារណការ ឃាត់ទុករថយន្តរបស់កសិករដែលដឹកកសិផលលើសទម្ងន់កំណត់ នៅខេត្តបាត់ដំបង ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ពលរដ្ឋ៤នាក់ក្នុងចំណោមកសិករ​រាប់​រយ​នាក់ផ្សេងទៀតត្រូវ​បានស​មត្ថកិច្ច​ឃាត់​ខ្លួន ​ក្រោយ​ផ្ទុះ​ការតវ៉ា​ទាម​ទារ​ទៅ​អាជ្ញាធរ​ឱ្យប្រគល់រថយន្ត​ដឹក​​លើសទម្ងន់​របស់​ថៃ​ដែលដឹក​កសិផលរបស់ពួកគេទៅកាន់​ភាគី​​​ថៃ​​វិញ។

អធិការ​នគ​របាល​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង លោក សុង សុភ័ក្ត្រ​ មានប្រសាសន៍នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ​ថា ​រថយន្តថៃចំនួន២គ្រឿងដែល​ចូល​មក​ដឹក​ពោត​របស់​ប្រជាកសិករខ្មែរនៅខេត្តបាត់​ដំបង យក​​ទៅលក់នៅប្រទេសថៃ ត្រូវបានអាជ្ញាធរចាប់ឃាត់​ទុក​កាល​​​ពី​ថ្ងៃ​សៅរ៍ ក្រោយ​រក​ឃើញ​ថា រថយន្តទាំងពីរនេះដឹក​លើស​ទម្ងន់។

ជាមួយគ្នានេះ លោកថា អាជ្ញាធរក៏​បានសម្រេច​ធ្វើការផាក​ពិន័យលើ​អ្នក​បើក​បរ​ជាជនជាតិ​ថៃ​ចំនួន២នាក់ រួមទាំង​​រឹប​​អូស​យក​រថយន្តរបស់ពួកគេទៅ​រក្សាទុក​រយៈពេល​មួយ​ឆ្នាំផងដែរ។

ទោះជាយ៉ាងណា ព័ត៌មាន​នៃ​ការ​រឹបអូស​រថយន្តដឹកកសិផលយកមករក្សាទុកនេះ ត្រូវបានចែករំលែក​យ៉ាង​​ឆាប់​​រហ័ស​​តាម​​បណ្ដាញសង្គម ដែលបានធ្វើឱ្យកសិករ​ក្នុង​តំបន់ក៏​បាន​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំគ្នា​តវ៉ា ខណៈពួកគេ​បារម្ភ​ថា ករណីនេះអាចនឹងធ្វើឱ្យភាគីថៃលែងមកទិញកសិផលរបស់ខ្មែរ និងធ្វើឱ្យកសិផលរបស់ខ្មែរនៅខេត្តជាប់ព្រំដែនមួយនេះកកស្ទះ និង​គ្មានទីផ្សារ​លក់។

ទាក់ទិន​នឹងករណីនេះ លោក សុង សុភ័ក្ត្រ បន្តថា៖ «ពលរដ្ឋកាន់តែច្រើនបានឡើងមកប្រមូលផ្ដុំគ្នាដើម្បីតវ៉ា ដែលករណីនេះបានធ្វើឱ្យក្រុមការងារមិនអាចនាំយករថយន្តទាំងពីរនេះទៅកាន់មន្ទីរសាធារណការខេត្ត​បានឡើយ កាលពីថ្ងៃទី៩ [ខែកក្កដា]។ ពួកគេ​បាន​ឡើងមកប្រមូល​ផ្ដុំគ្នា​ បន្ទាប់​ពី​ពួក​គេ​បាន​ឮព័ត៌មាននេះតៗគ្នា។ ដូច្នេះហើយ ក្រុមការងារយើងក៏សម្រេចផ្អាកធ្វើសកម្មភាព​ជាបណ្ដោះអាសន្នសិន»។

លោកបន្ថែម​ថា ពលរដ្ឋ​ប្រមាណ៥០០នាក់ដែលបានតវ៉ា​​នេះក៏បានរារាំង និងប៉ះទង្គិចជាមួយនឹង​មន្ត្រី​សមត្ថកិច្ច និង​កង​រាជ​អាវុធហត្ថ​មក​ពី​ស្រុក​មួយ​ចំនួនដែលមករក្សាសណ្ដាប់ធ្នាប់ផងដែរ។

លោកថា៖ «ពួកគេ​ [សមត្ថកិច្ច] បានមក​ធ្វើ​អន្តរាគមន៍ ដើម្បីទប់ស្កាត់កុំឱ្យមាន​អំពើ​ហិង្សា​កើតឡើង ខណៈ​អ្នក​តវ៉ា​មួយចំនួន​បានបន្ធូរខ្យល់​រថយន្តដឹកលើសទម្ងន់ទាំងនេះ ដើម្បីកុំឱ្យបើកទៅមុខរួចផងដែរ»។

លោក សុង សុភ័ក្ត្រ បន្តថា៖ «នៅក្នុងហេតុការណ៍នោះ អ្នក​បើក​បរជា​ជនជាតិ​ថៃ​ម្នាក់​ក៏​បាន​រត់​គេច​ខ្លួនចេញពីទីតាំងផងដែរ»។

ទោះជាយ៉ាងណា លោក​​ថា នៅ​ព្រឹកថ្ងៃ​បន្ទាប់ ​អាជ្ញាធរ​ខេត្តក៏​បាន​ចុះ​ទៅ​ដក​ហូតយក​រថយន្តល្មើសច្បាប់យកមករក្សាទុក និង​ចាប់​ខ្លួន​អ្នក​ញុះញង់​ចំនួន៤នាក់​ផងដែរ។

លោក​បាន​បន្ត​ថា​៖ «​ក្នុងចំណោមពួកគេទាំងអស់ ក្នុងនោះមាន​មួយ​ចំនួនបានលើកឡើងឱ្យ​ពលរដ្ឋ​មក​តវ៉ា​ ដើម្បី​រារាំង​អាជ្ញាធរ​មិន​​ឱ្យ​យក​រថយន្ត​នោះ​ចេញ ហើយមួយចំនួនទៀត​បាន​ផ្ដល់​ជាទឹកសុទ្ធដល់អ្នកចូលរួម​តវ៉ា ជាដើម។ អ្នកទាំងនោះហើយគឺជាបុគ្គលដែលត្រូវបានចាប់ខ្លួន»។​

ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យអយ្យការអម​សាលា​​ដំ​​បូ​ង​​​​​​​ខេត្តបាត់ដំបង លោក ដួង សារ៉ន បានឱ្យដឹងថា មនុស្សចំនួន៤នាក់​ ក្នុងនោះ​​​មាន​ស្ត្រី​ម្នាក់ដែរនោះ ​ត្រូវ​បាន​ចាប់​ខ្លួន​​ទាក់ទិននឹងករណី​រារាំង​អាជ្ញាធរ និង​ប្រមូល​ផ្ដុំពលរដ្ឋឱ្យធ្វើការតវ៉ា។

លោកបន្ត​ថា៖ «ពួកគេបច្ចុប្បន្ន​កំពុង​តែស្ថិតនៅក្រោមការសាកសួរដោយអាជ្ញាធរ»។

លោក សុថាន់ បុរី ជាកសិករមួយរូបនៅស្រុកភ្នំព្រឹក បានប្រាប់វីអូឌីកាលពីថ្ងៃអាទិត្យកន្លងទៅថា ការប្រមូលផ្ដុំគ្នាតវ៉ានេះត្រូវបានធ្វើឡើង ដោយសារតែពលរដ្ឋ​នៅខេត្តជាប់ព្រំដែន​ថៃនេះ​ ព្រួយបា​រម្ភ​ពី​ការបាត់​បង់​ទីផ្សារ​សម្រាប់​ផលិតផល​​កសិកម្ម​របស់ពួកគេ។ លោកបន្ថែមថា បច្ចុប្បន្ន​ ពួកគេ​កំពុង​ដាំ​​ពោត​​រាប់​ពាន់​​តោន​​ក្នុង​មួយ​ថ្ងៃ ​ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ថៃ។

កសិកររូប​នេះក៏បាន​អះអាងដែរ​ថា គ្រួសាររបស់គាត់​បានខ្ចីលុយ​ពីធនាគារ​ខ្ទង់៣ម៉ឺនដុល្លារ ដើម្បីធ្វើទុន​សម្រាប់ធ្វើកសិកម្មដាំពោត ដំឡូង​មី ស្វាយ​កែវ​រមៀត និង​តាង៉ែន​​ ជាដើម។

លោកថា៖ «កសិករគាត់ទទួលស្គាល់ថា ដឹកនេះវាលើសទម្ងន់មែន។ ប៉ុន្តែបើដឹកតាមទម្ងន់ស្តង់ដា​រដែល​បាន​កំណត់ ​វាធ្វើ​ឱ្យ​តម្លៃ​ពោត ​វា​កាន់តែធ្លាក់ទាប។ ខ្ញុំគិតថា ប្រសិនបើរឿងនេះមិនត្រូវដោះស្រាយតាមការស្នើសុំរបស់ប្រជាកសិករទេ វានឹង​ប៉ះពាល់​ខ្ពស់ ទី១ ប្រឈមជំពាក់បំណុលធនាគារទ្វេ​ដង ព្រោះការធ្វើកសិកម្មរបស់កសិករខ្មែរ គឺ​ពឹងផ្អែកលើកម្ចីរបស់ធនាគារ និងមួយទៀត​ ពោតរបស់កសិករនឹងរងការខូចខាត ព្រោះឥលូវនេះ ពោតកំពុងត្រូវប្រមូលផលហើយ មិនអាចទុកយូរ​បាន​ទេ»។

កសិករនៅស្រុកភ្នំព្រឹកម្នាក់ទៀត លោក សេង ហាន បានលើកឡើងថា គ្រួសារលោកក៏បានខ្ចីលុយធនាគារខ្ទង់៥ពាន់ដុល្លារ ដើម្បីធ្វើទុន​ដាំពោតផងដែរ ហើយប្រសិនបើពោតលក់មិន​ចេញ រូបលោកនឹងប្រឈមជំពាក់បំណុលធនាគារកាន់តែខ្លាំង។

លោកថា៖ «ប្រសិនបើថៃគេអត់មកទិញ កសិករយើងលំបាកហើយ ដោយមិនដឹងយកទៅលក់នៅណានោះទេ។ យើងរស់នៅជាយដែននេះ ដូច្នេះ យើងមានតែពឹងលើទីផ្សារថៃហ្នឹងហើយ»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Four Arrested After Thai Grain-Truck Seizure Sparks Protest

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ