ក្រសួង​ហាម​មិនឱ្យ​យានយន្ត​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​ល្បឿនលឿន ក្រោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់

ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ ស្ថិតក្នុងដំណើរការសាងសង់នៅឡើយ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក្រសួងសាធារណការ និងដឹងកជញ្ជូន)

ក្រសួងសាធារណការ និងដឹកជញ្ជូន ​ហាមមិន​ឱ្យ​យាន​យន្តគ្រប់ប្រភេទ​ធ្វើចរាចរ​ណ៍នៅ​​លើ​​ផ្លូវ​​ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែលកំពុងដំណើរការ​សាង​សង់​នោះ​​ទេ ក្រោយពីមាន​ករណី​គ្រោះ​ថ្នាក់ចរា​ចរណ៍​បាន​​កើត​​ឡើង​​ជា​ញឹក​ញាប់​​​​នៅលើផ្លូវនេះ​ កាលពី​ពេលថ្មីៗនេះ។

សេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែកក្កដានេះ បាន​លើក​ឡើង​​ថា គម្រោង​សាងសង់ផ្លូវ​ល្បឿន​លឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលវិនិយោគ​សាងសង់​ដោយ​ក្រុមហ៊ុនសាជីវកម្ម​ស្ពាន​ថ្នល់ចិន បាននិងកំពុង​ដំណើរការ​សាងសង់​មិនទាន់​បញ្ចប់​ទាំងស្រុង​ទេ ជាពិសេស​នៅមិនទាន់បានបំពាក់​បរិក្ខារសុវត្ថិភាពចរាចរណ៍​នៅឡើយ។

ក្រសួងប​ន្តថា បច្ចុប្បន្ន ការធ្វើចរាចរ​ណ៍យានយន្តរបស់​ប្រជាពលរដ្ឋ​មួយចំនួនបាន​ចូល​ប្រើ​ប្រាស់​​​​ផ្លូវនេះមានការ​កើនឡើង​គួរឱ្យកត់សម្គាល់ និងបាន​បង្កឱ្យមានគ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹក​ញាប់។

ករណីនេះ ក្រសួងថា ដើម្បីចៀសវាងការរំខានដល់ដំណើរការសាងសង់បញ្ចប់គម្រោងឱ្យ​បាន​ទាន់​​តាម​​ពេល​វេលាដែល​បានគ្រោងទុក និងចៀសវាងការបង្កគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ក្រសួង​បាន​សម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុ​ញ្ញាត​ឱ្យ​យានយន្តគ្រប់​ប្រភេទចូលប្រើប្រាស់​ផ្លូវល្បឿនលឿននេះ​ ក្រៅពីយានយន្តដែលបម្រើ​ការ​ងារ​​ឱ្យ​គម្រោង និង​យានយន្តមាន​តម្រូវការចាំបាច់ដែលមានការអនុញ្ញាតពីក្រសួងសាធារណ​ការ និងដឹកជញ្ជូន ​ប៉ុណ្ណោះ។

សេចក្តីជូនដំណឹងរបស់ក្រសួង បានធ្វើឡើងក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​បាន​កើតឡើង ​កាលពីម៉ោងជិត២រសៀល ​ថ្ងៃចន្ទ​ម្សិលមិញ ដោយ​រថយន្តទំនើប២គ្រឿងដែលបាន​បើកបរនៅលើផ្លូវល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុនេះ បានបុកគ្នា​បណ្ដាលឱ្យ​មានអ្នករង​របួស​ ត្រង់ចំណុច​គីឡូម៉ែត្រលេខ៦៦-៦៧ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ