ក្រសួង​អំពាវនាវ​ឱ្យ​បង្កើន​កិច្ចការពារ​ជំងឺ​កូវីដ-១៩ ក្រោយ​រកឃើញ​អូមីក្រុង​បំប្លែងថ្មី​នៅ​កម្ពុជា

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌីន ថ្លែង​ពណ៌នា​អំពី​ស្ថានភាព​និង​បច្ចុប្បន្នភាព​នៃ​កូ​វីដ១៩ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់​រ៉ែ​ន)

មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បាន​អំពាវនាវឱ្យចូលរួមការពារការចម្លងវីរុសកូវីដ-១៩ ​ក្រោយពីរកឃើញជំងឺកូវីដ-១៩ ​អូមីក្រុងបំប្លែងថ្មីប្រភេទ BA.4 និង BA.5​ នៅកម្ពុជា ព្រមទាំងក្រើនរម្លឹកពីការបង្ការ«ជំងឺអុតស្វា»ផងដែរ។

តាមសារជាសំឡេងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ឱ្យដឹងថា ​​ចាប់ពីថ្ងៃទី២៨ ខែមិថុនា​ ឆ្នាំ២០២២ ​រហូតមកដល់ពេលនេះ កម្ពុជាបាន​​រក​ឃើញ​ជំងឺ​កូវីដ-១៩​ ឆ្លង​ចូល​សហគមន៍ជាថ្មី​ទៀតជារៀងរាល់ថ្ងៃ ដោយក្នុងចំណោមអ្នកវិជ្ជមានទាំងនោះក៏មានវត្តមានប្រភេទអូមីក្រុងបំប្លែងថ្មីប្រភេទ BA.4 និង​ BA.5។

លោកស្រីបន្តថា វ៉ាក់សាំងកូវីដ-១៩ មានការបញ្ជាក់ពីអង្គការសុខភាពពិភពលោក​ ចំពោះតម្រូវការនៃការចាក់ដូសជំរុញ ដែលមានគម្លាតចាប់ពី៣ខែឡើងទៅ ដើម្បីជំរុញ បង្កើន និងរក្សាភាពរឹងមាំ ព្រមទាំង​ទប់ទល់នឹងវីរុសកូវីដ-១៩ បំប្លែងថ្មីថែមទៀតផង។

រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះក៏បានបញ្ជាក់ទៀតថា ការឆ្លងវីរុសកូវីដ-១៩ គឺជាបញ្ហាសុខភាពសាធារណៈមួយ ដែលត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការឆ្លងវីរុសកូវីដ-១៩ ដោយចូលរួមអនុវត្តវិធានការ «៣កុំ ៣ការពារ»។ លើសពីនេះ ស្ម័គ្រចិត្តទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញទី៣​ ទី៤ និងទី៥ ដើម្បីគាំពារដល់សរីរាង្គកាយ ទប់ទល់​ការវាយលុកធ្ងន់ធ្ងរនៃវីរុសកូវីដ-១៩​ ជាពិសេសវីរុសបំប្លែងថ្មីប្រភេទ BA.4 និង BA.5។

ជាមួយគ្នានេះផងដែរ ក្រសួងសុខាភិបាល កាលពីម្សិលមិញ ក៏បានចេញសេចក្តីណែនាំក្រើនរម្លឹកទាក់ទងនឹងការបង្ការនៃជំងឺអុតស្វា ដែលចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។

របាយការណ៍អង្គការសុខភាពពិភពលោក បានបញ្ជាក់ពីករណីជំងឺអុតស្វា ចំនួន៧ ៨៩២ និងស្លាប់៣នាក់ ត្រូវបានរាយការណ៍ពីប្រទេសចំនួន៦៣ ក្នុងតំបន់៥​ របស់អង្គការពិភពលោក រួមមាន តំបន់អាមេរិក អាហ្វ្រិក អឺរ៉ុប មេឌីទែរ៉ាណេខាងកើត និងអាស៊ីប៉ាស៊ីហ្វិកខាងលិច ដោយក្នុងនោះ ៩៨ភាគរយនៃករណីជំងឺនេះកើតមានពីថ្ងៃ១២ ខែឧសភា ឆ្នាំ២០២២។

ក្រសួងសុខាភិបាលឱ្យដឹងថា តាមការស៊ើបអង្កេតអេពីដេមីសាស្ត្រ ​ករណីជំងឺអុតស្វាដែលការរាយការណ៍ភាគច្រើន គឺតាមរយៈការប្រើប្រាស់សេវាសុខភាពផ្លូវភេទ (ចម្បងលើបុរសរួមភេទជាមួយបុរស ឬដៃគូច្រើន ពេលថ្មីៗនេះ) ឬសេវាសុខភាពផ្សេងទៀតនៅតាមគ្រឹះស្ថានថែទាំសុខភាពបឋម ឬមន្ទីរពេទ្យ ជាមួយនឹងប្រវត្តិនៃការធ្វើដំណើរទៅកាន់ប្រទេសដែលមានការឆ្លងរាតត្បាតនៃជំងឺនេះ។

ក្រសួងអះអាងថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាពុំទាន់មានករណីជំងឺអុតស្វាបែបនេះនៅឡើយ ក៏ប៉ុន្តែរដ្ឋមន្ត្រីក្រសួងសុខាភិបាលអំពាវនាវឱ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច ទាំងជំងឺកូវីដ-១៩ និងជំងឺអុតស្វា គឺត្រូវអនុវត្តអនាម័យខ្លួនប្រាណ រស់នៅស្អាត សម្អាតជាមួយសាប៊ូ ឬជែលអាកុល និងអនុវត្តការការពារការចម្លងតាមផ្លូវដង្ហើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ