លោក សុន ឆ័យ ប្រកាន់​ជំហរ​ថា​អ្វី​ដែល​លោក​រិះគន់​អំពី​ដំណើរការ​បោះឆ្នោត​ឃុំ-សង្កាត់​ជា​រឿង​ត្រឹមត្រូវ

អនុប្រធាន​គណបក្សភ្លើងទៀន លោក សុន ឆ័យ ផ្ដល់បទសម្ភាន៍ក្រោយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបណ្ដឹងរបស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានប្ដឹងរូបលោកពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ជុះវិញការរិះគន់រឿងភាពមិនប្រក្រតីនៃការបោះឆ្នោត។ (ហ៊ាន រង្សី)

អនុប្រធានគណបក្សភ្លើងទៀន នៅតែប្រកាន់ជំហរថា អ្វីដែលលោករិះគន់អំពីដំណើរ​​ការ​​បោះ​​ឆ្នោតជ្រើស​​រើស​​​​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥កន្លងទៅនេះ ​ដូចមិនខុស​​ទាស់អ្វីទេ ដោយ​​ការ​​មើល​ឃើញ​​របស់​​លោ​​កអំពីភាពមិនប្រក្រតីនេះ ​ដូចគ្នាទៅនឹងរបាយការណ៍ផ្សេងៗរបស់អង្គការ​មិន​មែនរដ្ឋាភិបាល និង​​គ​ណ​​​​បក្សក្រៅរដ្ឋាភិបាលដទៃទៀតដែរ។

ប្រាប់ក្រុមអ្នកកាសែតនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកក្កដានេះ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ឱ្យដឹងថា លោកមិនខ្លាចនឹងសុំទោស​​ជា​​សាធារ​​ណៈទេ ប្រសិនបើ​​អ្វី​​ដែល​​​​លោកបានរិះគន់នោះ វាពិតជាមានការខុសឆ្គងពិតមែន​​។

អ្នកនយោ​​បាយ​​ចាស់​​វស្សារូបនេះនៅតែ​​ប្រ​​កា​ន់​​​​ជំហរថា អ្វីដែលលោកបាននិយាយកន្លងទៅនេះ វាហាក់ដូចជាមិន​​មាន​​ត្រង់ចំណុចណាដែល​​ចាត់​​ទុក​​ថា ជាបទល្មើសនោះទេ។ មួយវិញទៀត ប្រសិនបើចង់​​ឱ្យ​​លោក​សុំទោសដូចអ្វីដែលស្ថាប័ន​​ជាតិរៀបចំ​​ការ​​បោះ​​ឆ្នោតចង់បាន លុះត្រាលោកបានប្រព្រឹត្តកំហុស តែលោក សុន ឆ័យ ក៏ចង់ឱ្យ គ.ជ.ប បង្ហាញ​​វិញដែរ​​ ថា​​ចំ​​ណុចណាមួយដែលលោកបានរិះគន់ ហើ​យ​​ធ្វើឱ្យខូចមុខមាត់ គ.ជ.ប នោះ។

លោកបន្តថា៖ «វាសុំទោស វាទាល់តែយើងនិយាយមិនពិត។ យើងនិយាយមិនពិត ជាធម្មតា​​ទេ ​​មនុ​ស្ស​​​ត្រូវតែទទួលកំហុសដែរ បើយើងនិយាយផ្ដេសផ្ដាស។ បើយើងនិយាយមិនពិត វាមិនខ្លាច​​អីនឹ​ង​សុំទោសទេ។ អាហ្នឹងសម្រាប់រូបខ្ញុំទេ។ បើអ្នកខ្លះគេមិនសុំទោសចំពោះកំហុសខ្លួន ខ្ញុំមិនដឹងដែរ​​។​ កា​ល​​ណាយើងធ្វើខុស វាមិនពិត យើងត្រូវសុំទោសគេ។ ​​ខ្ញុំក៏ចង់ដឹងដែរ តើ​​វាមិនពិតត្រង់​​ណា? ​​​វា​​​មិន​មែនតែខ្ញុំទេ សូម្បីគណបក្សខ្ញុំក៏បាន​​ចេញសេចក្តីថ្លែងការណ៍ដូចគ្នាហ្នឹងដែរ​​។ គណបក្សនយោ​​​បាយបី​បួន​​ទៀត ធ្វើរបាយការណ៍បែបហ្នឹង។ អង្គការសង្គមស៊ីវិលដែលតាមដានការបោះ​​​ឆ្នោតក៏​និ​​យា​យ​​បែបហ្នឹង។ ឥលូវនេះ និយាយឱ្យចំមក និយាយកន្លែងណាដែលថាមិនពិតនោះ»។

នៅព្រឹកថ្ងៃអង្គារនេះ តុលាការជាន់ទាបតម្រូវឱ្យលោក សុន ឆ័យ ចូលទៅបំភ្លឺតបតាមបណ្ដឹងរបស់គណៈ​​កម្មា​​​ធិការ​​ជាតិរៀបចំការបោះឆ្នោត។ បណ្តឹងដែលប្តឹងដោយ គ.ជ.ប នេះ គឺចោទប្រកាន់អនុ​ប្រធាន​​គណ​​បក្ស​​​​ភ្លើ​​ងទៀនរូបនេះពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ»។ ការប្តឹងផ្តល់នោះ ក្រោយពីលោក សុន ឆ័យ រិះគន់អំពីភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ គ.ជ.ប បានប្ដឹងលោក សុន ឆ័យ ទៅតុលាការ​ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងទាមទារឱ្យ​អ្នកនយោបាយ​រូប​នេះត្រូវ​ធ្វើលិខិត​សុំទោស​ជាសាធារណៈ​ថែមទៀត។

លោក សុន ឆ័យ បានប្រាប់អ្នកកាសែតថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង​​រាជធានី​ភ្នំ​ពេញ បាន​​សួរសំណួរជាច្រើនពាក់ព័ន្ធនឹងការថ្លែងសារនយោបាយរបស់លោក អំពីភាពមិន​​ប្រក្រ​​តីនៃការ​​បោះ​​ឆ្នោត​​​​ឃុំ-​​សង្កាត់​​ កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា។

លោកបន្តថា មាន១សំណួរក្នុង​ចំ​ណោ​ម​​សំណួរផ្សេងទៀតដែលតុលាការសាកសួរ គឺជាសំណួរ​ប្រៀបធៀបការលើកឡើង​​ជា​មួយ​​សារព័ត៌មាន Cambodia Daily គឺប្រៀបដូចជាការលួចគោក្របីជាដើម។ ប៉ុន្តែលោក សុន ឆ័យ អះអាងថា ក្នុងនាមជា​​អ្នកតំណាង​​រាស្រ្ត​​តាំង​​ពីឆ្នាំ១៩៩៣មក អ្វីដែលលោករិះគន់ គឺមានភាព​​ប្រា​ក​​​ដ​ប្រជាណាស់។ បន្ថែមពីលើនេះ លោកមិន​​ដែល​​​​បានមួលបង្កាច់ខុសពីការពិតទេ ហើយក៏​​មាន​​ការ​ប្រយ័ត្នប្រយែងណាស់ដែរក្នុងការនិយាយស្ដី។

នៅព្រឹកថ្ងៃអង្គារនេះ គេសង្កេតឃើញ​មានប្រជាពលរដ្ឋ សកម្មជន​ និង​បេក្ខជនជាប់ឆ្នោត​​របស់​គណបក្ស​ភ្លើងទៀន ជិត១០០នាក់ ក៏បាន​ទៅឈរនៅមុខសាលាដំបូងរាជធានីភ្នំ​​ពេញ ដើម្បីឃ្លាំមើល​ពី​ដំណើរការ​សាកសួរនេះដែរ។

ប្រជាពលរដ្ឋមកពី​ខេត្តកណ្ដាល លោក យៀម យឿន មាន​ប្រសាសន៍ថា លោក​ទៅមុខសាលាដំបូងរាជធានីភ្នំពេញនេះ ក្នុងគោលបំណងទៅលើ​កទឹកចិត្តលោក សុន ឆ័យ ស្រប​ពេល​ដែលគាត់កំពុងឆ្លើយបំភ្លឺនៅតុលាការ។

ក្រៅពីរងបណ្ដឹង​របស់គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត លោក សុន ឆ័យ ក៏បានរងនូវ​បណ្ដឹងមួយទៀតពីគណបក្សប្រជាជនកម្ពុជា។ នៅថ្ងៃទី ១៥ ខែកក្កដា ខាងមុខនេះ លោក សុន ឆ័យ ក៏នឹងត្រូវឡើងឆ្លើយនៅចំពោះមុខតំណាងអយ្យការបន្តទៀត ចំ​​ពោះ​​​បណ្តឹងចោទប្រកាន់ពីគណបក្សប្រជាជនកម្ពុជាដែរ។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា តាមរយៈមេធាវី លោក គី តិច បានដាក់ពាក្យបណ្ដឹង​ទៅកាន់តុលាការ​ដូចគ្នានេះដែរ ប្រឆាំងនឹង​លោក សុន ឆ័យ។ ក្នុងបណ្តឹង​​​នោះ លោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា​ផង​នោះ បានទាមទារសំណងជំងឺចិត្តពីលោក សុន ឆ័យ ចំនួន១លាន​ដុល្លារអាមេរិក ដោយ​យោង​ទៅលើ​អង្គហេតុ​ប្រហាក់ប្រហែលទៅនឹងបណ្តឹងរបស់ គ.ជ.ប នៅពេលនេះដែរ។

វីអូឌី មិនអាចស្នើសុំការបញ្ជាក់បន្ថែមជុំវិញបញ្ហានេះពីអ្នកនាំពាក្យគណបក្សកាន់អំណាច និង​​មន្រ្តី​នាំ​​ពាក្យ គ.ជ.ប ដែលតាំងនាមជាដើមបណ្តឹងបានទេ នៅថ្ងៃអង្គារនេះ។

បើទោះបែបណា កន្លងទៅ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់​​​បញ្ជាក់​ជំ​​ហរ​ថា គណ​​បក្ស​​កាន់​​អំ​​ណាចនឹងមិនចរចា​ខាងនយោបាយទេ ព្រោះរឿងក្តីនេះ មេធាវី​​តំ​​ណា​​ង​ដោយអាណត្តិ គឺលោក គី តិច បាន​​បញ្ជូនសំណុំរឿង​ទៅ​​ដល់ដៃ​​តុលាការរួច​​​​​ហើ​​យ។

មិនខុសគ្នាដែរ អគ្គលេខាធិការ​នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា ធ្លាប់ប្រាប់​វីអូឌីថា អ្វីដែលលោក សុន ឆ័យ ធ្វើនេះមិនមែនជាការរិះគន់ដែលស្ថិតក្រោមយុត្តាធិការនៃ​សិទ្ធិបញ្ចេញ​​មតិ​​ទេ។​ ​មួយ​​វិញ​ទៀត លោកថា ស​​កម្ម​ភា​​ព​របស់លោក សុន ឆ័យ នេះ ​គឺ​ជា​ការ​ប្រ​​មា​ថ​​​​​​ធ្ងន់​ធ្ងរ និង​ធ្វើឱ្យប៉ះពាល់​​ដល់​​សេចក្តី​​ថ្លៃ​​​​ថ្នូ​​ររបស់​ស្ថា​​ប័នជាតិរៀបចំការបោះឆ្នោត។

សម្រាប់មេធាវីការពារសិទ្ធិឱ្យលោក សុន ឆ័យ គឺលោក ជូង ជូងី ដែលអមដំណើរកូនក្តីរបស់ខ្លួនទៅ​​​តុលាការ បញ្ជាក់ថា បើពិនិត្យអំពីនីតិវិធីនៃការសាកសួរជុំវិញសំណុំរឿងនេះ ហាក់ប្រព្រឹត្តទៅ​​គួ​​រ​​​​ឱ្យ​​​​ជឿទុកចិត្តបាន ក្នុងរូបភាពវិជ្ជមានទាំងការតាំងសំណួរ និងការឆ្លើយដោះបន្ទុករបស់លោក សុន ឆ័យ។

លោកបន្តថា៖ «ខ្ញុំមិនព្យាករពីរឿងហ្នឹងទេ។ ប៉ុន្តែខ្ញុំមានការកត់សម្គាល់ខ្លះៗថាព្រឹកមិញនេះ តំ​​ណា​​ង​​អយ្យការបានយកចម្លើយគាត់ល្អ ទៅតាមបែបបទបច្ចេកទេស នីតិវិធី និងទៅតាមបែបប​​ទ​​កា​រងារ។ ចំណែកឯកឧត្តម សុន ឆ័យ ក៏គាត់មានឱកាសក្នុងការឆ្លើយតបទៅនឹងបណ្តឹងរបស់ គ.ជ.​ប ដើម្បីការពារខ្លួនរបស់គាត់ដែរ»។

ឆ្លើយតបរឿងនេះ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ដែល​​​ជាអ្នកទទួលបន្ទុករឿងក្តីនេះ បានបញ្ជាក់ប្រាប់ វីអូឌី តាមបណ្តាញសង្គមតេឡេក្រាម នៅ​​ថ្ងៃ​​​​​​អង្គារនេះថា តុលាការនៅមិនទាន់ធ្វើសេចក្តីសម្រេចអំពីនីតិវិធីបែបណាទៀតនៅឡើយទេ ព្រោះ​​រឿងក្តីនេះត្រូវការសិក្សាបន្ថែមទៀត ទាំងភស្តុតាងដាក់បន្ទុក និងដោះបន្ទុក។

លោកបន្តថា៖ «តំណាងអយ្យការបានស្តាប់ចម្លើយរបស់គាត់ និងពិនិត្យលើភស្តុតាងដែលមេធាវីគា​​​ត់​​​​​បានដាក់ជូនមក។ ការសម្រេចបែបណានោះនៅមិនទាន់ដឹងទេ ព្រោះតំណាងអយ្យការត្រូវការពេល​វេលាមួយសមស្រប ដើម្បីពិនិត្យនិងវាយតម្លៃលើឯកសារទាំងអស់របស់ដើមបណ្ដឹងនិងរបស់​ជនសង្ស័យ ដើម្បីឈានដល់ការសម្រេចមួយតាមច្បាប់»។

ចំណែកអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ លោក វណ្ណ ប៊ុនណា ចាត់ទុកថា នេះជាសិទ្ធិ​​ក្នុង​​ការ​​បញ្ចេញមតិ ដែលអ្នកនយោបាយមានសិទ្ធិពេញលេញក្នុងការនិយាយស្តី ហើយសិទ្ធិបញ្ចេញ​​មតិ​នេះត្រូវបាន​ធានាដោយច្បាប់ទៅទៀត។

លោកបន្តថា អ្វីដែលអ្នកនយោបាយចាស់វស្សារូបនេះត្រូ​​វ​​ជាប់បណ្តឹងទាំងពីរនោះ ឆ្លុះបញ្ចាំងឱ្យឃើញពីការ​គាបសង្កត់សិទ្ធិនយោបាយប្រឆាំងគណបក្ស​​ក្រៅ​​រដ្ឋាភិបាល។ ប៉ុន្តែសម្រាប់អ្នកជំនាញផ្នែកគោលនយោបាយរូបនេះ យល់ឃើញថា យ៉ាងណា​​ការ​​ហ៊ានចូលតស៊ូមតិនៅតុលាការរបស់លោក សុន ឆ័យ នេះ គឺជាគំរូមួយល្អប្រឆាំងនឹង​​​ភាព​មិន​​ត្រឹមត្រូវនៅក្នុងសង្គម ហើយក៏ជាសារ​សម្រាប់​​អ្នក​​នយោបាយផ្សេងទៀតដែរ។

លោកបន្តថា៖ «ខ្ញុំមើលឃើញថា បើនិយាយពីលក្ខណៈសម្បត្តិរបស់អ្នកនយោបាយដូចជាឯកឧត្តម សុន ឆ័យ បង្ហាញពីទំនួលខុសត្រូវរបស់គាត់ ក្នុងការតតាំងរឿងក្តីអយុត្តិធម៌​​នៅក្នុងសង្គម​​ដែល​​កើ​ត​​​​មានចំពោះរូបលោក ដោយមិនរត់ចោលបញ្ហា។ នេះ​ជាការទទួលខុសត្រូវផ្នែកនយោបា​​យមួយ​​ស​ម្រា​ប់​​អ្នកនយោបាយនៅកម្ពុជាផងដែរ»។

គេសង្កេតឃើញថា មូលហេតុដែលនាំឱ្យលោក សុន ឆ័យ ត្រូវជាប់បណ្តឹងនៅក្នុងតុលាការនេះ គឺ​ម្ចាស់បណ្តឹងទាំងពីរ រួមមាន គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា ប្តឹងចោទប្រកាន់ដោយយោងលើ​​បទ​សម្ភាសន៍ជាមួយសារព័ត៌មានអនឡាញ Cambodia Daily ដែលលោករិះគន់ពីភាពមិន​ប្រ​​ក្រ​​តីនៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ