ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រេច​ដោយ​គ្មាន​សំឡេង​ជំទាស់​ក្នុង​ការ​ថ្វាយ​ព្រះមហាក្សត្រ​រឿង​កែប្រែ​មាត្រាខ្លះ​ក្នុង​រដ្ឋធម្មនុញ្ញ

អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបិទបញ្ចប់ការប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីស្នើថ្វាយព្រះមហាក្សត្របើកផ្លូវឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មមាត្រា និងច្បាប់ធម្មនុញ្ញបន្ថែម ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រធាន​និងសមាជិកនៃក្រុមប្រឹក្សាធម្មនុញ្ញ​ សម្រេច​អនុម័តគាំទ្រដោយ​គ្មានសំឡេងជំទាស់ ​ដើម្បីស្នើថ្វាយព្រះមហាក្សត្របើកផ្លូវឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មមាត្រា និងច្បាប់ធម្មនុញ្ញបន្ថែម ចំនួន៨មាត្រា ដោយថា ការធ្វើវិសោធនកម្មនេះមិនធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស​នៅកម្ពុជានោះទេ។

ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅព្រឹកថ្ងៃពុធនេះ ​ដែលបានអនុម័តគាំទ្រក្នុងសំឡេង ៩លើ៩​ នៃសមាជិកស្ថាប័នកំពូលមួយនេះទាំងមូល ​ដើម្បីស្នើថ្វាយព្រះមហាក្សត្របើកផ្លូវឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មមាត្រានិងច្បាប់ធម្មនុញ្ញបន្ថែម។

អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបិទបញ្ចប់ការប្រជុំពេញអង្គនាព្រឹកថ្ងៃពុធនេះថា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនិងសមាជិកសរុបចំនួន៩រូប បានបើកកិច្ចប្រជុំពេញអង្គ សម្រេចគាំទ្រ៩លើ៩សំឡេងនៃសមាជិកទាំងមូល ដើម្បីថ្វាយព្រះមហាក្សត្រ​បើកផ្លូវឱ្យរដ្ឋាភិបាលធ្វើ​វិសោធន​កម្ម​មាត្រាចំនួន៦ក្នុងរដ្ឋធម្មនុញ្ញ និង​មាត្រា​ចំនួន២ក្នុងច្បាប់ធម្មនុញ្ញបន្ថែម។

អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញរូបនេះបានឱ្យដឹងថា ការបើកផ្លូវឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មមាត្រាចំនួន៨ ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម មិនធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចមជ្ឈដ្ឋានមួយចំនួនលើកឡើងទេ។  ​

លោកថ្លែងដូច្នេះថា៖ «ថ្វាយព្រះមហាក្សត្រថា ការធ្វើវិសោធនកម្មនេះ គឺអាចធ្វើទៅបាន ផ្អែកទៅលើមាត្រា១៥៣ថ្មី មាត្រា១៥៤ និង១៥៥ នៃរដ្ឋធម្មនុញ្ញ ដែលមាត្រាទាំងអស់នេះបានបញ្ញត្តិអំពីគោលការណ៍ ដែលថា រដ្ឋធម្មនុញ្ញមួយអាចធ្វើវិសោធនកម្មបាន គឺការធ្វើវិសោធនកម្មនេះមិនស្ថិតនៅក្នុងប្រទេសមានគ្រាអាសន្ន ហើយទី២ ការស្នើសុំធ្វើវិសោធនកម្មនេះមិនធ្វើឱ្យប៉ះពាល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ»។

អ្នកនាំពាក្យដដែលបញ្ជាក់ថា មាត្រាដែល​រដ្ឋាភិ​បាល​បាន​ស្នើសុំធ្វើ​វិសោធន​កម្ម​មាត្រាចំនួន៦ ក្នុងរដ្ឋធម្មនុញ្ញ រួមមាន​ មាត្រា​១៩ថ្មី​(មួយ) មាត្រា៨៩ មាត្រា៩៨ មាត្រា១០២​ថ្មី មាត្រា១១៩​ថ្មី(មួយ) និងមាត្រា១២៥ថ្មី។ ចំណែកមាត្រាចំនួន​២ក្នុងច្បាប់ធម្មនុញ្ញបន្ថែម រួមមាន មាត្រា៣ថ្មី និង​មាត្រា៤ថ្មី។

លោក ព្រហ្ម វិចិត្រអក្ខរា បន្ថែមថា ក្រុមប្រឹក្សាធម្មនុញ្ញ នឹងថ្វាយព្រះមហាក្សត្រ​​ពាក់ព័ន្ធរឿងបើកផ្លូវឱ្យរដ្ឋាភិបាលធ្វើ​វិសោធន​កម្ម​មាត្រាសរុបចំនួន៨  ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម នាពេលឆាប់ៗខាងមុខនេះ។​

យ៉ាងណា គិតចាប់តាំងពីការបង្កើតរដ្ឋធម្មនុញ្ញឡើងក្នុងឆ្នាំ១៩៩៣ រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន១០លើករួចមកហើយ ខណៈច្បាប់ធម្មនុញ្ញបន្ថែម ក៏ត្រូវយកមកធ្វើវិសោធនកម្មជាមួយគ្នាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ