សមត្ថកិច្ច​បង្ក្រាប​ទីតាំង​កែច្នៃ​គ្រឿងញៀន​ទ្រង់ទ្រាយធំ ដោយ​ចាប់​ខ្លួន​ជនជាតិ​ចិន​១១នាក់​និង​រឹបអូស​សារធាតុញៀន​ជិត​២តោន

គ្រឿងញៀននិងសារធាតុគីមីផ្សំជាច្រើន ដែលត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនរឹបអូស ក្នុង​ប្រតិបត្តិការបង្ក្រាបរយៈពេល១សប្តាហ៍ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី៤ ដល់​ថ្ងៃ​ទី​៩ ខែកក្កដា​ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ Anti-Drug Department)​​

សមត្ថកិច្ចជំនាញបាន​បង្ក្រាបទីតាំង​កែច្នៃគ្រឿងញៀន​មួយចំនួន​​នៅក្នុងខេត្តចំនួន​៣ និង​រាជធានីភ្នំពេញ ដោយ​បាន​ឃាត់ខ្លួន​​​ជនជាតិចិនចំនួន១១នាក់ និង​រឹប​អូស​សារ​ធាតុ​ញៀន​ជិត២តោន រួម​នឹងសារធាតុគីមីជិត៣០០តោន ក្រោយពីបាន​ស៊ើប​អង្កេត​រយៈ​ពេល​ជាង​៣ខែ។

នាយក​ដ្ឋាន​​ប្រឆាំង​​គ្រឿង​ញៀន បានចុះផ្សាយ​លើទំព័រ​ហ្វេ​ស​ប៊ុករបស់ខ្លួននៅថ្ងៃពុធនេះថា ជន​ជាតិចិនចំនួន១១នាក់ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន និង​រឹបអូសសារធាតុញៀនបាន១,៨០តោន រួម​ទាំង​សារធាតុគីមី​ជាង២៧៦តោន នៅរាជធានីភ្នំពេញ ខេត្ត​ស្វាយរៀង ខេត្ត​ព្រៃវែង និងខេត្តកណ្តាល។

នាយក​ដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន បន្តថា សំណុំរឿង​គ្រឿង​ញៀន​នេះត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បាន​ប្រតិបត្តិការបង្ក្រាបរយៈពេល១សប្តាហ៍ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី៤ ដល់​ថ្ងៃ​ទី​៩ ខែកក្កដា​ ឆ្នាំ២០២២ ក្រោយ​ពី​សមត្ថកិច្ចជំនាញ​បើកការស៊ើបអង្កេតអស់​ជាង៣ខែមកហើយ​។

របាយការណ៍​នាយកដ្ឋានប្រឆាំងគ្រឿងញៀន បន្តទៀត​​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​​​ក្រុម​ឧក្រិដ្ឋជនកែច្នៃផលិត​ដោយ​ខុសច្បាប់​នូវ​សារធាតុញៀន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុគីមីផ្សំនោះ សមត្ថកិច្ច​ជំនាញ​បានរកឃើញ​ទីតាំងគោលដៅចំនួន១២គោលដៅផ្សេងៗគ្នា​ជា​បន្ត​បន្ទាប់ រួមមាន នៅ​រាជធានីភ្នំពេញ ​៧គោលដៅ, ខេត្តស្វាយរៀង​ ២គោលដៅ, ខេត្ត​ព្រៃវែង​ ១គោលដៅ និងខេត្តកណ្ដាល ២គោលដៅ ក្នុងនោះមានទីតាំងកែច្នៃផលិត​១​ទីតាំង និង​ស្តុក​ទុក​ចំនួន៦ទីតាំង។

របាយការណ៍បញ្ជាក់ថា ទីតាំងកែច្នៃ​គ្រឿងញៀនទាំងនោះ រួមមាន ទី១ នៅចំណុចផ្លូវលំ​ភូមិព្រៃ​ងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ជា​ឃ្លាំង​ស្តុក​សារ​ធាតុ​គីមី, ទី២ នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ជាឃ្លាំងស្តុកសារធាតុគីមី, ទី៣ នៅចំណុចភូមិធ្មល់ សង្កាត់ចេក ខេត្តស្វាយរៀង ជាឃ្លាំងស្តុកសារធាតុញៀន​កេតា​​មីន និង​ទី៤​ នៅចំណុចភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ជារោងចក្រកែច្នៃផលិតសារធាតុញៀន​​កេតាមីន។

ចំណែកទីតាំងទី៥ នៅចំណុចផ្លូវខ្លោងទ្វារ​វត្តដឹក​ដា ស្ថិត​ក្នុងភូមិស្ទឹងស្លូត ឃុំអ្នក​លឿង ស្រុក​​ពាមរក៍ ខេត្ត​ព្រៃវែង ជា​​ឃ្លាំងស្តុក​​សារ​​ធាតុគីមី និងទីតាំងទី៦ នៅចំណុចផ្លូវបេតុង​ ស្ថិតក្នុងភូមិកំបូល សង្កាត់​កំបូល រាជធានីភ្នំពេញ ជាឃ្លាំងស្តុកសារធាតុ​គីមី ខណៈទីតាំងទី៧ នៅចំណុចកំពង់ផែស្ងួត​ រាជធានីភ្នំពេញ ស្ថិតក្នុងភូមិកណ្តាល​លើ ឃុំបន្ទាយ​ដែក ស្រុក​គៀនស្វាយ ខេត្តកណ្តាល ជា​កន្លែងទុកកុងទីន័រ​ផ្ទុក​សារធាតុគីមី។

របាយការណ៍​ឱ្យដឹងទៀត​​ថា វត្ថុតាងដែលចាប់បាន រួម​មាន របាយ​សារ​ធាតុញៀនកេតាមីន ចំនួន១តោន ៨២៧គីឡូក្រាម ៩៥២ក្រាម, សារធាតុគីមី និងគីមីផ្សំ ចំនួន២៧៦តោន ៧៤៩ គីឡូក្រាម, កេតាមីន ទម្ងន់សុទ្ធ ២១៨,៦២ក្រាម និង​ឧបករណ៍​ សម្ភារ​ គ្រឿង​បន្លាស់​ សម្រាប់​កែ​ច្នៃ ផលិត​គ្រឿងញៀនមួយចំនួនធំ រួមនឹង​អចលន​ទ្រព្យចំនួន៧កន្លែង មាន​ខុនដូ​ចំនួន​២ ឃ្លាំងចំនួន​៤ រោងចក្រផលិត១ ផ្ទះ​វីឡា១ និងវត្ថុតាងផ្សេងៗទៀត។

បើតាមនាយកដ្ឋានប្រឆាំងគ្រឿងញៀន វត្ថុតាងទាំងអស់ដែលចាប់បាន និងជនសង្ស័យជាជនជាតិចិនទាំង​១១នាក់ ត្រូវបាន​កសាង​សំណុំ​រឿង​បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។

អគ្គស្នងការរងនគរបាលជាតិទទួលផែនប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់វីអូឌីបន្ថែមលើរបាយការណ៍​​ថា មន្ត្រីជំនាញផ្នែកគ្រឿងញៀនបានស៊ើបដឹង​​ថា ក្រុមជនជាតិចិនទាំងនោះបានរៀបចំបញ្ជូន​ម៉ាស៊ីននិង​​សារធាតុ​​គីមី​ចូល​មក​កម្ពុជា ដើម្បី​ផលិតគ្រឿ​ង​ញៀន តាំងពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ និងចាប់ផ្តើមចុះបង្ក្រាប​នៅថ្ងៃទី៤ ខែកក្កដា​នេះ។

លោក​បន្តថា ក្រុម​ឧក្រិដ្ឋជន​គ្រឿង​ញៀន បាន​នាំចូល​សារធាតុគីមី​ដើម្បីផលិតគ្រឿងញៀនមកកម្ពុជា តាមរយៈ​ការ​បន្លំ​ជា​សារធាតុគីមីដែលគ្មានក្នុងតារាងហាមឃាត់របស់កម្ពុជា។ លោកថា តាមការអះអាងរបស់ក្រុមជនសង្ស័យ ​ទិស​ដៅរបស់ពួកគេ​គឺផលិតគ្រឿងញៀននៅកម្ពុជា ​រួចពួកគេនឹងនាំទៅកាន់​តៃវ៉ាន់ និងប្រទេស​អូស្ត្រាលី តាម​ផ្លូវសមុទ្រ។ លោកថា ​សម្រាប់នៅកម្ពុជា តម្លៃ​ថ្នាំកេតាមីន លក់ដុំថ្លៃ​ ១៣ ៥០០ដុល្លារ​ ក្នុង១គីឡូក្រាម។

បើតាមលោក ម៉ក់ ជីតូ ទីតាំងផលិត និងឃ្លាំងស្តុកសារធាតុគីមីកែច្នៃទៅជាគ្រឿងញៀន​ទាំងអស់ដែលសមត្ថកិច្ច​បង្ក្រាប​បាន​នេះត្រូវបានរឹបអូស និងជនជាតិចិន១១នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ កាលពីថ្ងៃ​អង្គារ​ម្សិលមិញ។

លោកបន្ថែមថា៖ «ឥលូវយើងស្នើសុំរឹបអូសទាំងអស់ ទាំងឃ្លាំងដាក់សារធាតុគីមី ទាំងឃ្លាំងស្តុក ទាំងទីតាំងដីធ្លី។ យើងបានស្នើសុំរឹបអូសអស់ហើយ​ ប៉ុន្តែការសម្រេចយ៉ាងណាស្ថិតនៅលើតុលាការ»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍ថា មួយរយៈ​ចុង​ក្រោយ​នេះ សមត្ថកិច្ចបានបង្ក្រាប​ទីតាំងផលិតគ្រឿងញៀន​របស់ជនជាតិចិនជាបន្តបន្ទាប់ ដែលបញ្ហា​នេះជា​ក្ដីបារម្ភមួយ​សម្រាប់ប្រទេសកម្ពុជា។

ករណីនេះ លោក យង់ គិមអេង បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធចាប់​អារម្មណ៍​ខ្ពស់ និង​មានវិធានការតឹងរ៉ឹងចំពោះអាជីវកម្ម​ទាំង​ឡាយ​របស់ជនជាតិចិន​ដែលមករកស៊ី​នៅ​កម្ពុជា ដោយ​ត្រូវ​តាម​ដាននិងត្រួតពិនិត្យ​ ដើម្បី​កុំឱ្យពួកគេលួចផលិតគ្រឿងញៀន។

លោកបន្ថែមថា៖ «ប្រសិនជាយើងនៅតែឱ្យឈ្មួញជួញដូរគ្រឿងញៀន ឧក្រិដ្ឋជនគ្រឿងញៀន ចេះតែចរា​ចរ​គ្រឿងញៀនបាន​នៅក្នុងប្រទេសកម្ពុជា ដោយវិធានការ​ទប់ស្កាត់របស់យើង​មិនសូវមានប្រសិទ្ធភាពខ្ពស់ ខ្ញុំថាបញ្ហាគ្រឿងញៀននេះ វាបង្ក​ផលប៉ះពាល់ធំណាស់ វាប៉ះពាល់ទាំងសន្តិសុខ​សង្គម វាប៉ះពាល់​ទាំង​អនា​គត​​របស់​​យុវជន ហើយវាប៉ះពាល់ជាអវិជ្ជមានផ្សេងៗទៀត ដូចជា ការអភិវឌ្ឍ និងវិស័យ​ទេសចរណ៍ និងវិស័យផ្សេងៗទៀត»។

ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហាញ​ការព្រួយបារម្ភខ្លាចអន្តរជាតិ​​ដាក់​ធនាគារជាតិនៃកម្ពុជាក្នុងបញ្ជីខ្មៅ ដែល​​​នឹងអាចធ្វើ​​ឱ្យ​មាន​ការ​ប្រឈម​​ហានិភ័យធំធេង​ផ្នែក​សេដ្ឋកិច្ចនិងនយោបាយ ប្រសិនបើសមត្ថកិច្ចមិនស្រាវជ្រាវឱ្យដល់ឫសគល់​ក្នុង​ការ​បង្រ្កាប​បទ​ល្មើសគ្រឿងញៀននេះទេ។

រដ្ឋមន្ត្រីរូបនេះបានបញ្ជា​ទៅសមត្ថកិច្ចត្រូវ​ស្រាវជ្រាវឱ្យ​ដល់​ឫសគល់នៃម្ចាស់ក្រុមហ៊ុន ដែល​សមត្ថកិច្ច​បាន​បង្រ្កាប និង​រឹបអូស​គ្រឿង​ញៀន​បាននោះផងដែរ​។

កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះដែរ អគ្គ​ស្នងការរងនគរបាលជាតិទទួលផែនប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ បានឱ្យដឹងថា សមត្ថ​កិច្ចកម្ពុជា​កំពុងបន្តកិច្ចសហការជាមួយប៉ូលិសអាំងទែប៉ូល ដើម្បីស្វែងរកចាប់ខ្លួនមេខ្លោងដែលជាឧក្រិដ្ឋជនគ្រឿងញៀន ដែលនាំចូលសារធាតុគីមីផ្សំជាង ៣០០​តោន មកកម្ពុជា ដើម្បីកែច្នៃនិងផលិតជាគ្រឿងញៀនដោយ​ខុស​ច្បាប់​កាល​ពី​ឆ្នាំ២០២១ ខណៈមេខ្លោងឧក្រិដ្ឋជនគ្រឿងញៀនទាំងនោះមិនទាន់ចាប់ខ្លួ​ន​មកអនុវត្តទោសតាមច្បាប់​នៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ