សាលាឧទ្ធរណ៍​ត្បូងឃ្មុំ ច្រានចោល​សាលក្រម​សាលាដំបូង​ខេត្តរតនគិរី លើ​សំណុំរឿង​សកម្មជន​ព្រៃឈើ លោក ឆន ផល្លា

លោក ឆន ផល្លា ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការខុមហ្វ្រែល ក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន)

សាលាឧទ្ធរណ៍​ត្បូងឃ្មុំ នៅថ្ងៃពុធនេះ បានប្រកាស​​​ច្រាន​ចោល​​សាលក្រម​​របស់​​សាលា​​ដំបូង​​ខេត្ត​​រតនគិរី ដែលបាន​ផ្ដន្ទាទោ​សសកម្មជន​ព្រៃឈើ លោក ឆន ផល្លា ដាក់ពន្ធនាគារចំនួន៥ឆ្នាំ ក្រោមបទចោទ «កាប់រាន​ដីព្រៃ ឈូសឆាយ​ និង​ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ» ប៉ុន្តែសកម្មជនរូបនេះនៅបន្ត​រងការ​ចោទប្រកាន់​មួយ​ទៀតនៅសាលាដំបូងខេត្តរតនគិរី។

កាលពីខែវិច្ឆិកា ឆ្នាំ២០២១ លោក ឆន ផល្លា ត្រូវ​បាន​តុលាការ​នៃសាលាដំបូងខេត្តរតនគិរី កាត់​ទោស​ឱ្យ​​ជាប់​​ពន្ធនាគារ​រយៈ​ពេល​៥ឆ្នាំ ក្រោម​ច្បាប់​ស្តី​ពី​ព្រៃ​ឈើ។ ក្រោយ​ការប្រកាសនេះ មេធាវី​របស់លោក​បាន​ប្តឹង​ទៅសាលាឧទ្ធរណ៍​ត្បូងឃ្មុំ ប្រឆាំងនឹងសាលក្រម​របស់តុលាការជាន់ទាបនេះ។​

លោក សំ ទិត្យសីហា ជាមេធាវីការពារក្ដីឱ្យ​លោក ឆន ផល្លា បានឱ្យដឹងថា ក្រោយ​បើកសវនាការ​លើសំណុំរឿងនេះកាលពីអំឡុង​​ខែមិថុនា​រួច នៅថ្ងៃពុធនេះ តុលាការសាលា​ឧទ្ធរណ៍​ត្បូងឃ្មុំ បានប្រកាស​សាលដីកា​ ដោយ​​បដិសេធសាលក្រមរបស់សាលាដំបូងខេត្ត​រតន​គិរី ដែល​​ករណី​នេះ លោកថា កូនក្តីរបស់​លោក​​នឹង​ត្រូវដោះលែង​ បន្ទាប់ពី​ការជូនដំណឹងរបស់តុលាការសាលាឧទ្ធរណ៍។

មេធាវីរូបនេះបាន​សាទរ​​ចំពោះ​ការប្រកាសសាលដីការបស់សាលាឧទ្ធរណ៍ ដោយ​​ថា​ ជាកា​រផ្ដល់យុត្តិធម៌ពិត​ប្រាកដដល់កូនក្តីរបស់លោក ខណៈ​​លោក ឆន ផល្លា​ គឺជាសកម្មជនដែលចូលរួមយ៉ាងសកម្ម​ក្នុង​ការ​​ការ​ពារ​បរិស្ថាន។

លោកថា៖ «ការដែលឱ្យលោក ឆន ផល្លា​ រួចពីបទចោទហ្នឹង​ គឺជាការផ្ដល់យុត្តិធម៌ដល់គាត់ពិតប្រាកដ​ [​…]​ ព្រោះលោក ឆន ផល្លា គឺជាសកម្មជនការពារបរិស្ថាន​ ហើយគាត់លះបង់ទាំង​កម្លាំងកាយ កម្លាំងចិត្ត​ ចូលរួមជាមួយអាជ្ញាធរនិងរដ្ឋាភិបាល តែ​ត្រូវ​បាន​រង​ការ​ចោទប្រកាន់ដោយអយុត្តិធម៌»។​

តែទោះជាយ៉ាងណា លោកមេធាវី សំ ទិត្យសីហា បញ្ជាក់ថា លោក​ ឆន ផល្លា នៅមិនទាន់​អាច​មានសេរី​ភាពនៅឡើយ ដោយ​សារ​តែលោក ​ឆន ផល្លា ​ត្រូ​វបាន​​​សាលាដំបូង​ខេត្ត​រតនគិរី ​​ប្រកាស​សាល​ក្រម​កាល​ពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ ដោយផ្តន្ទាទោស​ដាក់ពន្ធនាគារ​​រយៈពេល​៦ឆ្នាំ ក្រោម​បទ​ចោទថ្មីមួយ​ទៀត គឺបទ ​​«ផ្ដើម​គំនិត កាប់​គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីជាកម្មសិទ្ធិ» តាម​មាត្រា​៦២ នៃច្បាប់ស្ដីពី​​តំបន់ការពារធម្មជាតិ។

ជុំវិញបទចោទថ្មីទៀតនេះ លោក សំ ទិត្យសីហា ចាត់ទុក​សាលក្រម​របស់​សាលាដំបូងខេត្តរតនគិរី ថាជា​រឿងអយុត្តិធម៌ ដោយ​សារតែ​លោក ឆន ផល្លា មិន​​មាន​​​ដី​​នៅទីតាំងនោះ ​ដូចអ្វីដែលព្រះរាជអាជ្ញាបាន​​ចោទ​ប្រកាន់​នោះ​ទេ។​

លោកថា៖ «មួយវិញទៀត មានតែលោក ឆន ផល្លា ទេដែលការពារលើដី ទីតាំងដីដែលចោទប្រកាន់គាត់ទៅវិញ អ៊ីចឹង​មានន័យ​ថា​ ​ការផ្តន្ទាទោសរបស់​សាលក្រម[សាលាដំបូងខេត្ត]រតនគិរី​ មិនបានពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ​ពី​អង្គហេតុហើយនិង​ភស្ដុតាង​ ដែល​លើស​ពីវិមតិសង្ស័យ​ដើម្បីធ្វើការចោទប្រកាន់ទៅលើគាត់នោះទេ»។​

​​ចំណែកភរិយា​របស់​លោក ឆន ផល្លា គឺ​​អ្នកស្រី ខាំ សាឡុង ក៏​បានសាទរចំពោះការប្រកាសសាលដីកា​របស់សាលាឧទ្ធរណ៍ ដែលបានសម្រេចលើកលែងទោស​ស្វាមីអ្នកស្រី។ ប៉ុន្តែអ្នកស្រីសោកស្តាយដែលសាលាដំបូងខេត្តរតនគិរី បានផ្តន្ទាទោសស្វាមីអ្នកស្រីឱ្យ​ជាប់ពន្ធនាគារ​រយៈពេល៦ឆ្នាំក្នុងសំណុំរឿងថ្មីមួយទៀត​ ខណៈស្វាមីអ្នកស្រីមិនបានប្រព្រឹត្តដូចការចោទប្រកាន់។

អ្នកស្រី ខាំ សាឡុង បានស្នើយ៉ាងទទូច​ដល់​​តុលាការ​ទម្លាក់​ចោទបទ​ចោទប្រកាន់ទៅលើ​ស្វាមី​អ្នកស្រី​ ខណៈ​ស្ថានភាពគ្រួសាររបស់គាត់​​កាន់តែមានភាពលំបាក ​តាំង​តែពី​​ស្វាមីជាប់ពន្ធនាគារជាង៨ខែមកនេះ។

អ្នកស្រីថា៖ «ការពារព្រៃឈើហើយ មិនដែលទទួលការលើកទឹកចិត្ត មានការគំរាម​​ រង​ភាពអយុត្តិធម៌ គេដេញពីភូមិ​ផង គេដាក់ឃុំ​ផង​ គ្រប់បែបយ៉ាង អ៊ីចឹង​បាន​ខ្ញុំយល់​ថា​អយុត្តិ​ធម៌»។​  

​ទោះយ៉ាងណា ​អ្នកនាំពាក្យសាលាឧទ្ធរណ៍​​ត្បូង​ឃ្មុំ លោក ទុំ សោភ័ណ្ឌ មិនទាន់អាចឆ្លើយតបបាន​នៅឡើយ​ទេជុំវិញសំណុំរឿងនេះ​ ដោយលោកថា​ ត្រូវរង់ចាំសាល​ដីកាប្រកាស​ជា​ផ្លូវការរបស់តុលាការ​​​ជាមុនសិន។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ​ការដែល​សាលាឧទ្ធរណ៍​ច្រានចោល​សេចក្ដីសម្រេចរបស់តុលាការជាន់ទាប​ គឺ​ជា​ការ​ផ្ដល់​​យុត្តិធម៌​ដល់សកម្ម​ជន​ព្រៃឈើរូបនេះ។

តែយ៉ាងណា លោកថា៖ «បើយើងពិនិត្យមើល​ករណីលោក ឆន ផល្លា នេះ​ ស្ថាប័នពាក់ព័ន្ធគួរតែពិនិត្យការអនុវត្តច្បាប់​របស់​សាលាដំបូងឱ្យ​បាន​​ល្អ​ ពីព្រោះរឿង​សម្រេចសេចក្ដីដាក់ទោសលើពលរដ្ឋរូបណា​ ទាល់តែពួកគេប្រព្រឹត្តល្មើសច្បាប់ ប៉ុន្តែករណីលោក ឆន ផល្លា​ នេះ​ យើងឃើញហើយ មិនមានភស្ដុតាងណា​ឬវត្ថុតាងណាមួយចោទប្រកាន់គាត់នោះទេ»។

លោក ឆន ផល្លា ដែលមានវ័យ៤២ឆ្នាំ ​បាន​​ចូ​ល​រួមយ៉ាងសកម្ម​​ក្នុងការ​​​ការ​​ពារ​​ព្រៃឈើ​ និងធនធាន​ធម្មជាតិ នៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ​តាំង​ពី​ឆ្នាំ២០១៦មក។ មុនជាប់ពន្ធនាគារ លោក ឆន ផល្លា ក៏​ធ្លាប់បានអះអាងដែរថា កន្លងមក លោកធ្លាប់​បានដាក់ពាក្យបណ្តឹងចំនួន៨ករណី​ទៅតុលា​ការ ប្រឆាំងនឹ​ង​​មន្ត្រី​និងពលរដ្ឋមួយចំនួនដែលបាន​ទន្ទ្រាន​​យក​ដីព្រៃរ​បស់​​រដ្ឋ ប៉ុន្តែគ្មានអ្នកជាប់បណ្តឹង​ណាមួយត្រូវបាន​តុលាការ​ចាត់វិធានការ​ផ្លូវច្បាប់​ឡើយ។​

តាម​រយៈ​ការ​ចុះ​ផ្សាយ​លើ​ទំព័រហ្វេស​ប៊ុក​របស់​ការិយាល័យ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សនៃ​អង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅ​​​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ២០២២ អង្គការអន្តរជាតិមួយនេះបាន​​សម្ដែង​​ការ​ព្រួយ​​បារម្ភ​​ជា​ខ្លាំង​​ចំពោះ​កា​រ​ចោទ​ប្រកាន់និង​ឃុំខ្លួន​​សកម្មជន​​ព្រៃ​ឈើ​ លោក ឆន ផល្លា ហើយ​​ចាត់ទុក​សកម្មភាពនេះ​ថាជាការគំរាមកំហែង និង​រំលោភលើសិទ្ធិអ្នកការពារសិទ្ធិមនុស្ស​ផ្នែក​បរិស្ថាន។

តែយ៉ាងណា រដ្ឋាភិបាលកម្ពុជា តាមរយៈលិខិត​ឆ្លើយតបមួយ​ទៅកាន់​អង្គការ​ជាតិនិងអន្តរជាតិ កាលពី​ខែ​មិថុនា ឆ្នាំ២០២២ បានគូស​​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​ ​មិន​បាន​​ឆ្លុះបញ្ចាំងពីការពិត និងទិដ្ឋភាព​ច្បាប់​នៃ​ប្រទេសកម្ពុជានោះទេ។ រដ្ឋាភិបាល​កម្ពុជាបន្ត​​ថា ការ​ចោទប្រកាន់និងការឃុំខ្លួនលោក ឆន ផល្លា គឺមានភស្តុ​តាងគ្រប់គ្រាន់​សម្រាប់ការដាក់បន្ទុក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ