សហរដ្ឋអាមេរិក​កំពុង​ពិនិត្យ​ឡើងវិញ​លើ​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះពន្ធ GSP សម្រាប់​កម្ពុជា

ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូពា៌ និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយអំឡុងពេលលោកបំពេញទស្សនកិច្ចនៅកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ (ហេង វិចិត្រ)

ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូពា៌ និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink ថ្លែងថា ​ប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬ GSP របស់អាមេរិកសម្រាប់កម្ពុជា នៅតែស្ថិតក្រោមការពិនិត្យមើលឡើងវិញដោយសភាអាមេរិកនៅឡើយ។

ការអះអាងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១៣ ខែកក្កដានេះ និងស្របពេលសុពលភាពប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិកសម្រាប់កម្ពុជា មកទល់នឹងពេលនេះ មិនទាន់បានផ្ដល់សាជាថ្មី​​នៅឡើយ។

លោក Daniel J. Kritenbrink ថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ទៅកាន់មិត្តកម្ពុជាថា GSP នៅតែស្ថិតក្រោមការពិនិត្យមើលឡើងវិញដោយសភាអាមេរិកនៅឡើយ»។

ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ​លោក Daniel J. Kritenbrink ​បានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា និងជប៉ុន រយៈពេល៥ថ្ងៃ ដើម្បីជួបពិភាក្សាគ្នាលើទំនាក់ទំនងទ្វេភាគីក្នុងនាមកម្ពុជាជាប្រធានអាស៊ាន និងពិភាក្សាជាមួយភាគីជប៉ុនផងដែរ។ 

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកនៅកម្ពុជា បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Daniel J. Kritenbrink នឹងធ្វើទស្សនកិច្ចនៅកម្ពុជា និងជប៉ុន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែកក្កដា។ ​

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចុះថ្ងៃទី១២ ខែកក្កដានេះ បញ្ជាក់ថា កម្ពុជាចង់ឃើញអាមេរិកបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ដល់កម្ពុជាឡើងវិញ ដើម្បីជាប្រយោជន៍នៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ច។

ក្រសួងការបរទេសកម្ពុជាសរសេរថា៖ «ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដមឧបការីរដ្ឋមន្ត្រីការបរទេស Daniel Kritenbrink បានពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ ដែលក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីពេញចិត្តចំពោះកំណើនជាលំដាប់នៅក្នុងវិស័យពាណិជ្ជកម្មទ្វេភាគី និងបានរម្លឹកឡើងវិញជាថ្មីអំពីការអំពាវនាវរបស់ឯកឧត្តមឱ្យបន្តផ្តល់ឡើងវិញដល់កម្ពុជានូវប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក ដើម្បីជាប្រយោជន៍នៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ច»។

ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់​សហរដ្ឋអាមេរិក បានផ្តល់លទ្ធភាពឱ្យកម្ពុជា​នាំទំនិញជាង៥ ០០០មុខចេញទៅកាន់ទីផ្សារអាមេរិកដោយមិនបង់ពន្ធគយ​។ ប៉ុន្តែប្រព័ន្ធអនុគ្រោះពន្ធនេះបានផុតសុពលភាពកាលពីឆ្នាំ២០២០ ហើយមិនទាន់បានផ្តល់សុពលភាពឡើងវិញទេចាប់តាំងពីឆ្នាំ២០២១មក។ ​

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ថា តាមពិត អាមេរិកមិនពិបាកនឹងផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP នេះដល់កម្ពុជានោះឡើយ។ យ៉ាងណា លោកថា ពេលនេះអ្វីៗគឺអាមេរិកកំពុងតាមដាននៅឡើយ ដោយមហាអំណាចមួយនេះ​ចង់ឃើញលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិការងារ ជាដើម នៅកម្ពុជា មានភាពល្អប្រសើរឡើងវិញ។

ក្រៅពីនោះ លោកថា សហរដ្ឋអាមេរិ​កក៏ចង់ឱ្យកម្ពុជាធានាឬសន្យាដោយភាពប្រាកដប្រជា មុននឹងចុះកិច្ចព្រមព្រៀងទទួលយកប្រព័ន្ធអនុគ្រោះពន្ធនេះជាថ្មី។

លោកថា៖ «ជាទូទៅ សហរដ្ឋអាមេរិកប្រហែលជាមិនពិបាកក្នុងការផ្ដល់ [GSP] ឱ្យ ប៉ុន្តែពិបាកៗត្រង់ថាតើកម្ពុជាបានសន្យាដោះស្រាយរឿងហ្នឹងបានប៉ុនណា ដើម្បីឱ្យទទួលបានការឯកភាពពីអាមេរិក? [មូលហេតុដែលអាមេរិកមិនភ្ជាប់ GSP ឱ្យកម្ពុជាភ្លាមៗ បណ្ដាលមកពីស្ថានភាពសេរីភាព លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ជាដើម ធ្លាក់ចុះ ឬមកពីហេតុផលផ្សេង?] ខ្ញុំគិតថា ចំណុចទាំងនេះវាប្រហែលជាហេតុផលច្រើនជាងគេ ហើយហេតុផលផ្សេងទៀតប្រហែលអាចជារឿងបន្ទាប់បន្សំទេ ព្រោះបញ្ហាសិទ្ធិមនុស្ស សិទ្ធិការងារ ប្រជាធិបតេយ្យ សង្គម វាជាបញ្ហាគ្រឹះហើយដែលអាមេរិកចង់ជួយទៅដល់ប្រទេសជាច្រើន ក្នុងនោះរួមទាំងប្រទេសកម្ពុជាផងដែរ»។

លោក អាត់ ធន់ ថាប្រសិនបើថៅកែ​ត្រូវខាតបង់ដោយសារការបង់ពន្ធលើទំនិញនាំចេញទៅអាមេរិកមានតម្លៃច្រើន នោះពួកគេអាចនឹងឈប់បន្ត​ផលិតកម្មនៅកម្ពុជា ដោយងាកទៅទីតាំង​ប្រទេសផ្សេង ហើយកម្មករខ្មែរអាចនឹងបាត់បង់ការងារ។  ​

កម្មករធ្វើការនៅរោងចក្រដេរស្បែកជើងមួយនៅរាជធានីភ្នំពេញ អ្នកស្រី វ៉ិត ដាវីន ចង់ឃើញអាមេរិកផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ដល់កម្ពុជា។ អ្នកស្រីថា បើថៅកែអាចនាំចេញផលិតផលទៅអាមេរិកបានដោយមិនអស់ពន្ធ នោះថៅកែនឹងចំណេញច្រើន ហើយអាចដំឡើងប្រាក់ខែដល់កម្មករផងដែរ។

អ្នកស្រីថា៖ «ចង់បាន [GSP] បន្ត! បើសិនជាថៅកែគេស្រួល យើងកម្មករក៏ស្រួលដែរ។ បើសិនជាអត់សូវមានពន្ធអ៊ីចឹង ប្រាក់ខែយើងក៏ធូរដែរ ធម្មតាបើពន្ធច្រើន ប្រាក់ខែយើងវាបានតិច។ [បារម្ភទេថាបើបន្តអត់ GSP នោះកម្មករនឹងខាតបង់អត្ថប្រយោជន៍? ] បារម្ភដែរតើ! បើសិនជាថៅកែខាតទុនខ្លាំង គាត់អត់អាចទទួលយកបាន កម្មករក៏អត់ការងារដែរ។ បើគាត់មានបញ្ហា [នោះគាត់ដាក់បរិមាណការងារ] ច្រើនជាងមុន ហត់ជាងមុន បានលុយតិច»។

បើតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញជាមួយប្រទេសសំខាន់ៗពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ ​របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០២២ កម្ពុជានាំចេញទៅអាមេរិក សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ជិត៥ពាន់លានដុល្លារ (៤ ៦៤៨)។ ស្ថិតិនេះបង្ហាញថា ការនាំចេញ​ទំនិញកម្ពុជាទៅអាមេរិកក្នុងទំហំទឹកប្រាក់ធំជាងគេ បើធៀបទៅនឹងការនាំចេញទៅបណ្តាប្រទេសផ្សេងទៀត ហើយចំនួនក្នុងទំហំទឹកប្រាក់នេះកើនឡើង ៥៤​ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលទំហំនាំចេញទំនិញគិតជាទឹកប្រាក់មានចំនួន៣ ០១៩លានដុល្លារ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ