លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្អាងថា បញ្ហាសកលកំពុងគំរាមកំហែងប្រទេសក្នុងតំបន់ រួមទាំងកម្ពុជា ដូចជា ការហក់ឡើងតម្លៃប្រេងឥន្ធនៈ ការកើនឡើងតម្លៃទំនិញនៅលើទីផ្សារ វិស័យទេសចរណ៍ រួមទាំងរលកចម្លងជំងឺកូវីដ-១៩ ដែលការណ៍នេះ លោកថា កម្ពុជាចាំបាច់ត្រូវបង្វែរទិសជំរុញទេសចរណ៍ផ្ទៃក្នុង ដើម្បីត្រៀមខ្លួនទប់ទល់ស្ថានភាពនេះក្នុងរយៈពេលយូរបន្ថែមទៀត។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារនៅក្រសួងទេសចរណ៍ នាថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា សង្រ្គាមនៅអ៊ុយក្រែន និងវិធានការដាក់ទណ្ឌកម្មពីបណ្ដាប្រទេសមួយចំនួនជាការឆ្លើយតបនឹងបញ្ហានេះ កំពុងបង្កជាបញ្ហាហានិភ័យដល់សេដ្ឋកិច្ចសកល។
លោកបន្តថា បញ្ហាទាំងនេះបានធ្វើឱ្យតម្លៃសំបុត្រយន្តហោះពីអឺរ៉ុបនិងអាមេរិក មកកម្ពុជា បានឡើងថ្លៃទ្វេដង បង្កឱ្យមានអតិផរណា ឬទំនិញឡើងថ្លៃ រួមទាំងប្រេងឥន្ធនៈ បង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ រួមទាំងកម្ពុជា។
មួយវិញទៀត លោកថា ភាពមិនច្បាស់ ការបន្តគំរាមកំហែងជំងឺកូវីដ-១៩ រួមទាំងការបន្តអនុវត្តនយោបាយសូន្យកូវីដរបស់ចិន ដែលជាវិធានការទប់ស្កាត់លំហូរពលរដ្ឋចេញទៅកម្សាន្តនៅក្រៅប្រទេសនានា រួមទាំងកម្ពុជានោះ ក៏ជាផ្នែកមួយប៉ះពាល់ដល់វិស័យទេសចរណ៍នៅកម្ពុជាដែរ ដែលបញ្ហានេះ លោកបញ្ជាទៅមន្ត្រីពាក់ព័ន្ធឱ្យពង្រឹងប្រសិទ្ធភាពទាក់ទាញទេសចរណ៍ក្នុងស្រុក ក្នុងក្របខណ្ឌទូទាំងប្រទេស។
លោក ហ៊ុន សែន រម្លឹកពីអត្ថប្រយោជន៍ជម្រើសនេះថា ការជំរុញទេសចរណ៍ផ្ទៃក្នុង បានរួមចំណែកស្ដារសេដ្ឋកិច្ចជីវភាពពលរដ្ឋ តាមគន្លងថ្មី រៀនរស់ជាមួយកូវីដ-១៩ រួមទាំងរួមចំណែកអភិរក្សធនធានធម្មជាតិផងដែរ។
លោកថា៖ «ទេសចរណ៍នៅឯសហគមន៍កំពុងផ្ដល់ប្រយោជន៍យ៉ាងធំនៅឯមូលដ្ឋាន សម្រាប់ការទៅលេងកម្សាន្តរបស់យើង ហើយធ្វើឱ្យប្រជាពលរដ្ឋរបស់យើងចូលរួមរក្សាព្រៃឈើ ចូលរួមអភិរក្សសត្វព្រៃ ដែលគាត់មិនបន្តការបរបាញ់ ឬបន្តការកាប់ឈើ កាប់ឧស តទៅទៀត ប៉ុន្តែគាត់ទទួលយកផលចំណេញពីវិស័យទេសចរណ៍ វាប្រសើរជាង»។
យ៉ាងណា លោកថា ភាពជោគជ័យនៃការទាក់ទាញទេសចរណ៍ផ្ទៃក្នុង ត្រូវមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង និងសេវាទូរសព្ទផងដែរ ហើយថាការជំរុញវិស័យទេសចរណ៍ផ្ទៃក្នុងនេះ កម្ពុជាទទួលបានភ្ញៀវប្រមាណជា៣០ម៉ឺននាក់ក្នុងមួយសប្ដាហ៍ ដែលជាឱកាសឱ្យពលរដ្ឋស្គាល់ប្រទេសរបស់ខ្លួនផង ជួយបង្កើនប្រាក់ចំណូលដល់ពលរដ្ឋរស់នៅជុំវិញតំបន់ទេសចរណ៍នោះផងដែរ៕