តំណាង​អយ្យការ​បើក​ការ​ស៊ើបសួរ​លើ​ជនជាតិចិន​១១នាក់ ពាក់ព័ន្ធ​រឿង​ផលិត​ដោយ​ខុសច្បាប់​នូវ​សារធាតុញៀន

ជន​ជាតិចិនទាំង១១នាក់ដែល​ត្រូវ​បាន​​សមត្ថកិច្ច​ឃាត់​ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបទីតាំងកែច្នៃគ្រឿង​ញៀន​មួយចំនួននៅ​រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកណ្ដាល ចាប់​ពី​ថ្ងៃ​ទី៤ ដល់​ថ្ងៃ​ទី​៩ ខែកក្កដា​ ឆ្នាំ២០២២ ត្រូវបានបញ្ជូនទៅបន្តនីតិវិធីនៅតុលាការ​ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

តំណាង​អយ្យការ​​អម​តុលាការ​រាជធានី​ភ្នំពេញ ​បាន​​សម្រេច​​បើក​​​​​ការ​​ស៊ើប​សួរ​​​លើករណីជនជាតិចិនចំនួន១១​នាក់​​ ក្រោយសមត្ថកិច្ចជំនាញបាន​បង្ក្រាបទីតាំង​កែច្នៃគ្រឿងញៀន​មួយចំនួន​​​នៅរាជធានី-ខេត្តចំនួន​៤​ ដោយ​​​​រឹប​អូសបាននូវ​​សារ​ធាតុ​ញៀន​ជិត២តោន និង​សារធាតុគីមីជិត៣០០តោន

ជន​ជាតិចិនទាំង១១នាក់នោះ​ត្រូវ​បាន​​សមត្ថកិច្ច​ឃាត់​ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងកែច្នៃគ្រឿង​ញៀន​មួយចំនួននៅ​រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកណ្ដាល ចាប់​ពី​ថ្ងៃ​ទី៤ ដល់​ថ្ងៃ​ទី​៩ ខែកក្កដា​ ឆ្នាំ២០២២ ក្រោយ​ពី​សមត្ថកិច្ចជំនាញ​បើកការស៊ើបអង្កេតអស់​ជាង៣ខែមកហើយ​។

អ្នក​នាំពាក្យអយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក ប្លង់ សុផល ថ្លែងប្រាប់អ្នកសារព័ត៌មានតាម​ប្រព័ន្ធសារអេឡិចត្រូនិចអ៊ីម៉ែលនៅថ្ងៃព្រហស្បតិ៍នេះ​ថា តំណាង​​អយ្យការ​​​បាន​​សម្រេច​បើក​​​ការ​​ស៊ើប​​សួរ​​​លើករណីជនជាតិចិនទាំង​១១នាក់នោះ ពី​បទ «​ផលិតដោយខុសច្បាប់នូវសារធាតុញៀន, ផលិត រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុគីមីផ្សំ និងសម្អាតប្រាក់» តាមមាត្រាមួយ​ចំនួន​នៃ​ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

លោក​ថា៖ «តំណាងអយ្យការបានបើក​ការស៊ើបសួរនៅថ្ងៃ[ព្រហស្បតិ៍]នេះ ពីបទផលិតដោយខុសច្បាប់នូវសារធាតុញៀន បទផលិត រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុគីមីផ្សំ និងបទសម្អាតប្រាក់ តាមមាត្រា​៣៩ មាត្រា​៤៧ និងមាត្រា៥៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា​៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម»។

បើតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងគ្រឿងញៀន ករណីបង្ក្រាប​ទីតាំងកែច្នៃគ្រឿងញៀន ដែលមានជនជាប់ចោទជាជនជាតិចិនទាំង១១នាក់នេះ សមត្ថកិច្ច​ក៏បាន​រឹបអូសបាន​នូវ​​វត្ថុតាងមួយចំនួន​ រួម​មាន របាយ​សារ​ធាតុញៀនកេតាមីន ចំនួន១តោន ៨២៧គីឡូក្រាម ៩៥២ក្រាម, សារធាតុគីមី និងគីមីផ្សំ ចំនួន២៧៦តោន ៧៤៩ គីឡូក្រាម, កេតាមីន ទម្ងន់សុទ្ធ ២១៨,៦២ក្រាម និង​ឧបករណ៍​ សម្ភារ​ គ្រឿង​បន្លាស់​ សម្រាប់​កែ​ច្នៃ ផលិត​គ្រឿងញៀនមួយចំនួនធំ រួមនឹង​អចលន​ទ្រព្យចំនួន៧កន្លែង មាន​ខុនដូ​ចំនួន​២ ឃ្លាំងចំនួន​៤ រោងចក្រផលិត១ ផ្ទះ​វីឡា១ និងវត្ថុតាងផ្សេងៗទៀត។

ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហាញ​ការព្រួយបារម្ភខ្លាចអន្តរជាតិ​​ដាក់​ធនាគារជាតិនៃកម្ពុជាក្នុងបញ្ជីខ្មៅ ដែល​​​នឹងអាចធ្វើ​​ឱ្យ​មាន​ការ​ប្រឈម​​ហានិភ័យធំធេង​ផ្នែក​សេដ្ឋកិច្ចនិងនយោបាយ ប្រសិនបើសមត្ថកិច្ចមិនស្រាវជ្រាវឱ្យដល់ឫសគល់​ក្នុង​ការ​បង្រ្កាប​បទ​ល្មើសគ្រឿងញៀននេះទេ។

រដ្ឋមន្ត្រីរូបនេះបានបញ្ជា​ទៅសមត្ថកិច្ចត្រូវ​ស្រាវជ្រាវឱ្យ​ដល់​ឫសគល់នៃម្ចាស់ក្រុមហ៊ុន ដែល​សមត្ថកិច្ច​បាន​បង្រ្កាប និង​រឹបអូស​គ្រឿង​ញៀន​បាននោះផងដែរ​។

កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះដែរ អគ្គ​ស្នងការរងនគរបាលជាតិទទួលផែនប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ បានឱ្យដឹងថា សមត្ថ​កិច្ចកម្ពុជា​កំពុងបន្តកិច្ចសហការជាមួយប៉ូលិសអាំងទែប៉ូល ដើម្បីស្វែងរកចាប់ខ្លួនមេខ្លោងដែលជាឧក្រិដ្ឋជនគ្រឿងញៀន ដែលនាំចូលសារធាតុគីមីផ្សំជាង ៣០០​តោន មកកម្ពុជា ដើម្បីកែច្នៃនិងផលិតជាគ្រឿងញៀនដោយ​ខុស​ច្បាប់​កាល​ពី​ឆ្នាំ២០២១ ខណៈមេខ្លោងឧក្រិដ្ឋជនគ្រឿងញៀនទាំងនោះមិនទាន់ចាប់ខ្លួ​ន​មកអនុវត្តទោសតាមច្បាប់​នៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ