បាតុករ​រាប់ម៉ឺននាក់​ប្រមូល​ផ្ដុំគ្នា​នៅ​មុខ​ការិយាល័យ​នាយករដ្ឋមន្ត្រី​ស្រីលង្កា បន្ទាប់​ពី​ប្រធានាធិបតី​រត់គេចខ្លួន

បាតុករស្រែហ៊ោសប្បាយបន្ទាប់ពីពួកគេបានចូលទៅក្នុងការិយាល័យរបស់នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremasinghe អំឡុងពេលតវ៉ាទាមទារឱ្យលោកលាលែងពីតំណែង បន្ទាប់ពីប្រធានាធិបតី លោក Gotabaya Rajapaksa បានភៀសខ្លួន ចំពេលមានវិបត្តិសេដ្ឋកិច្ចរបស់ប្រទេស នៅទីក្រុង Colombo ប្រទេសស្រីលង្កា ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ (REUTERS/Dinuka Liyanawatte)

ក្រុមបាតុកររាប់ម៉ឺននាក់នៅប្រទេសស្រីលង្កា បានជម្នះនឹងឧស្ម័នបង្ហូរទឹកភ្នែក ការ​បាញ់​ទឹក និង​ការ​ប្រកាស​ដាក់​ប្រទេសក្នុងគ្រាអាសន្ន ដើម្បីឡោមព័ទ្ធការិយាល័យនាយករដ្ឋមន្ត្រី បន្ទាប់ពី​ប្រធានាធិបតីរបស់ប្រទេសនេះបានភៀសខ្លួនទៅក្រៅប្រទេស ដោយ​ហ្វូងបាតុករទាមទារទាំងប្រធានាធិបតី និងនាយករដ្ឋមន្រ្តី ឱ្យចុះចេញពីតំណែងក្នុងពេលមានវិបត្តិសេដ្ឋកិច្ចនេះ។

សារព័ត៌​មាន Al Jazeera បាន​រាយ​ការណ៍​ថា នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​តាម​ទូរទស្សន៍​ កាល​ពីថ្ងៃ​ពុធ លោកនាយករដ្ឋមន្ត្រី Ranil Wickremesinghe បានមានប្រសាសន៍ថា លោកបានបញ្ជាឱ្យយោធានិងនគរបាល «ធ្វើអ្វីដែលចាំបាច់ដើម្បីស្ដារសណ្ដាប់ធ្នាប់[ប្រទេស​]ឡើងវិញ»។

លោកប្រធានាធិបតី Gotabaya Rajapaksa អាយុ៧៣​ឆ្នាំ បាន​សន្យា​​កាល​​ពី​​ចុង​សប្ដាហ៍​មុន ថានឹងលាលែងពីតំណែងនៅថ្ងៃពុធ​ម្សិលមិញនេះ ​បន្ទាប់ពីបានភៀសខ្លួនចេញពីលំនៅប្រធា​នាធិ​ប​តី​នៅទីក្រុងកូឡុំបូ តែប៉ុន្មាន​ម៉ោង​មុន​ពេល​ក្រុមអ្នកតវ៉ា​រាប់ម៉ឺននាក់​បានកាន់កាប់លំនៅ​នោះ។

ប្រធានាធិបតីរូបនោះបានភៀសខ្លួនទៅកាន់ប្រទេសជិតខាង គឺប្រទេសម៉ាល់ឌីវ កាលពីព្រឹកថ្ងៃពុធ។ ក្នុងនាមជាប្រធានាធិបតី លោកមានអភ័យឯកសិទ្ធិរួចផុតពីការចាប់ខ្លួន ហើយគេជឿថា លោកចង់ទៅក្រៅប្រទេសមុនពេលចុះចេញពីតំណែង ដើម្បីគេចចេញពីការឃុំខ្លួនដែលអាចកើតមាន។

ប៉ុន្តែ​គិតដល់​​យប់​ថ្ងៃពុធម្សិលមិញ ប្រធានាធិបតីរូបនេះនៅមិនទាន់​​ប្រកាស​ពីការ​​​ចុះ​ចេញពី​តំណែងនៅ​​ឡើយ​។

ក្នុងអំឡុងពេលដែលលោកអវត្តមាន លោកប្រធានាធិបតី Gotabaya Rajapaksa បានតែង​តាំង​លោក Ranil Wickremesinghe ជាប្រធានាធិបតីស្ដីទី ដែលភ្លាមៗ​ការិយាល័យធ្វើការរបស់លោកត្រូវបានឡោមព័ទ្ធដោយបាតុកររាប់ម៉ឺននាក់ ទាមទារឱ្យលោកប្រ​ធានាធិបតី Gotabaya Rajapaksa និងលោកនាយករដ្ឋមន្រ្តី Ranil Wickremesinghe ចុះចេញពីតំណែង។

មេដឹកនាំបាតុកម្ម លោក Kalpana Madhubhashini បានប្រាប់​សារព័ត៌មាន Al Jazeera ថា៖ «យើង​​មិន​​ទទួល​យក​ការដាក់ប្រទេសក្នុងគ្រាអាសន្នដោយ​ខុស​ច្បាប់ ​ដែល​ដាក់​ចេញដោយ​នាយក​រដ្ឋមន្ត្រី​ខុស​ច្បាប់​ឡើយ។ យើងចង់ឱ្យទាំងលោក Gota [Rajapaksa] និងលោក Ranil [Wickremesinghe] ចុះចេញពីតំណែង មិនមែន​ដាក់​ចេញនូវច្បាប់គ្រាអាសន្នទេ»។

មេដឹកនាំក្រុមបា​តុកររូបនេះបានបន្ថែមទៀតថា៖ «ការដាក់ប្រទេសក្នុងគ្រា​អាសន្ន​ មិនមែនដើម្បី​ការពារ​ប្រជាជន​ឡើយ ប៉ុន្តែ​ដើម្បី​គាបសង្កត់​ប្រជាជន។ យើង​ជំរុញ​ឱ្យ​គ្រប់​គ្នា​មក​ចូល​រួម​ការ​តវ៉ា​នៅ Galle Face»។

លោក Wickremesinghe ក៏មានអាយុ៧៣​ឆ្នាំដែរ ដែល​នឹងក្លាយជាប្រធានាធិបតីស្តីទីដោយស្វ័យ​ប្រវត្តិ ប្រសិនបើ​លោក Rajapaksa ចុះចេញពីតំណែង ប៉ុន្តែលោកបានប្រកាសថា លោកនឹងលាលែងពីតំណែង ប្រសិនបើមានការឯកភាពគ្នាក្នុងការបង្កើតរដ្ឋាភិបាលរួបរួមមួយ។

បើតាមលក្ខន្តិកៈ ដំណើរ​ការ​ស្នង​តំណែង​ប្រធានាធិបតីស្រីលង្កា ត្រូវ​ការពេលវេលាយូរ​បំផុត​ ៣០ថ្ងៃ និងឆាប់បំផុត​​ ៣ថ្ងៃ ​សម្រាប់​សភា ក្នុ​ងការ​ជ្រើសរើសសមាជិករបស់ខ្លួន ដើម្បីជំនួសអាណត្តិរបស់​ប្រធានាធិបតី Rajapaksa ដែលនឹងត្រូវបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ