មន្រ្តីជាន់ខ្ពស់​អាមេរិក​ថា កម្ពុជា​នឹង​ទទួល​បាន​ប្រយោជន៍​ពី​ការ​ស្ដារ​ឡើង​វិញ​នូវ​សិទ្ធិនយោបាយ​ឱ្យ​លោក កឹម សុខា

លោក កឹម សុខា ជួបពិភាក្សាជាមួយលោក Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់កម្ពុជា ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក កឹម សុខា)

មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក លើកឡើងថា ប្រទេសកម្ពុជានឹងទទួលបាននូវផលប្រយោជន៍ពី​​ការ​​​​​​ផ្ដល់​​​សិទ្ធិ​​ធ្វើនយោបាយឡើងវិញសម្រាប់លោក កឹម សុខា ប្រសិនបើមេដឹកនាំ​​គណ​​បក្ស​​សង្រ្គោះ​​ជា​តិ​ដែលត្រូវបានតុលាការកំពូលរំលាយ​រូប​នេះ ត្រូវបានដោះស្រាយបញ្ចប់ ចំពោះ​ការ​ខ្វែង​​​គំនិត​​​ខាង​​​​​ន​យោ​​បាយ ខណៈសំណុំរឿងនេះ​​កំពុង​តែបន្តនីតិវិធីនៅតុលាការ​​​​នៅ​​ឡើ​​យ​​​​។

តាមរយៈការិយាល័យសម្រាប់កិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេស​សហរដ្ឋ​​អាមេ​​រិក ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Daniel J.Kritenbrink បានបង្ហោះសារ​​នៅ​​លើ​​​​​​​បណ្ដាញសង្គម Twitter នៅ​ថ្ងៃពុធម្សិលមិញ​​​ថា សហរដ្ឋ​​​អា​​មេ​​រិក​​​ពិត​ជា​មានការខកចិត្តចំពោះ​សវនា​ការ​ដែល​មា​​​នលក្ខ​​​​ណៈ​​​​​ជានយោបាយ ហើ​​​យការជំនុំជម្រះនេះនៅតែ​​​​បន្ត​​​​អូស​​បន្លាយ ​ដោយ​គ្មាន​ដំណោះ​ស្រាយ​ណាមួយចំពោះ​​សំណុំរឿងនេះនៅឡើយ​​។

បើតាម​ឧបការីរដ្ឋមន្រ្តីការបរទេស​រូប​នេះ ប្រទេសកម្ពុជានឹងទទួលបាននូវផលប្រយោជន៍ពីការ​​ស្ដារ​​​​​​ឡើង​​​​វិញចំ​​ពោះ​​​សិទ្ធិ​​​ន​​យោ​​​​​បាយ​សម្រាប់លោក កឹម សុខា។ ជាងនេះទៀត លោកក៏បង្ហាញ​ចិត្ត​​សោ​​ម​​ន​ស្សរីករាយដែលបានជួបលោក កឹម សុខា កាលពីថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ២០២២ អំឡុង​ពេល​ដែល​លោក​បាន​បំពេញទស្សនកិច្ច​នៅ​​​កម្ពុជា​​។

លោកបន្តថា៖ «ខ្ញុំមានសោមនស្សរីករាយដែលបានជួបលោក កឹម សុខា អំឡុងពេល​​​​ដំ​​​​ណើរបំពេ​ញ​​​ទ​​​ស្ស​​​នកិច្ចរបស់ខ្ញុំទៅកាន់រាជធានីភ្នំពេញ។ សហរដ្ឋអាមេរិកនៅតែមានការខកចិត្ត​​​ចំពោះ​​សវ​​នា​ការដែលមានលក្ខណៈជានយោបាយ ហើយបន្តអូសបន្លាយ​ដោយ​​គ្មានដំណោះស្រាយ។​​ ប្រទេ​​​ស​​​កម្ពុជានឹងទទួលបាននូវផលប្រយោជន៍ពីដំណោះស្រាយនយោបាយ ពីការស្តារឡើងវិញ​​ចំពោះ​​សិទ្ធិ​​​​​នយោបាយលោក កឹម សុខា»។

បច្ចុប្បន្ន រឿងក្ដីលោក កឹម សុខា កំពុងស្ថិតនៅក្នុងដៃចៅក្រមជំនុំជម្រះ​​នៅឡើយ។ មេបក្ស​​ជំទាស់​​រូប​​នេះត្រូវ​​បានសមត្ថកិច្ចចូលចាប់ខ្លួនទាំងពាក់កណ្តាលអធ្រាត្រ កាលពីខែ​កញ្ញា ឆ្នាំ២០១៧ នៅ​​​​​គេហដ្ឋានរបស់លោក ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

គិតមកដល់ពេលនេះ ការជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា ជុំវិញបទចោទ​ «សន្ទិដ្ឋិភាព» ត្រូ​​​វ​​​​​រ៉ូវ​​ដោយ​​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬភ្នាក់ងារបរ​​​ទេ​ស ចង់ផ្ដួល​​រំលំ​​រដ្ឋា​​ភិ​​បាលនេះ បាន​​​បន្ត​​​អូស​ប​​ន្លា​​​យ​ប្រមាណ២ឆ្នាំមកហើយ គិតចាប់តាំងពី​ចាប់ផ្ដើមបើកការជំនុំជម្រះកាលពី​​ដើម​​ឆ្នាំ​​២០​​២០​​មក​។

បទចោទនេះត្រូវបាន​តុលាការយោ​ង​ទៅ​លើ​ឃ្លីប​វីដេអូដែល​មាន​រយៈពេល​ជាង៣នាទី យក​មក​ដាក់​​បន្ទុកនិងចោទប្រកាន់ ដែលឃ្លីប​វីដេអូនេះកាត់ចេញពី​ឃ្លីប​វីដេអូ​ដើមដែល​មាន​រយៈពេល​ជាង​​មួយ​ម៉ោង។ ឃ្លីប​វីដេអូដែលតុលាការយកមកធ្វើជាភស្តុតាងនេះ ត្រូវបានរកឃើញថា ក្នុង​ពេល​លោក កឹម សុខា ថ្លែង​​នៅ​​ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣។

វីអូឌី មិនទាន់អាចសុំការអត្ថាធិប្បាយ​​ពីប្រធានអង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ី​​ផាន ជុំវិញករណីនេះបានទេ​ នៅថ្ងៃព្រហស្បតិ៍​នេះ។

បើទោះបែបណា ជារឿយៗ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងប្រកាសជំហរមិនរណបបរទេស ដោយ​សារតែកម្ពុជាគឺជារដ្ឋអធិបតេយ្យមួយ ហើយមានសិទ្ធិពេញលេញក្នុងការ​​សម្រេ​​ច​​ចិត្ត​​លើ​​កិច្ច​​ការ​​នយោបាយនិងសេដ្ឋកិច្ច​​របស់​​ខ្លួន។

ប្រទេសកម្ពុជាទទួលបានការអនុគ្រោះពន្ធទូទៅផ្នែកពាណិជ្ជកម្ម ឬ GSP ពីសហរដ្ឋអាមេរិក កាល​​ពី​​ឆ្នាំ​១៩៩៧។ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធនេះ បានបើកផ្លូវឱ្យកម្ពុជាត្រូវ​​បង់ពន្ធក្នុងកម្រិត​​​តិច​​តួ​​​ច ឬមិនបង់ពន្ធសោះ សម្រាប់ការនាំទំនិញចូលទីផ្សារសហរដ្ឋអាមេរិក។ ស្ថិតក្រោមគោល​​​ការណ៍​នេះ នាំ​ឱ្យ​​កម្ពុជាទទួលបានផលចំណេញក្នុងមួយឆ្នាំៗប្រមាណ១៨០លានដុល្លារអាមេរិក។

អ្នកជំនាញ​ផ្នែកវិទ្យាសាស្រ្តនយោបាយ លោកសាស្រ្តាចារ្យ ឯម សុវណ្ណរ៉ា ចាត់​ទុក​ថា មូល​ហេតុ​​ដែល​​​​នាំឱ្យមន្រ្តីជាន់ខ្ពស់​សហរដ្ឋអាមេរិកហ៊ានលើកឡើងបែបនេះ ដោយសារតែមើលឃើញពី​ប្រ​​​ព័ន្ធ​​​​យុត្តិ​​​ធម៌​នៅកម្ពុជាត្រូវបានជ្រៀតជ្រែកដោយឥទ្ធិពលនយោបាយ។ មួយវិញទៀត លោកថា នីតិវិធី​នៃ​​កា​​រ​​​ជំនុំជម្រះនេះទៀតសោត ប្រព្រឹត្តទៅដោយមិនមានយុត្តិធម៌ផង ដូច្នេះចង់​ឬមិនចង់ នេះ​ជា​​​ហេតុ​ផល​ដែលជំរុញឱ្យសហរដ្ឋអាមេរិកត្រូវរិះគន់ដោយត្រង់ៗបែបនេះ។

លោកបន្តថា៖ «ខ្ញុំគិតថា ការលើកឡើងរបស់គាត់​ ដោយ​សារ​តែ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​មិន​ទាន់​ផ្ដល់​ជំ​នឿ​​​ជឿជាក់គ្រប់គ្រាន់ទៅលើមតិជាតិនិងមតិអន្តរជាតិ ដូច្នេះហើយ រាល់ការលើកឡើង​​ហ្នឹងវា​​ផ្អែ​​​ក​​​​​ទៅលើការអនុវត្តច្បាប់របស់កម្ពុជាហ្នឹង ដែលគេគិតថានៅក្នុងបរិបទឬក៏ឥទ្ធិពល​​នយោបាយ​​។ អ៊ី​​​ចឹង​​ហើយ ខ្ញុំគិតថា ការលើកឡើងរបស់ឧបការីរដ្ឋមន្រ្តី​ការបរទេសហ្នឹងប្រហែលជាផ្អែក​​ទៅលើ​​ការ​​បាត់​​​​បង់ជំនឿលើ​ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា បានហ៊ានលើកឡើងបែបនេះ»។

ភាពរកាំរកូសពី​ទំនាក់ទំនងផ្នែកការទូតនិងនយោបាយនេះ គេសង្កេតឃើញថាបានកើតឡើងក្រោ​​យ​​ពីរដ្ឋាភិបាលចាប់ផ្តើមបើកប្រតិបត្តិ​កា​រ​​​​​រំ​​លាយ​​បក្សប្រឆាំងដ៏ធំ រួមទាំងប្រព័ន្ធ​ផ្សព្វផ្សាយ​​​ឯក​រាជ្យ និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន កាលពីឆ្នាំ២០១៧។ ស្ថិតក្រោមហេតុផលទាំងនេះហើយ បាន​ជំរុញ​ឱ្យ​​ស​មា​ជិកសភា និងព្រឹទ្ធសភា សហ​​រដ្ឋអា​​​មេ​រិក ទាំងពីរគណបក្ស បានធ្វើសេចក្ដីស្នើច្បាប់ព្យួរប្រ័ពន្ធ​​អនុគ្រោះពន្ធ​​ផ្នែ​ក​​ពា​​ណិជ្ជកម្មនេះពីកម្ពុជា កា​ល​​ពីឆ្នាំ២០១៩ ដោយចោទប្រកាន់ថា កម្ពុជាបានរំលោភទៅលើលក្ខខណ្ឌ​​សំខាន់ៗផ្នែកសិទ្ធិ​​មនុ​​ស្ស ដែល GSP តម្រូវឱ្យរដ្ឋជាសមាជិកត្រូវតែគោរពនូវកាតព្វកិច្ចទាំងនេះ។ ជាបន្តបន្ទាប់​មក​ទៀត សហរដ្ឋអាមេរិកបានចាប់​​ផ្តើម​មិន​ផ្តល់​ទិដ្ឋាការ​​សម្រាប់​​​មន្រ្តីជាន់ខ្ពស់ក្រសួង​ការ​បរទេស​កម្ពុជា ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ