អាមេរិក​បន្ត​ឱ្យ​កម្ពុជា​បង្ហាញ​តម្លាភាព​ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​មូលដ្ឋានទ័ព​ចិន​នៅ​សមុទ្ររាម

នាវិក​ឈរ​យាម​ក្បែរ​កប៉ាល់​ដឹកប្រេងសាំង​ នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៩។ (REUTERS/Samrang Pring)

មន្រ្តីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក នៅតែទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបង្ហាញតម្លាភាពពេញលេញពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាម ខណៈដែលប្រទេសមហាអំណាចមួយនេះតែងបង្ហាញកង្វល់អំពីវត្តមានយោធាចិននៅមូលដ្ឋានទ័ពជើងទឹករាម ដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៅក្នុងតំបន់។

ការអះអាងនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១៣ ខែកក្កដា និងបន្ទាប់ពីកម្ពុជាតែងប្រកាសច្រានចោលការចោទប្រកាន់អំពីវត្តមានយោធាចិននៅមូលដ្ឋានកងទ័ពជើងទឹករាម។

ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink ថ្លែងថា អាមេរិកមានក្ដីបារម្ភចំពោះវត្តមានមូលដ្ឋានកងទ័ពចិននៅសមុទ្ររាម ដែលមហាអំណាចនេះជឿថា វត្តមាននេះនឹងប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ និងជាការ «បម្រើផលប្រយោជន៍ផ្ដាច់មុខរបស់ចិន»

លោកថា អាមេរិកចង់ឃើញរដ្ឋាភិបាលកម្ពុជាបង្ហាញតម្លាភាពពេញលេញអំពីគោលបំណងនៃមូលដ្ឋានទ័ពនៅសមុទ្ររាម ដោយថា ការបង្ហាញនូវតម្លាភាពនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋកម្ពុជា និងប្រទេសផ្សេងទៀតក្នុងតំបន់។

ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូពា៌ និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយអំឡុងពេលលោកបំពេញទស្សនកិច្ចនៅកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។
ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូពា៌ និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយអំឡុងពេលលោកបំពេញទស្សនកិច្ចនៅកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ (ហេង វិចិត្រ)

លោក Daniel J. Kritenbrink ថា៖ «ទាក់ទងនឹងមូលដ្ឋានកងទ័ពជើងទឹករាម ខ្ញុំសូមធ្វើការបញ្ជាក់សាជាថ្មីអំពីអ្វីដែលជាក្ដីបារម្ភរបស់សហរដ្ឋអាមេរិក ចំពោះវត្តមានរបស់យោធានៃសាធារណរដ្ឋប្រជាមានិតចិននៅរាមនេះ ដែលយើងជឿជាក់ថា វានឹងប៉ះពាល់ដល់សន្តិសុខក្នុងតំបន់។ ជាថ្មីម្តងទៀត យើងស្នើឱ្យរដ្ឋាភិបាលកម្ពុជាមានតម្លាភាពពេញលេញចំពោះគោលបំណង ប្រភេទ និងវិសាលភាពនៃមូលដ្ឋានទ័ពនៅសមុទ្ររាមនេះ។ យើងគិតថា តម្លាភាពនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា ប្រទេសជិតខាង អាស៊ាន និងតំបន់ទាំងមូលផងដែរ»។

VOD មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី ពាក់ព័ន្ធការទាមទារឱ្យមានតម្លាភាពលើមូលដ្ឋានទ័ពរាមពីសំណាក់អាមេរិកបាន ទេនៅថ្ងៃព្រហស្បតិ៍នេះ។

យ៉ាងណា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា តាមរយៈសេចក្ដីប្រកាសចុះថ្ងៃទី៧ ខែមិថុនា កន្លងទៅ ប្រកាសច្រានចោលជាថ្មីទៀត ពាក់ព័ន្ធសំណុំរឿង «មូលដ្ឋានកងទ័ពជើងទឹករាម» ដែលថាបម្រើផលប្រយោជន៍ផ្ដាច់មុខរបស់ចិន ដោយថា រដ្ឋាភិបាល​ប្រកាន់យ៉ាងខ្ជាប់ខ្ជួនចំពោះរដ្ឋធម្មនុញ្ញ ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជាឡើយ។

ការច្រានចោលជាថ្មីនេះរបស់កម្ពុជា គឺជាការឆ្លើយតបនឹងសំណួររបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong ដែលបានចោទសួរកម្ពុជាជាថ្មីទៀត អំពីបញ្ហាវត្តមានយោធាចិននៅមូលដ្ឋានកងទ័ពជើងទឹករាម។

រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ថ្លែងប្រាប់លោកស្រី Penny Wong ក្នុងការសន្ទនាតាមទូរសព្ទនៅពេលនោះថា ការចោទប្រកាន់ពីវត្តមានយោធាចិននេះ ជាការចោទប្រកាន់ធ្វើឡើងដោយគ្មានមូលដ្ឋាននោះឡើយ។

លោកបញ្ជាក់ជាថ្មីនូវការប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជានោះទេ។

លោក ប្រាក់ សុខុន ថា៖ «ការកែលម្អមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន និងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រ»។

ចំណែកប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ចាត់ទុកការដែលអាមេរិកនៅតែទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបង្ហាញតម្លាភាពពេញលេញ ពាក់ព័ន្ធមូលដ្ឋានកងទ័ពជើងទឹករាម ថាជាកង្វល់មួយដែលមានរបៀបវារៈនយោបាយតែប៉ុណ្ណោះ។ លោកថា គេនឹងមើលឃើញការពិតនៅពេលអនាគត។

លោក ផៃ ស៊ីផាន ថា៖ «វាស្ថិតនៅក្នុងរបៀបវារៈនៃបរិបទនយោបាយតែប៉ុណ្ណោះ! ទោះជាយើងខំពន្យល់យ៉ាងណា វាស្ថិតនៅហ្នឹងដដែល។ ដូច្នេះមានតែពេលវេលាទេ វានឹងអាចនិយាយប្រាប់! ហើយការសម្រេចចិត្តរបស់កម្ពុជា ជាការសម្រេចចិត្តមួយដ៏ឧត្តុង្គឧត្តម ដែលមិនជ្រើសរើសយកអ្នកណាទៅធ្វើសត្រូវ ទៅឈ្លោះជាមួយនឹងអ្នកណា។ គឺយើងមិនជ្រើសរើសយកចិនដើម្បីឈ្លោះជាមួយសហរដ្ឋអាមេរិក ហើយយើងក៏មិនជ្រើសរើសសហរដ្ឋអាមេរិក ទៅធ្វើសត្រូវជាមួយនឹងចិន»។

ចំណែកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ធ្លាប់បានថ្លែងថា ក្រោយធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាមរួចរាល់ នឹងមិនអនុញ្ញាតឱ្យនរណាចូលមើលទៀតទេ។ លោកថា ការមិនអនុញ្ញាតនេះ ដោយសារទីនោះជាមូលដ្ឋានទ័ព ហើយការងារបច្ចេកទេសយោធាជាកិច្ចការផ្ទៃក្នុង ដែលមិនអាចបង្ហាញជាសាធារណៈបានទេ។

លោក ទៀ បាញ់ ចាត់ទុកការចោទប្រកាន់ថាមូលដ្ឋានយោធារាមបម្រើប្រយោជន៍ផ្តាច់មុខរបស់ចិន ជារឿងប្រតិដ្ឋ។

អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា យល់ថា ប្រទេសលោកសេរី ដូចជាអាមេរិក នៅតែបារម្ភពីបញ្ហានេះ ដោយសារទំនាក់ទំនងរវាងកម្ពុជា-អាមេរិកគ្មានភាពល្អប្រសើរ និងដោយសារតែកម្ពុជាស្ថិតក្នុងដំណាក់កាលប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់អាមេរិកនិងចិន។

លោកថា មហិច្ឆតារបស់ចិន គឺការពង្រឹងកម្លាំងទ័ពនៅទីតាំងនានាដើម្បីឈរជើង ដូច្នេះ អាមេរិកបារម្ភថា បើចិនពង្រាយមូលដ្ឋានយោធារបស់ខ្លួនបាន នឹងប៉ះពាល់ដល់ឥទ្ធិពល ផលប្រយោជន៍ និងសន្តិសុខរបស់អាមេរិកនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយរូបនេះបន្តថា ក្នុងក្រសែភ្នែកអាមេរិក កម្ពុជាមានភាពជិតស្និទ្ធខ្លាំងជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ​ដែលជំរុញឱ្យអាមេរិកបារម្ភរឿងយោធាចិននេះ។

លោក ប៊ុនណា ថា៖ «បើសិនជារឿងហ្នឹង វានៅតែមិនអាចដោះស្រាយបាន មុខមាត់របស់កម្ពុជានៅតែគេមើលឃើញថា ជាប្រទេសមួយដែលស្ថិតនៅក្រោមឥទ្ធិពលរបស់ចិនខ្លាំង ជាប្រទេសរណបចិនខ្លាំង ហើយវាបណ្តាលឱ្យប្រទេសដែលមានទំនោរទៅលើប្រទេសលោកសេរី ហាក់ដូចជាមិនផ្តល់តម្លៃ ឬក៏មិនទុកចិត្តកម្ពុជាក្នុងទំនាក់ទំនងរបស់ខ្លួននិងកម្ពុជា។ ហើយមួយទៀត តាមរយៈរឿងហ្នឹងដែរ វាជារឿងដែលធ្វើឱ្យទំនាក់ទំនងសហរដ្ឋអាមេរិកនិងកម្ពុជាហ្នឹង វាកាន់តែធ្លាក់ដុនដាបខ្លាំងពិបាកក្នុងការស្តារ»។

អ្នកវិភាគនយោបាយ និងជាសាស្ត្រាចារ្យផ្នែកកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យ Arizona State University សហរដ្ឋអាមេរិក លោក អៀ សុផល ធ្លាប់បានលើកឡើងថា ប្រទេសលោកសេរី ដូចជាអាមេរិក នៅតែបារម្ភពាក់ព័ន្ធមូលដ្ឋានយោធារាម​​ ដោយសារបញ្ហានេះជាប់ទាក់ទង​ការពង្រីកអំណាចរបស់ចិនក្នុងតំបន់ ពិសេសពាក់ព័ន្ធវិបត្តិ​សមុទ្រចិនខាងត្បូង។

លោកថា ប្រទេសចិនមានកងទ័ពជើងទឹកធំជាងគេបង្អស់ក្នុងពិភពលោក និងមាននាវាច្រើនជាងបណ្ដាប្រទេសណាៗទាំងអស់។ ទោះជាយ៉ាងណា បើគ្មានមូលដ្ឋានទ័ពបរទេស ពួកគេមិនអាចធ្វើសកម្មភាពអ្វីបាននោះទេ ខណៈនាវាទាំងអស់នោះត្រូវតែត្រលប់ទៅទីតាំងដើមវិញ។

លោកចាត់ទុកការបដិសេធម្តងហើយម្តងទៀតរបស់កម្ពុជា ថាជាការបំភ្លៃការពិត ហើយការបំភ្លៃការពិតរបស់កម្ពុជានេះហាក់មិនមានប្រសិទ្ធភាពឡើយ។ លោកបន្តថា ​ប្រសិនបើអាមេរិកផ្តោតលើសំណុំរឿងនេះជាចម្បង ខណៈរដ្ឋាភិបាលកម្ពុជានៅតែប្រកែកនោះ អ្នកដែលរងផលប៉ះពាល់ពិតប្រាកដ គឺប្រជាពលរដ្ឋខ្មែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ