អតីត​ចោរបច្ចេកវិទ្យា​មួយរូប​ចូល​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ឆបោក​នៅ​កម្ពុជា ជួយ​សង្រ្គោះ​ពលរដ្ឋ​របស់ខ្លួន

បន្ទាប់ពីទទួលបានករណីកម្មកររាប់សិបនាក់ស្នើសុំឱ្យមានការជួយសង្រ្គោះ និងតាមរយៈការឆ្មក់ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់ប្រតិបត្តិការឆបោកនានា អតីតចោរបច្ចេកវិទ្យា​ (Hacker) ល្បីឈ្មោះមួយរូប ​ដែលបច្ចុប្បន្ន​កំពុងតែ​ធ្វើ​ការ​ឱ្យ​ទីភ្នាក់ងារ​សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត (Cyber Security) ​របស់​រដ្ឋ​វៀតណាម ​បាន​អំពាវនាវ​​ឱ្យ​​មាន​កិច្ច​អន្តរាគមន៍​​ជាបន្ទាន់មួយ ដើម្បីជួយ​ជនរងគ្រោះ​រាប់​​ពាន់​នាក់​ចេញ​ពី​ទីតាំង​ខុសច្បាប់ទាំងឡាយក្នុងប្រទេសកម្ពុជា។

នៅក្នុងរបាយការណ៍មួយដែលចងក្រងដោយលោក Ngo Minh Hieu គេសង្កេតឃើញមានការចោទប្រកាន់ស្រដៀងគ្នាជាច្រើន ដែលត្រូវបានលើកឡើងដោយជនជាតិចិន ថៃ ម៉ាឡេស៊ី និងជនជាតិផ្សេងទៀត អំពីប្រតិបត្តិការឆបោកជាសកលដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា រួមទាំង​ករណី​ឃុំ​ខ្លួន ទាស​ភាព​បំណុល និង​អំពើ​ហិង្សាផង​ដែរ។

អស់រយៈពេលជាច្រើនខែ ពលករបរទេសជាច្រើនបានអះអាងថា ពួកគេត្រូវបានប​ញ្ចុះប​ញ្ចូល​ឱ្យ​មកកាន់​ប្រទេសកម្ពុជា ហើយក្រោយមកក៏ត្រូវបានបង្ខាំងនៅក្នុងទីតាំងអាគារបិតជិតនានា និងបង្ខំឱ្យធ្វើការពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញជាសកល។

បើទោះបីជារដ្ឋាភិបាលបរទេសបានចេញការព្រមានជាបន្តបន្ទាប់ទាក់ទិននឹងស្ថានភាពនេះក្ដី ប៉ុន្តែប្រតិបត្តិការទាំងនេះនៅតែបន្តដំណើរការដោយមិនមានការភ័យខ្លាចអ្វីឡើយ។

យោងតាម​របាយការណ៍របស់លោក Ngo Minh Hieu ដែលបច្ចុប្បន្នជាអ្នកស្រាវជ្រាវ​សន្តិសុខតាមប្រព័ន្ធ​អ៊ីន​ធឺណេតដែលវីអូឌី​​ទទួលបាន​ បានឱ្យដឹងថា ឯកសារបច្ចេកទេស និងផ្ទាល់ខ្លួនមួយចំនួនដែលត្រូវបានយកចេញពីខាងក្នុងប្រតិបត្តិការឆបោកនៅកម្ពុជា រួមមាន៖

  • ព័ត៌មានអំពីកម្មករចំនួន ៣១​នាក់ ដែលបានស្នើសុំឱ្យមានការជួយ​សង្រ្គោះ​ ដើម្បីត្រលប់ទៅកាន់ប្រទេសវៀតណាមវិញ ដែលក្នុងនោះ ២២នាក់ មានអត្តសញ្ញាណបណ្ណ រួម​នឹង​ការ​ឆ្លើយឆ្លង​លម្អិត​ទាក់​ទង​នឹង​ទីតាំង និងការងាររបស់ពួកគេ។
  • សារដែលមានចំនួនប្រមាណជា១៤ ០០០ ចេញ​ពី​ក្រុម​នានា​ក្នុងបណ្ដាញសង្គមតេឡេក្រាម (Telegram) របស់ប្រតិបត្តិការឆបោក ដែល​ត្រូវបានជជែកក្នុងអំឡុងរយៈពេលប្រមាណជាមួយខែ កាលពីពាក់កណ្តាលឆ្នាំមុន ដោយសារទាំងនោះមានទាំងការជជែកពិភាក្សាគ្នាអំពីកម្មករដែលរត់គេចខ្លួន ឯកសារវិនិយោគក្លែងក្លាយ ស្ថានភាពរបស់ជនរងគ្រោះ និងសកម្មភាពតូចៗប្រចាំថ្ងៃផងដែរ។
  • ប្រព័ន្ធចូលទៅកាន់គេហទំព័រឆបោក កុំព្យូទ័រដែលប្រើប្រាស់នៅខាងក្នុងទីតាំងអាគារ និងការរក្សាទុកនៃកូដប្រភព ជាដើម។
  • សំឡេង វីដេអូ និងការណែនាំជាលាយលក្ខណ៍អក្សរពីខាងក្នុងប្រតិបត្តិការ ដោយអ្នកគ្រប់គ្រងបាន​​ពិពណ៌នាសកម្មភាពឆបោករបស់ពួកគេថា ជាល្បែងវិនិយោគប្រាក់ងាយៗ។

ឯកសារ​ភាគច្រើននៃរបាយការណ៍នេះ គឺមានកាលបរិច្ឆេទត្រឹមពាក់កណ្តាលឆ្នាំមុន ប៉ុន្តែមានមួយចំនួនតូចក៏មានកាលបរិច្ឆេទក្នុងខែមករាឆ្នាំនេះផងដែរ។

វីអូឌី បានព្យាយាម​ទាក់ទងទៅកាន់​កម្មករឬ​​សមាជិក​គ្រួសារ​របស់​ពួកគេចំនួន១៧​នាក់ដែល​មាន​ដាក់នៅ​ក្នុង​របាយការណ៍។​ ទោះជាយ៉ាងណា ពួកគេភាគច្រើនគឺមិនអាចទាក់ទងបាន ដោយមួយចំនួនទៀតបានបដិសេធក្នុងការធ្វើអត្ថាធិប្បាយ ដែល​ក្នុងនោះ របាយការណ៍អាចប្រមូលព័ត៌មានបានតែ​ពីរ​ប្រភព​ប៉ុណ្ណោះ ដែលលើកឡើងថា សាច់ញាតិរបស់ពួកគេនៅតែជាប់នៅក្នុងប្រទេសកម្ពុជា ហើយ​ចង់​ឱ្យ​មាន​ការ​ជួយ​សង្រ្គោះ។

ឯកសារដដែលនេះបានបង្ហាញពីឧក្រិដ្ឋកម្ម​នៅខា​ង​ក្នុង​ទីតាំង​អាគារ​នានា ដែលរួមមាន ការជួញដូរ និង​បង្ខាំងពលករបរទេសនៅក្នុងប្រទេសកម្ពុជា ដែលពួកគេទាំងនោះត្រូវបានបញ្ជាឱ្យប្រព្រឹត្តអំពើឆបោក​លើប្រជាជននៅក្នុងប្រទេសកំណើត​របស់​ពួក​គេ។

ការឆបោកទាំងនេះត្រូវបានផ្សព្វផ្សាយក្រោមរូបភាពនៃការវិនិយោគក្លែងក្លាយ ដែលជំរុញឱ្យជនរងគ្រោះដាក់ប្រាក់បន្ថែមម្តងហើយម្តងទៀតរហូតដល់អស់ពីខ្លួន។

ការសន្ទនាផ្ទៃក្នុង

យោងតាម​លោក Ngo Minh Hieu បានឱ្យដឹងថា រូបលោកបានទទួល​សារ​បន្ទាន់មួយពីជនជាតិ​វៀតណាម​ម្នាក់ដែលជាប់នៅក្នុងប្រទេសកម្ពុជា កាលពីចុងខែមិថុនាឆ្នាំមុន។ បុរស​រូប​នេះបានប្រាប់លោក Hieu ថាខ្លួន​ត្រូវ​បាន​ចាញ់​បោកតាមរយៈ​ការ​ផ្សព្វផ្សាយ​ការងារ​ដែល​សន្យាផ្ដល់​ប្រាក់​ខែ​ខ្ពស់​​ក្នុង​ប្រទេស​កម្ពុជា។ តាមរយៈ​ផែនទីទីតាំង GPS ភ្ជាប់​​ទៅ​​នឹង​ការ​ផ្សាយ​ពាណិជ្ជកម្ម និង​រូបថតដែលផ្ដល់ជូន ទីតាំងទាំងនោះ​ត្រូវបានស្គាល់ថាជាកាស៊ីណូ​«ម៉ុក​បាយ» ក្រុង​​បាវិត។

ខណៈបុរសរូបនេះ​ប្រមូលព័ត៌មានផ្ដល់ជូនលោក Hieu ខ្លួន​ក៏បានលួចថតការប្រជុំមួយនៅក្នុងប្រតិបត្តិការឈ្មោះថា Vant6 និងផ្តល់លេខសម្ងាត់ ដើម្បីអាចចូលទៅមើលសារចាស់ៗក្នុងក្រុម Telegram ដែល​ត្រូវ​បាន​ប្រើ​ទាំ​​ងខាងក្នុង និងសម្រាប់ការឆបោក។

លោក Hieu បានបន្តឱ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនថា៖ «បុរសរូបនោះមានកិច្ចសហការល្អជាមួយខ្ញុំខ្លាំងណាស់ ដោយក្នុងនោះ គាត់ក៏បានផ្ដល់ជាលេខសម្ងាត់ ដើម្បីអាចឱ្យខ្ញុំចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រដែលគាត់កំពុងធ្វើការទៀតផង។ ដូច្នេះ ខ្ញុំអាចតាមដាននិងប្រមូលទិន្នន័យទាំងអស់ដែលត្រូវការសម្រាប់ការស៊ើបអង្កេតបន្ថែមទៀត»។

តាមរយៈ​ការ​ពិនិត្យមើលប្រវត្តិសារ​ក្នុង​ក្រុម​តេឡេក្រាម ចេញពីខាងក្នុងប្រតិបត្តិការ Vant6 បង្ហាញថា អ្នកឆបោកនានាកំពុងតែស្វែងរកគោលដៅយ៉ាងសកម្មក្នុងប្រទេសវៀតណាម ដើម្បីផ្សព្វផ្សាយពីការវិនិយោគក្លែងក្លាយ ដែលក្នុងនោះរួមមានទាំងការពន្យល់ និងការព្រមាន​អំពីចំណាត់ការដែលនឹងត្រូវអនុវត្ត​លើបុគ្គលិកដែលរត់គេចខ្លួនផងដែរ។

នៅក្នុងសារដដែលនោះ សមាជិកក្នុងក្រុមម្នាក់បាន​សរសេរនៅម៉ោងជាង១១យប់ ដោយលើកឡើងពី​ជោគជ័យ​ក្នុងសកម្មភាពឆបោករបស់ខ្លួនថា៖ «សូមអរគុណអ្នកទាំងអស់គ្នាដែលបានជួយខ្ញុំបង្កើតវិក្កយបត្រក្លែងក្លាយ យើងបោកបានហើយ មានតែអ្នកបង្កើតវិក្កយបត្រក្លែងក្លាយទេ ទើបដឹង»។

បន្ទាប់មកទៀត នៅម៉ោងជិត២ទៀបភ្លឺ សមាជិកក្នុងក្រុមម្នាក់ទៀតដាក់ឈ្មោះថា Ruby ដែលហាក់បី​ដូច​ជា​មានតួនាទីរាយការណ៍ជាប្រចាំអំពីប្រតិបត្តិការប្រចាំថ្ងៃ ក៏បានដាក់ជាសារមួយថា៖ «សូមអ្នកទាំងអស់គ្នាកុំបារម្ភអី។ លោក Hoang ត្រូវ​បាន​ជាប់​ឃុំ​រយៈពេល​២​សប្តាហ៍ ហើយ​ឥលូវវ​នេះ​​ត្រូវ​បាន​បញ្ជូន​ត្រលប់​ទៅ​ប្រទេស​វៀតណាម​វិញហើយ»។

សារនោះបន្តទៀតថា៖ «គ្មាន​អ្នក​ណា​ធ្វើបាប​គាត់​ទេ គឺគ្រាន់​តែ​ចង់​ដាក់​ទណ្ឌកម្មលើទង្វើដែល​គាត់​បាន​ព្យាយាម​រត់​ចេញតែប៉ុណ្ណោះ។ ក្រុមហ៊ុនមានច្បាប់ផ្ទាល់ខ្លួន។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​រឿងត្រឹម​ត្រូវ នោះ​ករណី​នេះ​មិន​កើត​ឡើង​ឡើយ។ ខ្ញុំដាក់សារនេះ ​ដោយសារ​តែខ្លាច​​អ្នក​រាល់​គ្នាអាចនឹង​បារម្ភ​ពី​គាត់»។

ទាក់ទិននឹងករណីនេះ បុគ្គលិកមួយរូបក៏បានធ្វើការ​ឆ្លើយ​តប​ដោយ​បង្ហាញជាក្តី​បារម្ភថា៖ «ក្រុមហ៊ុនគឺដឹកនាំដោយមនុស្ស មិនមែនសត្វឡើយ។ ពួកគេមិន​គួរ​ដាក់​ទោស​ធ្ងន់ធ្ងរលើបុគ្គលិកណាឡើយ»។

ទោះជាយ៉ាងណា គណនីឈ្មោះ Ruby បានព្យាយាមបង្វែរស្ថានការណ៍ដោយថា៖ «រូបគាត់ត្រូវបានគេចាប់បានក្នុងករណីនេះ ហើយរងនូវទណ្ឌកម្មបន្តិចបន្តួច តែមិនធ្ងន់ធ្ងរ [ដល់ថ្នាក់បែកឈាម] ឡើយ»។

ការងារជាអ្នកឆបោក

ឯកសារបានបង្ហាញថា ការឆបោកដ៏សកម្មរបស់ប្រតិបត្តិការ Vant6 នៅពេលនោះ គឺដាក់គោលដៅក្នុងការ​ទាក់​ទាញ​ជន​ជាតិ​វៀត​ណាម​ឱ្យ​ចូលទៅក្នុងវេទិកាវិនិយោគ​ក្លែង​ក្លាយ ដោយ​អ្នក​ឆបោក​ ហៅថា «ជាល្បែង​វិនិយោគ​ប្រាក់​ងាយៗ»

អ្នក​ឆបោក​ធ្វើ​ការ​ជាក្រុម​ ដោយ​ប្រមូល​ជន​រង​គ្រោះនា​នាដាក់ចូលទៅក្នុងការជជែកជាក្រុមៗ ក្រោមការ​ដឹកនាំដោយគ្រូបង្គោលមួយរូបដែលមានតួនាទីក្នុងការបញ្ចុះបញ្ចូល​ឱ្យជនរងគ្រោះចូលរួមការវិនិយោគ​ក្លែងក្លាយរបស់ក្រុមហ៊ុន។

យោងតាមក្រុមមួយដែលដាក់ឈ្មោះថា “គន្លឹះដើម្បីជោគជ័យក្នុងឆ្នាំ២០២១ (The Key to Success 2021)” បានចាប់ផ្ដើមកិច្ចសន្ទនាដោយដាក់ថា៖ «សួស្ដីអ្នកទាំងអស់គ្នា ដែលជាអ្នកវិនិយោគនៅក្នុងក្រុមនេះ»។

សមាជិកនៅក្នុងក្រុមផ្សេងទៀតបានឆ្លើយតបថា៖ «ខ្ញុំជាសមាជិកថ្មី។»

គណនីផ្សេងទៀតក៏បានដាក់ក្នុងក្រុមថា៖ «តើអ្នក​រាល់​គ្នា​បាន​ញ៉ាំ​បាយ​ហើយឬនៅ?»

សមាជិកក្នុងក្រុមមួយរូបទៀតបានដាក់ទៀតថា៖ «ខ្ញុំក៏ជាសមាជិកថ្មីដែរ សួស្តីអ្នកទាំងអស់គ្នា!»

បន្ទាប់មក គ្រូបង្គោលក៏បាន​ពន្យល់ថា ប្រាក់ចំណូលនៃការវិនិយោគទាំងអស់នឹងត្រូវប្រកាស៣ដងក្នុង​មួយ​ថ្ងៃ ពោលគឺនៅម៉ោង៣ៈ៣០រសៀល, ៧ៈ៣០យប់ និង ៩:៣០យប់ ដោយ​នឹងត្រូវអនុវត្តចាប់ពីថ្ងៃស្អែកតទៅ។

នៅម៉ោង៣:៣០រសៀល ថ្ងៃបន្ទាប់ គ្រូបង្គោលក៏បានដាក់ក្រាហ្វិក​ដែលបង្ហាញពីការកើនឡើងនៃការវិនិយោគដូចអ្វីដែលបានសន្យា។

គ្រូបង្គោលនៅពេលនោះបន្តថា៖ «ចូរអ្នករាល់គ្នាធ្វើការគណនា»។

សកម្មភាពនេះបានបន្តអស់រយៈពេលជាច្រើនថ្ងៃ ដែលសមាជិកទាំងឡាយក្នុងក្រុមហាក់សកម្មក្នុងការ​ប្រកួតប្រជែងគ្នាពីការកើនប្រាក់ចំណេញនៅក្នុងវេទិកាវិនិយោគ Vant6 ។

ឈានចូលមកដល់ពាក់កណ្តាល​ខែ​កក្កដា អ្នកប្រើប្រាស់ម្នាក់ស្រាប់តែចាប់ផ្ដើមលើកឡើងពីគោលបំណង​​ក្នុងការដកប្រាក់មួយចំនួន ដែលបានកើនឡើងដោយថា៖ «សម្រាប់ការ​ដក​លើក​ទី​២ និង​លើក​ទី​៣ តើវា​​មាន​ចំនួនសរុប​ជាង៥លានមែនទេ​​?»

យោងតាមលោក Hieu វិធីសាស្រ្តដែលអ្នកឆបោកប្រើប្រាស់ដើម្បីស្វែងរកអតិថិជន [ជនរងគ្រោះ] ថ្មី រួមមាន ការបង្កើតគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមក្លែងក្លាយ ដើម្បីបញ្ជូនសារដោយផ្ទាល់ទៅកាន់អ្នកប្រើប្រាស់​អំពី​ការ​ស្វែងរកប្រាក់ងាយស្រួល ឬការបង្ហោះផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ដើម្បីទាក់ទាញមនុស្សឱ្យចូលរួមជាមួយក្រុមប្រព័ន្ធផ្សព្វផ្សាយសង្គមក្លែងក្លាយ ដែលពួកគេនឹងត្រូវបានលើកទឹកចិត្ត​ឱ្យចូលរួមការវិនិយោគ។

ការឆបោកជាទូទៅទាំងនោះ រួមមាន ការផ្សព្វផ្សាយអំពីការបណ្ដាក់ទុន​ដោយប្រើដើមទុនទាប ហើយទទួល​បានផលត្រលប់មកវិញខ្ពស់។ បន្ទាប់មក ជនរងគ្រោះក៏ត្រូវបានជំរុញឱ្យវិនិយោគប្រាក់បន្ថែមទៀត ហើយត្រូវបានបញ្ចុះបញ្ចូលតាមរយៈការបង្ហាញពីប្រាក់ចំណេញដ៏ច្រើន​នៅលើប្រព័ន្ធអនឡាញ។ ទោះ​ជាយ៉ាងណា ដើម្បីដកប្រាក់ចំណូលរបស់ពួកគេ គឺពួកគេតម្រូវឱ្យធ្វើការបង់ប្រាក់បន្ថែមទៀតជាបន្តបន្ទាប់។

យោងតាមសារមួយបានឱ្យដឹងថា៖ «បន្ទាប់ពីទទួលបានប្រាក់គ្រប់ចំនួនទាំងអស់ហើយ បោះពួកគេចោលទៅ។ ប្រសិន​បើ​អតិថិជន​មិន​មាន​សមត្ថភាព​លេងតទៅ​ទៀត​ ​ដក​ពួកគេចេញ​ទៅ»។

សារដដែលនេះបន្តថា៖ «ដើម្បីបង្កើតទំនុកចិត្តជាមួយអតិថិជន ចូរបញ្ចុះបញ្ចូលពួកគេឱ្យចូលរួមជាមួយក្រុមរបស់យើង»។

ជាមួយគ្នានេះ អ្នកឆបោកក៏មានតួនាទីក្នុងការបង្អួតពីប្រាក់ចំណូលរបស់ពួកគេ និងតាំងខ្លួនជាមនុស្សជោគជ័យ តាមរយៈការដាក់រូបភាពក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ ដែលរួមមានការដាក់រូបពាក់អាវធំ ដើម្បីទាក់ទាញជនរងគ្រោះឱ្យដាក់ប្រាក់បន្ថែមទៀតដោយទំនុកចិត្ត ជាដើម។

ជនរងគ្រោះពីការឆបោក

នៅក្នុងការជជែកក្នុងក្រុមតេឡេក្រាមផ្ទៃក្នុង បុគ្គលិកឆបោកក៏បានចែករំលែកការសន្ទនារវាងពួកគេជាមួយជនរងគ្រោះផងដែរ។

ការសន្ទនាមួយបង្ហាញ​ថា ជនរងគ្រោះម្នាក់ត្រូវបានដកចេញពីគណនីរបស់ខ្លួន បន្ទាប់ពីដាក់ប្រាក់ចំនួន២០​លានដុង [ស្មើនឹង​ប្រមាណ៨៥០​ដុល្លារអាមេរិក]។ អ្នកឆបោកបានប្រាប់ជនរងគ្រោះថា ពួកគេ​អាច​រកបានប្រាក់ចំនួន៣០០លានដុង [ស្មើនឹងប្រមាណ១៣ ០០០​ដុល្លារអាមេរិក] តាមរយៈការវិនិយោគ ប៉ុន្តែពួកគេមិនអាចចូលទៅយកវាបានឡើយ លុះត្រាតែពួកគេបង់ថ្លៃសេវាបន្ថែមទៀត។

តាមរយៈការ​សន្ទនា​មួយផ្សេង​ទៀត ក្នុងនោះ ជន​រង​គ្រោះបានសួរគ្រូបង្គោលត្រលប់ទៅវិញ អំពី​ថ្លៃ​សេវា [ដើម្បីបើកប្រាក់ដែលទទួលបានពីការវិនិយោគ]។

ជន​រង​គ្រោះនៅពេលនោះបានចោទជាសំណួរថា៖ «តើយើងត្រូវបង់ថ្លៃសេវាអ្វីផ្សេងទៀតទេ ក្រៅពីថ្លៃ ៥% នេះ ដើម្បីឱ្យលុយចូលក្នុងគណនីរបស់ខ្ញុំបានដោយផ្ទាល់?»

គ្រូបង្គោលបានធ្វើការឆ្លើយតបថា៖ «គ្មានទេ! គឺវាមានតម្លៃសេវាតែមួយនេះគត់។ ដើរមកដល់ចំណុចនេះហើយ តើអ្នក​គិត​ថា​ខ្ញុំ​នឹង​បោកប្រាស់​អ្នកមែនទេ?»

ការបញ្ចុះបញ្ចូលពីខាងភាគីឆបោកនៅតែបន្តធ្វើឡើង បើទោះបីជាជនរងគ្រោះហាក់ដឹងពីសកម្មភាពនេះក្ដី។

ជនរងគ្រោះម្នាក់លើកឡើងថា៖ «អ្នកបោកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀតជាច្រើន អ្នករាល់គ្នាគឺសុទ្ធសឹងតែជាមនុស្សបោកប្រាស់ ព្រះមានភ្នែក មិនយូរ មិនឆាប់ អ្នកនឹងត្រូវរងនូវវិធានការតាមផ្លូវច្បាប់ជាក់ជាមិនខាន»។

នៅពេលនោះ អ្នកឆបោកមួយរូបក៏ស្រាប់តែឆ្លើយតបយ៉ាងខ្លីថា៖ «ស្រឡាញ់អ្នក»។

ជនរងគ្រោះ​បានតបដោយប្រើពាក្យសម្ដីធ្ងន់ៗវិញថា៖ «អ្នក​ស្រឡាញ់​ខ្ញុំ ប៉ុន្តែ​អ្នក​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺចាប់រហូត​ដល់​ថ្នាក់​​ខ្ញុំ​រកតែ​ខោមួយស្លៀកគ្មាន»។

ទាក់ទិននឹងករណីនេះ ភាពអស់សង្ឃឹមក៏កើតមានឡើងជាបន្តបន្ទាប់ក្នុងចំណោមជនរងគ្រោះទាំង​ឡាយ​នៅ​ក្នុង​ក្រុម ខណៈសមាជិកម្នាក់បានផ្ញើរូបថត​កង់របស់ខ្លួនមួយ ដោយនិយាយថា វាជាទ្រព្យសម្បត្តិ​ចុងក្រោយរបស់ខ្លួនដែលនៅសល់។

ជនរងគ្រោះមួយរូបទៀតលើកឡើងថា៖ «ខ្ញុំសុំប្រាប់អ្នកទៅចុះថា ​ខ្ញុំ​ជិតដាច់ពោះ​ស្លាប់​ហើយ»។

ជនរងគ្រោះម្នាក់​ទៀតថ្លែងថា៖ «ខ្ញុំនឹងមិនលើកលែងឱ្យអ្នកឡើយ អ្នក​យកពីខ្ញុំមួយដុង ​អ្នក​នឹងទទួលកម្មពារ​វិញជាច្រើន។ ខ្ញុំ​នឹងមិន​លងត្រឹមតែ​អ្នក​ទេ ខ្ញុំ​ក៏​នឹង​លង​បន្លាចដល់​គ្រួសាររបស់​អ្នកផង​ដែរ។ អ្នកបោកប្រាស់ខ្ញុំ អ្នក​បានអានអ្វីដែលខ្ញុំបានលើកឡើង​តាំង​ពី​ដើម​មកហើយ។ ខ្ញុំមិននិយាយច្រើនជាមួយអ្នកទៀតទេ។ អ្នកត្រូវតែទទួលយកកម្មពារនេះ។ រៀងរាល់យប់ អ្នកនឹងឃើញខ្ញុំ។ ប្រយ័ត្នខ្លួនទៅ»។

បើទោះបីជាស្ថានការណ៍ហាក់មានភាពតានតឹងក្ដី អ្នកឆបោកនៅតែបន្តព្យាយាមស្ដារស្ថានការណ៍ឱ្យមានភាពប្រសើរឡើងវិញក្នុងចំណោមក្រុមរបស់ពួកគេ។

អ្នកឆបោកមួយរូបបានលើកឡើងទៅកាន់ក្រុមរបស់ខ្លួនថា​៖ «តែ​ថ្ងៃ​នេះ​ជា​ថ្ងៃអ្វីទៅ? ហេតុអ្វីបានជា​អតិថិជន​ខឹងសម្បាលើ​យើង​ខ្លាំង​ម៉្លេះ?»

ក្រុមការងារ​ឆបោកមួយរូបទៀតក៏ស្រាប់តែបន្ថែមថា៖ «ណ្ហើយចុះ ទ្រាំទៅ! ថ្ងៃ​សៅរ៍​យើងហូប​សាច់​គោ​ម្ដង ដើម្បីឱ្យមានកម្លាំងបន្តកិច្ចការងារទៀត។ [អតិថិជន] ជេរខ្ញុំខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនស្ដាប់ឡើយ»។

មានពេលមួយ សមាជិកមួយរូបក៏ធ្លាប់ប្រាប់បុគ្គលិករបស់ខ្លួនឱ្យឈប់រញ៉េរញ៉ៃនៅក្នុងការជជែកជាក្រុម ហើយ​ផ្តោតលើតែផលចំណេញបានហើយ។

ជនរងគ្រោះពីការជួញដូរ

កាល​ពី​មួយខែកន្លងទៅ បុរស​នៅ​ក្នុងប្រទេស​វៀតណាម​មួយរូបបាន​រៀបរាប់​អំពី​ករណីកូន​ប្រុស​របស់​ខ្លួនដែល​ត្រូវ​បានគេ​បង្ខំ​ឱ្យធ្វើ​ការងារឆបោកប្រាស់​នៅ​ក្នុងអាគារមួយកន្លែងក្នុងប្រទេស​កម្ពុជា។

កូនប្រុស​របស់បុរសរូបនេះក៏ធ្លាប់បាន​ទាក់ទង​មកកាន់លោក Hieu ​ដើម្បីស្នើ​សុំការជួយសង្រ្គោះ​កាលពី​​ឆ្នាំមុនផងដែរ​។ ទោះជាយ៉ាងណា គិតរហូតមកដល់ពេលនេះ បុរសដែលជាឪពុក​បានអះអាងថា កូន​ប្រុស​​របស់​គាត់​​នៅ​តែត្រូវបានគេបង្ខាំង ​បើ​ទោះ​បីជា​លោកបានព្យាយាមរកជំនួយពីអាជ្ញាធរ​​វៀ​តណាម​យ៉ាងណា​ក៏ដោយ។

បុរសដែលសុំមិនបញ្ចេញឈ្មោះរូបនេះបានប្រាប់វីអូឌីថា៖ «កូន​​ប្រុស​របស់ខ្ញុំ​បានប្រាប់ខ្ញុំថា គាត់​ធ្លាប់ត្រូវបាន​គេ​វាយ​ដំពីរបីលើក ហើយ​ក្នុង​​ករណី​ខ្លះទៀត ​​អ្នកដែល​ស្នាក់​នៅ​បន្ទប់​ជាមួយ​គាត់ ក៏ធ្លាប់​ត្រូវបានគេឆក់ដោយ​ចរន្ត​អគ្គិសនីផងដែរ»។

បុរសរូបនេះបន្ថែមថា កូនប្រុសរបស់ខ្លួនទទួលបានការងារតាមរយៈប្រព័ន្ធអនឡាញ ដើម្បីទៅធ្វើការនៅកាស៊ីណូមួយ ដោយនៅពេលនោះ គឺគេ [ក្រុមហ៊ុន] មិនតម្រូវឱ្យបំពេញឯកសារអ្វីទាំងអស់ មុនពេល​ទៅកាន់ព្រំដែនកម្ពុជា កាលពីដើមឆ្នាំមុន។

ប្រភពដដែលបន្ថែមថា នៅពេលដែលកូនប្រុសរបស់លោកទៅដល់ទីតាំង ខ្លួនក៏ឃើញអ្នកស្នាក់នៅ​រួម​បន្ទប់នានាបានយំ​ស្រែកដោយ​ប្រាប់​ថាពួកគេត្រូវ​បានចាញ់​បោក​។

លោកបន្តថា កូនរបស់លោកនឹងត្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យជាប់លាប់ និង​បង្ខំឱ្យធ្វើការងារ​ឆបោក​ផងដែរ។

លោកថា៖ «មានពេលខ្លះ​ គេ​ឱ្យ​គាត់​ចេញ​ទៅ​ដើរនៅ​តាមចិញ្ចើមផ្លូវបន្តិចបន្តួចដែរ ប៉ុន្តែ​ភាគច្រើន​គឺគេតម្រូវឱ្យ​ស្នាក់នៅ​ក្នុង​បន្ទប់​ដែលមានការ​យាមកាមខ្ពស់»​។

ទាក់ទិននឹងករណីនេះ លោកបន្ថែម​ថា​៖ «​[ដោយសារតែមានករណីនេះកើតឡើង] ខ្ញុំ​បានប្រាប់​ដល់អ្នក​ភូមិ​ខ្ញុំ​កុំ​ឱ្យជឿជាក់​លើ​អ្នក​ណា​ម្នាក់​លើ​ហ្វេសប៊ុកឱ្យសោះ​»។

ករណីនេះ គឺស្រដៀងគ្នាទៅនឹងករណីជាច្រើនផ្សេងទៀតដែលបាន​លើកឡើងដោយកម្មករ​បរទេសដែល​ប្រឈមមុខនឹងការឃុំខ្លួន និងទាសភាពបំណុលនៅកម្ពុជា ខណៈពួកគេជាច្រើន រួម​ទាំង​ជន​រង​គ្រោះ​ដោយ​ការ​ជួញ​ដូរ​​មិន​គ្រប់​អាយុ​មួយ​ចំនួន​ផងដែរនោះ បានអះអាងដូចៗគ្នាថា ពួក​​គេ​​ត្រូវ​បាន​គេបង្ខាំងឱ្យនៅក្នុង​​បរិវេណ​អាគារ និង​​បង្ខំ​ឱ្យ​ធ្វើ​ការដែលខ្លួនមិនចង់ធ្វើ។

គួរបញ្ជាក់ថា ករណី​ជួញ​ដូរ​ជន​ជាតិ​វៀត​ណាម​ទាំងឡាយមកកាន់​កម្ពុជា​នេះ ក៏​ទាញចំណាប់អារម្មណ៍យ៉ាង​ខ្លាំង​ពីសំណាក់​អាជ្ញាធរ​វៀតណាម​ផងដែរ។ កាលពីពេល​ថ្មីៗនេះ​ រដ្ឋាភិបាលរបស់ប្រទេសមួយនេះក៏បានប្រើប្រាស់ទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដើម្បីធ្វើការព្រមានដល់ពលរដ្ឋរបស់ពួកគេ​ឱ្យមានការ​ប្រុងប្រយ័ត្ន ទាក់ទងនឹងការផ្សាយពាណិជ្ជកម្មការងារ​ដែលសន្យាផ្ដល់ប្រាក់ខែខ្ពស់នៅលើប្រព័ន្ធផ្សព្វ​ផ្សាយ​សង្គម​នៅ​កម្ពុជា​ផងដែរ។

ប្រភពដដែលបន្ថែមថា ជនរងគ្រោះភាគច្រើនមានអាយុមាន​ចាប់ពី១៨ទៅ៣៥ឆ្នាំ ដោយពួកគេត្រូវបាន​គេបង្ខំឱ្យធ្វើការពី១២ទៅ១៦​ម៉ោងក្នុងមួយថ្ងៃ។ គ្រួសារ​មួយ​ចំនួន​ត្រូវ​បានគេ [ក្រុមហ៊ុន] ​ស្នើ​ឱ្យ​បង់​​ប្រាក់​​ចន្លោះ​ពី៣ ០០០ទៅ៣០ ០០០​ដុល្លារ ជាថ្នូរដើម្បី​សង្គ្រោះ​សាច់ញាតិរបស់ពួកគេ។

ក្នុងរយៈពេល៦​ខែ​ដើមឆ្នាំនេះ អាជ្ញាធរកម្ពុជា និងវៀតណាម ក៏បានជួយសង្គ្រោះជនជាតិវៀតណាម​សរុប​ចំនួន២៥០​នាក់ចេញពីប្រតិបត្តិការឆបោកនានាផងដែរ។ ទោះជាយ៉ាងណា យោងតាមសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការជួញដូរនិងកេងប្រវ័ញ្ចពលកម្មពលរដ្ឋវៀតណាម​នៅកម្ពុជា នៅតែបន្តកើត​មាន​ឡើង។

កាល​ពី​ចុងខែមិថុនាកន្លងទៅ ជនជាតិ​វៀតណាម ជាមេខ្លោងចំនួន៧នាក់ក៏ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត Dong Nai ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាមផងដែរ ​ពី​បទ ​«ជួញ​ដូរ និង​​រត់ការធ្វើ​ចំណាក​ស្រុកពលរដ្ឋ​វៀតណាមចំនួន២០០នាក់ដោយ​ខុស​ច្បាប់​មក​កម្ពុជា​​»។

យោងតាមសមត្ថកិច្ច​វៀតណាមដែលស្រង់ព័ត៌មានចេញពីប្រភព​នៃ​អង្គការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ក្នុង​ប្រទេស​វៀតណាមមួយ បានឱ្យដឹង​​ថា ទាំង​អ្នក​ជួញ​ដូរ និង​ជន​រងគ្រោះ គឺ​មក​ពី​ខេត្ត​ផ្សេង​ៗ​ក្នុង​ប្រទេស​​វៀតណាម។

ទាក់ទិននឹងករណីនេះ លោក Hieu ដែលជាអ្នកស្រាវជ្រាវមួយរូបក៏បានចែករំលែកពីការទំនាក់ទំនង​របស់​​លោកជាមួយជនរងគ្រោះពីការជួញដូរផងដែរ ដែលក្នុងនោះ លោកថា បុរសមួយរូបមានបំណង់ចង់ផ្តល់ព័ត៌មាន និងស្វែងរកវិធីគេចចេញពីទីតាំង ប៉ុន្តែ​មាន​ការ​ភ័យ​ខ្លាច​ចំពោះអ្វីដែលអាចនឹងកើតឡើងលើខ្លួន ប្រសិនបើក្រុមហ៊ុនដឹង។

ជនរងគ្រោះរូប​នោះបានឱ្យដឹងតាមរយៈសារមកកាន់លោក​ Hieu ថា៖ «ខ្ញុំត្រូវតែត្រលប់ទៅវិញ។ បើសិនជាសន្តិសុខ​ដឹង ​​ខ្ញុំ​នឹង​ត្រូវ​រងពិន័យជាក់ជាមិនខាន ដែលអាច​នឹង​ស្លាប់បាត់បង់ជីវិតក៏ថាបាន»។

ជនរងគ្រោះរូប​នេះក៏បាន​ផ្ញើ​រូប​ថត និងទីតាំងផែនទី GPS​ ពី​ខាង​ក្នុង​អាគារ ដែលមាន​ដូច​ជាតំបន់​ការិ​យា​ល័យ ​និងទិដ្ឋភាព​ពី​បង្អួច​ដែល​​បង្ហាញ​​យ៉ាង​​ច្បាស់​ថា វាជាអាគារ Kaibo (KB) ​តំបន់ឆៃណាថោន ក្នុង​សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ។

ជនរងគ្រោះដដែលនេះបានប្រាប់បន្ថែមទៅ​លោក Hieu ថា៖ «សូមលុបឆាតនេះចោលផង។ បើពុំដូច្នោះទេ ខ្ញុំអាចនឹងស្លាប់»។

តាមរយៈសារជាសំឡេង​ បុរស​ជាជនរងគ្រោះរូប​នេះបន្ត​ថា ​ក្នុង​ប្លុកស្នាក់​នៅ​របស់​គាត់ គឺមាន​មនុស្សប្រមាណ​ជា៩៥នាក់មក​ពី​តំបន់ផ្សេងៗគ្នា​ ដែលរូបគាត់ក៏​ត្រូវ​បាន​គេ​ប្រាប់​ថា បើ​គាត់​បំពេញការងារមិន​​បាន​​ល្អ គាត់​នឹង​ត្រូវ​លក់​ចេញបន្តទៅកាន់ទីតាំងផ្សេងទៀត។

ប្រភពដដែលបន្ថែម​ថា៖ «ខ្ញុំ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញទៅខាងក្រៅអាគារឡើយ»។

ទាក់ទិននឹងករណីនេះ​ លោក Hieu បានសង្កត់ធ្ងន់ថា៖ «យើងត្រូវតែជួយសង្គ្រោះប្រជាជនវៀតណាមរបស់យើងទាំងអស់»។

លោកបន្ថែមថា៖ «ខ្ញុំជឿជាក់ថា កិច្ចអន្តរាគមន៍បន្ទាន់ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់នៅពេលនេះ ដោយសារតែជនរងគ្រោះរាប់ពាន់នាក់កំពុងតែរងទុក្ខវេទនា»។

កម្មករដែលត្រូវបានបង្ខាំងសម្រាប់ប្រតិបត្តិការឆបោកក្នុងប្រទេសកម្ពុជា បានចែករំលែករូបថតកន្លែងធ្វើការរបស់ពួកគេជាមួយលោក Ngo Minh Hieu ដែលជាអតីតHackerវៀតណាម។

ស្ថានការណ៍ធ្ងន់ធ្ងរ

លោក Hieu បានអះអាងប្រាប់វីអូឌីកាលពីសប្ដាហ៍មុនថា ប្រតិបត្តិការឆបោកមិនមានការថមថយនោះទេ ចាប់តាំងពីគាត់បានធ្វើបច្ចុប្បន្នភាព​របាយការណ៍​ចុងក្រោយ​នេះ។

លោកថា៖ «ស្ថានភាពនេះ គឺកាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ខណៈ​ជនរងគ្រោះកាន់​តែ​ច្រើន​កំពុងតែត្រូវបានគេនាំយកមក​កម្ពុជា»។

លោកបន្ថែមថា របាយការណ៍នេះត្រូវបានធ្វើសម្រាប់ទីភ្នាក់ងាររបស់លោក គឺមជ្ឈមណ្ឌលសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត​ជាតិ​របស់​វៀត​ណាម ដែលបានយកចិត្តទុកដាក់ខ្ពស់លើករណីនេះ និងកំពុងព្យាយាមជួយសង្គ្រោះជនរងគ្រោះទាំងឡាយ។

ទោះជាយ៉ាងណា លោកថា៖ «វាពិតជាលំបាកណាស់ ដោយសារតែកន្លែងគ្រោះថ្នាក់ទាំងនោះនៅក្នុងប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងដោយ [ឧក្រិដ្ឋជន] ជនជាតិចិន»។

ទាក់ទិននឹងករណីនេះ លោកបន្ថែមដោយសង្ឃឹមថា ប្រព័ន្ធផ្សព្វផ្សាយនឹងអាចជួយរំដោះជនរងគ្រោះពី​ការជួញដូរ និងលុបបំបាត់ប្រតិបត្តិការឆបោកនៅកម្ពុជាបាន។

យោងតាមឯកសារផ្សេងទៀតដែលចងក្រងដោយលោក Hieu ក្នុងនោះគេសង្កេតឃើញមាន៖

  • រូបថត​នៃប្រតិបត្តិការហិរញ្ញវត្ថុ និងកំណត់ត្រារបស់បុគ្គលិកដែលព្យាយាមទាក់ទងទៅកាន់លេខទូរសព្ទវៀតណាមរាប់ពាន់លេខ។
  • ព័ត៌មានលម្អិតនៃគណនីធនាគារវៀតណាមជាង៥០ដែលអះអាងថាត្រូវបានភ្ជាប់ទៅកាន់ប្រតិបត្តិការ។
  • ការផ្សាយពាណិជ្ជកម្មការងារ និងការសន្ទនាអំពីការជ្រើសរើសបុគ្គលិក ដែលក្នុងនោះ ភ្នាក់ងារសន្យាថានឹងផ្ដល់ការធ្វើដំណើរមកកម្ពុជា អាហារ កន្លែងស្នាក់នៅ ប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងទៀតដល់បុគ្គលិក។
  • វីដេអូ និងរូបភាពជាច្រើននៃអំពើហិង្សាដែលទទួលបានពីប្រព័ន្ធផ្សព្វផ្សាយសង្គម។

ក្នុងករណីមួយចំនួន ក្រុមការងារឆបោកបាន​ត្អូញត្អែរ​អំពីបញ្ហាអនាម័យក្នុង​បង្គន់ ការ​ដេក​ស្រមុកដែលបង្ក​ជាការរំខានដល់អ្នកដទៃ និងការបញ្ជាទិញអាហារពេលល្ងាច​ពិសេសមួយពេលសម្រាប់​មនុស្ស១២០​នាក់ ដែលចំណាយប្រាក់សរុបអស់២ ៥០០ដុល្លារផងដែរ។

បុរសម្នាក់ផ្សេងទៀតដែលប្រើឈ្មោះ Tony ក៏បានផ្ញើរូបថតនារីម្នាក់ភ្ជាប់ជាមួយសារជាសំឡេង ដែលថា នារីរូបនេះបានចាកចេញពីក្រុមហ៊ុន ហើយចាប់ផ្ដើមចែករំលែកការ​ដាក់ពិន័យរបស់ក្រុមហ៊ុនលើខ្លួន។

ប្រភព​ដដែល​បន្តថា ស្រ្ដីរូបនេះត្រូវបានគេចាប់បានថាកំពុង​ប្រើប្រាស់គ្រឿងញៀន ដែលនោះហើយជាមូលហេតុដែលនាងមិនត្រូវបានអនុញ្ញាតឱ្យបន្តធ្វើការនៅក្នុងក្រុមហ៊ុន។

បន្ទាប់មក បុរសដែលប្រើឈ្មោះ Tony នេះ ក៏បានប្រើវិធីសាស្រ្តក្នុងការណែនាំឱ្យអ្នកគ្រប់គ្នានៅក្នុងក្រុមបង្កើតគណនីក្លែងក្លាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីចែករំលែករូបភាពរបស់នាងកាន់ថ្នាំញៀន​មួយកញ្ចប់តូច។

អ្នកផ្សេងទៀតនៅក្នុងក្រុម ក៏បានចែករំលែករូបភាពលិខិតឆ្លងដែន និងអត្តសញ្ញាណបណ្ណរបស់នាង ហើយ​បង្កើតរូបភាពថ្លុកដោយប្រើរូបថតរបស់នាងផងដែរ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Whitehat Hacker Infiltrates Cambodian Operations

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ