នៅខាងក្រៅផ្ទះតូចមួយដែលមានជញ្ជាំងទើបនឹងលាបពណ៌ហើយថ្មីៗ និងមានចម្រឹងដែកនៅតាមបង្អួច ស្រ្តីម្នាក់ឈ្មោះ ភី កក្កដា កំពុងចុះពីលើម៉ូតូដើរសំដៅមកតាមច្រកទ្វារចូលទារកដ្ឋាន។ ដោយក្នុងដៃមានកាន់ថង់ថ្នាំមួយកញ្ចប់តូចផងនោះ អ្នកស្រីបានមកអង្គុយឱបកូនប្រុសដែលមានអាយុ២ឆ្នាំនិងកូនស្រីដែលកំពុងលេងជាមួយនឹងសេះជ័ររបស់នាងក្បែរនោះ។
ផាណែត ដែលជាកូនប្រុសរបស់អ្នកស្រី កក្កដា កំពុងមានជំងឺផ្ដាសាយ មិនសូវមានកម្លាំង ខណៈដែលប្អូនស្រីរបស់គាត់ឈ្មោះ គីមឡាង កំពុងលេងក្នុងបរិវេណបន្ទប់។
អ្នកស្រី ភី កក្កដា គឺជាកម្មការិនីរោងចក្រ ហ៊ុយយ័ន ដែលស្ថិតនៅជិតផ្ទះ ឱ្យដឹងថា រៀងរាល់ថ្ងៃ ទោះបីមានភាពនឿយហត់ ប៉ុន្តែគាត់ឆ្លៀតពេលទៅលេងកូននៅ «ទារកដ្ឋានថែទាំកុមារចំបក់» ក្នុងអំឡុងពេលសម្រាកអាហារថ្ងៃត្រង់។
គាត់និយាយថា ទារកដ្ឋានថ្មីដែលបានបើកនៅដើមខែឧសភា បានជួយកាត់បន្ថយក្ដីកង្វល់របស់គាត់ក្នុងការរកអ្នកជិតខាងឱ្យជួយមើលថែកូនៗ ឬចំណាយជួលអ្នកមើលថែកូន រួមទាំងការចំណាយសម្រាប់គ្រួសារ។

អ្នកស្រីប្រាប់ថា៖ «ពីមុន ខ្ញុំជួលអ្នកនៅមុខផ្ទះឱ្យមើលថែកូន តែកូនវាឈឺរាល់អាទិត្យ»។
គាត់បន្តថា៖ «បន្ទាប់ពីផ្ញើកូននៅទីនេះបាន២ខែ ខ្ញុំមើលថាកូនខ្ញុំសុខភាពល្អជាងមុន ស្អាតបាត ហើយចេះនិយាយបានច្រើន»។
ទារកដ្ឋានសហគមន៍ថែទាំកុមារចំបក់ គឺជាទារកដ្ឋានថែទាំមួយក្នុងចំណោមទារកដ្ឋានថែទាំចំនួនបី ដែលត្រូវបានបង្កើតឡើងដោយអង្គការមិនមែនរដ្ឋាភិបាលមួយឈ្មោះ «អង្គការពិភពកុមារ និងអភិវឌ្ឍន៍» នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ទារកដ្ឋាននានាក្នុងឃុំចំនួនបីក្នុងស្រុកសំរោងទង ពឹងផ្អែកលើការផ្តល់មូលនិធិពីម្ចាស់ជំនួយ ដើម្បីរ៉ាប់រងថ្លៃចំណាយលើបុគ្គលិកនិងសម្ភារបរិក្ខារ។
តាមការរកឃើញរបស់អង្គការពិភពកុមារ និងអភិវឌ្ឍន៍ ឱ្យដឹងថា មានតែរោងចក្រកាត់ដេរចំនួន១៣ ក្នុងចំណោម៧០០ប៉ុណ្ណោះ ក្នុងឆ្នាំ២០១៩ ដែលបានអនុវត្តស្របតាមបទប្បញ្ញត្តិស្តីពីការថែទាំកុមារនៅក្នុងច្បាប់ការងារ។ យោងតាមច្បាប់ការងារ រោងចក្រដែលមានកម្មករលើសពី១០០នាក់ ត្រូវបានតម្រូវឱ្យផ្តល់សេវាទាំងនេះ។ ច្បាប់ចែងថា រោងចក្រនានាមានបំណងផ្ដល់ប្រាក់ឧបត្ថម្ភថែទាំកុមារដល់កម្មករដែលមានជីវភាពមិនគ្រប់គ្រាន់ ដើម្បីរ៉ាប់រងថ្លៃចំណាយខ្ពស់នៃសេវាថែទាំកុមារ ជាជាងផ្ដល់គ្រឿងបរិក្ខារនៅនឹងកន្លែង។
អង្គការដដែលនេះរកឃើញដែរថា មណ្ឌលថែទាំកុមារឯកជនមានតម្លៃថ្លៃណាស់សម្រាប់គ្រួសារទាំងឡាយ ហើយមណ្ឌលថែទាំសាធារណៈភាគច្រើនប្រមូលផ្តុំនៅក្នុងទីក្រុងធំៗ។
ការស្ទង់មតិរបស់អង្គការនេះបានរកឃើញថា ម្តាយដែលកំពុងបម្រើការងារមានការព្រួយបារម្ភអំពីការលាឈប់ពីការងារទៅមើលថែកូនៗរបស់ពួកគេហើយថាមានតែគ្រួសារដែលមានប្រភពប្រាក់ចំណូលពីរផ្លូវប៉ុណ្ណោះ ទំនងជាមានលទ្ធភាពថែទាំកូន។
ទារកដ្ឋានថែទាំកុមារចំបក់ មានកុមារទើបចេះដើរតេះតោះចំនួន៩នាក់ និងបុគ្គលិក៤នាក់ដែលអាចមើលថែកុមារចំនួន២៥នាក់។
ទារកដ្ឋាននេះបើកដំណើរការរយៈពេលប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីសម្របតាមកាលវិភាគធ្វើការរបស់កម្មករ ប៉ុន្តែបើកត្រឹមម៉ោង៤:៣០រសៀលប៉ុណ្ណោះ ដែលម៉ោងបិទនេះលឿនពេកសម្រាប់ឪពុកម្តាយដែលត្រូវធ្វើការថែមម៉ោងនៅរោងចក្រ។
អ្នកស្រី សម្បត្តិ សុផល ជាអ្នកសម្របសម្រួលនៃទារកដ្ឋានថែទាំកុមារចំបក់ មានប្រសាសន៍ថា ទារកដ្ឋាននេះព្យាយាមផ្តល់អាហារូបត្ថម្ភល្អជាមួយនឹងបបរខាប់គ្រប់គ្រឿងដែលត្រូវបានចម្អិនជាពិសេស និងការបង្កើតទម្លាប់ល្អៗសម្រាប់កុមារ។
អ្នកស្រីប្រាប់ថា៖ «[លើកជាឧទាហរណ៍] ផាណែតនៅផ្ទះ ម៉ាក់គាត់បណ្ដោយឱ្យតែមើលទូរសព្ទទេ ប៉ុន្តែនៅទីនេះ យើងផ្ដាច់ទូរសព្ទគាត់ទាំងអស់ សូម្បីតែឱ្យឃើញទូរសព្ទក៏អត់មានដែរ»។


ឡោ ស្រីយ៉ាន ជាអ្នកមើលថែកុមារបានឱ្យដឹងថា ជាទូទៅ កុមារមានចរិតលក្ខណៈផ្សេងៗគ្នា ដូច្នេះហើយវាតម្រូវឱ្យពួកគេត្រូវការពេលវេលាគ្រប់គ្រាន់ទម្រាំអាចសម្របខ្លួនលេងជាមួយកុមារដទៃទៀតបាន។
អ្នកស្រីប្រាប់ថា៖ «ធម្មតាកុមារមានកុមារកាច មានកុមារស្លូត តែពួកខ្ញុំមើលពួកគាត់ គឺឱ្យគាត់លេងចូលគ្នា ហើយពួកខ្ញុំនៅចាំមើលពួកគាត់»។
អ្នកស្រីបន្តថា៖ «កុមារ គាត់អត់សូវចែកគ្នាទេ គាត់ដណ្ដើមគ្នា កុមារប្រកាន់ តែពួកខ្ញុំលួងគាត់ មើលថែ និយាយពាក្យល្អៗ ឱ្យគាត់ចេះលេងជាមួយគ្នា ចេះស្រឡាញ់គ្នា ឱ្យចេះចែករំលែក ចែកគ្នាលេង»។
ឪពុកម្ដាយនៅខេត្តកំពង់ស្ពឺ បានប្រាប់វីអូឌីថា បើទោះបីជាមានថ្លៃចំណាយលើសេវានានានៅទារកដ្ឋានថែទាំកុមារចំបក់ក៏ដោយ ក៏ទីនេះផ្ដល់ការថែទាំល្អ មានទីតាំងងាយស្រួល ហើយពួកគេបានឃើញថាសុខភាពនិងសុខុមាលភាពរបស់កុមារមានភាពប្រសើរឡើង។ ធនាគារពិភពលោក បាននិយាយថា ខ្លួនកំពុងបង្កើតទារកដ្ឋានថែទាំកុមារតាមសហគមន៍ចំនួន២២កន្លែង សម្រាប់កម្មករកាត់ដេរនៅក្នុងខេត្តចំនួនបី ក្រោមកម្មវិធីប្រាក់ជំនួយចំនួន២,៧លានដុល្លារ។
លោក ម៉ាង មាំ ជាឪពុករបស់កុមារម្នាក់អាយុ៦ខែ ដើរចូលក្នុងទារកដ្ឋានសួរសុខទុក្ខកូនស្រីរបស់គាត់។ ឪពុករូបនេះនិយាយថា ថ្លៃសេវារបស់ទារកដ្ឋានគឺ ៤៥ដុល្លារក្នុងមួយខែ គឺស្មើនឹងការចំណាយលើអ្នកជិតខាងឱ្យមកមើលថែកូនស្រីគាត់ ហើយថោកជាងជួលអ្នកមើលថែកុមារ។ ថ្លៃសេវានោះគឺសម្រាប់អាហារនិងសម្ភារផ្គត់ផ្គង់ផ្សេងៗទៀត។
លោកថា សេវាថែទាំប្រកបដោយវិជ្ជាជីវៈដែលផ្តល់ដោយបុគ្គលិករបស់ទារកដ្ឋាននេះ ធ្វើឱ្យគាត់លែងមានកង្វល់ពីសុវត្ថិភាពកូនរបស់គាត់ទៀតហើយ។
លោកប្រាប់ថា៖ «និយាយទៅ ខុសគ្នាឆ្ងាយណាស់! មើលកន្លែងនេះស្រួលជាង នៅនេះគេមើលថែទាំងកូនយើងល្អហ្មង ល្អ១០០%ហ្មង! ទាំងមើល ទាំងថែ និយាយទៅជំនួសដៃជំនួសជើងខ្ញុំច្រើន។ តាំងពីដាក់កន្លែងនេះមក មានអារម្មណ៍ថាមើល មើលថែទាំស្រួលហ្មង»។
ចំណែកឪពុកម្តាយផ្សេងទៀតក៏មើលឃើញស្រដៀងនឹងលោក ម៉ាង មាំ ដែរ។

អ្នកស្រី ភី សុខនឿន ដែលកំពុងដើរយ៉ាងប្រញាប់ចូលទៅក្នុងទារកដ្ឋាន ព្រោះគាត់បានមកកៀកនឹងម៉ោងចូលធ្វើការ ដើម្បីជួបកូនស្រីរបស់គាត់អាយុ៣ខែ។
ក្នុងបទសម្ភាសន៍ខ្លីមួយ គាត់បាននិយាយថា ពីមុនមានយាយជាអ្នកមើលថែកូនរបស់គាត់ ប៉ុន្តែក្នុងរដូវច្រូតកាត់ យាយត្រូវធ្វើស្រែ ហើយមិនអាចមើលថែកូនបានទេ។
គាត់សប្បាយចិត្តចំពោះទារកដ្ឋានថែទាំកុមារនេះ ប៉ុន្តែគាត់ចង់ឱ្យបិទរាងយឺតបន្តិច ដើម្បីគាត់អាចធ្វើការថែមម៉ោងនៅក្នុងរោងចក្រ។ គាត់និយាយបណ្តើរប្រញាប់ចេញពីទារកដ្ឋានបណ្ដើរ។
អ្នកស្រី អ៊ឹម ស៊ីណា អ្នកគ្រប់គ្រងនៅទារកដ្ឋាននេះ និយាយថា ការទទួលថែទាំកុមារ ភាគច្រើនមានភាពវិជ្ជមាន ប៉ុន្តែមានឪពុកម្តាយមួយចំនួនមិនបានប្រើប្រាស់សេវានេះ ដោយសារតែទារកដ្ឋានបិទលឿនពេក។
អ្នកស្រីប្រាប់ថា៖ «តាំងពីបើកកន្លែងនេះមកបានរយៈពេលបីខែ ម្ដាយឪពុកកុមារគឺតែងតែលួចសរសើរ អត់សូវមានអ្នកខឹង ឬថាឱ្យទេ គឺមានតែសរសើរថាកន្លែងខ្ញុំហ្នឹងល្អ ទទួលកុមារបានល្អ ចង់យកមកដាក់ ភាគច្រើនចង់គឺយកមកដាក់ ប៉ុន្តែខាងខ្ញុំទទួលអត់បាន ដោយសារគាត់សំណូមពរត្រឹមម៉ោង៦ ហើយពួកខ្ញុំចេញតែម៉ោង៤កន្លះ[រសៀល]។ ប្រសិនបើពួកខ្ញុំធ្វើដល់ម៉ោង៦[ល្ងាច] ទទួលពួកគេ គឺក្មេងយកមកដាក់ច្រើន អ៊ីចឹងប៉ះពាល់នឹងរឿងម៉ោង»។
ត្រលប់មកនិយាយពីអ្នកស្រី ភី កក្កដា ម្តាយមួយរូបមកពីរោងចក្រ ហ៊ុយយ័ន វិញ។ អ្នកស្រីនិយាយថា អស់ក្តីបារម្ភ ដោយកូនទាំងពីររបស់គាត់ស្ថិតក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព ដែលគាត់អាចធ្វើការនៅរោងចក្រដោយមិនចាំបាច់បារម្ភពីកូន។
អ្នកស្រីថា៖ «ពីមុន ខ្ញុំជួលគេមើលនៅផ្ទះ មើលហើយក៏មិនមានទំនុកចិត្តថារបស់របរនៅផ្ទះហ្នឹង វាកក់ក្តៅ វាអត់បាត់! បើកប្រាក់ខែមកឱ្យគេជួល គេអស់លុយហើយ បើកលុយឱ្យគេ ហើយបាត់លុយខ្ញុំទៀត»
គាត់និយាយប្រាប់បន្តទាំងទឹកភ្នែកថា៖ «បន្ទាប់ពីដាក់កូននៅទីនេះរយៈពេល២ខែ មានអ្នកមើលថែក្មេង មានពេលរកលុយ! មានមណ្ឌលនេះ ខ្ញុំមានសង្ឃឹមណាស់ បងមានពេលរកលុយបានច្រើន»៕