ក្រសួងសុខាភិបាល​ណែនាំ​ពី​វិធានការ​ការពារ​ក្នុង​គ្រា​មាន​ទឹកជំនន់​ដល់​ពលរដ្ឋ

ស្ថានភាពជំនន់ទឹកភ្លៀងលិចដល់ផ្ទះប្រជាពលរដ្ឋក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោយមានភ្លៀងធ្លាក់យ៉ាងគំហុកជាប់ៗគ្នាអំឡុងពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២២។ (ហ្វេសប៊ុកអភិបាលស្រុកបន្ទាយស្រី)

ក្រសួងសុខាភិបាលណែនាំដល់ប្រជាពលរដ្ឋពីវិធានការមួយចំនួនក្នុងការត្រៀមនិងឆ្លើយតបនៅ​ពេល​មាន​គ្រោះ​​​ទឹកជំនន់​ ខណៈការប្រែប្រួលអាកាសធាតុបានបង្កឱ្យកើតមាន​ជាញឹកញាប់នូវគ្រោះធម្មជាតិ ដូចជា ខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ជាដើម។

សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល ចុះថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ បានលើកឡើងថា ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យ​មានការផ្លាស់ប្តូររដូវកាល និងបង្កឱ្យ​កើតមានជាញឹកញាប់​នូវ​គ្រោះធម្ម​ជាតិ រលកកម្តៅ ផ្គររន្ទះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ជាដើម ដែលគ្រោះ​មហន្ត​រាយ​ទាំងនោះបានបង្កឱ្យ​ខូចខាតហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បតិ្ត លំនៅ និងប៉ះពាល់ដល់​សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ក្រសួង​បន្តថា ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមា​នូវ​ផលប៉ះពាល់​សុខភាព អាយុជីវិតជនរងគ្រោះ និង​មូលដ្ឋាន​សុខាភិបាលពីគ្រោះធម្មជាតិ ជាពិសេស​គ្រោះទឹកជំនន់ដែលអាចកើតមាននាពេលខាង​មុខ ក្រសួង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ត្រូវ​ចួលរួម​អនុវត្តវិធានការ​មួយចំនួនសម្រាប់មុនពេល​ទឹក​ជំនន់ អំឡុងពេល​ទឹកជំនន់ និងក្រោយពេលទឹកជំនន់។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា នៅមុនពេលមានទឹកជំនន់ ប្រជាពលរដ្ឋត្រូវតាមដានពីស្ថានភាពទឹក​ជំនន់​ឱ្យបានទៀងទាត់ ក្នុងនោះ ត្រូវត្រៀមរកទីទួលដែលមានសុវត្ថិភាព ក៏ដូចជាការបម្រុងទុក​នូវស្បៀង​អាហារ ជាពិសេសត្រូវធ្វើរបងព័ទ្ធជុំវិញ​ស្រះ និងសាងសង់​បង្គន់ឱ្យបានខ្ពស់ ដើម្បីការពារទឹកជំនន់។

នៅអំឡុងពេលមានទឹកជំនន់ ក្រសួង​បានណែនាំ​ដល់​ប្រជាពលរដ្ឋមិន​ត្រូវ​ចូលទៅក្នុងផ្ទះចាស់ឬអាគារ​ទ្រុឌទ្រោម​ដែលអាចបាក់ស្រុត​បង្កឱ្យមានគ្រោះថ្នាក់​ ត្រូវ​សម្រាកក្នុងមុង ត្រូវ​ធ្វើអនាម័យខ្លួនប្រាណជាប្រចាំ និង​​មិន​ត្រូវប៉ះពាល់​គ្រឿង​ប្រើប្រាស់​អគ្គិសនី​ដោយ​ដៃ​សើមឬកំពុងឈរនៅក្នុងទឹកឡើយ។ ក្រៅពីនោះ ក្រសួង​ក៏បានណែនាំ​ឱ្យ​តាមដានសុខភាពសម្រាប់ស្ត្រីមានផ្ទៃពោះ នាំកុមារទៅចាក់ថ្នាំបង្ការ និងផ្តល់​អាហារ​ដល់ពួកគេឱ្យបានគ្រប់គ្រាន់ និង​ត្រូវប្រុងប្រយ័ត្ន​ចំពោះកុមារី និងក្មេងស្រី នៅទីទួល​សុវត្ថិ​ភាព​ ក្រែងលោមានអំពើហិង្សា​ផ្លូវភេទ រួមនឹងវិធានការ​មួយចំនួនទៀត។

ដោយឡែក ក្រោយ​ពេលទឹកជំនន់ ក្រសួង​ណែនាំ​ឱ្យ​បន្ត​បរិភោគ​ចំណីអាហារ​ស្អាត​ ទឹកស្អាត អនាម័យ​ខ្លួន​ប្រាណ និងត្រូវបន្តសម្រាកក្នុងមុង ដើម្បីការពារជំងឺគ្រុនឈាម និងជំងឺផ្សេងៗ ព្រមទាំង​ត្រូវពិនិត្យ​មើល​​ផ្ទះ​ក្រែង​​មានបាក់ស្រុត​នាំឱ្យ​មានគ្រោះថ្នាក់ ​ជាដើម។​

ក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ប្រសិន​បើ​មានបញ្ហាសុខភាព ទាំង​មុន​ពេល ក្នុងពេល និង​ក្រោយ​ពេលទឹកជំនន់ ត្រូវ​ស្វែងរកការពិគ្រោះពិនិត្យ និង​ព្យាបាលជំងឺ​ជាបន្ទាន់ នៅប៉ុស្តិ៍សុខភាព​ក្បែរ​ទីទួលសុវត្ថិភាព ឬមណ្ឌលសុខភាព ឬមន្ទីរ​ពេទ្យដែលនៅជិត​បំផុត​។

ក្រៅពីនោះ ក្រសួង​ក៏បានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវត្រៀម​លក្ខណៈរួចជាស្រេច​នូវឱសថ បរិក្ខារពេទ្យ សេរ៉ូម​ប្រឆាំងពិសពស់ សម្រាប់ជួយអន្តរាគមន៍ ព្រមទាំងត្រូវត្រៀម​ក្រុមគ្រូ​ពេទ្យ​ចល័ត​ ដើម្បី​ជួយ​ពិនិត្យ​ព្យាបាលជំងឺជូនប្រជាពលរដ្ឋ​ដែលរង​គ្រោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ