ក្រសួង​ប្រាប់​អាជ្ញាធរ​ខេត្តជាប់ព្រំដែន​ធ្វើ​តេស្ត​រហ័ស​កូវីដ-១៩ ដោយ​ពុំ​យក​ប្រាក់​លើ​ពលករខ្មែរ​ដែល​ចូល​មក​កម្ពុជា

ពលករចំណាកស្រុកកម្ពុជាវិលត្រលប់មកពីប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ ច្រកទ្វារព្រំដែនអន្តរជាតិ អូរស្មាច់)

ក្រសួងសុខាភិបាលណែនាំ​ដល់​អាជ្ញាធរខេត្ត​ជាប់ព្រំដែនគោក និងព្រំដែន​ទឹក​ជាមួយ​​ប្រទេសថៃ ឡាវ និងវៀតណាម ពង្រឹង​​វិធានការទប់ស្កាត់​​កូវីដ-១៩ ទៅលើព​លករ​ដែលមិនបាន​ចាក់ ឬចាក់វ៉ាក់សាំងដូសមូលដ្ឋាន​មិនទាន់បានពេញលេញ ដោយ​តម្រូវឱ្យមានការ​​ធ្វើតេស្តរហ័ស​ដោយ​​ពុំបង់​ប្រាក់។​

សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឱ្យដឹងថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ មណ្ឌលចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែន ត្រូវបានបិទដំណើរការ ក្រោយ​ពី​មាន​ការ​កែសម្រួលលក្ខខណ្ឌមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេស​ដែល​ពុំទា​ន់​បាន​ចាក់ ឬ​បាន​ចាក់វ៉ាក់សាំងកូវីដ-១៩​​ដូសមូលដ្ឋានមិនទាន់ពេញលេញ​។

ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ប្រភេទថ្មីៗនាំចូលពី​បរទេស​ ក្រសួង​បាន​ណែនាំ​ដល់​អាជ្ញាធរខេត្តជាប់ព្រំដែន​ អនុវត្តវិធានការ​សុខាភិបាល​ចំពោះអ្នកដំណើរ​ជាប្រជាជន​ឬពលករខ្មែរដែលចូលមកកម្ពុជា តាម​ច្រកព្រំដែនគោក និងព្រំដែនទឹកនៃប្រទេស​ថៃ ឡាវ និងវៀតណាម ដែលមិនទាន់បានចាក់ ឬចាក់មិនគ្រប់ដូសមូលដ្ឋាន ដោយ​តម្រូវ​ឱ្យ​ធ្វើតេស្តរហ័ស​ដោយពុំបង់ប្រាក់។

ក្រសួងសុខាភិបាលបន្តថា ក្នុងករណីទទួលលទ្ធផលវិជ្ជមាន ហើយ​ប្រសិនបើគ្មានរោគសញ្ញា ឬជាករណីស្រាល ត្រូវបានអនុញ្ញាតឱ្យសម្រាកនៅតាមផ្ទះ​សម្រាប់អ្នកមានលំនៅឋាន​សមរម្យ ឬ​ត្រូវបានព្យាបាលនៅសណ្ឋាគារ ឬផ្ទះសំណាក់ បើសាម៉ីជន​មានលទ្ធភាព និង​បំណង ដោយ​មាន​ការ​ឯកភាព​ពី​អាជ្ញាធរមូលដ្ឋាន ហើយរាល់ការចំណាយ​ជាបន្ទុករបស់បុគ្គលសាម៉ី និង​​ត្រូវអនុវត្តនូវវិធានការ «៣កុំ ៣ការពារ» ព្រមទាំងតាមដានសុខភាពឱ្យបានខ្ជាប់ខ្ជួន ស្របតាម​នីតិវិធីប្រតិបត្តិស្ដង់ដារសម្រាប់គ្រប់គ្រង​ ថែទាំ និងព្យបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។

មួយវិញទៀត ក្រសួងថា​ ប្រសិនជាមានរោគសញ្ញាធ្ងន់ធ្ងរ អាជ្ញាធរសុខាភិបាលត្រូវដាក់អ្នកជំងឺកូវីដ-១៩ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោមការតាមដានយ៉ាងហ្មត់ចត់ពីសំណាក់គ្រូពេទ្យ។

បើតាមរបាយការណ៍ប្រចាំថ្ងៃរបស់​ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ​នេះ កម្ពុជា​បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៦ ៤០៧នាក់ ក្នុងនោះជាសះស្បើយ ១៣៣​ ២៦៧នាក់ និងស្លាប់ចំនួន ៣ ០៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ