អ្នកឃ្លាំមើល​យល់ថា ការ​កែ​រដ្ឋធម្មនុញ្ញ​លើកទី១០នេះ​ខាត​ប្រយោជន៍​រួម​របស់​ជាតិ

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងក្នុងសន្និសីទសារព័ត៌មានដើម្បីបង្ហាញអំពីគោលបំណង និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដែលជាសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា លើកទី១០ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

​​អ្ន​​ក​ឃ្លាំ​​មើ​​ល​មួយ​​ចំ​នួន​យ​​ល់ឃើញ​ថា ​​​កា​រដែលរដ្ឋាភិបាល​​កែរ​ដ្ឋ​ធម្មនុញ្ញលើកទី១០​​នេះ ​​បម្រើឱ្យផលប្រ​យោ​​​​ជន៍នយោបាយរបស់បក្សកាន់អំណាច តែរារាំងដល់យន្តការជំរុ​ញ​ប្រសិទ្ធភាពការអនុវត្តច្បាប់ ដែលនឹង​ប​ង្កឱ្យ​​ខាតបង់ផលប្រយោជន៍​​ជាតិ។​

​​ការ​បង្ហាញ​ទស្សនៈ​នេះកើ​តឡើង​​ក្រោ​យពីរ​​ដ្ឋម​​ន្ត្រីក្រ​​សួង​យុត្តិធ​​ម៌​ លោក​ កើ​​ត ​រិទ្ធ​ ថ្លែ​​ងក្នុ​ង​ស​​​ន្និ​​សី​​​​​ទសា​​​រ​ព័​ត៌​​​មាន​​​​កាល​ពី​ម្សិ​​ល​​មិញ​​ថា ​​សេ​ចក្តីព្រាង​ច្បាប់ធ​ម្មនុ​ញ្ញ ​ស្តី​ពី​វិ​​​សោ​ធនកម្មលើ​ក​ទី១​០នេះ ​​មាន​បំណ​ងដូ​ចកា​រស្នើ​កែ៩​លើកកន្លងទៅដែរ គឺជាការ​​បំពេញភា​ពខ្វះចន្លោះនៃរដ្ឋធ​ម្មនុញ្ញដើម​ ដើម្បីឱ្យស្ថា​ប័នកំ​ពូល​រប​​ស់​​​​ជា​តិដំ​​​ណើ​រការទៅដោយ​រលូន ធានាស្ថិរភាព​នយោបា​យ ​និង​កា​រពា​រ​ប្រយោជ​ន៍ជា​តិ​។

​​​នាយក​​​គ្រប់គ្រងទូ​​ទៅអង្គ​កា​រលីកាដូ​ លោក​ អំ​ សំអាត​ មានប្រសាសន៍ថា ​បើគេ​មើល​ទៅលើការ​រិះគ​ន់មួយ​ចំនួ​ន កា​រ​ធ្វើវិសោធនក​ម្មរ​ដ្ឋធ​ម្មនុញ្ញពេល​​​នេះបាន​​ផ្តល់ផ​លប្រយោជន៍នយោបាយច្រើនជាងប្រយោជន៍រួមរបស់ជាតិ ដោយសារតែការកែច្បាប់កំពូលនេះធ្វើឱ្យសំឡេងភាគតិចអាចបាត់ឱកាសប្រើយន្តការសភា ដើម្បីជំរុញប្រ​សិទ្ធភាពអនុវត្តច្បាប់ បើពួកគេមិនមានសំឡេងគ្រប់គ្រាន់តាមច្បាប់ថ្មីដែលបានតម្រូវនោះ។

លោកថា៖ «បើយើងនិយាយពីលទ្ធិប្រជាធិបតេយ្យ មិនមែនថាសំឡេងភាគតិចត្រូវបានបដិសេធមិនគោរពនោះទេ អាហ្នឹងវាប៉ះពាល់ការគោរពសំឡេងភាគតិចផងដែរ»។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ មើលឃើញថា​​ ជម្រើ​សនេះជាវិធា​នការពង្រឹងឥទ្ធិពលបក្សកាន់អំណាចទៅថ្ងៃអនាគត ព្រោះបានទប់ស្កាត់យន្តការសួរដេញដោលពីសំឡេងភាគតិច។ ក៏ប៉ុន្តែលោកថា វិធាននេះមិនបានជំរុញដំណោះស្រាយបញ្ហាសង្គមជាច្រើនដែលកំពុងអូសបន្លាយរហូតបច្ចុប្បន្ននេះទេ។

លោកថា៖ «ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះ ហាក់បានបង្ហាញពីការភ័យខ្លាចមួយចំនួនដែរសម្រា​ប់​គណបក្សកាន់អំណាចសព្វថ្ងៃ [ភ័យខ្លាចរឿងអី?] ភ័យខ្លាចនៅត្រង់ថា នឹងមានការធ្វើញត្តិស្ដីបន្ទោស ឬក៏លើ​​កចំៗអំពីកំហុសឆ្គងរបស់គណៈរដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីនៅក្រសួងនីមួយៗដែលពួកគាត់កំពុងធ្វើ»។

យ៉ាងណា លោកគិតថា វិធាននេះអាចជាឱកាសរបស់គណបក្សក្រៅ​​​រដ្ឋាភិបាលដែរ ក្នុងការយកបញ្ហានេះទៅធ្វើជាប្រ​ធានបទ ​ដើម្បីទាក់ទាញសំ​ឡេង​ឆ្នោត​នៅថ្ងៃឃោ​​សនាបោះឆ្នោត ​បើពួកគេមានសមត្ថភាព។

ផ្ទុយពីនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ លោ​ក កើត រិទ្ធ ​​​បក​ស្រាយក្នុងសន្និសីទសារព័ត៌មា​នកាល​ពីម្សិលមិញ​​ថា ការ​​ធ្វើវិសោធនកម្មលើកទី១០នេះ ក៏ដូច៩លើកកន្លងទៅដែរ គឺជាការបំពេញការខ្វះចន្លោះរដ្ឋធម្មនុញ្ញដើ​ម ​និ​ងបង្ការភាពជាប់គាំងស្ថាប័នកំពូលរបស់ជាតិក្រោយការបោះឆ្នោត ដើម្បីការពារផលប្រយោជន៍រួម ។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងក្នុងសន្និសីទសារព័ត៌មានដើម្បីបង្ហាញអំពីគោលបំណង និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដែលជាសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា លើកទី១០ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងក្នុងសន្និសីទសារព័ត៌មានដើម្បីបង្ហាញអំពីគោលបំណង និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដែលជាសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា លើកទី១០ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោកថា៖ «ប្រសិនការជាប់គាំងនេះបានកើតមាន តើនឹងមានអ្វីកើតឡើងសម្រាប់ប្រទេសជាតិរបស់យើ​ង? គឺប្រាកដណាស់ កាលណាមានការជាប់គាំង វាអាចក្នុងស្ថានភាពមួយចំនួន វានឹងបង្កើតឱ្យមានភាពច្រ​​បូ​កច្របល់ដែលឈានទៅដល់ហានិភ័យមួយ គឺអស្ថិរភាពនយោបាយ»។

កម្ពុជាគ្រោងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខ ដែលរដ្ឋាភិបា​លធ្លា​​ប់អះអាងថា ក្រោយការបោះឆ្នោតក្បាលម៉ាស៊ីនសភានឹងមានសមាជិកសភាចម្រុះបក្សឡើងវិញ ក្រោ​​យពីគណបក្សភ្លើងទៀនបានចេញដំណើរទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់រួចមក។

​អ​តីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង ដែល​បច្ចុប្បន្ន​ជាអនុប្រធាន​បណ្ដោះអាស​ន្នគណប​ក្សកែទម្រ​ង់ក​ម្ពុជា ​លោ​ក អ៊ូ​ ច័​ន្ទរ័​ត្ន ​គិត​​ថា ការកែរដ្ឋធម្មនុញ្ញពេលនេះ ជាការកាត់បន្ថយអំណាចសំឡេងភាគតិចក្នុងសភា ដើម្បីការពារខ្លួនទុកមុនរបស់គណបក្សកាន់អំណាច ខណៈលោកមើលឃើញថា ស្ថានការណ៍នយោបាយប​​ច្ចុប្បន្ន មិនអំណោយផលដល់បក្សក្រៅរដ្ឋាភិបាល ដើម្បីបានប្រើប្រាស់យន្តការនេះទេ ដែលការណ៍នេះ លោកថា អ្វីដែលខាតគឺប្រយោជន៍ប្រជាធិបតេយ្យ។

លោកថា៖ «ដូច្នេះ កាលណារឹតត្បិតកាន់តែខ្លាំង អាសេរីភាពហ្នឹងវាបាត់កាន់តែច្រើនហើយ វាបាត់ផលប្រយោជន៍ជាតិ វាបានផលប្រយោជន៍ក្រុម[បក្ស]»។

​​​បើតាមសេ​ចក្តី​ព្រាងស្នើធ្វើវិ​សោធ​នកម្ម​រដ្ឋ​ធ​ម្មនុញ្ញលើ​កទី​១០ រដ្ឋាភិបាលបានស្នើកែ៨មាត្រា ក្នុងនោះរួមមានមាត្រា៨៩ និង៩៨ ផងដែរ ។

មាត្រា៨៩ថ្មី សរសេរថា តាមការសុំពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ឬស្នើ១៣នាក់ក្នុងចំណោមស​មា​ជិកសភាសរុប១២៥ រដ្ឋសភាអាចអញ្ជើញសមាជិករាជរដ្ឋាភិបាលមួយរូបឬច្រើនរូប អមដោយឥស្សរជនជាអ្នកជំនាញក្នុងវិស័យណាមួយ មកបំភ្លឺរដ្ឋសភាអំពីបញ្ហាដែលមានសារៈសំខាន់ពិសេស។

ចំណែកមានត្រា៩៨ថ្មីមួយ សរសេរថា រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រាជរដ្ឋាភិបាលពី​តំ​ណែង ដោយអនុម័តញត្តិបន្ទោស តាមសំឡេងឆ្នោតភាគច្រើនដាច់ខាត (៥០+១ ឬស្មើ ៦៣រូប) នៃចំ​នួនសមាជិករដ្ឋសភាទាំងអស់។

ក្នុងករណីដែលរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីមុខតំណែងដោយរដ្ឋសភា រាជរដ្ឋាភិបាលដែលត្រូវចេញពីមុខតំណែងនេះមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់មានរាជរដ្ឋាភិបាលថ្មីចូលកាន់តំណែង។

ញត្តិបន្ទោសរាជរដ្ឋាភិបាលត្រូវលើកឡើងជូនរដ្ឋសភាដោយតំណាងរាស្ត្រចំនួនមួយភាគបី ឬស្មើ៤២រូប នៃចំនួនសមាជិករដ្ឋសភាទាំងមូល ទើបរដ្ឋសភាអាចលើកមកពិភាក្សាបាន ខណៈមាត្រាចាស់តម្រូវតែសមាជិកសភា៣០រូបប៉ុណ្ណោះអាចធ្វើញត្តិបន្ទោសនេះបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ