លោក សុន ឆ័យ ស្នើ​ឱ្យ​តុលាការ​តម្កល់​បទចោទ​ប្រឆាំង​រូបលោក​ទុក​អត់ចាត់ការ

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន​ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយសវនាការសំណុំរឿងពាក់ព័ន្ធនឹងការបោះឆ្នោតឃុំសង្កាត់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អនុ​ប្រធាន​​គណបក្សភ្លើងទៀន បញ្ជាក់​ពី​ភាព​រឹង​មាំផ្នែ​ក​ផ្លូវ​ច្បាប់នៅចំពោះមុខព្រះរាជអាជ្ញារង ក្នុង​​ពេល​ដែលខ្លួនបានចូលបំភ្លឺពាក់ព័ន្ធនឹងបណ្ដឹងរបស់​គណបក្សប្រជាជនកម្ពុជា ដែលប្ដឹងរូបលោ​​ក​ពី​​បទ «បរិហារកេរ្តិ៍ជាសាធារណៈ» បន្ទាប់ពីអ្នកនយោបាយចាស់វស្សារូបនេះរិះគន់រឿងភាព​​មិនប្រ​ក្រតីនៃការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថា​មាន​​​បញ្ហា​​មិន​​អាច​​ជឿ​​ទុក​​ចិត្ត​​​បាន។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយ​ចេញពីបន្ទប់សាកសួរ នៅថ្ងៃសុក្រនេះ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន​ ឱ្យដឹងថា ព្រះ​រាជអាជ្ញារង លោក ប្លង់ សុផល បាន​សួរ​នាំ​ច្រើន​ពី​អង្គ​ហេតុ​ដែល​ចោទប្រកាន់លោកថា និយាយបំផ្លើសខុសពីការពិតអំពីដំណើរ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់។

ជាការឆ្លើយតប​​​ចំ​​ពោះការតាំងសំណួរនេះ ក្នុងនាម​ជា​អ្នក​នយោបាយ​ដែល​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ លោក​លើក​ឡើង​​ថា អ្វីដែលលោករិះគន់​អំពីដំណើរការបោះឆ្នោតដែលមិនអាចជឿ​​ទុក​ចិត្ត​បាន​នេះ គឺ​លោក​​មាន​​​ភស្តុ​តាង​​គ្រប់គ្រាន់​​ក្នុងការដោះបន្ទុក។ ជាងនេះទៀត លោក សុន ឆ័យ ថាលោក​បាន​ជម្រាប​​​តុលា​​ការ​​​ថា សារនយោបាយ​​របស់លោកមិន​មែនជាការមួលបង្កាច់ ឬមាន​ចេតនា​អាក្រក់​ណា​មួយដែ​ល​​​ខុសពីការពិតនោះទេ ហើយ​​ការមើលឃើញពីភាពឆ្គាំឆ្គង និង​ការ​រៀបចំ​មិន​បានល្អរបស់ស្ថាប័នជាតិ​រៀ​ប​​​ចំការបោះឆ្នោត គឺលោកទទួលបានរបាយការណ៍ត្រឹមត្រូវពីភាពមិនប្រក្រតីទាំងនោះ នៅ​​អំ​​ឡុង​​ពេល​នៃការបោះឆ្នោតឃុំសង្កាត់នេះ។

លោកបន្តថា៖ «ដូចគ្នានឹង គ.ជ.ប ដែរ ខ្ញុំបានបញ្ជាក់ហើយថា ​ខ្ញុំមានសម្អាង​! មានសម្អាង​​​ទាំង​​សេ​ច​​ក្តីថ្លែង​ការណ៍​របស់​គណបក្ស​ភ្លើង​ទៀន ​ដែល​បាន​ទទួល​ព័ត៌​មាន​ពី​សកម្មជន​របស់​យើង​នៅ​តាម​ខេត្ត ក្រុង និងរាជធានី ដែលបានផ្ញើមកយើងអំពីភាពមិនប្រក្រតី។ ភាពមិនប្រក្រតីនេះ តាំង​ពី​ថ្ងៃ​​​​ចុះ​​​បញ្ជី​បោះឆ្នោត ទាំងថ្ងៃការងាររបស់យើងនៅមូលដ្ឋានដែល​ទទួលរង​​ការបំភិតបំភ័យ ​​ហើយ​​​យើង​​ទទួលបានព័ត៌មានតាំងពីការទិញសន្លឹកឆ្នោតពីសកម្មភាព​រំខាន​ដល់​ការ​ងារ​របស់​យើង ទាំង​​ការ​លើកផ្លាក និងការជួបជុំ ហើយជា​មួយការដាក់បញ្ជី​អ្នកសង្កេតការណ៍​យើងនៅ​​ថ្ងៃ​បោះ​​ឆ្នោត។ ដូច្នេះ វាមានហេតុការណ៍របស់យើងជាហូរហែមក។ ​របាយការណ៍របស់​​គណបក្ស​ភ្លើង​​ទៀន ក៏ដូចជារបាយការណ៍របស់គណបក្សនយោបាយផ្សេងៗ មានភាពមិនខុសគ្នាទេ រួម​ទាំង​​​របាយការណ៍របស់សង្គមស៊ីវិលផង »។

លោក សុន ឆ័យ បន្តថា ក្នុង​ពេលសាកសួរ​​ លោក​បាន​ស្នើសុំឱ្យតុលាការតម្កល់រឿង​ក្តី​​នេះ​ទុក​ឥត​ចាត់​ការ ប៉ុន្តែការសម្រេច​​បន្តនីតិវិធី ឬទម្លាក់ចោល​សំណុំរឿងនេះ គឺ​អាស្រ័យលើសេចក្តីសម្រេចចិត្តរបស់​​តុលា​​កា​​រ​​ប៉ុណ្ណោះ។

វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះពីព្រះរាជអាជ្ញារង​នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ដែលកាន់សំណុំរឿងនេះ​បានទេ។

ប៉ុន្តែលោក ប្លង់ សុផល បាន​ប្រាប់​វី​អូ​​ឌី​កាលពីថ្ងៃទី​​១២ ខែកក្កដា​ ថានៅចំពោះមុខ​​នេះ តុលា​​ការ​កំ​ពុ​ង​​​​​ស្តាប់​ចម្លើយ​ដោះ​បន្ទុក​​របស់​ជនសង្ស័យនៅឡើយ ហើយក៏កំពុងពិនិត្យលើភស្តុតាងដែល​​​មេ​ធា​វី​ការ​ពារ​សិទ្ធិ​ឱ្យ​លោក សុន ឆ័យ ដាក់មកតុលាការដែរ។

លើសពីនេះទៅទៀត ការស​ម្រេច​​បែប​​ណានោះ លោកថា ​តុលាការនៅមិនទាន់ដឹងនៅឡើយទេ ព្រោះ​តំណាងអយ្យការត្រូវការពេល​​វេលាមួយ​​សមស្រប ដើម្បីពិនិត្យនិងវាយ​តម្លៃ​លើ​ឯកសារ​ទាំង​អស់​របស់ដើមបណ្តឹងនិងរបស់ជនសង្ស័យ ដើម្បី​ឈានទៅរកការសម្រេចមួយតាមច្បាប់។

បក្សប្រជាជនកម្ពុជា តាមរយៈមេធាវី លោក គី តិច បានដាក់ពាក្យបណ្ដឹង​ទៅកាន់តុលាការ​ ប្រ​​ឆាំង​នឹង​លោក សុន ឆ័យ ដោយ​ចោទពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ»។ ក្នុងពាក្យបណ្ដឹងនោះ លោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា​ផង​ បានទាមទារសំណងជំងឺចិត្តពីលោក សុន ឆ័យ ចំនួន១លាន​ដុល្លារអាមេរិក។ បណ្តឹងព្រហ្មទណ្ឌប្រឆាំងលោក សុន ឆ័យ ពីសំណាក់គណបក្សប្រជាជនកម្ពុជានេះ ធ្វើឡើងមុនមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី គ.ជ.ប បាន​ប្តឹងក្នុងបទចោទដូចគ្នានេះដែរ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ ជុំវិញបណ្តឹងរបស់ គ.ជ.ប នេះ លោក សុន ឆ័យ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញរួចហើយ កាលពីថ្ងៃទី១២ ខែកក្កដា។

តាមរយៈបណ្តឹងទាំងពីរនេះ លោក សុន ឆ័យ អះអាង​កាលពីថ្ងៃទី១២ ខែកក្កដា​ ថាលោកពិត​​ជា​មិន​​​មាន​លទ្ធភាពសងជំងឺចិត្តទៅ​គណបក្សកាន់អំណាច ក្នុងទំហំទឹកប្រាក់ដ៏ច្រើន​​បែប​​នេះ​​ទេ​។​ លោក​បន្តថា ប្រសិនបើតុលាការរកឃើញថា សិទ្ធិបញ្ចេញមតិរបស់លោកស្ថិតក្រោមទោស​​​ព្រហ្ម​ទណ្ឌ​​ទៅវិញនោះ រូបលោកក៏ព្រមទទួលយកការសម្រេចចិត្តរបស់តុលាការពីការបង្គាប់ក្នុង​​ចំ​​នួន​​ទឹក​​ប្រាក់ដ៏ច្រើនបែបនេះ។

ចំណែកលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលដឹកនាំក្រុមការងារ​ចុះ​ទៅ​ឃ្លាំ​មើល និង​លើក​ទឹក​ចិត្ត​ការចូលបំភ្លឺរបស់លោក សុន ឆ័យ នៅព្រឹកថ្ងៃសុក្រនេះ យល់​ឃើញ​ថា ក្នុង​នាម​គណបក្សក្រៅរដ្ឋាភិបាល ពិតជាពិបាកទទួល​​យកនូវការ​​ប្តឹងផ្តល់​​នេះ​ណាស់។ លោក​បន្ត​ថា រឿងរ៉ាវនេះកំពុងតែកើតឡើង​នៅក្នុងដំណាក់​កាល​នៃ​​កា​រ​ដោះ​​ស្រាយរបស់ស្ថាប័ន​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​នៅ​ឡើយ ហេតុនេះសាម៉ីគណបក្ស​​ដែល​​ជា​ដើម​​​បណ្តឹង គួរប្តឹងបញ្ហានេះទៅ ​គ.ជ.ប ដោះ​ស្រាយ​វិញ ទើបជារឿងសមហេតុផល។

បើតាមលោក យ៉េង វីរៈ ប្រសិនបើគ្រប់ករណីដែលកើតឡើង​នៅក្នុងរង្វង់នៃការបោះឆ្នោត តែ​​បែ​​រ​ជា​ត្រូវ​ប្តឹង​ចោទ​ពី​ទោស​ព្រហ្មទណ្ឌទៅវិញ នេះជាការបង្កើតឱ្យមានភាពតានតឹង​ខាងនយោបាយ និងភាពច្របូកច្របល់កាន់តែខ្លាំងសម្រាប់ដំណើរការបោះឆ្នោត​ទៅមុខទៀត។

លោកបន្តថា៖ «សម្រាប់​យើង​ជា​គណបក្ស​នយោបាយ​មួយ​ដែល​ចូល​រួម​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​​ដែរ​ ទៅមុខទៀតហ្នឹង គឺយើងយល់ថាជារឿងមិនគួរកើតមាន​។ រឿងនេះកើតឡើង​ក្នុងពេល​​បោះ​​​ឆ្នោត ហើយមែនទែនទៅ ការថ្លែងទាំងអស់ហ្នឹង​ សូម្បីតែពាក្យបណ្តឹង ធ្វើឡើងក្នុងដំ​​ណាក់​​កាល​​ដែល គ.ជ.ប អត់ទាន់ប្រកាសលទ្ធផលជាផ្លូវការនៅឡើយទេ។ គ.ជ.ប កំពុងធ្វើសវនាការស​​ម្រេ​​​​ច​សេចក្តីទៅលើលទ្ធផលផ្លូវការនៅឡើយទេ វាមិនទាន់ចប់នីតិវិធីផងហ្នឹង»។

សម្រាប់មេធាវីការពារសិទ្ធិឱ្យលោក សុន ឆ័យ គឺលោក ជូង ជូងី បានផ្តល់បទ​​​សម្ភាសន៍​​ឱ្យអ្នក​​សា​រ​​​ព័ត៌មាន មុនលោកចូលអមជាមួយ​លោក សុន ឆ័យ នៅព្រឹកថ្ងៃសុក្រនេះ ថាបើពិនិត្យលើ​​បណ្តឹង​​នេះកាន់តែមិនសមទៅទៀត ក្នុងពេលដែលម្ចាស់បណ្តឹងមានឥទ្ធិពលខាងនយោបាយលើស​​លុប​ មកប្តឹងបក្សនយោបាយដែលមិនមានអ្វីសោះ។ លោក​​នៅតែចាត់ទុកថា បណ្តឹង​នេះធ្វើ​ឡើង​ក្រោម​​​ហេតុ​​​ផល​​​នយោ​​បាយជាជាងការអនុវត្តទៅតាមនីតិវិធីច្បាប់។

លោកបន្តថា៖ «រឿងនេះសម្រាប់ខ្ញុំមើលឃើញ គឺជារឿងនយោបាយ ពីព្រោះថា ជជែកពាក់ព័ន្ធនឹង​ការបោះឆ្នោត គឺជា​​រឿងនយោបាយ។ ចំណែកភាគីប្តឹង សម្តេច សាយ ឈុំ ក៏ជាអ្នកនយោបាយ ហើយ​ឯកឧត្តម សុន ឆ័យ ក៏អ្នកនយោបាយដែរ។ ប៉ុន្តែខុសគ្នានៅត្រង់ថា ឯកឧត្តម សុន ឆ័យ ជាអ្នកនយោបាយ​​អត់មានអំណាច ហើយក៏អត់មានតួនាទីនៅក្នុ​ងរដ្ឋទាល់តែសោះ គ្រាន់តែ​ជា​​អ្នកនយោបាយមានប្រជាប្រិយបំផុតប្រចាំគណបក្សភ្លើងទៀន។ ដោយឡែក សម្តេច សាយ ឈុំ ជាបុគ្គល​មានអំណាចខ្ពស់នៅក្នុងគណបក្សកាន់អំណាចផង ជាបុគ្គលមានតួនាទី​ខ្ពស់នៅក្នុង​​សង្គម​ជាតិ និងជាប្រធានព្រឹទ្ធសភា និងមួយអន្លើ គាត់​ជាប្រមុខរដ្ឋស្តីទីតំណាង​ព្រះ​​មហាក្សត្រ​ផង ដូច្នេះ​ភាគីបណ្តឹងហ្នឹង ខ្ញុំមើលឃើញវាអត់មានតុល្យភាពនៅក្នុងការប្រើអំណាចហ្នឹងទេ»។

ចំណែកអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ លោក វណ្ណ ប៊ុនណា ចាត់ទុកថា នេះជាសិទ្ធិ​​ក្នុង​​ការ​​បញ្ចេញមតិ​ដែលអ្នកនយោបាយមាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​និយាយ​ស្តី ហើយ​សិទ្ធិ​បញ្ចេញ​​មតិ​​នេះត្រូវបាន​ធានាដោយច្បាប់។ លោកបន្តថា អ្វីដែលអ្នកនយោបាយចាស់វស្សារូបនេះត្រូ​​វ​​ជាប់​បណ្តឹងទាំងពីរនេះ ឆ្លុះបញ្ចាំង​​ឱ្យ​​ឃើញ​ពីការ​គាប​សង្កត់សិទ្ធិនយោបាយប្រឆាំងគណបក្ស​​ក្រៅ​​រដ្ឋាភិបាល។

យ៉ាងណា សម្រាប់អ្នក​ជំ​នា​ញ​​​​ផ្នែក​គោលនយោបាយរូបនេះយល់ឃើញថា ​​ការ​​ហ៊ានចូលតស៊ូមតិ​នៅ​តុលាកា​​ររបស់​​លោ​ក សុន ឆ័យ នេះ​ គឺ​ជាគំរូមួយល្អ ប្រឆាំងនឹង​​​ភាព​មិន​​ត្រឹមត្រូវនៅក្នុងសង្គម ហើយក៏ជាសារ​សម្រាប់​​អ្នក​​នយោបាយផ្សេងទៀតដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ