ទីបំផុត​ប្រធានាធិបតី​ស្រីលង្កា​ព្រម​លាលែង​ពី​តំណែង​ហើយ បន្ទាប់​ពី​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​សិង្ហបុរី

ប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa)។ (ហ្វេសប៊ុក៖ Gotabaya Rajapaksa)

អ្នកនាំពាក្យសភាស្រីលង្កាបានរាយការណ៍ថា លោក​ប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa បាន​ដាក់លិខិតលាលែងពីតំណែងហើយ​ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ​ តែ​ប៉ុន្មានម៉ោង​បន្ទាប់​ពី​បានភៀសខ្លួនទៅកាន់ប្រទេសសិង្ហបុរី និង​បន្ទាប់​ពី​មាន​បាតុ​កម្ម​ទ្រង់​ទ្រាយ​ធំ​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរ។

សារព័ត៌មាន Reuters បាន​ស្រង់សម្តីអ្នកនាំពាក្យសភា​ស្រីលង្កាមក​ចុះផ្សាយ​ថា​ សេចក្តីប្រកាស​អំពី​ការ​លាលែងពីតំណែងរបស់ប្រធានា​ធិបតីរូបនេះ បានធ្វើឱ្យមានភាពសប្បាយរីក​រាយ​​នៅក្នុងរដ្ឋធានីកូឡុំបូ ជាកន្លែងដែលក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅខាង​ក្រៅ​​ការិយា​ល័យ​ប្រធានាធិបតី ដោយប្រឆាំងនឹងបម្រាមគោចរដែលត្រូវបានដាក់ចេញ។

ហ្វូងបាតុករបានបាញ់កាំជ្រួច ស្រែកហ៊ោកញ្ជ្រៀវ និងរាំយ៉ាងសប្បាយរីករាយ​ នៅទីលានបាតុ​កម្ម Gota Go Gama និងបានចំអកឱ្យលោកប្រធានាធិបតី Rajapaksa។

យោងតាមសម្តីរបស់សកម្មជនម្នាក់​ឈ្មោះ Damitha Abeyrathne បាននិយាយថា៖ «ប្រទេសទាំងមូលនឹងអបអរសាទរនៅថ្ងៃនេះ […] វា​ជា​ជ័យ​ជម្នះ​ដ៏​ធំមួយ»។

លោកស្រីបានបន្ថែមថា៖ «យើងមិនដែលគិតថា យើងអាចរំដោះប្រទេសនេះចេញពីពួកគេឡើយ [សំដៅ​លើ​ក្រុម​គ្រួសារ​របស់​លោកប្រធាធិបតី Rajapaksa ដែលបានគ្រប់គ្រងប្រទេសនេះអស់រយៈពេល២ទសវត្សរ៍មកហើយ]»។

លោកប្រធានាធិបតី Rajapaksa បានដាក់លិខិតលាលែងពីតំណែងតាមរយៈសារ​អ៊ីម៉ែល​ កាលពីល្ងា​ច​ថ្ងៃ​ព្រហស្បតិ៍ ហើយ​លិខិតនោះនឹង​ចូល​ជាធរមាន​នៅថ្ងៃសុក្រនេះ នៅពេ​ល​ដែលលិខិត​​​​នោះ​ត្រូវបានផ្ទៀងផ្ទាត់តាមផ្លូវច្បាប់។ នេះបើតាមសម្តីរបស់អ្នកនាំពាក្យរដ្ឋាភិបាល។

យោង​តាមសម្តីអ្នកដែលដឹងពីស្ថានភាពនេះ លោក Rajapaksa បានភៀសខ្លួនទៅកាន់ប្រទេសម៉ាល់ឌីវ កាលពីថ្ងៃពុធ បន្ទាប់មកធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី​ នៅថ្ងៃព្រហស្បតិ៍ តាមជើង​ហោះហើរ​របស់​ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីត។

ក្រសួងការបរទេសសិង្ហបុរី បានរាយការណ៍ថា លោកប្រធានាធិបតី Rajapaksa បានចូលក្នុងប្រទេសសិង្ហបុរី​ ក្នុងដំណើរទស្សនកិច្ចឯកជន​ប៉ុណ្ណោះ ហើយមិនបានសុំសិទ្ធិជ្រកកោនឡើយ។

គួរបញ្ជាក់​ថា កាលពីថ្ងៃពុធ លោកប្រធានាធិបតី Rajapaksa បានសម្រេចតែងតាំងលោកនាយករដ្ឋមន្ត្រី Ranil Wickremesinghe ជាប្រធានាធិបតីស្តីទី ដែលបង្កឱ្យមានការតវ៉ាកាន់​តែ​ខ្លាំង​ឡើង ដោយ​ក្រុមបាតុកររាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅមុខសភា និងការិយាល័យនាយករដ្ឋមន្ត្រី ទាមទារឱ្យលោកនាយករដ្ឋមន្រ្តីចុះចេញពីតំណែងផងដែរ។

លោក Malik Perera អាយុ២៩ឆ្នាំ ជាអ្នកបើករ៉ឺម៉កកង់បីដែលចូលរួមក្នុងការតវ៉ានៅមុខសភា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងចង់ឱ្យលោកនាយករដ្ឋមន្រ្តី Ranil ចុះចេញពីតំណែង។ ពួកគេ​បាន​​លក់​ប្រទេស​នេះ យើង​ចង់​បានមេដឹកនាំល្អ។​ បើរើសមិនបានមេដឹកនាំល្អ ​យើង​មិន​ឈប់ឡើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ