គណបក្សកាន់អំណាចអះអាងថា សាមគ្គីភាព និងឯកភាពផ្ទៃក្នុងបក្សរបស់ខ្លួនរឹងមាំ បានធ្វើឱ្យឧបាយកលក្រុមប្រឆាំងជ្រុលនិយម ដែលប៉ុនប៉ងបំផ្លាញដល់ដំណើរការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាត្រូវបានបរាជ័យ។
ក្នុងសុន្ទរកថា កម្រាស់៣ទំព័រសម្រាប់បើកសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញនៅថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ដែលត្រូវនឹងថ្ងៃទី១៦ និង១៧ខែកក្កដានេះ គណប្សប្រជាជនកម្ពុជាបានអះអាងថា លទ្ធផលនៃការអនុវត្តនូវទិសដៅ គោលការណ៍ គោលនយោបាយ សេចក្តីណែនាំ និងសេចក្តីសម្រេចចិត្តនានារបស់ថ្នាក់កណ្តាល ធ្វើឱ្យថ្នាក់ដឹកនាំគណបក្សលេចធ្លោទាំងក្នុងនិងក្រៅប្រទេស។
ដោយឡែក ជោគជ័យត្រចះត្រចង់លើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ថ្មីៗនេះ បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជានៅតែត្រូវការតួនាទីគណបក្សនេះបន្តដឹកនាំកម្ពុជាឆ្ពោះទៅកាន់នាវាសម្បូររុងរឿង និងវិបុលភាព។
ក្នុងសុន្ទរកថាដដែល បញ្ជាក់បន្ថែមថា គណបក្សកាន់អំណាចនេះ ទទួលបានជ័យជម្នះ និងសមិទ្ធផល ឬស្នាដៃដែលសម្រេចបានលើគ្រប់ផ្នែក គ្រប់វិស័យ ដោយសារគណបក្សមានភាពត្រឹមត្រូវខាងនយោបាយ។ លើសពីនេះ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ទើបជម្នះបាននូវការលំបាកទាំងឡាយ ពិសេសធ្វើឱ្យក្រុមពួកបក្សប្រឆាំងបរាជ័យ។
លិខិតសន្ទរកថាគណបក្សប្រជាជនកម្ពុជាលើកឡើងថា៖ «ប៉ុន្តែដោយសារគណបក្សមានភាពត្រឹមត្រូវខាងនយោបាយ មានការគាំទ្រពីប្រជាជន មានរចនាសម្ព័ន្ធចាត់តាំងរឹងមាំ មានធនធានមនុស្សប្រកបដោយគុណធម៌ និងសមត្ថភាព មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ និងមានរបៀបរបបធ្វើការត្រឹមត្រូវ ទើបជម្នះបាននូវការលំបាកទាំងឡាយ ជាពិសេសធ្វើឱ្យបរាជ័យនូវរាល់ឧបាយកលរបស់ពួកប្រឆាំងជ្រុលនិយម ដែលតែងយកជើងរាទឹក និងប៉ុនប៉ងបំផ្លាញដល់ដំណើរការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា»។
វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេនៅរសៀលថ្ងៃសៅរិ៍នេះ។
យ៉ាងណា សម្រាប់អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ចាត់ទុកការលើកឡើងរបស់គណបក្សកាន់អំណាច ដែលចោទក្រុមអ្នកប្រឆាំងប៉ុនប៉ងបំផ្លាញការដឹកនាំគណបក្សប្រជាជននោះ មិនស្របតាមគោលការណ៍ប្រជាធិបតេយ្យនោះទេ។
លោកមានប្រសាសន៍ថា៖ «បើបក្សកាន់អំណាចគិតថា មានក្រុមប្រឆាំងការដឹកនាំរបស់ខ្លួន មិនត្រឹមត្រូវទេ។ នៅក្នុងរដ្ឋធម្មនុញ្ញ ប្រទេសកម្ពុជាប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ដូច្នេះត្រូវចាត់ទុកគណបក្សប្រឆាំងជាអ្នកប្រកួតប្រជែងស្របតាមគោលការណ៍ប្រជាធិបតេយ្យ ទើបធ្វើឱ្យប្រទេសជាតិរីកចម្រើន»។
លោកបន្ថែមថា ៖ «គណបក្សប្រឆាំងធ្វើការរិះគន់ចំណុចខ្វះខាតរបស់រដ្ឋាភិបាល ដើម្បីស្ថាបនា មិនមែនមកចោទគេយកជើងរាលទឹករាលអីទេ។ ទោះបីគណបក្សណាដឹកនាំ ក៏គេប្រកួតប្រជែងធ្វើម៉េចឱ្យការដឹកនាំប្រទេសរីកចម្រើនដូចគ្នា។ បើភាសាដែល[គណបក្សកាន់អំណាច]លើកឡើង ជាភាសារបស់ប្រទេសប្រកាន់យករបបកុម្មុយនីស្ត និងមិនមែនប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនោះទេ»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក ស៊ឹង សែនករុណា សង្កេតឃើញថា ការដឹកនាំបែបប្រជាធិបតេយ្យ ជៀសមិនផុតពីការរិះគន់នូវចំណុចខ្វះខាតនោះទេ ជាពិសេសពលរដ្ឋ រងនូវភាពអយុត្តិធម៌សង្គម ដែលមិនទទួលបានយុត្តិធម៌ជាដើម។
ករណីនេះ លោកជំរុញទៅរដ្ឋាភិបាលគួរតែដឹកនាំប្រទេសឱ្យស្របតាមគោលការណ៍ប្រជាធិបតេយ្យ ដោយមិនគួរចាត់ទុកគណបក្សប្រឆាំងជាសត្រូវនោះទេ ទើបធ្វើឱ្យប្រទេសជាតិរីកចម្រើនទាន់សម័យទំនើប។
លោកមានប្រសាសន៍ថា៖ «នៅពេលថ្នាក់ដឹកនាំទទួលបានអំណាច និងតួនាទីគ្រប់គ្រងរដ្ឋាភិបាល ត្រូវយកតួនាទីដោះស្រាយជូនពលរដ្ឋ បំរើរាស្ត្រដោយមិនប្រកាន់និន្នការនយោបាយ។ សំឡេងភាគតិចគេមានសិទ្ធិរិះគន់ ហើយអ្នកដែលមានឥទ្ធិពល មានអំណាចដឹកនាំរដ្ឋ ត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យស្មើភាពគ្នា ទើបប្រទេសជាតិរីកចម្រើន»។
កាលពីខែតុលា ឆ្នាំ២០២១ អង្គការគម្រោងយុត្តិធម៌ពិភពលោក (WJP) បានចេញរបាយការណ៍មួយដោយបានផ្ដល់ចំណាត់ថ្នាក់ជាប្រទេសមាននីតិរដ្ឋទាបបំផុត ដោយទទួលបានលេខ១៣៨ ក្នុងចំណោមប្រទេសចំនួន១៣៩ លើពិភពលោក។ ចំណាត់ថ្នាក់នេះបង្ហាញថា សន្ទស្សន៍នីតិរដ្ឋកម្ពុជា គឺល្អជាងប្រទេសវ៉េណេស៊ុយអេឡាតែមួយប៉ុណ្ណោះ។
ការផ្ដល់ចំណាត់ថ្នាក់នេះ គឺធ្វើឡើងតាមរយៈការសិក្សានិងវាយតម្លៃដោយផ្អែកលើសូចនាករ ៨ចំណុច រួមមាន ដែនកំណត់អំណាចរដ្ឋាភិបាល ការលុបបំបាត់អំពើពុករលួយ រដ្ឋាភិបាលបើកទូលាយ សិទ្ធិជាមូលដ្ឋាន សណ្ដាប់ធ្នាប់និងសន្តិសុខ ការអនុវត្តបទប្បញ្ញត្តិ យុត្តិធម៌ស៊ីវិល និងយុត្តិធម៌ព្រហ្មទណ្ឌ។
ក្រៅពីទទួលបានចំណាត់ថ្នាក់ទាបបំផុតរឿងនីតិរដ្ឋនេះ រដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សកាន់អំណាច កម្ពុជាក៏ត្រូវបានគេវាយតម្លៃថា ជាប្រទេសមានអំពើពុករលួយខ្លាំងក្នុងតំបន់ផងដែរ។
ជាក់ស្តែង ក្នុងរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ (TI) ដែលមានមូលដ្ឋាននៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា កន្លងទៅបង្ហាញថា កម្ពុជាទទួលបាន ២៣ពិន្ទុ លើពិន្ទុ១០០ នៅក្នុងសន្ទស្សន៍អំពើពុករលួយប្រចាំឆ្នាំ២០២១ ដែលស្ថិតនៅចំណាត់ថ្នាក់ទី១៥៧ លើ១៨០ប្រទេស និងដែនដី។
ចំណាត់ថ្នាក់នេះ បង្ហាញថា អំពើពុករលួយនៅកម្ពុជាអាក្រក់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឬអាស៊ាន និងជាចំណាក់ថ្នាក់ទាបបំផុតទី៣ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕









