ប្រជា​នេសាទ​ខេត្ត​កំពង់​ឆ្នាំង​សាទរ​ចំពោះ​វិធាន​ការ​​បង្ក្រាប​បទ​ល្មើស​​ក្នុង​រដូវ​​ត្រី​ពង​កូន​ ​តែ​ចង់​ឱ្យ​ធ្វើ​ជា​ប្រចាំ​ ​

លោក ស៊ាំង សុភ័ណ្ឌ ប្រជានេសាទរស់នៅភូមិកំពង់អួរ ឃុំខុនរ៉ុង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រៀបរាប់ពីស្ថានភាពបទល្មើស និងទិន្នផលនេសាទនៅតំបន់បឹងទន្លេសាប កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ (​សុត បាន)

ប្រជានេសាទមួយចំនួននៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បង្ហាញការសាទរចំពោះវិធានការបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទនៅរដូវត្រីពងកូនក្នុងតំបន់បឹងទន្លេសាប ស្របពេលពួកគេថា បទល្មើសទ្រង់ទ្រាយតូចនៅតែកើតមានឡើង ដែលទាមទារឱ្យអាជ្ញាធរជំនាញចាត់វិធានការជាប់ជាប្រចាំដូចភ្លៀងរលឹម។

ប្រជានេសាទរស់នៅភូមិកំពង់អួរ ឃុំខុងរ៉ុង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង លោក មួង ម៉េត ប្រាប់វីអូឌីថា លោកត្រេកអរមនៅពេលឃើញក្រុមអាជ្ញាធរ ឬមន្រ្តីជំនាញជលផលបានចុះជួយទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ដូចជាបទល្មើសឆក់  នៅរដូវកាលត្រីពងកូននេះ។

ប្រជានេសាទដដែលសង្កេតឃើញថា ក្នុង​រដូវត្រីពងនៅឆ្នាំនេះ ​នៅតែ​មានបទល្មើស​ឆក់ និងអូសអួនខុសច្បាប់កើតមានខ្លះដែរ ប៉ុន្តែខាងអាជ្ញាធរមានសមត្ថកិច្ចក៏បានចុះ​បង្រ្កាប​ខ្លះផងដែរ។

លោកថា៖«តាមចិត្តខ្ញុំ ខ្ញុំអរដែលខាងរាជរដ្ឋាភិបាលធ្វើចឹង[បង្ក្រាបបទល្មើសនេសាទ]គឺខ្ញុំអរណាស់ ដោយសារគឺថាប្រជាជនអាចរស់បានទាំងអស់គ្នា។ ប្រសិនបើកឱ្យអ្នកធំ ចឹងអ្នកតូចៗអាចស្លាប់ទាំងអស់ ហើយណាមួយពេលហ្នឹង ត្រីអាចហើប[កើន]ឡើងវិញបាន ទោះតែវាមិនបាន១០០ភាគរយ ក៏បានត្រឹម៧០ភាគរយដែរ ក្រោយរដូវកាលត្រីពងបីខែ»។

កាលពីថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹង ចំពោះរដូវបិទនេសាទនៅឆ្នាំនេះ។

ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានកំណត់​​ក្នុង​សេចក្តីជូនដំណឹង​​ថា រដូវ​បិទ​នេសាទ​សម្រាប់​​​ដែន​​ទឹកសាប គឺ​ធ្វើឡើងចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ខែមិថុនា ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២២  រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន  បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាលដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ។ ដោយឡែក រដូវបិទនេសាទត្រូវធ្វើឡើងចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា សម្រាប់ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្ដាលដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ។

រដ្ឋបាលជលផលបញ្ជាក់ថា នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទលក្ខណៈគ្រួសារដែលមានចែងក្នុងប្រកាស​ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ដូចជា ឧបករណ៍ ​លប សំណាញ់ ​ ម៉ង សន្ទូចផ្លែមួយ តុម អង្រុត និងឧបករណ៍មួយចំនួនទៀតដែលច្បាប់អនុញ្ញាត​។

លោក មួង ម៉េត អាយុ ៤៦ ឆ្នាំរៀបរាប់ប្រាប់ថា លោកប្រកបមុខរបរនេសាទនៅបឹងទន្លេសាប​តាំងពីអាយុ១៥ ឆ្នាំ ពឹងអាស្រ័យលើមុខរបរនេសាទត្រីទាំងនេះដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ លោកបន្តថា ប្រសិនបើខាងជលផលគេអាចទប់ស្កាត់បទល្មើស​នៅរដូវកាលត្រីពងកូនបាន ហើយបើកឱ្យពលរដ្ឋអាចចូលនេសាទឡើងវិញនោះ ពួកគាត់អាចរកត្រីបានច្រើន និងអាចរកចំណូលផ្គត់ផ្គង់គ្រួសារបានផងដែរ។

លោកថា៖«កាលពីមុនសម្បូរត្រី កសិករនេសាទយើងរកបានដែរ ខ្លះមានឧបករណ៍ដូចម៉ង សន្ទួច ច្រើនទៅ។ យើងអាចរកក្នុងមួយថ្ងៃបាន៤០ ០០០ ទៅ ៥០ ០០០រៀល ដល់រដ្ឋាភិបាលបិទនិងទប់ស្កាត់បទល្មើសខ្លះ។ អ៊ីចឹងទៅអ្នកនេសាទយើងអាចរកបានរហូតដល់ ១០០ ០០០ ទៅ ១៤០ ០០០រៀល។ អីចឹង[អាច]ផ្គត់ផ្គង់ជីវភាពបាន»។

ស្រដៀងគ្នានេះ ប្រជានេសាទម្នាក់ទៀតគឺលោក ស៊ាំង សុភ័ណ្ឌ ​សង្ឃឹមថា ក្រោយពីបិទបញ្ចប់រដូវកាលត្រីពងរួច ត្រីនឹងអាចសម្បូរជាងមុន ស្របពេលអាជ្ញាធរនឹងបើក​ឱ្យប្រជានេសាទអាចចូលនេសាទ​ឡើងវិញ។

លោកបន្ថែមថា៖«ប្រសិនបើគាត់(មន្រ្តីជលផល)បើកឱ្យស្រួលបួលវិញ ពលរដ្ឋអាចរកងាយស្រួលមួយគ្រួសារ អាចផ្គត់ផ្គង់គ្រួសារ រកបាន១០០ ០០០ ទៅ២០០ ០០០ រៀល។ បើមិនអ៊ីចឹងទេ ពលរដ្ឋងាប់អស់ឥឡូវ គ្នារស់នៅពឹងតែរកត្រីហ្នឹងហើយ»។

លោកស៊ាំង សភ័ណ្ឌ សើ្នឱ្យមន្រ្តីជលផលនិងមន្រ្តីថ្នាក់រដ្ឋាភិបាលត្រូវតែរឹតបន្តឹងច្បាប់ចំពោះជនខិលខូច និងជំរុញឱ្យមានការទប់ស្កាត់បទល្មើសបន្ថែមទៀតនៅរដូវកាលត្រីពង ជាពិសេសបទល្មើសឆក់ និងអូសសំណាញ់ក្រឡាញឹក ដែលធ្វើឱ្យ​ប៉ះពាល់ដល់ត្រីតូចៗ និងអាចដាច់ពូជត្រីនៅតំបន់បឹងទន្លេសាទ​ទាំងមូល។

ចំណែកមេភូមិកំពង់អួរ ស្រុកបរិបូរណ៍ លោក ហេង ហំ ​ប្រាប់វីអូឌីថា ប្រជានេសាទរស់នៅក្នុងភូមិកំពង់អួរ​មានចំនួន ២៣៦គ្រួសារដែលភាគច្រើនរស់ពឹងអាស្រ័យផលត្រីក្នុងតំបន់បឹងទន្លេសាទ។

លោកបន្តថា៖«ឱ្យតែពលរដ្ឋគោរពច្បាប់៣ខែហ្នឹង មិនខ្វះត្រីហូបទេ។ គេឱ្យរកដែរ បែបលក្ខណៈគ្រួសារតើ ធម្មតាទេបទល្មើសតិចតួច។ ​ឧទាហរណ៍​ ដូចយើងអត់ចឹងបើមិនទៅរកបានអីសងគេ»។

ពាក់ព័ន្ធនឹងរឿងនេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង លោក លី ឡា មានប្រសាសន៍ថា រដូវកាលត្រីពងខាងជលផលខេត្តនេះ បានចុះបិទតំបន់នេសាទចំនួន៤ ខែចាប់​ពីចុងខែឧសភា រហូតដល់ខែកញ្ញា តាមសេចក្តីប្រកាសរបស់ក្រសួង។

យ៉ាងណា លោក​ទទួលស្គាល់បទល្មើសខ្នាតតូចនៅតាមតំបន់បឹងទន្លេសាទពិតជាកើតមានមែន​ ប៉ុន្តែខាងមន្រ្តីជលផលបានចុះចាប់និងបង្រ្កាបជាហូរហែរ និងធ្វើជាប្រចាំផងដែរ។

លោកថា៖«ខាងយើងធ្វើរាល់ថ្ងៃទេចុះចាប់បទល្មើស ធម្មតាទេបើវែងយើងតម្រឹមហើយ វាជៀសមិនរួចទេបទល្មើសតិចតួច។ វានៅតែមានវែងតិចតួច យើងចុះតម្រឹមគាត់ ដោយឱ្យគាត់រកនេសាទតាមនីតិវិធី។ ឥឡូវយើងអនុវត្តច្បាប់ទាំងអស់គ្នា ចប់បួនខែ(រដូវត្រីពង)យើងបើកឱ្យគាត់វិញហើយ»។

លោកលី ឡា ​បញ្ជាក់បន្ថែមទៀតថា ប្រជានេសាទនៅតាមតំបន់បឹងទន្លេសាទទាំងអស់ត្រូវគោរពវិធានការច្បាប់ និងការណែនាំរបស់មន្ត្រីជលផល ដើម្បីធ្វើឱ្យទិន្នផលត្រីកាន់តែសម្បូរឡើងវិញ។ ​

លោកមានប្រសាសន៍ថា៖«ខ្ញុំសំណូមពរដល់ប្រជានេសាទទាំងអស់ហ្នឹងឱ្យគាត់អនុវត្តតាមច្បាប់ ដោយជៀសវាងការបង្រ្កាបបទល្មើស ព្រោះកាលបើមានការបង្រ្កាបវាមានការប៉ះពាល់ទៅដល់ជីវភាពគាត់ ព្រោះភាគច្រើនពលរដ្ឋគាត់ខ្ចីបុលធានាគារ។ អ៊ីចឹងទេវាប៉ះពាល់ ចឹងទេសុំឱ្យគាត់អនុវត្តតាមនិតីវិធីច្បាប់ ជៀសវាងការបង្រ្កាបពីសមត្ថកិច្ច ព្រោះវាជារដូវត្រីពងផង។ យើងរក្សាពូជត្រីទុកឱ្យវាពងកូនស្រួលបួល កាលណាយើងចាប់ទៅវាអាចដាច់ពូជត្រី»។

​យ៉ាងណា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក​ប្រចាំខេត្ត​កំពង់ឆ្នាំងលោកសំ ចាន់គា មានប្រសាសន៍ថា ​ក្នុងរដូវកាលត្រីពងកូននេះ ​មន្រ្តីរដ្ឋាភិបាលជាពិសេសអ្នកជំនាញជលផលខេត្តកំពង់ឆ្នាំង បានយកចិត្តទុកដាក់បង្រ្កាបនិងទប់ស្កាត់បទល្មើសជាហូរហែ។ ប៉ុន្តែលោកថា ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព មន្រ្តីជលផលខេត្តគួរមានការសហការជាមួយប្រជាពលរដ្ឋ ព្រមទាំងត្រូវរឹតបន្តឹងច្បាប់បន្ថែមចំពោះជនខិលខូចមួយចំនួន។

លោកមានប្រសាសន៍ថា៖«ខ្ញុំឃើញថាខាងជំនាញហ្នឹង(មន្រ្តីជលផល)គេមានការខ្នះខ្នែងហើយក្នុងការចុះបង្រ្កាបបទល្មើសនេសាទហ្នឹង ក៏ប៉ុន្តែយើងឃើញថា ការជោគជ័យទាល់តែមានការសហការពីពលរដ្ឋ ហើយចំណុចមួយចំនួនដែលធ្វើឱ្យជួបផលលំបាកក្នុងការបង្រ្កាប​ដោយសារតែកន្លងមកនេះ គឺពលរដ្ឋមួយចំនួន​ហាក់មិនសូវមានជំនឿក្នុងការផ្តល់ព័ត៌មានទៅឱ្យអាជ្ញាធរជលផល។ អ៊ីចឹងហើយធ្វើ ឱ្យបទល្មើសនេសាទ​នៅតែបន្តកើតមានដោយលួចលាក់នេះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ