គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា គ្រោងនឹងកោះប្រជុំនៅសប្តាហ៍ក្រោយ ដើម្បីពិនិត្យលើមាត្រាចំនួន៨ នៃសេចក្តីព្រាងវិសោធកម្មធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម តាមសំណើរបស់រដ្ឋាភិបាល។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃសៅរ៍នេះថា កាលពីថ្ងៃទី១៥ ខែកក្កដា គណៈរដ្ឋមន្ត្រីបានបញ្ជូនសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាចំនួន៨ មករដ្ឋសភា។ មាត្រាទាំងនោះ មានដូចជា មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា បន្ទាប់ពីបានទទួលហើយ រដ្ឋសភាត្រូវធ្វើតាមនីតិវិធី ដោយនឹងប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យ នឹងបញ្ជូនទៅគណៈកម្មការជំនាញសិក្សាស្រាវជ្រាវ។ នៅពេលស្រាវជ្រាវរួច គណៈកម្មការជំនាញនឹងធ្វើរបាយការណ៍ដាក់ជូនសភាពេញអង្គដើម្បីពិនិត្យ និងអនុម័ត។
ប្រភពដដែលបញ្ជាក់ថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាចំនួន៨នោះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា គ្រោងនឹងកោះប្រជុំនៅសប្តាហ៍ក្រោយនេះ ប៉ុន្តែលោកនៅមិនទាន់អាចប្រាប់ពីថ្ងៃប្រជុំជាក់លាក់នោះឡើយ។
បើទោះពីជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានចេញមុខអះអាងកាលពីថ្ងៃទី១៤ ខែកក្កដាតាមរយៈសន្និសីទសារព័ត៌មានមួយថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនូវមាត្រាចំនួន៨នោះ ដើម្បីបំពេញសេចក្តីខ្វះចន្លោះនៃរដ្ឋធម្មនុញ្ញដើម ដើម្បីឱ្យស្ថាប័នកំពូលរបស់ជាតិដំណើរការទៅដោយរលូន ធានាស្ថិរភាពនយោបាយ និងការពារប្រយោជន៍ជាតិ។
ក៏ប៉ុន្តែសម្រាប់គណបក្សក្រៅរដ្ឋាភិបាល និងអ្នកឃ្លាំមើលមួយចំនួននៅតែយល់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនេះ នឹងធ្វើឱ្យខាតប្រយោជន៍ជាតិច្រើនជាងផល ចំណេញ។
ជាក់ស្តែង បើតាមសេចក្តីព្រាងស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ រដ្ឋាភិបាលបានស្នើកែ៨មាត្រា ក្នុងនោះរួមមានមាត្រា៨៩ និង៩៨ ផងដែរ។
មាត្រា៩៨ថ្មី(មួយ)នោះ ចែងថា រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែង ដោយអនុម័តញត្តិបន្ទោសតាមសំឡេងឆ្នោតភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ក្នុងករណីរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីមុខតំណែងដោយរដ្ឋសភា រាជរដ្ឋាភិបាលដែលត្រូវចេញពីមុខតំណែងនេះមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់មានរាជរដ្ឋាភិបាលថ្មីចូលកាន់តំណែង។
ចំណែកក្នុងវាក្យខណ្ឌទី២នៃមាត្រាដដែល ចែងថា ញត្តិបន្ទោសរាជរដ្ឋាភិបាលត្រូវបានលើកឡើងជូនរដ្ឋសភា ដោយតំណាងរាស្ត្រចំនួនមួយភាគបី ឬស្មើ៤២រូបនៃចំនួនសមាជិកសភា១២៥រូប អាចលើកយកមកពិភាក្សាបាន ខណៈមាត្រា៩៨ចាស់កំណត់ថា ញត្តិបន្ទោសរាជរដ្ឋាភិបាលត្រូវបានលើកឡើងជូនរដ្ឋសភា ដោយតំណាងរាស្ត្រចំនួន៣០នាក់ប៉ុណ្ណោះ។
គិតចាប់តាំងពីការបង្កើតរដ្ឋធម្មនុញ្ញឡើងក្នុងឆ្នាំ១៩៩៣ រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន១០លើកមកហើយ ខណៈច្បាប់ធម្មនុញ្ញបន្ថែម ក៏ត្រូវយកមកធ្វើវិសោធនកម្មជាមួយគ្នាផងដែរ៕









