បក្ស​ភ្លើង​ទៀន​ចាត់​ទុក​អំពើ​ហិង្សា​លើ​សកម្មជន​របស់​ខ្លួន​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ ​

អនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ខណ្ឌពោធិ៍សែនជ័យ លោក នល់ ពង្សធិរិទ្ធ នៅមុខច្រកចូលទៅស្នាក់ការគណបក្សភ្លើងទៀន អំឡុងពេលគណបក្សនេះធ្វើសមាជកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក នល់ ពង្សធារិទ្ធ – កំហែង ជ័យ)

មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន បានហៅសកម្មភាពក្រុមជនដៃដល់ដែលបានប្រើអំពើហិង្សា ទៅលើសកម្មជនបក្សប្រឆាំង​នេះមួយរូបនៅរាជធានីភ្នំពេញ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរថា ​ជាការគំរាមកំហែងផ្នែកនយោបាយ។

ការអះអាងនេះ ក្រោយពេលអនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើងទៀន ខណ្ឌ​ពោធិ៍សែនជ័យ លោក លន់ ពង្សធិរិទ្ធ ត្រូវបាន​ក្រុម​ជនល្មើស​ជិះ​ម៉ូតូ​​វាយ​ត្រង់​ក្បាល​ឱ្យ​របួស​ធ្ងន់ នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​ភ្លើងទៀន​ខណ្ឌ ស្រប​ពេល​លោក​ជិះ​ម៉ូតូ​ទៅ​ចូលរួម​ប្រជុំ​គណបក្ស​នៅ​ថ្ងៃ​ទី១៧ ខែ​កក្កដា។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា នៅម៉ោងប្រមាណ ​៨ព្រឹក មានក្រុមជនដៃដល់ប្រហែល៦នាក់ ជិះម៉ូតូ៣គ្រឿង។ ក្នុងចំណោម៦នាក់នោះ មានម្នាក់បានលោតចុះពីម៉ូតូដោយដៃកាន់កាំបិត តាមកាប់ លោក លន់ ពង្សធិរិទ្ធ ដែលជាសកម្មជនគណបក្សភ្លើង​ទៀននៅរាជធានីភ្នំពេញ បណ្តាលឱ្យរងរបួសចំក្បាលធ្ងន់ធ្ងរ ​ខណៈជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយ។

លោក ថាច់ សេដ្ឋា ចាត់ទុកការបង្កហិង្សាលើសកម្មជនបក្សភ្លើងទៀនថា ជាការគំរាមកំហែងផ្នែកនយោបាយ ខណៈការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតជិតមកដល់ ។ ករណីនេះ លោកអំពាវនាវទៅសមត្ថកិច្ចចាប់ជនល្មើស និងអ្នកនៅពីក្រោយខ្នងយកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងដើម្បីកុំឱ្យមានរឿងបែបនេះកើតឡើងបន្តទៀត។

លោកអំពាវនាវដូចនេះថា៖ «សូមអំពាវនាវទៅស្ថាប័នពាក់ព័ន្ធទាំងអស់ជាពិសេសក្រសួងមហាផ្ទៃធ្វើការស៊ើបអង្កេតតាមចាប់ខ្លួនក្រុមជនដៃដល់ និងអ្នកនៅពីក្រោយយកមកផ្តន្ទាទោស ដើម្បីមានការទុកចិត្តដល់ប្រជាពលរដ្ឋផង ហើយជៀសវាងអំពើហិង្សានយោបាយមុនការបោះឆ្នោតផង»។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ថា អំពើហិង្សាដែលកើតឡើងទៅលើសកម្មជនគណបក្សភ្លើងទៀននៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះ សមត្ថកិច្ចកំពុង​ស្រាវជ្រាវរកជនល្មើស និងប្រមូលភស្តុតាង ។  ប៉ុន្តែលោកស្នើទៅជនរងគ្រោះ ឱ្យសហការជាមួយសមត្ថកិច្ច ដើម្បីងាយស្រួលចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់។

លោកមានប្រសាសន៍ថា៖ «យើងសុំឱ្យមានការសហការជាមួយជនរងគ្រោះ ដើម្បីធ្វើការសាកសួរបន្ថែមថា តើមានពាក់ព័ន្ធនឹងករណីអ្វីខ្លះ? តើរឿងហ្នឹងកើតឡើងដោយសារតែគំនុំ ឬអ្វីផ្សេងៗ? តែយើងសុំឱ្យមានការសហការជាមួយជនរងគ្រោះ ហើយសមត្ថកិច្ចក៏ចុះដល់ទីតាំងសួរសាក្សី និងពិនិត្យមើលកាមេរ៉ា»។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក ស៊ឹង សែនករុណា សង្កេតឃើញថា អំពើហិង្សាកើតលើសកម្មជនបក្សប្រឆាំងច្រើនដងមកហើយ ប៉ុន្តែជនល្មើសមិនត្រូវបានចាប់យកមកផ្តន្ទាទោសនោះទេ។

ករណីនេះ លោកយល់ថា ប្រសិនបើសមត្ថកិច្ចនៅតែមិនអាចស្វែងរកចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់បានទៀត រដ្ឋាភិបាលនឹងរងការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជុំវិញដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ ដោយសារតែមានការគំរាមកំហែងផ្នែកនយោបាយកើតឡើង​។

លោកមានប្រសាសន៍ថា៖ «បើសិនជាមិនចាត់វិធានការលើជនល្មើស អាចមានការចោទប្រកាន់ផ្សេងៗទៅលើការគំរាមកំហែងផ្នែកនយោបាយ ហើយធ្វើឱ្យដំណើរការប្រជាធិបតេយ្យនៅប្រទេសយើងរងការរិះគន់បន្តទៀតហើយ »។

កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩  អតីតប្រធានកងអង្គរក្សរបស់ លោក សម រង្ស៊ី គឺ​លោក ពូក ចិន្តា  ​ត្រូវបានជនមិនស្គាល់អត្តសញ្ញាណលបវាយពីក្រោយបណ្តាលឱ្យរងរបួសក្បាលធ្ងន់ធ្ងរ ​​នៅពេលអង្គរក្សរូបនេះដើរត្រឡប់មកពីផ្សារម្នាក់ឯងបម្រុងទៅផ្ទះលោក សម រង្ស៊ី នៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ។​

បីថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំដដែលនោះ អតីតចៅសង្កាត់កោះដាច់ មកពីគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ លោក ស៊ិន បូណា ត្រូវជនមិនស្គាល់មុខ ២នាក់ ធាក់​ផ្ដួល​ម៉ូតូ និង​យក​ដំបង​ដែក​ដេញ​វាយ​សំពង​រហូត​បាក់​ដៃ​ឆ្វេង​​ ពេលលោកកំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ជាតិលេខ​៦A ម្តុំ​វត្ត​គៀនឃ្លាំង ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

​តាមរូបភាពដែលគេបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក បង្ហាញថា ជនដៃដល់មានពាក់មួក​សុវត្ថិភាព​ និង​មាន​កាំ​ភ្លើងខ្លី​នៅជាប់​ចង្កេះ​ទៀត​ផង ក្នុងពេលកំពុងដេញវាយលោក ស៊ិន បូណា ពេលនោះ។

​ជាង ១​ខែ​ក្រោយ​មក អតីតក្រុមប្រឹក្សាសង្កាត់អូរឫស្សី២ អ្នកស្រី ហែម ស៊ីនួន បាន​ក្លាយ​ជា​សកម្មជន​អតីត​បក្ស​ប្រឆាំង​មួយ​រូប​ទៀត ដែល​ត្រូវបានជនមិនស្គាល់​មុខ ២នាក់​ ធាក់​ម៉ូតូ​ពី​ក្រោយ​ឱ្យ​ដួលបោកក្បាលរងរបួសដៃ ជើង និងដងខ្លួន​ នៅ​ចំ​ថ្ងៃដែលលោក សម រង្សី ប្រកាស​ចូល​ស្រុក ក្នុងព្រឹត្តិការណ៍៩ វិច្ឆិកា ឆ្នាំ២០១៩។

ចូលដល់ដើមឆ្នាំ២០២០ ​ការវាយប្រហារមួយករណីទៀត ដែលបាន​កើតឡើងលើលោក ខៀវ ឌីន អតីតក្រុមប្រឹក្សា​សង្កាត់កាកាបទី១ ខណ្ឌ​ពោធិ៍សែនជ័យ ។

លោក​ ខៀវ ឌីន ត្រូវបាន​ជនដៃដល់២នាក់ពាក់មួកការពារសុវត្ថិភាព និងបិទកញ្ចក់មុខ ជិះម៉ូតូគ្មានស្លាកលេខតាមពីក្រោយវាយឱ្យរងរបួសក្បាល​ធ្ងន់​ធ្ងរ​ដេរចំនួន ១០ថ្នេរកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។

ក្រោយមកនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ កូនប្រុសរបស់​លោក កាក់ កុម្ភារ ​មន្រ្តីបក្សសង្គ្រោះជាតិដែលតុលាការរំលាយ​ គឺយុវជន​ កាក់ សុវណ្ណច្ឆ័យ ​ ត្រូវជនមិនស្គាល់មុខជិះម៉ូតូយកដុំឥដ្ឋគប់លើបណ្តាលឱ្យរងរបួសក្បាល ពេលកំពុងជិះម៉ូតូដឹកម្តាយត្រឡប់ពីទិញដំឡូងក្បែរផ្ទះ ក្នុងសង្កាត់​បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គ្រួសារជនរងគ្រោះ និងជនរងគ្រោះដោយអំពើវាយប្រហារទាំងនេះ ធ្លាប់បានអះអាងស្រដៀងគ្នាថា មកទល់ពេលនេះយុត្តិធម៌សម្រាប់ពួកគាត់នៅតែគ្មាន ហើយពួកគេខ្លះក៏គ្មានសង្ឃឹមថា ជនល្មើសនឹងត្រូវបានចាប់ខ្លួនយកមកផ្តន្ទាទោសនោះដែរ បើទោះបីជាករណីខ្លះមានទាំងរូបភាព និងវីដេអូនៃអំពើវាយប្រហារនោះ បង្ហាញពីតម្រុយអត្តសញ្ញាណជនប្រព្រឹត្តយ៉ាងណាក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ