មន្ត្រីគណបក្សភ្លើងទៀនមួយរូប ដែលរងអំពើហិង្សាធ្ងន់ធ្ងរកាលពីម្សិលមិញ បានដាក់ពាក្យប្តឹងទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗក្រោយកើតហេតុ ដើម្បីជំរុញដល់ការចាប់ក្រុមជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ដោយថា អំពើហិង្សាដែលកើតឡើងមករូបគេជារឿងនយោបាយ មិនមែនរឿងគំនុំបុគ្គលនោះឡើយ។
លោក លន់ ពង្សធិរិទ្ធ អនុប្រធានគណបក្សភ្លើងទៀនប្រចាំខណ្ឌពោធិ៍សែនជ័យ និងជាអតីតមន្ត្រីសន្តិសុខអន្តរាគមន៍ពិសេសរបស់លោក សម រង្ស៊ី មានប្រសាសន៍ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា មានក្រុមជនដៃដល់ចំនួន៦នាក់ និងគូកនចាំបិទផ្លូវជាច្រើននាក់ទៀត បាននាំគ្នាជិះម៉ូតូតាមវាយលោកស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកអះអាងថា ទីតាំងវាយដំលោកនោះ នៅក្បែរទីកន្លែងប្រជុំគណបក្ស បណ្តាលឱ្យរងរបួសចំកញ្ចឹងក ស្មាស្តាំ សៀតផ្កាខាងស្តាំ និងវាយត្រូវចំពីក្រោយបណ្តាលឱ្យបែកក្បាលធ្ងន់ធ្ងរ ដេរអស់១២ថ្នេរ ថែមទៀតផង។
លោកបញ្ជាក់ថា ក្រោយរងអំពើហិង្សានៅថ្ងៃដដែលនោះ គាត់បានដាក់ពាក្យប្តឹងទៅប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣ ដោយភ្ជាប់ជាមួយភស្តុតាងជាវីដេអូជនល្មើសប្រើហិង្សា និងស្លាកលេខម៉ូតូ ដើម្បីជំរុញទៅសមត្ថកិច្ចជួយស្វែងរកចាប់ក្រុមជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ខណៈរឿងនេះលោកថា កើតចេញពីរឿងនយោបាយ មិនមែនរឿងឯកជននោះទេ។
លោកបញ្ជាក់ថា៖ «ខ្ញុំជាមន្ត្រីគណបក្សប្រឆាំង។ ទី២ ខ្ញុំមិនដែលមានទំនាស់រឿងអ្វីផ្សេងជាមួយអ្នកដទៃ ជាមួយអ្នកជិតខាងផ្សេងៗ អ្នកជិតខាងអ្វីទាំងអស់ ដោយសារតែខ្ញុំព្រលឹមបាត់ ព្រលប់ដល់ផ្ទះ។ ខ្ញុំគិតតែកិច្ចការងារសង្គម ការងារគណបក្ស[បក្សភ្លើងទៀន]។ ខ្ញុំមិនដែលមានទាស់រឿងមុខរបរ ឬមិត្តភក្តិផឹកស៊ីឈ្លោះគ្នា គឺគ្មានទេ។ រឿងហិង្សានេះ គឺទាក់ទងនឹងរឿងនយោបាយសុទ្ធសាធ ដោយសារខ្ញុំជាមន្ត្រីគណបក្សភ្លើងទៀន»។
កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ លោក លន់ ពង្សធិរិទ្ធ ក៏ធ្លាប់ត្រូវបានក្រុមជនមិនស្គាល់មុខវាយឱ្យរង្គើលធ្មេញមុខស្ទើរតែបាក់ចំនួន៥ និងត្រូវចំក្បាលម្តងមកហើយ ស្ថិតនៅម្តុំខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែអំពើហិង្សាកាលនោះ លោកមិនបានដាក់ពាក្យប្តឹងទៅសមត្ថកិច្ចនោះឡើយ ដោយត្រូវភៀសខ្លួនទៅប្រទេសថៃមួយរយៈសិន។
ទោះជាបែបនេះក្តី លោក លន់ ពង្សធិរិទ្ធ អំពាវនាវទៅប្រជាពលរដ្ឋនិងសកម្មជនគណបក្សកុំឱ្យតក់ស្លុត និងកុំមានការភ័យខ្លាច ហើយត្រូវរឹងមាំ តស៊ូ គាំទ្រគណបក្សភ្លើងទៀន ដើម្បីឈ្នះការបោះឆ្នោតថ្នាក់ជាតិពីគណបក្សកាន់អំណាច នៅឆ្នាំ២០២៣ ខាងមុខនេះ។
នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅទី៣ លោក សុខ សុជាតិ មានប្រសាសន៍ថា សមត្ថកិច្ចប្រមូលភស្តុតាងឃើញស្លាកលេខម៉ូតូក្រុមជនសង្ស័យ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនល្មើសដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
លោកមានប្រសាសន៍ថា៖ «សមត្ថកិច្ចកំពុងឆែកមើលស្លាកលេខម៉ូតូវា[ម៉ូតូជនល្មើស]ដែលយើងឃើញជាមួយសមត្ថកិច្ចព្រហ្មទណ្ឌស្រាល ហើយកំពុងកសាងសំណុំរឿង ហើយឆែកមើលអស់ហើយបានបញ្ជូនទៅខណ្ឌ។ ឥឡូវប្រមូលឯកសារសិន»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ថា ជនរងគ្រោះត្រូវសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មានពិត ទើបសមត្ថកិច្ចងាយស្រួលស្វែងរកជនដៃដល់ ដើម្បីឈានទៅចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។ ប៉ុន្តែលោកថា បើជនរងគ្រោះលើកឡើងថា អំពើហិង្សាដែលកើតឡើងនោះ ជារឿងនយោបាយ ទំនងជាសមត្ថកិច្ចមិនអាចរកឃើញជនល្មើសនោះទេ។
លោកមានប្រសាសន៍ថា៖ ««បើអ្នករងគ្រោះជាមន្ត្រីគណបក្សភ្លើងទៀនប្រហែលជារកមិនឃើញទេ មូលហេតុអ្វី? ព្រោះបក្សភ្លើងទៀន គាត់អត់ផ្តល់ព័ត៌មានពិតឱ្យពួកយើងទេ។ ចង់និយាយថា ចង់ឱ្យមានការសហការជាមួយសមត្ថកិច្ច ផ្តល់ព័ត៌មានពិតឱ្យយើង។ កិច្ចសហការពេលសមត្ថកិច្ចធ្វើការសួរអ្វីប្រាប់ ប៉ុន្តែជាទូទៅនៅពេលមានបញ្ហាអី បក្សភ្លើងទៀន[ថា]រឿងនយោបាយ គំរាមកំហែង ប្រាប់អ្នកកាសែត មិនថា ប្រាប់ វីអូឌី ទេ ប្រាប់ដល់ ស៊ីធីអ៊ិន ក៏រកមិនឃើញផង»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត សង្កេតឃើញថា អំពើហិង្សាកើតលើសកម្មជនបក្សប្រឆាំង ជាពិសេសលើ លោក លន់ ពង្សធិរិទ្ធ មានចំនួន២លើកមកហើយ ប៉ុន្តែជនល្មើសមិនទាន់ត្រូវបានចាប់យកមកផ្តន្ទាទោសនោះទេ។
ករណីនេះ លោកយល់ថា បើសមត្ថកិច្ចមិនអាចចាប់ក្រុមជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ទេ នឹងធ្វើឱ្យសាធារណជនបន្តរិះគន់ថា ករណីហិង្សាលើសកម្មជនបក្សប្រឆាំង កើតចេញពីរឿងនយោបាយ។
លោកមានប្រសាសន៍ថា៖ «យើងជាសង្គមស៊ីវិលដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស ទទូចអាជ្ញាធរដែលពាក់ព័ន្ធធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវ ដើម្បីស្វែងរកជនដៃដល់មកអនុវត្តតាមផ្លូវច្បាប់ ដើម្បីផ្តល់យុត្តិធម៌សង្គម ក៏ដូចជា ជនរងគ្រោះ។ ទី២ ការលុបបំបាត់ការចោទប្រកាន់ ឬការិះគន់ទាំងឡាយ ដែលថា អំពើហិង្សាធ្លាប់ពាក់ព័ន្ធនឹងរឿងនយោបាយនោះ»។
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ អតីតប្រធានកងអង្គរក្សរបស់ លោក សម រង្ស៊ី គឺលោក ពួក ចិន្តា ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ លបវាយពីក្រោយបណ្តាលឱ្យរងរបួសក្បាលធ្ងន់ធ្ងរ នៅពេលអង្គរក្សរូបនេះដើរត្រឡប់មកពីផ្សារម្នាក់ឯងបម្រុងទៅផ្ទះលោក សម រង្ស៊ី នៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ។
បីថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំដដែលនោះ អតីតចៅសង្កាត់កោះដាច់ មកពីគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ លោក ស៊ិន បូណា ត្រូវជនមិនស្គាល់មុខ ២នាក់ ធាក់ផ្ដួលម៉ូតូ និងយកដំបងដែកដេញវាយសំពងរហូតបាក់ដៃឆ្វេង ពេលលោកកំពុងជិះម៉ូតូតាមផ្លូវជាតិលេខ៦A ម្តុំវត្តគៀនឃ្លាំង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមរូបភាពដែលគេបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក បង្ហាញថា ជនដៃដល់មានពាក់មួកសុវត្ថិភាព និងមានកាំភ្លើងខ្លីនៅជាប់ចង្កេះទៀតផង ក្នុងពេលកំពុងដេញវាយលោក ស៊ិន បូណា ពេលនោះ។
ជាង ១ខែក្រោយមក អតីតក្រុមប្រឹក្សាសង្កាត់អូរឫស្សី២ អ្នកស្រី ហែម ស៊ីនួន បានក្លាយជាសកម្មជនអតីតបក្សប្រឆាំងមួយរូបទៀត ដែលត្រូវបានជនមិនស្គាល់មុខ ២នាក់ ធាក់ម៉ូតូពីក្រោយឱ្យដួលបោកក្បាលរងរបួសដៃ ជើង និងដងខ្លួន នៅចំថ្ងៃដែលលោក សម រង្សី ប្រកាសចូលស្រុក ក្នុងព្រឹត្តិការណ៍៩ វិច្ឆិកា ឆ្នាំ២០១៩។
ចូលដល់ដើមឆ្នាំ២០២០ ការវាយប្រហារមួយករណីទៀត ដែលបានកើតឡើងលើលោក ខៀវ ឌីន អតីតក្រុមប្រឹក្សាសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
លោក ខៀវ ឌីន ត្រូវបានជនដៃដល់២នាក់ពាក់មួកការពារសុវត្ថិភាព និងបិទកញ្ចក់មុខ ជិះម៉ូតូគ្មានស្លាកលេខតាមពីក្រោយវាយឱ្យរងរបួសក្បាលធ្ងន់ធ្ងរដេរចំនួន ១០ថ្នេរ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។
ក្រោយមកនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ កូនប្រុសរបស់លោក កាក់ កុម្ភារ មន្រ្តីបក្សសង្គ្រោះជាតិដែលតុលាការរំលាយ គឺយុវជន កាក់ សុវណ្ណច្ឆ័យ ត្រូវជនមិនស្គាល់មុខជិះម៉ូតូយកដុំឥដ្ឋវាយពីលើបណ្តាលឱ្យរងរបួសក្បាល ពេលកំពុងជិះម៉ូតូដឹកម្តាយត្រឡប់ពីទិញដំឡូងក្បែរផ្ទះ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គ្រួសារជនរងគ្រោះ និងជនរងគ្រោះដោយអំពើវាយប្រហារទាំងនេះ ធ្លាប់បានអះអាងស្រដៀងគ្នាប្រាប់ វីអូឌី ថា មកទល់ពេលនេះយុត្តិធម៌សម្រាប់ពួកគាត់នៅតែគ្មាន ហើយពួកគេខ្លះក៏គ្មានសង្ឃឹមថា ជនល្មើសនឹងត្រូវបានចាប់ខ្លួនយកមកផ្តន្ទាទោសនោះដែរ បើទោះបីជាករណីខ្លះមានទាំងរូបភាព និងវីដេអូនៃអំពើវាយប្រហារនោះ បង្ហាញពីតម្រុយអត្តសញ្ញាណជនប្រព្រឹត្តយ៉ាងណាក៏ដោយ៕












