ឈើប្រណិត និងសត្វព្រៃ​នៅ​សហគមន៍​ឧត្ដមស្រែពស់ រងការបាត់បង់​ក្រោយ​ទាហាន​បាន​ដី​សង្គម​កិច្ច​នៅ​តំបន់​នោះ

ព្រៃសហគមន៍ឧត្ដមស្រែពស់ ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងស្ថានភាពក្រោយរងការឈូសឆាយ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ប្រជាសហគមន៍ អះអាង​​ថា ឈើប្រណិត និង​សត្វ​ព្រៃនៅ​សហគមន៍ «ឧត្ដមស្រែពស់​ និង​​ព្រៃ​មេត្តាធ​ម្ម​ជាតិ» ស្ថិត​នៅ​ឃុំត្រពាំង​​ជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាន​រងនូវ​ការ​កាប់​បំផ្លាញ និងបាត់បង់ ក្រោយទាហានរថក្រោះកងទ័ពជើង​គោកទទួល​បាន​ដី​សម្បទាន​សង្គ​មកិច្ចនៅតំបន់នោះ។

សមាជិកសហគមន៍ឧត្តមស្រែពស់លោក ឃន សារិទ្ធ ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា ព្រៃឈើក្នុង​សហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» រងការកាប់បំផ្លាញ និងឈូសឆាយពីសំណាក់​ក្រុម​ទាហាន​​រថក្រោះកងទ័ពជើងគោក និង​​ពលរដ្ឋមួយ​ចំនួន តាំងពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២១ ក្រោយ​ពួក​គេ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋាភិបាល​ជាង ២៦០​ហិក​តា នៅ​តំបន់​នោះ។

លោក​បន្តថា ​មក​ដល់ពេលនេះ គ្រឿង​ចក្រ​របស់​ទាហាន​​បាន​ផ្អាក​សកម្មភាព​​ឈូស​​ឆាយ​​ដី​ព្រៃ​សហគមន៍​ហើយ ប៉ុន្តែសកម្ម​ភាព​ចូលកាប់យកឈើប្រណិត ដូចជា ធ្នង់ និងឈើប្រណិត​ផ្សេង​ទៀត ពីសំណាក់ជនខិលខូច បានកើត​ឡើង​ស្ទើរ​រាល់​ថ្ងៃ ដោយ​គ្មាន​ការ​ទប់​ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ។

លោកបន្ថែមថា៖ «គេលូចកាប់ទាំងយប់ទាំងថ្ងៃ ឱ្យតែស្ងាត់​លួច​ទៅ​កាត់ ​រណា​អាដៃ​ហើយ។ យើងដើរល្បាត​រហូត​ដែរ​ តែអត់​ដែលទាន់វា វាដូចមានអ្នកចាំឃ្លាំមើលយើងអីចឹង និយាយទៅឈើប្រណិត ដូចជា ធ្នង់ហ្នឹង វាចូលកាប់ស្ទើរអស់ហើយ បើ​និយាយពីសត្វព្រៃវិញ វានៅតិចតួច​បំផុត។ បើទោច​នៅតែ ២​ក្បាល​​ទេ បើស្វានៅ ៣ទៅ៤ក្រុម​ហ្នឹង បាត់អស់ហើយ​នៅតែមួយ​ក្រុម​ដែលរត់នៅក្នុងវត្តទេ។ បើមាន់ព្រៃ និងសត្វក្ងោកក៏បាត់អស់ដែរ»

សមាជិក​សហគមន៍ស្រែពស់ម្នាក់ទៀតអ្នកស្រី ឃន ខន បានឱ្យដឹងថា កាលពីចុងសប្តាហ៍មុននេះ ប្រជាសហគមន៍បានធ្វើពិធីបុណ្យតាមបែបសាសនា ដើម្បី​កាន់​ទុក្ខ និងបក្សុកូល​ជូន​ចំពោះសត្វព្រៃដែលបានងាប់​ និង​ព្រៃឈើដែល​បាន​បាត់​បង់ ក្រោយគ្មានដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ។

អ្នកស្រីបន្តថា កាល​ដើមឡើយ​សហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» មានផ្ទៃដី ២ ៤៣៣ហិចតា ដោយ​មានសត្វ​ព្រៃ​រស់នៅដូចជា ទោច ស្វា ប្រើស ឈ្លូស ទន្សោង ជ្រូកព្រៃ ក្ងោក និងមាន់ព្រៃជាដើម ប៉ុន្តែបច្ចុប្បន្ននេះនៅសល់តិចតួចប៉ុណ្ណោះ ហើយសត្វព្រៃស្ទើរបាត់បង់អស់ទៅហើយ ដោយសារក្រុមទាហានដាក់គ្រឿងឈូសឆាយព្រៃសហគមន៍នេះ។

អ្នកស្រីបន្ថែមថា៖«ពួកខ្ញុំទាំងអស់គ្នាបារម្ភពីការបាត់បង់ព្រៃនិងសត្វហ្នឹងហើយ បានជានាំគ្នាធ្វើបុណ្យ ហើយអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធ និងសង្គការសង្គមស៊ីវិលនានាជួយឃ្លាំមើល ជួយដោះស្រាយ។ យើងបានធ្វើបុណ្យឧទ្ទិសកុសលដល់សត្វព្រៃដែលបាត់បង់ទៅ ហើយព្រៃឈើដែលខំថែរក្សាយូរមកហើយ ពេលបាត់បង់អីចឹង យើងស្តាយយើងស្រណោះពេក យើងមានតែធ្វើកម្មវិធីអីចឹងហើយ»

លោក អៀម ម៉ៅ ដែលពលរដ្ឋប្រាប់ថា ជាមន្ត្រីទាហានដែល​បញ្ជាកម្លាំងឱ្យដាក់​គ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍ ប្រាប់​វីអូឌីយ៉ាងខ្លី​ថា ក្រុមទាហានឈូសឆាយតែដី​ដែល​រដ្ឋាភិបាលផ្តល់ជូនពួកគេប៉ុណ្ណោះ។ ទាហានរូបនេះ ធ្លាប់ប្រាប់វីអូឌីថា គ្រួសារលោកទទួល​បានចំណែកដី ៥ហិកតា នៅឃុំត្រពាំងជោរនេះ។

លោកបន្ថែមថា៖ «ប្អូនអាចសួរទៅអាជ្ញាធរភូមិឃុំរហូតដល់ខេត្តថា តើការឈូសឆាយ​នៅគេ[តំបន់​សហគមន៍ឧត្តមស្រែពស់]នេះ មាន​ច្បាប់​គ្រប់​គ្រាន់ ឬមួយយ៉ាងណា»

អនុភូមិ​ពោធិ៍មាស​លោក ជ័យ បឿន មាន​ប្រសាសន៍​ថា ក្រុម​ទាហាន​បាន​ផ្អាក​សកម្មភា​ព​ឈូស​ឆាយ​ព្រៃ​ប្រហែល​ជា​១​០​ថ្ងៃមកហើយ ប៉ុន្តែ​លោក​មិន​ដឹង​ច្បាស់​ពី​មូល​ហេតុ នៃការផ្អាកសកម្មភាពឈូសឆាយរបស់ទាហាននេះទេ។

លោកបន្ថែមថា៖ «ទាហានគេផ្អាកការឈូសឆាយហើយតើ គេផ្អាកច្រើនថ្ងៃហើយ។ ខ្ញុំមិនដឹងថា គេផ្អាកនេះដោយសារគេឈូសឆាយដីគេគ្រប់ ឬក៏មានបញ្ហាអីនោះទេ ព្រោះជាមន្ត្រីតូចតាចគេមិនដែលជូនដំណឹងឬប្រាប់យើងផង»

ថ្មីៗនេះ ប្រជាសហគមន៍ អះអាងថា ក្រោយមានការផ្សព្វផ្សាយ និងប្តឹងទៅស្ថាប័នពាក់ព័ន្ធជុំវិការឈូសឆាយដីព្រៃសហគមន៍ឧត្តមស្រែពស់រួចមក គឺមន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺសន្យាផ្ដល់ដីចំនួនជាង ៤០០ហិកតា សងទៅកាន់ប្រជាសហគមន៍ឧត្ដមស្រែពស់វិញ ប៉ុន្តែសហគមន៍មិនមាន​ជំនឿថា នឹងទទួលបាននោះទេ។

យ៉ាងណា អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ស្ពឺ លោក រ័ត្ន ថាវី ធ្លាប់មានប្រសាន៍ថា ជម្លោះដីធ្លីរវាងក្រុមទាហាន និងប្រជាសហគមន៍ឧត្តមស្រែពស់នេះ គឺអាជ្ញាធរថ្នាក់ខេត្តមិនអាចដោះស្រាយបានឡើយ ដោយ​ថា ជម្លោះនេះជាប់ពាក់ព័ន្ធអនុក្រឹត្យដែលរដ្ឋាភិបាលបានចេញ ដើម្បីកាត់ដីឱ្យទៅគ្រួសារកងទ័ព។

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាល​បានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង ២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋ​ចំនួន​៤១គ្រួសារ សម្រាប់​ធ្វើ​លំនៅឋា​ន និង​បង្កបង្កើនផល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ