ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានសម្រេចបណ្តេញប្រធានទីភ្នាក់ងារសន្តិសុខ និងរដ្ឋអាជ្ញារបស់ប្រទេសនេះ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ«ក្បត់ជាតិ» និងមានកិច្ចសហប្រតិបត្តិការ [លួចលាក់] ជាមួយរុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រធានាធិបតីរូបនេះ បន្ថែមថា មន្ត្រីជាង ៦០នាក់ មកពីទីភ្នាក់ងារសន្តិសុខ SBU និងការិយាល័យរដ្ឋអាជ្ញា ត្រូវបានរកឃើញថា បានធ្វើការងារប្រឆាំងនឹងអ៊ុយក្រែននៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្ស៊ី ហើយក្នុងនោះករណីក្បត់ជាតិ និងការសហការ [ជាមួយរុស៊្សី] មួយចំនួនធំ ក៏កើតមានឡើងផងដែរ។
ទាក់ទិននឹងករណីនេះ លោកបន្តថា៖ «ឧក្រិដ្ឋកម្មដែលបង្កឡើងដោយក្រុមមនុស្សបែបនេះ គឺពិតជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានគ្រឹះនៃសន្តិសុខជាតិទាំងមូល ដែលវាទាមទារឱ្យមានការបកស្រាយពីមេដឹកនាំដែលពាក់ព័ន្ធនានា»។
ភាពតានតឹងរវាង រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ បានចាប់ផ្ដើមកើនឡើងខ្លាំងបន្ទាប់ពី រុស្ស៊ី បានបើកការឈ្លានពានទ្រង់ទ្រាយធំ ទៅលើប្រទេសក្បែរខាងរបស់ខ្លួនមួយនេះ ដែលធ្វើឡើងបន្ទាប់ពីការប្រកាសសង្រ្គាមមួយដោយប្រធានាធិបតី លោក វ្លាឌីមៀរ ពូទីន។
ទោះជាយ៉ាងណា រុស្ស៊ី ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា សកម្មភាពរបស់ខ្លួននេះ គឺជាការអនុវត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ខណៈដែលការចោទប្រកាន់នេះ ត្រូវបានបណ្ដាប្រទេសមួយចំនួនចាត់ទុកថា ជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់៕












