កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​លាយ​ឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​រយៈពេល​៧ថ្ងៃ

ភ្លៀងធ្លាក់នៅតំបន់មួយក្នុងក្រុងភ្នំពេញកាលពីពេលកន្លងទៅ។

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យ​ប្រុងប្រយ័ត្ន​ចំពោះបញ្ហាអាកាសធាតុ ដោយថា កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលបណ្ដារាជធានី-ខេត្តនឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ រយៈពេល៧ថ្ងៃ។

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឱ្យដឹងថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែកក្កដានេះ កម្ពុជានឹងទទួលរងនូវឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប អូសបន្លាយពីភាគខាងជើងប្រទេសថៃ កាត់លើភាគខាងត្បូងប្រទេសឡាវ និងភាគកណ្ដាលប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។

ជាមួយគ្នានេះ ក្រសួងឱ្យដឹងថា កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីទាបទៅបង្គួរ ក្នុងនោះ ផ្នែកខ្លះនៃបណ្ដាខេត្តនិងរាជធានីអាចនឹងមានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ថែមទៀតផង។

ក្រសួងបន្តថា ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្ដាល​មានសីតុណ្ហភាពអប្បបរមាពី២៤ដល់២៦អង្សាសេ និងអតិបរមាពី៣៤ដល់៣៦អង្សាសេ ដែលអាច​បណ្ដាលឱ្យផ្នែកខ្លះនៃបណ្ដាខេត្ត-រាជធានីមានភ្លៀងធ្លាក់ច្រើនដោយអន្លើ។ សម្រាប់តំបន់ខ្ពង់រាបនឹងមានសីតុណ្ហភាពអប្បបរមាពី២៣ដល់២៥អង្សាសេ និងអតិបរមាពី៣៤ដល់៣៦អង្សាសេ។ ចំណែកឯតំបន់សមុទ្រនឹងមានសីតុណ្ហភាពអប្បបរមាពី២៣ដល់២៥អង្សាសេ និងអតិបរមាពី៣៣ដល់៣៥អង្សាសេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ