រដ្ឋសភា​បញ្ជូន​សេចក្ដីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់ធម្មនុញ្ញ​បន្ថែម ទៅ​គណៈ​កម្មការ​ជំនាញ​ពិនិត្យ​សិក្សា

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នីតិកាលទី៦ នាថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។ (ហ្វេសប៊ុក​៖ National Assembly Of Cambodia)

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ ​សម្រេច​ប្រគល់សេចក្ដីព្រាងវិសោធន​កម្មរដ្ឋ​​ធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ទៅឱ្យ​គណៈកម្មការ​ជំនាញ​ ដើម្បី​ពិនិត្យសិក្សា ក្រោយ​ពីរដ្ឋាភិបាលស្នើឱ្យមានការធ្វើវិសោធនកម្មមាត្រាចំនួន​៨។

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភា ស្ដីពី «លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍នៃ​រដ្ឋ​សភា» នៅថ្ងៃទី១៩ ខែកក្កដា ឱ្យ​ដឹងថា គណៈកម្មាធិការ​បានបើកកិច្ចប្រជុំ​ ដើម្បីពិភាក្សា​និងអនុម័ត​លើ​របៀបវារៈ​មួយចំនួន ក្នុងនោះ អង្គប្រជុំ​បានអនុម័ត​ប្រគល់សេចក្ដីព្រា​ង​ច្បាប់ធម្មនុញ្ញ ស្ដីពីវិសោធនកម្ម​មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ មាត្រា១០២ថ្មី មាត្រា​១១៩ថ្មី(មួយ) និងមាត្រា​១២៥ថ្មី នៃរដ្ឋធម្ម​នុញ្ញ និងមាត្រា៣ថ្មី និងមាត្រា​៤ថ្មី នៃ​ច្បាប់ធម្ម​នុញ្ញ​​បន្ថែម ជូនទៅគណៈកម្មការ​នីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ពិនិត្យសិក្សា និង​ធ្វើ​របាយការណ៍​ជូនគណៈកម្មាធិការ​អចិន្ត្រៃយ៍វិញ។

រដ្ឋសភាបានទទួល​សេចក្ដីព្រាង​វិសោធនកម្ម​​រដ្ឋ​ធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ពីគណៈរដ្ឋមន្ត្រី​ កាលពីថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ២០២២។ នេះបើតាម​អ្នកនាំពាក្យ​រដ្ឋសភា​ លោក ឡេង ប៉េងឡុង ដែល​ប្រាប់វីអូឌីកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានចេញមុខអះអាងកាលពីថ្ងៃទី១៤ ខែកក្កដា តាមរយៈសន្និសីទសារព័ត៌មានមួយថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម នូវមាត្រាចំនួន៨នោះ ដើម្បីបំពេញសេចក្តីខ្វះ​ចន្លោះនៃរដ្ឋធ​ម្មនុញ្ញដើម​ ដើម្បីឱ្យស្ថា​ប័នកំ​ពូល​រប​​ស់​​​​ជា​តិ ជាពិសេសអំណាចនីតិប្រតិបត្តិដំ​​​ណើ​រការទៅដោយ​រលូន ធានាស្ថិរភាព​នយោបា​យ ​និង​កា​រពា​រ​ប្រយោជ​ន៍ជា​តិ​។

ក៏ប៉ុន្តែសម្រាប់គណបក្សក្រៅរដ្ឋាភិបាល និងអ្នកឃ្លាំមើលមួយចំនួន នៅតែយល់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនេះ នឹងធ្វើឱ្យខាតប្រយោជន៍ជាតិច្រើនជាងផលចំណេញ និងមិនមានភាពចាំបាច់។  

ជាក់ស្តែង បើតាមសេ​ចក្តី​ព្រាងស្នើធ្វើវិ​សោធ​នកម្ម​រដ្ឋ​ធ​ម្មនុញ្ញលើ​កទី​១០ រដ្ឋាភិបាលបានស្នើកែ៨មាត្រា ក្នុងនោះរួមមានមាត្រា៨៩ និង៩៨ ផងដែរ។

មាត្រា៩៨ថ្មី(មួយ)នោះ ចែងថា ញត្តិបន្ទោសរាជរដ្ឋាភិបាលត្រូវបានលើកឡើងជូនរដ្ឋសភា ដោយតំណាងរាស្ត្រចំនួនមួយភាគបី ឬស្មើ៤២រូបនៃចំនួនសមាជិកសភា១២៥រូប អាចលើកយកមកពិភាក្សាបាន ខណៈមាត្រា៩៨ចាស់កំណត់ថា ញត្តិបន្ទោសរាជរដ្ឋាភិបាលត្រូវបានលើកឡើងជូនរដ្ឋសភា ដោយតំណាងរាស្ត្រចំនួន៣០នាក់ប៉ុណ្ណោះ។  ​

គិតចាប់តាំងពីការបង្កើតរដ្ឋធម្មនុញ្ញឡើងក្នុងឆ្នាំ១៩៩៣ រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន១០លើកមកហើយ ខណៈច្បាប់ធម្មនុញ្ញបន្ថែម ក៏ត្រូវយកមកធ្វើវិសោធនកម្មជាមួយគ្នាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ