ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញថា ការព្យាយាមប៉ុនប៉ងកាត់រុស្ស៊ីចេញពីពិភពលោកទាំងមូល គឺមិនអាចទៅរួចឡើយ ខណៈទណ្ឌកម្មដែលដាក់ដោយបណ្ដាប្រទេសលោកខាងលិច ក៏នឹងមិនអាចរារាំងដល់ការអភិវឌ្ឍរបស់រុស្ស៊ីបានផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងក្នុងសន្និសីទមួយតាមរយៈប្រព័ន្ធវីដេអូ ប្រធានាធិបតីរុស្ស៊ី បានលើកឡើងថា៖ «[អ្វីដែលយើងទទួលបាន] គឺមិនមែនគ្រាន់តែការរឹតត្បិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការបិទស្ទើរតែទាំងស្រុងនៃផលិតផលបច្ចេកវិទ្យាខ្ពស់ពីបរទេសដែលដាក់លើប្រទេសរបស់យើងផងដែរ»។
លោកថា៖ «ជាការពិតណាស់ វាជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ប្រទេសរបស់យើង ប៉ុន្តែយើងនឹងមិនចុះចាញ់ ហើយស្ថិតក្នុងស្ថានភាពជាប់គាំងដូចអ្វីដែលបណ្ដាប្រទេសមួយចំនួនចង់បានឡើយ។ វាមិនអាចទៅរួចនោះទេ»។
ទាក់ទិននឹងករណីនេះ លោកបន្តថា [ជាដំណោះស្រាយ] ប្រទេសរុស្ស៊ី គឺនឹងអភិវឌ្ឍក្រុមហ៊ុនបច្ចេកវិទ្យា ក៏ដូចជាបច្ចេកវិទ្យាក្នុងស្រុករបស់ពួកគេដោយខ្លួនឯង [ដោយមិនពឹងផ្អែកលើប្រទេសណាឡើយ]។
គួរបញ្ជាក់ថា លោក វ្លាឌីមៀរ ពូទីន កាលពីពេលកន្លងទៅ ក៏ធ្លាប់បានអះអាងថា រាល់ការប៉ុនប៉ងរបស់ប្រទេសលោកខាងលិច ដើម្បីផ្ដាច់រុស្ស៊ីចេញពីពិភពលោកនឹងបរាជ័យ ដោយលោកថា សេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍កំពុងតែប្រឈមមុខនឹងអតិផរណា ការខូចខាតខ្សែចង្វាក់ផ្គត់ផ្គង់ និងវិបត្តិស្បៀងអាហារ ជាដើម។
លោកបន្ថែមថា៖ «[រាល់បញ្ហាដែលជួបប្រទះ] វានឹងធ្វើឱ្យយើងកាន់តែរឹងមាំ។ យើងបច្ចុប្បន្នកំពុងតែទទួលបានសមត្ថភាពថ្មី។ យើងកំពុងតែចាប់ផ្តើមផ្ដោតសំខាន់លើធនធានសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងរដ្ឋបាលរបស់យើងដែលនឹងមានភាពប្រសើរឡើង»។
រុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំរបស់ខ្លួនទៅលើអ៊ុយក្រែនតាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលធ្វើឡើងបន្ទាប់ពីការប្រកាសសង្រ្គាមមួយដោយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដែលក្នុងនោះក៏បានធ្វើឱ្យបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកសម្រេចដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់លើរុស្ស៊ីផងដែរ ទាក់ទិននឹងករណីនេះ៕











