សន្ទុះ​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កាន់​កម្ពុជា​នៅ​មិន​ទាន់​មាន​ភាពប្រសើរ​បើ​ធៀប​មុន​ពេល​មាន​កូវីដ-១៩

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកកម្សាន្តនៅរមណីយដ្ឋានអង្គរវត្ត ខេត្តសៀមរាប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

​ក្រសួងទេសចរណ៍បានឱ្យដឹងថា គិតត្រឹម​ចុងសប្ដាហ៍ទី៣ ខែកក្កដានេះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុបជាង២សែននាក់ ដោយក្នុងនោះភាគច្រើនជាភ្ញៀវជាតិបានចេញធ្វើដំណើរកម្សាន្តទៅតាមតំបន់ទេសចរណ៍ផ្សេងៗក្នុងប្រទេស ខណៈភ្ញៀវអន្តរជាតិ​នៅមានចំនួនតិចនៅឡើយបើធៀបមុនពេលមានការផ្ទុះជំងឺកូវីដ-១៩។

តាមរយៈរបាយការណ៍ប្រចាំសប្ដាហ៍ដែលបានឱ្យដឹងដោយមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ គិតត្រឹមសប្ដាហ៍ទី៣ ត្រូវនឹងថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន២២៦ ៤៤១នាក់ បានចេញដើរកម្សាន្តទៅតាមទីកន្លែងទេសចរណ៍នានាក្នុងប្រទេស ដែលក្នុងនោះមានភ្ញៀវជាតិចំនួន២០៤ ៤៨១នាក់ និងភ្ញៀវអន្តរជាតិចំនួន២១ ៩៦០នាក់។

ក្រសួងបន្តថា ខេត្តគោលដៅចំនួនបីដែលទទួលបានការទាក់ទាញពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិច្រើនជាងគេប្រចាំខែកក្កដានេះ មានដូចជា ខេត្តបាត់ដំបង ដែលទទួលបានភ្ញៀវទេសចរចំនួន៣៦​ ៥២០នាក់ ខេត្តកំពតចំនួន២៨ ៩៦៤នាក់ និងខេត្តព្រះសីហនុចំនួន២៨ ៥០៤នាក់។

យ៉ាងណាមិញ ប្រភពដដែលឱ្យដឹងថា បើធៀបនឹងសប្ដាហ៍កន្លងទៅ ចំនួនភ្ញៀវទេសចរទៅកាន់ខេត្តគោលដៅទាំងនោះមានការថយចុះ ដោយសារតែបញ្ហាអាកាសធាតុមិនអំណោយផល ដែលមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ ដែលធ្វើឱ្យជន់លិចនៅតាមបណ្ដារាជធានីខេត្តមួយចំនួន។

បើធៀបនឹងស្ថិតិសម្រាប់ឆ្នាំ២០១៩ ក្នុងខែដូចគ្នា មុនពេលមានការផ្ទុះជំងឺកូវីដ-១៩​ លំហូរចូលនៃចំនួនភ្ញៀវទេសចរអន្តរជាតិ​នៅមិនទាន់មានភាពប្រសើរឡើយ។ ដោយកាលពីមិនទាន់មានវត្តមាននៃជំងឺកូវីដ-១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន៥០២ ៤២១នាក់ សម្រាប់ខែកក្កដា ឆ្នាំ២០១៩។ ប៉ុន្តែគិតត្រឹមសប្ដាហ៍ទី៣ ខែកក្កដា ឆ្នាំ២០២២នេះ កម្ពុជាអាចទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន២១ ៩៦០នាក់ប៉ុណ្ណោះ។

ទោះបីយ៉ាងនេះក្ដី បច្ចុប្បន្ន រដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធកំពុងចាត់វិធានការផ្សេងៗ ដើម្បីធ្វើឱ្យដំណើរការនៃវិស័យទេសចរណ៍នៅកម្ពុជាត្រលប់ទៅរកភាពប្រសើរឡើងវិញ។

កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ តាមរយៈការថ្លែងសន្និសីទ លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា កម្ពុជាចាំបាច់ត្រូវបង្វែរ​ទិសជំ​រុ​ញ​​ទេសចរ​​ផ្ទៃក្នុង​ ដើម្បីត្រៀមខ្លួនទប់ទ​ល់ស្ថានភាពនេះក្នុងរយៈពេ​​លយូរបន្ថែមទៀត។

ក្នុងនោះ លោកឱ្យដឹងថា ការបន្តអនុវត្តន​យោបា​យ​​​ «សូន្យកូវីដ-១៩» របស់ចិន ដែលជាវិធានការទប់ស្កាត់លំហូរពលរដ្ឋចេញទៅកម្សាន្តនៅក្រៅប្រទេសនា​​នា រួមទាំងកម្ពុជានោះ ក៏ជា​ផ្នែកមួយប៉ះពាល់ដល់វិស័យទេសចរណ៍នៅកម្ពុជាដែរ។ ​​បញ្ហានេះ លោក​បញ្ជា​ទៅ​មន្ត្រីពាក់ព័ន្ធឱ្យពង្រឹងប្រសិទ្ធភាពទាក់ទាញទេសចរណ៍​ក្នុងស្រុក ក្នុងក្របខណ្ឌទូទាំងប្រទេស ជាពិសេសគឺការ​ជំរុញទេសចរណ៍​​ផ្ទៃក្នុង ដើម្បីស្ដារ​សេដ្ឋ​​កិច្ចជីវភាពពលរដ្ឋ តាមគន្លងថ្មី ​រៀ​ន​រស់ជាមួយកូវីដ-១៩ និងការរួមចំណែកក្នុងការអភិរក្ស​ធនធានធម្មជាតិផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ