យុវតី​ជនជាតិដើមភាគតិច​បាន​ជម្នះ​លើ​ការ​រើសអើង​ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម

កញ្ញា ណាន់ ម៉ារ៉ា ជា​និស្សិត​ជនជាតិ​ដើម​ភាគតិច​គ្រឹង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ។ (ផ្ដល់ឱ្យ)

ត្រលប់​មក​រៀន​នៅ​វិទ្យាល័យ​ក្នុង​ស្រុក​កូនមុំ ខេត្ត​រតនគិរី កញ្ញា ណាន់ ម៉ារ៉ា ជា​និស្សិត​ជនជាតិ​ដើម​ភាគតិច​គ្រឹង បាន​អង្គុយ​ក្នុង​ថ្នាក់​រៀន​ដែល​មាន​មិត្ត​រួម​ថ្នាក់ជាជនជាតិខ្មែរ។ នាងមិនសូវនិយាយស្ដី ហើយមិនសូវសួរសំណួរទេ។ ពេល​ណា​ដែល​មាន​ការ​ងារជា​ក្រុម នាង​មិន​អាចចាប់ដៃគូជាមួយសិស្ស​ផ្សេង​ទៀត​ ដើម្បីធ្វើ​កិច្ចការជាមួយគ្នាឡើយ។

ម៉ារ៉ា រម្លឹកអំពី​មិត្ត​រួម​ថ្នាក់ដែល​និយាយ​ថា៖ «កុំ​នៅ​ក្នុង​ក្រុម​នាង​អី នាង​ជា​ជនជាតិ​ដើម​ភាគតិច នាង​មិន​ចេះ​អ្វីទេ»។

ពួកគេនិយាយថា៖ «អ្នកជាស្ត្រីនិងជាជនជាតិដើមភាគតិច អ្នកមិនចាំបាច់រៀនទេ។ យ៉ាងណាអ្នកនៅតែធ្វើស្រែដដែល»។

ម៉ារ៉ា នៅតែស្ងៀមស្ងាត់ដោយគ្មានឆ្លើយតបអ្វីទាំងអស់ ដោយគ្រាន់តែឱនមុខចុះ រួចដើរចេញ។ ពេលខ្លះនាងទៅបន្ទប់ទឹក ហើយយំម្នាក់ឯង។

វា​ជា​បញ្ហា​ទូទៅ​ដែល​ត្រូវបាន​រៀបរាប់ឡើង​វិញ​ដោយ​និស្សិត​ជាច្រើន​ដែល​បាន​ធំធាត់​នៅក្នុង​សហគមន៍​ជនជាតិដើម​ភាគតិច​នៃប្រទេស​កម្ពុជា។ ផ្នត់គំនិតអំពីភាពអៀនខ្មាសនៅតែចាក់ឫសយ៉ាងជ្រៅក្នុងចំណោមប្រជាជនខ្មែរភាគច្រើន ហើយពាក្យសម្ដីបន្តិចបន្តួចអាចប៉ះពាល់ខ្លាំងដល់អារម្មណ៍របស់និស្សិតក្នុង​រយៈពេលជាច្រើនឆ្នាំឬពេញមួយជីវិត ហើយជាញឹកញាប់សម្ពាធដើម្បីទប់ទល់នឹងមហិច្ឆតានានាក៏កើតចេញពីសហគមន៍ជនជាតិដើមភាគតិចខ្លួនឯងដែរ។

ទោះយ៉ាងណាក៏ដោយ ម៉ារ៉ា ពេលនេះកំពុងសិក្សានៅសាកលវិទ្យាល័យផ្នែកច្បាប់ គ្រាន់តែថានាងជាបុគ្គលទីបីមកពីសហគមន៍ជនជាតិដើមភាគតិចនៅស្រុកកូនមុំ ដើម្បីបន្តការសិក្សានៅថ្នាក់ឧត្ដមសិក្សា។ យោងតាមការសិក្សារបស់រដ្ឋាភិបាលថ្មីៗនេះបានបង្ហាញថា តិចជាង១%នៃជនជាតិដើមភាគតិចទាំងអស់ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ និងលើសពីនេះ បានបញ្ចប់ថ្នាក់វិទ្យាល័យ។

និស្សិតនឹងមានបន្ទុកនិងបញ្ហាប្រឈមច្រើនក្នុងការការពារប្រពៃណីរបស់ពួកគេ ការឈរដោយមោទកភាពក្នុងមជ្ឈដ្ឋានអរិភាព ការជម្នះផ្នត់គំនិតវប្បធម៌ដើម្បីសម្រេចក្តីសុបិន និងគោលបំណងនាំមកនូវភាពរីកចម្រើនដល់សហគមន៍របស់ពួកគេ។

ម៉ារ៉ា និងអ្នកផ្សេងទៀតដូចជានាងដែរ កំពុងស្វែងរកវិធីដើម្បីជម្នះការលំបាកនេះប្រកបដោយទំនុកចិត្តនិងការសហការ​គ្នា​។

វប្បធម៌ផ្សេងៗគ្នា

ម៉ារ៉ា ចង់បោះបង់ការសិក្សាច្រើនដងមកហើយ ប៉ុន្តែឪពុក​របស់​នាង​ដែល​ជា​អតីត​គ្រូបង្រៀន​នៅ​សាលា​បឋមសិក្សា​ បាន​ប្រាប់​នាង​ឱ្យ​ជម្នះការលំបាក ហើយ​បន្ត​ដំណើរទៅ​មុខ​ទៀត។ ម៉ារ៉ា និយាយ​ថា ក្នុង​នាម​ជា​គ្រូបង្រៀនម្នាក់ ឪពុក​របស់​នាង​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​សិក្សា​របស់​កូនៗ​ច្រើន​ជាង​ឪពុក​ម្ដាយ​ភាគ​ច្រើន​ក្នុង​សហគមន៍​របស់​នាង។

អត្រាបោះបង់ការសិក្សាគឺខ្ពស់ក្នុងចំណោមយុវជនជនជាតិដើមភាគតិច។ យោងតាមរបាយការណ៍ដែលត្រូវបានចេញផ្សាយកាលពីឆ្នាំមុនដោយរដ្ឋាភិបាល គិតត្រឹមឆ្នាំ២០១៣ ស្ទើរតែ ៦៦% នៃជនជាតិដើមភាគតិចដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ មិនទាន់បានបញ្ចប់ថ្នាក់បឋមសិក្សានៅឡើយ។ មានប្រមាណជា១០% ទទួលបានការអប់រំខ្លះៗកម្រិតមធ្យមសិក្សា ហើយតិចជាង១% មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ការ​សិក្សា​ដដែលបន្ថែម​ថា ស្ថិតិ​គឺ​មានភាពមិនល្អប្រសើរចំពោះ​កុមារីនិង​ស្ត្រី​ជាងបុរស​។

ចំពោះ ម៉ារ៉ា ក្នុងអំឡុងពេលដែលនាងកំពុងរៀននៅវិទ្យាល័យ នាងបានចំណាយពេលមួយឆ្នាំដោយធ្វើការជាអ្នកស្ម័គ្រចិត្តនៅ «អង្គការជនជាតិដើមភាគតិចកម្ពុជា» ដែលជាអង្គការមិនមែនរដ្ឋាភិបាលមួយជួយសហគមន៍នានាក្នុងការតស៊ូមតិចំពោះបញ្ហាដីធ្លីនិងព្រៃឈើ។ ម៉ារ៉ា និយាយថា បទពិសោធន៍គឺជាគន្លឹះក្នុងការធ្វើឱ្យនាងមានការប្ដេជ្ញាចិត្តក្នុងការបន្តអាជីពការងារផ្នែកច្បាប់។

មិនយូរប៉ុន្មាន នាងបានបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ។ ដំបូង​ឡើយ នាង​នៅតែ​ស្ងៀមស្ងាត់ ហើយ​ភាគច្រើននាងត្រូវបាន​មើលរំលង​ដោយ​មិត្តភក្តិនិង​សាស្ត្រាចារ្យ ដោយគិតថា​នាង​ល្ងង់ ព្រោះតែនាងមិនសូវមាត់ក។ នាង​និយាយ​ថា ​នាងមិនដែលមានបញ្ហាអំពីកិច្ចការសាលាឡើយ។

ម៉ារ៉ា នៅតែមានអារម្មណ៍ភ័យខ្លាចចំពោះការរើសអើង ហើយដំបូងឡើយ នាងមិនបានប្រាប់មនុស្សនៅភ្នំពេញអំពីប្រវត្តិរបស់នាងជាជនជាតិដើមភាគតិចឡើយ។ យ៉ាងណាក៏ដោយ នាង​និយាយ​ថា រាល់​ពេលដែល​នាង​ទៅ​ផ្ទះ​នៅ​ខេត្ត​រតនគិរី គេ​សើច​ចំអកឱ្យនាង​ថា «មើលអ្នកចេះដឹងមកពីទីក្រុង»

ម៉ារ៉ា និយាយថា៖ «ពួកគេគិតថាខ្ញុំមានមោទកភាព។ ពួកគេមើលមុខខ្ញុំ ដូចខ្ញុំហ្នឹងជាមនុស្សចម្លែក។»

ការផ្លាស់ប្ដូរបានកើតឡើងនៅពេលដែលនាងបានចូលរួមក្នុងកម្មវិធីមួយនាដើមឆ្នាំនៅសាកលវិទ្យាល័យ ដែលនាងអាចជួបជាមួយស្ត្រីវ័យក្មេងផ្សេងទៀតមកពីក្រុមជនជាតិភាគតិច រួមទាំងមកពីសហគមន៍​​ខ្មែរអ៊ីស្លាម និងជនជាតិវៀតណាមនៅកម្ពុជា។

នាង​និយាយ​ថា៖​ «​ខ្ញុំ​នៅ​​ស្ទាក់ស្ទើរ​​ក្នុង​ការ​បង្ហាញ​អត្តសញ្ញាណ​របស់​ខ្ញុំ ដោយ​បារម្ភ​ថា ​មនុស្ស​មួយ​ចំនួន​នៅ​តែ​រើសអើង​ខ្ញុំ​»។

ប៉ុន្តែ​នាង​បាន​រក​ឃើញ​ផលប្រយោជន៍​រួម​ភ្លាមៗ​ជាមួយ​អ្នក​ចូលរួម​ផ្សេង​ទៀត ដោយ​និយាយ​អំពី​ទម្រង់​ផ្សេង​ៗ​នៃ​ការ​រើសអើង​ដែល​ពួកគេ​បាន​ជួបប្រទះ។ នាងបានដឹងពីវប្បធម៌ចម្រុះនៅកម្ពុជា។

នាងនិយាយថា៖ «​បន្ទាប់​ពី​ចូល​រួម​កម្មវិធី ខ្ញុំ​ហ៊ាន​បង្ហាញ​អត្តសញ្ញាណខ្លួន​ឯង»។

ផលប្រយោជន៍រួម

ការស្រាវជ្រាវថ្មីៗនេះបានរកឃើញថា ស្ត្រីជនជាតិដើមភាគតិចជាច្រើនមានមោទកភាពចំពោះអត្តសញ្ញាណវប្បធម៌របស់ពួកគេ ប៉ុន្តែខ្លាចមានការរើសអើង។ កុមារីនិងស្ត្រីជនជាតិដើមភាគតិច ប្រហែល ៩២,៥% ដែលបានចូលរួមក្នុងការស្ទង់មតិមួយធ្វើឡើងដោយ «អង្គការនារីដើម្បីសន្តិភាព» ដែលបានបោះពុម្ពផ្សាយកាលពីខែមេសា បាននិយាយថា ពួកគេបានប្រឈមមុខនឹងការរើសអើង។ ជាញឹកញាប់ ហេតុផលគឺទាក់ទងនឹងភាសាឬសាសនា។

ស្ទើរតែពាក់កណ្ដាលនៃអ្នកចូលរួមបាននិយាយថា ពួកគេមានទំនាក់ទំនងតិចតួចបំផុតជាមួយមនុស្សមកពីក្រុមផ្សេងទៀត។ អ្នកចូលរួមបាននិយាយថាជាទូទៅ គឺដោយសារតែពួកគេមិនមានឱកាសច្រើនក្នុងការចេញទៅក្រៅសហគមន៍របស់ពួកគេ ប៉ុន្តែពួកគេក៏មានអារម្មណ៍អៀនខ្មាសឬខ្លាចមានការរើសអើងផងដែរ។

ពួកគេបាននិយាយអំពីគម្លាតក្នុងការគាំទ្រចំពោះបញ្ហាទូទៅអំពីទំនុកចិត្តលើខ្លួនឯងក្នុងចំណោមកុមារីជនជាតិដើមភាគតិច។ ពួកគេមានអារម្មណ៍មិនល្អដោយសារតែខ្វះទំនុកចិត្តលើខ្លួនឯង ខ្លាចគេសើចចំអក គិតថាគេមិនឮសំឡេងរបស់ពួកគេ ឬមិនឱ្យតម្លៃ។

ការសិក្សាបាននិយាយថា ការលំបាកជាច្រើនដែលកុមារីជនជាតិដើមភាគតិចប្រឈមមុខ បានក្លាយជាឧបសគ្គក្នុងការទទួលបានការអប់រំគ្រប់កម្រិត។

អ្នកស្រី ហ្វុង ចំប៉ី អនុប្រធានក្រុមការងារបណ្ដាញស្ត្រីជនជាតិដើមភាគតិចនៅកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ មានប្រសាសន៍ថា អាចមានសម្ពាធខ្លាំងនៅក្នុងសហគមន៍។

អ្នកស្រីបានបន្ថែមថា៖ «សហគមន៍ជនជាតិដើមភាគតិចមួយចំនួនមានទំនៀមទម្លាប់ដែលមិនឱ្យតម្លៃកុមារីក្នុងការទទួលបានការអប់រំ ឬមិនឱ្យកុមារីទៅឆ្លាយផ្ទះ។ ពួកគេយល់ឃើញថា កុមារីដែលចាកចេញពីផ្ទះមិនមែនជាស្ត្រីត្រឹមត្រូវឡើយ ឬប្រសិនបើពួកគេចេញទៅក្រៅ ពួកគេនឹងមានហានិភ័យ»។

យ៉ាង​ណា​ក៏​ដោយ ស្ត្រីវ័យក្មេងកាន់តែច្រើនឡើង​កំពុង​ជម្នះ​ឧបសគ្គ​ក្នុង​ការ​សិក្សា​បន្ថែមទៀត។

គង់ ថិត ជានិស្សិតសាកលវិទ្យាល័យព្នង មកពីស្រុកកោះញែក ខេត្តមណ្ឌលគិរី គឺជាបងប្អូនបង្កើតតែម្នាក់គត់ក្នុងចំណោមបងប្អូនប្រាំពីរនាក់ ដែលបានចាកចេញពីស្រុកកំណើតមករស់នៅទីក្រុងភ្នំពេញ ដើម្បីបន្តការសិក្សាថ្នាក់ឧត្ដមសិក្សា។

ថិត និយាយថា៖ «ប្រសិនបើនៅថ្ងៃអនាគត ខ្ញុំក្លាយជាអ្នកនិពន្ធ ខ្ញុំនឹងសរសេរជាភាសាជនជាតិដើមភាគតិចរបស់យើង ដើម្បីឱ្យមានការសរសេរនិងការនិយាយភាសាយើងកាន់តែច្រើនឡើង និងជាសៀវភៅដែលធ្វើឱ្យមនុស្សស្គាល់យើងកាន់តែច្រើនឡើង»។

នាងបន្តថា៖ «ដំបូង ខ្ញុំនឹងសរសេរជាភាសាខ្មែរ។ ខ្ញុំដឹងថា បច្ចុប្បន្ននេះ យើងកម្រឃើញសំណេរជាភាសាជនជាតិដើមភាគតិច មានតែទំនាក់ទំនងផ្ទាល់មាត់ប៉ុណ្ណោះ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​សរសេរ​ជា​ភាសា​ខ្មែរ ដើម្បីឱ្យគេយល់កាន់តែច្បាស់ ហើយ​រក​វិធី​សរសេរ​ជា​ភាសា​ជនជាតិដើមភាគតិច​របស់​យើង»។

ប៉ាញ៉ូ ឡៃ ជានិស្សិតជនជាតិដើមភាគតិចគ្រឹង មកពីស្រុកអូរជុំ ខេត្តរតនគិរី កំពុងសិក្សាកម្មវិធីកុំព្យូទ័រនៅសាកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ។ នាង​និយាយ​ថា នាង​សង្ឃឹម​ថា ​នឹង​ជួយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ឱ្យ​ចូល​ប្រើប្រាស់​ឧបករណ៍​ឌីជីថល និងទទួលបាន​ចំណេះដឹង​ដោយ​គ្មាន​ឧបសគ្គ។

ការភ្ជាប់ទំនាក់ទំនងជាមួយវប្បធម៌ផ្សេងៗ

ម៉ារ៉ា ជានិស្សិតច្បាប់ និយាយថា ការចាកចេញពីផ្ទះមិនមែនមានន័យថា នាងបោះបង់សហគមន៍ឬប្រពៃណីរបស់នាងចោលនោះទេ។ នាងជឿជាក់ថា តាមរយៈការទទួលបានការអប់រំកាន់តែទូលំទូលាយ និស្សិតជនជាតិដើមភាគតិចអាចជួយការពារសហគមន៍របស់ពួកគេ មិនថាតាមរយៈការធ្វើជាតំណាងក្នុងរឿងច្បាប់ ឬការកត់ត្រា និងការចែករំលែកអំពីជីវិតរបស់ពួកគេតាមរយៈការបោះពុម្ពសៀវភៅ។

ម៉ារ៉ា​ និយាយ​ថា៖​ «​មក​រៀន​នៅ​ភ្នំពេញ យើង​រស់នៅ​ឆ្ងាយ​ពី​វប្បធម៌​យើង ប៉ុន្តែយើង​ក៏​បាន​ជួយ​ផ្សព្វផ្សាយ​ដែរ​»​។

នាងបន្តថា៖ «យើងគួរតែរស់នៅជាមួយវប្បធម៌របស់យើង ខណៈដែលមានការផ្លាស់ប្ដូរជា​ប្រចាំ»។

នាងទទួលស្គាល់ថានៅតែមានប្រតិកម្មផ្សេងៗគ្នា។

នាងនិយាយថា៖ «អ្នកខ្លះសរសើរយើង អ្នកខ្លះទៀតថាហេតុអ្វីអ្នកមកទីនេះ?»

ទោះជាយ៉ាងណា នៅពេលដែលនាងចាប់ផ្ដើមបង្ហាញពីមោទកភាពចំពោះសាវតាររបស់នាង ម៉ារ៉ា បានដឹងថា មនុស្សជុំវិញខ្លួននាងស្វាគមន៍នាងច្រើនជាងមុន។

នាងនិយាយថា៖ «ពេល​គេ​សួរ​ខ្ញុំ​ថា​ខ្ញុំ​មក​ពី​ណា? ខ្ញុំ​ប្រាប់​គេ​ថា ​ខ្ញុំ​មក​ពី​ខេត្ត​រតនគិរី។ ​ខ្ញុំ​ជា​ជនជាតិ​ដើម​ភាគតិច ប៉ុន្តែ​គេ​មិន​រើសអើង​ខ្ញុំទេ។ ពួកគេសប្បាយចិត្តដែលបានស្គាល់ខ្ញុំ។ ពួកគេចង់ដឹងបន្ថែមអំពីយើង»។

នាងបន្ថែមថា៖ «វា​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​រីករាយនិងមាន​មោទកភាព​ដែល​ខ្ញុំ​បាន​កើត​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​»។

ការមានទំនុកចិត្តបានផ្លាស់ប្ដូរការគិតរបស់មនុស្សចំពោះការរើសអើង។ ម៉ារ៉ា និយាយ​ថា នាងមានមោទកភាពអំពីរឿងនោះ។

«ជាការពិតណាស់ អ្វីដែលពួកគេនិយាយគឺត្រឹមត្រូវ៖ យើងជាជនជាតិដើមភាគតិច យើង​ធ្វើ​ការនិង​ដាំ​បន្លែ​ផ្លែឈើ​ក្នុង​ព្រៃ»។

យ៉ាងណា​ នាង​និយាយ​ថា វា​មិន​មែន​ជា​រឿង​ដែល​ត្រូវអៀន​ខ្មាស ​ឬ​ត្រូវ​មើល​ងាយ​នោះ​ឡើយ ហើយ​ក៏​មិន​មាន​ហេតុផល​ណា​មួយ​ដែល​ត្រូវ​គេ​បដិសេធមិនផ្ដល់​សិទ្ធិក្នុងការទទួលបាន​ការ​អប់រំ ឬ​សេរីភាព​ផ្សេងទៀត​ដែរ៕


បកប្រែនិងសម្រួលដោយលោក លី សេងហន ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Young Indigenous Women Break Through Prejudice to Find Common Ground

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ