ការតាមប្រមាញ់របស់ក្រុមឆ្មក់តាមវាយជនរងគ្រោះនៅតាមដងផ្លូវសាធារណៈបានកើតឡើងជាថ្មីទៀត នៅរាជធានីភ្នំពេញ កាលពីចុងសប្ដាហ៍មុន ទៅលើសកម្មជននយោបាយជំទាស់ ដែលធ្វើឱ្យទម្រង់នៃអំពើហិង្សាបែបនេះកើនដល់ជាង៣០ករណី រយៈពេលជាង៤ឆ្នាំមកនេះ ក្រោយពីការប្រកួតនយោបាយឈានទៅរំលាយគណបក្សប្រឆាំងធំមួយកាលពីចុងឆ្នាំ២០១៧។
បរិបទនេះត្រូវបានអ្នកឃ្លាំមើលចាត់ទុកថា សិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយរបស់ពលរដ្ឋដែលធានាដោយមាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ កំពុងរងការគំរាមកំហែង។ ពួកគេបារម្ភថា និទណ្ឌភាពនឹងបង្កគ្រោះថ្នាក់ដល់មនុស្សច្រើននាក់ទៀត បើជនល្មើសមិនត្រូវបាននាំមកកាត់ទោសទេនោះ។
កាលពីថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២ អនុប្រធានគណបក្សភ្លើងទៀនប្រចាំខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញម្នាក់ទៀត គឺលោក នល់ ពង្សធារិទ្ធ ត្រូវអ្នកជិះម៉ូតូមួយក្រុម ពាក់របាំងមុខ ព្រួតគ្នាវាយឱ្យរងរបួសក្បាលដេរ១២ថ្នេរ ខណៈគាត់ជិះម៉ូតូចេញពីប្រជុំបក្សនៅខណ្ឌពោធិ៍សែនជ័យ តែពេលនេះ ជនរងគ្រោះបានដាក់ពាក្យប្ដឹងទៅអាជ្ញាធរទាមទារឱ្យតាមចាប់ជនដៃដល់មកកាត់ទោស។
មេធាវីការពារសិទ្ធិឱ្យគណបក្សប្រឆាំង លោក សំ សុគង់ បានរម្លឹកថា ទម្រង់នៃអំពើហិង្សាដូចគ្នានេះបានកើតឡើងជាហូរហែចាប់ពីឆ្នាំ២០១៨មក។ លោកថា មកដល់ពេលនេះ ទម្រង់នៃអំពើហិង្សាប្រហាក់ប្រហែលគ្នានេះបានកើតឡើងលើសកម្មជនគណបក្សប្រឆាំង សរុបជាង៣០ករណីហើយ ដែលថា ភាគច្រើនជនរងគ្រោះ ត្រូវគេវាយសំដៅក្បាល ក្នុងនោះជិត១០ករណីធ្ងន់ធ្ងរ ខ្លះពិការរហូតបច្ចុប្បន្ន តែចំណាត់ការផ្លូវច្បាប់គ្មានជនដៃដល់ណាម្នាក់ត្រូវបាននាំខ្លួនមកផ្ដន្ទាទោសទេ ទោះសំណុំរឿងជនរងគ្រោះប្ដឹងដល់ដៃតុលាការហើយខ្លះហើយក្តី។
លោកថា៖ «អ្នកខ្លះគាត់អាចពិការមួយជីវិត អ្នកខ្លះក៏មានរបួសស្នាមយូរអង្វែងទើបជា ហើយអ្នកខ្លះអាចប៉ះពាល់ដល់បញ្ហាខួរក្បាលទៀត ព្រោះដោយសារជនដែលវាយហ្នឹង ភាគច្រើនសំដៅរកក្បាលដែលជាកន្លែងដែលស្លាប់ហ្នឹង»។
ករណីនេះ មានការចោទជាសំណួរថា តើមានអ្វីនៅពីក្រោយចំពោះហិង្សាផ្ទួនៗលើសកម្មជននយោបាយជំទាស់?
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ថា រូបភាពនៃការព្រួតគ្នាវាយទៅលើសកម្មជននយោបាយតាមដងផ្លូវជាថ្មីទៀតនេះ ឆ្លុះបញ្ចាំងថា ការគំរាមកំហែងខាងនយោបាយទៅលើក្រុមអ្នកនយោបាយជំទាស់នៅតែបន្តកើតឡើង ហើយថា ទម្រង់នៃអំពើហិង្សានេះអាចនឹងធ្ងន់ធ្ងរថែមទៀតទៅថ្ងៃខាងមុខ បើជនដៃដល់មិនត្រូវបានចាប់ខ្លួនមកផ្តន្ទាទោស។
លោក ពិសី យល់ថា រូបភាពនៃអំពើហិង្សាថ្មីទៀតទៅលើសកម្មជនគណបក្សប្រឆាំងពេលនេះ ស្របគ្នានឹងលទ្ធផលបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ បង្ហាញថា គណបក្សភ្លើងទៀន ដេញពីក្រោយគណបក្សកាន់អំណាច ដែលព្រឹត្តិការណ៍នេះអាចជាការបំភិតបំភ័យនិងទប់ស្កាត់ការហក់ឡើងប្រជាប្រិយភាពរបស់គណបក្សប្រឆាំងនេះទៅថ្ងៃអនាគត។
លោកថា៖ «ខ្ញុំឃើញថា ការប្រើប្រាស់អំពើហិង្សាហ្នឹងអាចជាការគំរាមកំហែងដល់សកម្មជនក្ដី ដល់អ្នកគាំទ្រគណបក្សប្រឆាំងក្ដី កុំឱ្យងើបឡើងជាទ្រង់ទ្រាយធំ ជាប្រព័ន្ធ ក្នុងការប្រកួតប្រជែងអំណាចនៅឆ្នាំក្រោយហ្នឹង»។
ប៉ុន្តែលោកថា ជម្រើសនេះមិនចំណេញដល់ផលប្រយោជន៍ប្រជាធិបតេយ្យទេ ដោយសម្អាងថា ក្នុងសង្គមប្រជាធិបតេយ្យ គេត្រូវការទីលានប្រកួតមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានការគំរាមកំហែងខាងនយោបាយ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព កត់សម្គាល់ថា កន្លងទៅ ការយាយីទៅលើក្រុមសមាជិកមកពីគណបក្សជំទាស់ រួមទាំងសកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានខ្លះ បានរងនូវការយាយីតាមប្រព័ន្ធតុលាការផង និងទម្រង់នៃអំពើហិង្សាផង។ លោកស្រីយល់ថា រូបភាពនៃការលបវាយសមាជិកបក្សជំទាស់ជាបន្តបន្ទាប់មកនេះ ចង់មិនចង់ បានបង្ហាញនូវទម្រង់វាយប្រហារខាងនិន្នាការនយោបាយ និងបង្កើតនូវវប្បធម៌និទណ្ឌភាព បើអាជ្ញាធរមិនខ្នះខ្នែងដើម្បីស្វែងរកអ្នកពាក់ព័ន្ធយកមកផ្តន្ទាទោសទេនោះ។
លោកស្រីថា៖ «អ៊ីចឹងកន្លែងនេះត្រូវចាប់ផ្ដើមថា ត្រូវធ្វើយ៉ាងម៉េចចំពោះការប្ដេជ្ញាចិត្តលុបបំបាត់វប្បធម៌និទណ្ឌភាព តាមរយៈការព្យាយាមស៊ើបអង្កេត ព្យាយាមរកជនដៃដល់ ដើម្បីយកមកផ្ដន្ទាទោស ដើម្បីបង្ហាញពីគំរូភាពលុបបំបាត់វប្បធម៌និទណ្ឌភាពកន្លងមកនេះ»។
អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះយល់ថា បើទម្រង់ប្រហាក់ប្រហែលនេះមិនត្រូវបានលុបបំបាត់ទេ នោះជារូបភាពគំរាមកំហែងទៅដល់សិទ្ធិពលរដ្ឋ ក្នុងការចូលរួមជីវភាពនយោបាយ និងរារាំងដល់ការចូលរួមយ៉ាងសកម្មក្នុងការជំរុញលំហប្រជាធិបតេយ្យ។ តែយ៉ាងណា លោកស្រីផ្តល់ជាយោបល់ថា ដើម្បីពង្រឹងនីតិរដ្ឋឈានទៅលុបបំបាត់និទណ្ឌភាពបាន ទាល់តែអាជ្ញាធរពាក់ព័ន្ធមានទំនួលខុសត្រូវខ្ពស់ចំពោះពលរដ្ឋគ្រប់រូប និងធានាយុត្តិធម៌ជូនពួកគេប្រកបដោយទំនុកចិត្ត ។
លោកស្រីថា៖ «បើយើងអាចធ្វើបែបនេះបាន ហើយបង្ហាញនូវគំរូភាពថា ជនល្មើសទាំងឡាយពីករណីវាយប្រហារហ្នឹងត្រូវបាននាំយកមកកាត់ទោស អ៊ីចឹងអាហ្នឹងហើយដែលយើងអាចចូលរួមលុបបំបាត់វប្បធម៌និទណ្ឌភាពបាន»។
តែយ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ យល់ឃើញផ្សេងពីនេះ ដោយអះអាងថា ការដែលអាជ្ញាធរបាត់ដានក្នុងការស្វែងរកជនដៃដល់មកផ្តន្ទាទោស មកពីជនរងគ្រោះមិនសហការជាមួយអាជ្ញាធរក្នុងការដាក់ពាក្យបណ្ដឹង ឬផ្ដល់ភស្តុតាងជាដើម តែគណបក្សប្រឆាំងបែរជាកេងចំណេញករណីនេះ តាមរយៈធ្វើលិខិតប្រកាសថា រឿងរ៉ាវដែលបានកើតឡើងជារឿងនយោបាយ។
លោកថា៖ «យ៉ាងណាក៏ដោយ មិនមែនរកមិនឃើញហ្នឹង យើងចោលទេ! យើងនៅតែទទួលអ៊ីចឹង! យើងមានការសោកស្ដាយណាស់ ព្រោះជាពលរដ្ឋយើង ហើយក៏ជាកាតព្វកិច្ចរបស់សមត្ថកិច្ចយើងការពារពលរដ្ឋអ៊ីចឹងដែរ។ វាមិនល្អទេៗ ធ្វើឱ្យសង្គមយើងមិនល្អ សុំឱ្យទាំងអស់គ្នាឈ្លោះគ្នាតែក្នុងហិបឆ្នោតទៅបានហើយ»។
ទម្រង់នៃអំពើហិង្សាប្រហាក់ប្រហែលនេះដែរ ទៅលើសកម្មជនគណបក្សប្រឆាំង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ បានកើតឡើងលើលោក ពួក ចិន្តា អតីតប្រធានកងអង្គរក្សលោក សម រង្ស៊ី ដែលជនមិនស្គាល់អត្តសញ្ញាណបានលបវាយពីក្រោយបណ្ដាលឱ្យរងរបួសក្បាលធ្ងន់ធ្ងរ នៅពេលអង្គរក្សរូបនេះដើរត្រលប់មកពីផ្សារម្នាក់ឯង បម្រុងទៅផ្ទះលោក សម រង្ស៊ី នៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ។
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំដដែល អតីតចៅសង្កាត់កោះដាច់ មកពីគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ លោក ស៊ិន បូណា ត្រូវជនមិនស្គាល់មុខ ២នាក់ ធាក់ផ្ដួលម៉ូតូ និងយកដំបងដែកដេញវាយសំពងរហូតបាក់ដៃឆ្វេង ពេលលោកកំពុងជិះម៉ូតូតាមផ្លូវជាតិលេខ៦A ម្ដុំវត្តកៀនឃ្លាំង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ។
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោក ខៀវ ឌីន អតីតក្រុមប្រឹក្សាសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានគេលបវាយឱ្យរងរបួសក្បាល ដេរចំនួន១០ថ្នេរ។
លោក ប៉ិច ពិសី ដែលជាអ្នកឃ្លាំមើលសង្គមមួយរូបដែរនោះ យល់ថា បើយុត្តិធម៌សង្គមមិនត្រូវបានធានា ការយាយីទៅលើសកម្មជននយោបាយមិនត្រូវបានទប់ស្កាត់ ហើយដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣ ជោកជាំដោយបញ្ហា នោះនឹងត្រូវបានគេវាយតម្លៃថា រដ្ឋាភិបាលកើតក្រោយការបោះឆ្នោត មិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋនោះទេ ដែលបញ្ហានេះ កម្ពុជាប្រឈមនឹងការខាតបង់ទាំងផ្នែកសេដ្ឋកិច្ច និងវិស័យនយោបាយ។
លោកថា៖ «សង្គមប្រជាធិបតេយ្យ យើងត្រូវមានសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយមានការរៀបចំក្បាលម៉ាស៊ីនដឹកនាំជាតិមួយដែលចេញពីឆន្ទៈរាស្ត្រដែលផ្តល់ទំនុកចិត្ត។ អ៊ីចឹង [បើមិនដោះស្រាយ] ប្រយោជន៍ជាតិ ខាតទាំងដំណើរនៃការដឹកនាំរដ្ឋតាមបែបប្រជាធិបតេយ្យ ការលូតលាស់ផ្នែកសេដ្ឋកិច្ច ហើយការធានាបានពីយុត្តិធម៌សង្គម វាអាចប៉ះពាល់»៕