មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រសួងបានត្រៀមគ្រាប់ពូជស្រូវនិងបន្លែចំនួន២ ០៥០តោន ទុកសម្រាប់ចែកជូនកសិករដែលរងការខូចខាតដំណាំដោយសារគ្រោះធម្មជាតិ។
ការប្រកាសនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ។
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោក ងិន ឆាយ មានប្រសាសន៍ថា ក្រសួងកសិកម្មបានត្រៀមគ្រាប់ពូជស្រូវ ២ ០០០តោន និងគ្រាប់ពូជបន្លែ ៥០តោន សម្រាប់ដោះស្រាយនិងជួយសង្គ្រោះដល់ប្រជាកសិករដែលទទួលរងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ។
លោកបន្តថា ក្រោយរងផលប៉ះពាល់ អាជ្ញាធរខេត្តនីមួយៗដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ត្រូវសហការជាមួយមន្ត្រីជំនាញ ធ្វើការវាយតម្លៃអំពីផលប៉ះពាល់ឬការខូចខាតឱ្យបានច្បាស់លាស់ និងស្រង់បញ្ជីឈ្មោះប្រជាកសិករដែលរងផលប៉ះពាល់ឱ្យបានជាក់លាក់ ដើម្បីស្នើសុំគ្រាប់ពូជស្រូវនិងបន្លែពីក្រសួងកសិកម្ម។
លោក ងិន ឆាយ បន្ថែមថា ក្រសួងកសិកម្មក៏ត្រៀមមន្ត្រីជំនាញចុះជួយអន្តរាគមន៍ ពេលដែលដំណាំស្រូវនិងបន្លែរបស់ប្រជាកសិករផ្ទុះឡើងនូវជំងឺនិងសត្វចង្រៃផ្សេងៗដែលរាតត្បាតបំផ្លាញដំណាំរបស់ពួកគេ រួមទាំងបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះ ការប្រើប្រាស់ជី និងថ្នាំគីមីឱ្យត្រឹមត្រូវផងដែរ។
លោកបន្ថែមថា៖ «អាជ្ញាធរនៅគ្រប់លំដាប់ថ្នាក់នៅតាមបណ្ដាខេត្តនីមួយៗ ប្រសិនបើមានបញ្ហាគ្រោះធម្មជាតិកើតឡើង សូមមេត្តារួសរាន់វាយតម្លៃ និងធ្វើសំណើឱ្យបានលឿនមកក្រសួងកសិកម្ម ដើម្បីចៀសវាងការយឺតយ៉ាវក្នុងការផ្ដល់គ្រាប់ពូជត្រលប់ទៅវិញ។ មួយទៀត យើងបានត្រៀមលក្ខណៈជួយអន្តរាគមន៍នៅពេលមានការផ្ទុះឡើងនៃសមាសភាពចង្រៃ រួមទាំងសត្វនិងជំងឺដែលមកបំផ្លាញផលដំណាំរបស់ប្រជាពលរដ្ឋផងដែរ»។
អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស្រី វុឌ្ឍី មានប្រសាសន៍ក្នុងសន្និសីទនោះដែរថា ក្រសួងកសិកម្មកំពុងសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីបង្កើនហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រឱ្យវិស័យកសិកម្ម ដូចជា ធ្វើប្រព័ន្ធប្រឡាយទឹក ទំនប់ អាងស្តុកទឹក និងប្រព័ន្ធផ្លូវលំភ្ជាប់ទៅកសិដ្ឋានតាមគោលដៅធ្វើកសិកម្មផងដែរ។
លោកបន្តថា ក្រសួងកសិកម្មនឹងសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដោយជួយសម្របសម្រួលឱ្យមានការផ្ដល់កម្ចីក្នុងអត្រាការប្រាក់ទាបទៅដល់កសិករ ដើម្បីបានដើមទុនធ្វើកសិកម្មផងដែរ។

លោកបន្ថែមថា៖ «បើកសិករនៅត្រូវការទុន ប៉ុន្តែក្រសួងកសិកម្មមិនមែនជាអ្នកផ្ដល់ទុនទេ ប៉ុន្តែក្រសួងកសិកម្មយើងនឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ។ ឧទាហរណ៍ថា ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម យើងអាចសម្របសម្រួលគ្នាធ្វើម៉េចឱ្យមានការបញ្ចេញឥណទានទៅដល់ប្រជាកសិកររបស់យើងអាចខ្ចីបាន។ អ៊ីចឹងក្នុងគោលនយោបាយនេះ ការគាំទ្រនូវហេដ្ឋារចនាសម្ព័ន្ធ និងការសម្របសម្រួលនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម»។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្ដរមានជ័យ លោក សូត្រ ស៊ីសុខឃាង ឱ្យដឹងនៅថ្ងៃទី២០ ខែកក្កដានេះថា ការបង្កបង្កើនផលរបស់ប្រជាកសិករនៅខេត្តនេះ មិនទាន់មានបញ្ហាដោយសារគ្រោះធម្មជាតិនៅឡើយទេ ខណៈមន្ត្រីកសិកម្មខេត្តបាននិងកំពុងតាមដានករណីនេះជាប្រចាំ។ យ៉ាងណា លោកថា ប្រសិនជាជួបបញ្ហាគ្រោះធម្មជាតិ ឬបញ្ហាណាមួយនោះ មន្ទីរកសិកម្មខេត្តនឹងធ្វើរបាយការណ៍ជូនក្រសួង ដើម្បីដោះស្រាយ និងជួយដល់កសិករ។
ដូចគ្នានេះដែរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង លោក ឈឹម វជិរា មានប្រសាសន៍ថា នៅខេត្តនេះ ការបង្កបង្កើនផលធ្វើស្រែជួបបញ្ហាគ្រោះរាំងស្ងួតខ្លះដែរ ប៉ុន្តែមិនប៉ះពាល់ធ្ងន់ធ្ងររហូតខូចខាតដំណាំនោះទេ។ លោកថា រហូតពេលនេះ ការបង្កបង្កើនផលធ្វើស្រែបានប្រហែល៦៣ភាគរយហើយ។
លោកបន្តថា ប្រសិនជាមានបញ្ហាខូចខាតដោយគ្រោះធម្មជាតិ ឬមានបញ្ហាផ្សេងៗទៀតនោះ លោកនឹងធ្វើរបាយការណ៍ជូនក្រសួងកសិកម្ម ដើម្បីស្នើសុំជំនួយ ឬគ្រាប់ពូជសម្រាប់ចែកជូនកសិករបង្កបង្កើនផលជាថ្មី។
លោកបន្ថែមថា៖ «យើងនឹងប្រមូលទិន្នន័យនៃផលខូចខាតជាក់ស្ដែងពីអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ហើយយើងធ្វើការវាយតម្លៃនិងធ្វើរបាយការណ៍ ដើម្បីយើងស្នើសុំគ្រាប់ពូជដែលត្រូវការសម្រាប់ជួយបងប្អូនប្រជាពលរដ្ឋយើង»។
ចំណែកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ លោក ញិប ស្រ៊ន ឱ្យដឹងថា ការបង្កបង្កើនផលក្នុងខេត្តនេះបានជួបបញ្ហាជំនន់ទឹកភ្លៀង បណ្ដាលឱ្យខូចខាតដំណាំស្រូវរបស់កសិករមួយចំនួន។ តែយ៉ាងណា លោកថា មន្ទីរកសិកម្មខេត្តបានស្រង់ស្ថិតិចំនួនកសិករដែលជួបបញ្ហានេះ និងបានធ្វើរបាយការណ៍ជូនក្រសួង ដើម្បីស្នើសុំគ្រាប់ពូជសម្រាប់ផ្ដល់ជូនកសិករបង្កបង្កើនផលសាជាថ្មី។
លោកបន្ថែមថា៖ «ពេលទឹកជំនន់មក បានជន់លិចខូចស្រូវរបស់គាត់ ពេលលិចខូចរបស់គាត់អស់ហើយ យើងនឹងវាយតម្លៃថា កន្លែងណាដែលយើងអាចស្ដារបាន គឺយើងស្នើសុំគ្រាប់ពូជគាត់។ ប៉ុន្តែមិនមែនឱ្យតែលិច យើងស្នើសុំ១០០ភាគរយនោះទេ។ បើកន្លែងមួយចំនួន យើងមិនអាចស្តារបាន គឺចោលហើយ»។
កាលពីថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០២២ ប្រជាកសិករប្រាប់វីអូឌីថា ស្រូវប្រាំងរាប់ពាន់ហិកតារបស់ពួកគេនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ប្រឈមការខូចខាតដោយសារគ្រោះរាំងស្ងួត និងគ្មានប្រព័ន្ធទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រព។
ក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងរដូវវស្សាឆ្នាំ២០២២ ទឹកភ្លៀងបានធ្លាក់មកលឿន និងមានបរិមាណច្រើនជាងបណ្ដាឆ្នាំមុនៗ ដោយធ្វើឱ្យប៉ះពាល់ដល់ការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សា ជាពិសេសនៅតំបន់ទំនាបកណ្តាល ដែលប្រជាកសិករបានព្រោះស្រូវ បានរងផលប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹកភ្លៀងនេះ៕