ស្រីលង្កា​អាច​នឹង​ផ្ទុះ​ការតវ៉ា​កាន់តែខ្លាំង បើ​លោក រ៉ានីល វីក្រេមេស៊ីងហ្កេ ជាប់​ជា​ប្រធានាធិបតី

ប្រធានាធិបតីស្តីទី លោក រ៉ានីល វីក្រេមេស៊ីងហ្កេ (Ranil Wickremesinghe)។ (ធ្វីតទ័រ៖ Ranil Wickremesinghe)

សភារបស់ប្រទេសស្រីលង្កា នៅក្នុងសប្ដាហ៍នេះ នឹងជ្រើសរើសប្រធានាធិបតីថ្មី​ ក្នុង​ចំណោម​បេក្ខ​ជនប្រកួត​ប្រជែង​ក្នុងប្រទេសចំនួន៣រូប [តាមរយៈការបោះឆ្នោត] ដោយសង្ឃឹមថា មេដឹកនាំថ្មីនឹងអាចទាញ​​​​កោះនេះចេញ​ពី​វិបត្តិសេដ្ឋកិច្ចនិង​នយោបាយដ៏អាក្រក់​បំផុតរបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

បេក្ខជន​ដែលត្រូវប្រកួតប្រជែងសម្រាប់តំណែងប្រធានាធិបតីទាំង៣រូបនេះ រួមមាន ប្រធានាធិបតីស្តីទី លោក រ៉ានីល វីក្រេមេស៊ីងហ្កេ (Ranil Wickremesinghe) សមាជិកសភាគណបក្សកាន់អំណាច លោក Dullas Alahapperuma និងមេដឹកនាំគណបក្សឆ្វេងនិយម Janatha Vimukti Peramuna លោក Anura Kumar Dissanayake។

ទោះជាយ៉ាង​ណា មានការលើកឡើងថា បើលោក រ៉ានីល វីក្រេមេស៊ីងហ្កេ ដែលរងនូវការរិះគន់ដោយប្រជាជន​ស្រីលង្កាជាច្រើន ទទួលបានតំណែងជាប្រធានាធិបតីថ្មីនេះ អាចនឹងបង្កឱ្យមានបាតុកម្មកាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស។

ទាក់ទិននឹងករណីនេះ ​ពលរដ្ឋរស់នៅក្នុងរដ្ឋធានី​កូ​ឡំ​បូ​មួយ​រូប លោក Duminda Nagamuwa ថា៖ «យើង​​ប្រឆាំងដាច់ខាតចំពោះលោក រ៉ានីល។ គាត់​គឺជា​មន្រ្តី​ពុករលួយ»។

លោកបន្តថា៖ «ប្រសិនបើលោក រ៉ានីល ចូលមក [ឡើងកាន់អំណាច] យើងមិនអាចមានស្ថិរភាពបានឡើយ»។

គួរបញ្ជាក់ថា ប្រទេសស្រីលង្កា ក្នុងរយៈ​ពេល​ចុង​ក្រោយនេះ បានទទួលរងនូវវិបត្តិសេដ្ឋកិច្ច​ដ៏​អាក្រក់បំផុត​មួយ​ដែលមិន​ធ្លាប់​កើត​មាន​ពីមុនមក ខណៈទុនបម្រុងអន្តរជាតិ​របស់ប្រទេសក៏ស្ថិតក្នុងកម្រិតទាប​បំផុត​ផង​ដែរ ដែល​បាន​បង្ក​ឱ្យប្រទេស​មួយ​នេះជួបប្រទះបញ្ហាកង្វះថវិកាធ្ងន់ធ្ងរ​សម្រាប់​ការ​នាំចូល​អាហារ ឱសថ និងប្រេងឥន្ធនៈ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ