តុលាការ​កំពូល​តម្កល់​សេចក្ដី​សម្រេច​ផ្ដន្ទាទោស​សកម្មជន​បក្សប្រឆាំង លោក ទុំ ប៊ុនថន ពី​បទ​ញុះញង់

លោក ទុំ ប៊ុនថន (ស្លៀកពាក់ឈុតអ្នកជាប់ឃុំ ដើរខាងមុខគេ) អតីតសមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មកពីគណបក្សសង្គ្រោះជាតិដែល​​តុលាការរំលាយ​ ក្នុងថ្ងៃសវនាការតុលាការកំពូល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)​

តុលាការជាន់ខ្ពស់ បានតម្កល់សេចក្ដីសម្រេច​​ផ្ដន្ទាទោសទៅលើអតីតសកម្មជនគណបក្សសង្គ្រោះជាតិ​មួយរូប ទៅតាមការសម្រេចរបស់តុលាការជាន់ទាប ដែលបានកាត់ទោសឱ្យជាប់ពន្ធនាគារ​២០ខែ​ ជុំវិញសំណុំរឿង «ញុះញង់» ក្រោយសកម្មជន​បក្ស​ប្រឆាំងរូបនោះចែករំលែកសារលោក សម រង្ស៊ី តាម​បណ្ដាញ​សង្គម​កាលពី​ឆ្នាំ២០២០ ​រឿងប្រាប់ឱ្យពលរដ្ឋផ្អាកសងបំណុលធនាគារ។

លោក ទុំ ប៊ុនថន អតីតសមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មកពីគណបក្សសង្គ្រោះជាតិដែល​​តុលាការរំលាយ​ ​ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសសាលក្រមផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ២០ខែ ឬ១ឆ្នាំ៨ខែ ពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

ការចោទប្រកាន់នេះពាក់ព័ន្ធនឹងការផ្ញើសារតាមការអំពាវនាវរបស់​លោក សម រង្ស៊ី ក្នុងការ​ប្រាប់ឱ្យពលរដ្ឋផ្អាកសងបំណុលធនាគារបណ្ដោះអាសន្នរហូតដល់ស្ថានភាពជំងឺកូវីដ-១៩ធូរស្រាល និងមានជីវភាពល្អប្រសើរឡើងវិញ ចាំសងធនាគារ។ ដោយមិនសុខចិត្តចំពោះការសម្រេចនេះ សកម្មជនបក្សប្រឆាំងរូបនេះ តាមរយៈមេធាវី បានសម្រេចប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ប៉ុន្តែត្រូវបានសាលាឧទ្ធរណ៍បដិសេធកាលពីខែធ្នូ ឆ្នាំ២០២១ ហើយក៏បានប្ដឹងសាទុក្ខទៅ​តុលាការកំពូលបន្ថែមទៀត។

តុលាការកំពូលនៅព្រឹកថ្ងៃពុធនេះ បានប្រកាស​បដិសេធបណ្ដឹងសាទុក្ខរបស់លោក ទុំ ប៊ុនថន ដោយថា សេចក្តីសម្រេច​របស់សាលាឧទ្ធរណ៍កន្លងមក ផ្អែកលើភស្តុតាងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវបានចាត់ទុកថាមានភាពត្រឹមត្រូវក្នុងការឈានដល់​ការផ្ដន្ទាទោសពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

តុលាការកំពូលបាននិយាយថា ជនជាប់ចោទបានអះអាងថា គណនី Facebook របស់គាត់ត្រូវបានគេលួចចូល ប៉ុន្តែមិនមានភស្តុតាងណាមួយដើម្បីគាំទ្រការលើកឡើងនោះទេ។

នៅក្នុងសវនាការរបស់តុលាការកំពូល កាលពីថ្ងៃទី១៣ ខែកក្កដា លោក ប៊ុនថន បានប្រាប់តុលាការថា លោកធ្លាប់បានបញ្ជាក់រួចហើយនៅសាលាឧទ្ធរណ៍ថា លោកគ្មានជំនាញផ្នែកព័ត៌មាននិងបច្ចេកវិទ្យា ហើយក៏គ្មានសមត្ថភាពការពារ​ពីការលួចចូលពីអ្នកដទៃនោះដែរ។

លោកបន្តថា៖ «វា​មិន​មែន​ជា​របស់​ខ្ញុំ [ប៉ុន្តែ] វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ចោទ​ប្រកាន់​ខ្ញុំ។ វា​អយុត្តិធម៌​ណាស់។ ដូច្នេះ ​ខ្ញុំ​សុំ​ឱ្យតុលាការ​កំពូល​ទម្លាក់​បទ​ចោទ​មក​លើ​រូប​ខ្ញុំ។ នោះមិនមែនជាគំនិតរបស់ខ្ញុំទេ»។

ក្នុងសំណុំរឿងតែមួយជាមួយអតីតសកម្មជនបក្សសង្គ្រោះជាតិរូបនេះ សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក៏ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។ ចំណែកព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ​ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២០ខែ​។

លើសពីនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០២០នោះ ក៏បានកាត់ទោសអតីតសកម្មជនបក្សសង្រ្គោះជាតិ ចំនួន២នាក់ទៀត រួមមានលោក អ៊ុក ឈុំ និងលោក លាស់ ឆេងឡាយ ឱ្យជាប់ពន្ធនាគារ១៨ខែ ឬ១ឆ្នាំកន្លះផងដែរ។

ក្រោយតុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិ កាលពីចុងឆ្នាំ២០១៧ លោក ទុំ ប៊ុនថន ក៏ត្រូវជាប់អនុវត្ត​ទោស បន្ទាប់ពីតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ​ពី​បទ «រួម​គំនិត​ក្បត់ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ក្នុងសំណុំរឿងវិលចូលកម្ពុជា ៩ វិច្ឆិកា របស់លោក សម រង្ស៊ី។

យ៉ាងណា សមត្ថកិច្ច​បាន​​​​ចាប់ខ្លួន លោក ទុំ ប៊ុនថន ​ជាថ្មីទៀត នៅ​មុខ​ផ្ទះរបស់គាត់ ​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ កាល​ពី​ល្ងាច​ថ្ងៃ​ទី២៩ ខែ​កញ្ញា ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ទី៣០ ខែ​កញ្ញា ឆ្នាំ២០២១។ ការ​ចាប់​ខ្លួន​​ពេល​នោះ គឺ​កើត​ឡើង​បន្ទាប់​ពី​លោក ទុំ ប៊ុនថន បាន​វិល​ត្រលប់​ពី​ប្រទេស​ថៃ ដើម្បី​មក​រស់​នៅ​ជួបជុំ​គ្រួសារ​វិញ ​​បាន​រយៈ​ពេល​មួយ​ខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ