អាមេរិក​រាយការណ៍​ពី​ប្រតិបត្តិការ​ឆបោក ការ​កើនឡើង​នៃ​ការ​ជួញដូរ​មនុស្ស និង​ការងារ​ដោយ​បង្ខំ​នៅ​កម្ពុជា

ជនជាតិចិនជាង៣០នាក់លួចឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា ត្រូវកម្លាំងល្បាតរបស់អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក សហការជាមួយសមត្ថកិច្ចេពាក់ព័ន្ធបង្ក្រាបបាននៅវេលាម៉ោង២១និង៣០យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

​ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចង្អុលបង្ហាញអំពី​ប្រតិបត្តិ​ការ​ឆបោកតាម​​អ៊ីន​ធឺណិត​ ដែលជាប្រភេទប្រតិបត្តិការ​ឆបោក​​ទ​ង់​ក្រហម (Red Flags Scam Operations) ​ការ​ជួញ​ដូរ​​ជនបរទេស​​ចូល​មក​​ក្នុង​ប្រទេសកម្ពុជា​​ដែលកំពុងមានការកើនឡើង ក៏ដូចជាការរំលោភ​បំពាន​ផ្សេង​​ទៀត ពាក់ព័ន្ធនឹងពលករចំណាកស្រុក ហើយ​សកម្មភាពទាំងនេះ​បានធ្វើឱ្យប្រទេសកម្ពុជា​​ធ្លាក់​ដល់ចំណាត់​ថ្នាក់​ទាប​បំផុត។

យោងតាមរបាយការណ៍ស្ដីពី​ការ​ជួញដូរ​មនុស្ស​ប្រចាំឆ្នាំរបស់​ក្រសួងការបរទេស​អាមេរិក ដែល​​​ចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារ​ បាន​បង្ហាញ​ថា ប្រទេសក​ម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ទី​៣ ដែលអាច​ធ្វើឱ្យមានការរឹតត្បិតលើជំនួយបរទេស បើទោះ​បី​ជា​នេះ​មិនមែនជាការចាំបាច់ និង​ជាការសម្រេចចិត្តផ្នែកនយោបាយ​រប​ស់​ប្រធានាធិបតីសហរដ្ឋអាមេរិកក៏ដោយ។

វីអូឌី បានចងក្រងឯកសារស្ដីពីការជួញដូរ ការ​ងារ​ដោយ​បង្ខំ និង​ការ​ធ្វើ​ទារុណ​កម្ម​លើ​ជនបរទេស​ក្នុង​ប្រតិបត្តិការឆបោកទូទាំងប្រទេស។ ជាធម្មតា បុគ្គលដែលត្រូវបានជួញដូរ គឺជាពលរដ្ឋ​​​ចិន វៀតណាម ថៃ តៃវ៉ាន់ និងម៉ាឡេស៊ី រួមទាំងមានករណីជួញដូរមួយចំនួនទៀតដែលត្រូវ​បានរាយការណ៍ពីបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីផ្សេងទៀត។

របាយការណ៍ទាំងនេះត្រូវបានគាំទ្រដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និង​អង្គការមិនមែ​នរ​ដ្ឋាភិបាល​ផ្សេង​ទៀត ដែលបានចងក្រងឯកសារអំពីការរំលោភបំពានទាំងនេះផងដែរ។

របាយការណ៍ TIP របស់សហរដ្ឋអាមេរិក បានបង្ហាញសង្ខេបអំពី​ប្រតិបត្តិការឆបោក ដោយ​រៀប​​រាប់​​លម្អិត​អំពី​ការរំលោភសិទ្ធិការងារ និងបញ្ហាជួញដូរ​ដែល​កំពុង​តែ​កើត​មាន​នៅ​ក្នុងប្រទេស ដូចជា ការងារដើម្បីដោះបំណុលនៅឡឥដ្ឋ ការ​ជួញដូរកូនស្រី​ដែលកំពុងមានការកើនឡើងនៅបរទេស និងការរំលោភបំពានដែលប្រជាជនចំណាកស្រុកកំពុងជួបប្រទះ។

របាយការណ៍ដដែលនេះបង្ហាញថា មាន​របាយការណ៍គួរឱ្យទុកចិត្តដែលបង្ហាញថា មន្ត្រី​មួយ​ចំនួន​សម​គំនិត​ក្នុង​ប្រតិ​បត្តិ​ការឆបោក និងអំពាវនាវឱ្យបង្កើនការកាត់ទោសអាជ្ញាធរដែល​ប្រព្រឹត្ត​​ខុស។

របាយការណ៍ដដែលនេះបានបង្ហាញទៀតថា៖ «អង្គការមិនមែនរដ្ឋាភិបាលបានចោទប្រកាន់ថា ​នគរបាលនិងមន្ត្រីផ្សេងទៀតសមគំនិតក្នុងប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលបាន​បង្ខំ​ប្រជាជនចិន ប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍ និងជនបរទេសរាប់រយនាក់ ឱ្យធ្វើកា​រ​នៅ​​ក្នុង​វិស័យ​សេវា​បម្រើ​អតិថិជន​នៅក្រុង​ព្រះ​សីហនុ និងទីតាំងផ្សេងទៀត»។

របាយការណ៍នេះក៏អំពាវនាវឱ្យមានការបង្កើនកិច្ចខិតខំប្រឹងប្រែង​អនុវត្តច្បាប់ប្រឆាំងនឹងប្រតិ​បត្តិ​ការឆបោកតាមអ៊ីនធឺណិត រួមទាំងការចោទប្រកាន់ពីការងារដោយបង្ខំ និងប្រឆាំងនឹងមន្ត្រីដែលសមគំនិតក្នុងប្រតិបត្តិការឆបោកនេះ និងឧក្រិដ្ឋកម្មជួញដូរដែលពាក់ព័ន្ធ។

នគរបាលកម្ពុជាបានជួយសង្គ្រោះមនុស្សដែលត្រូវបានបង្ខំឱ្យធ្វើការក្នុងប្រតិបត្តិការឆបោកជាបន្តបន្ទាប់ ដែលជាញឹកញាប់ធ្វើឡើងតាមការទទូចពីប្រទេសកំណើតរបស់ជនរងគ្រោះ។ យ៉ាងណាក៏ដោយ នគរបាលកម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការថា មិនមានការកើនឡើងនៃករណីទាំងនេះឡើយ ដែលជួនកាលបានកំណត់ការឃុំខ្លួនពលករថាជាវិវាទការងារ ឬការខ្វែងគំនិតគ្នាលើកិច្ចសន្យាការងារ។

ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​បញ្ជី​តាមដាន​ចំណាត់ថ្នាក់២ ក្នុង​របាយការណ៍​របស់​សហរដ្ឋ​អាមេរិក​ក្នុង​​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ។ ប្រទេសដែលមិនមានភាពប្រសើរឡើង ត្រូវបានទម្លាក់ចំណាត់ថ្នាក់ដោយស្វ័យប្រវត្តិទៅចំណាត់ថ្នាក់ទី៣ បន្ទាប់ពីរយៈពេល២ឆ្នាំ​​នៅក្នុងបញ្ជីតាមដាន ប៉ុន្តែកម្ពុជាបានទទួលការពន្យារពេលមួយឆ្នាំនៅឆ្នាំ​២០២១។ របាយការណ៍នេះក៏បានបញ្ជាក់ផងដែរថា «រាជធានី-ខេត្តទាំង​២៥របស់ប្រទេសកម្ពុជា គឺជាប្រភពនៃការជួញដូរមនុស្ស»។

បច្ចុប្បន្ននេះ ប្រទេសកម្ពុជាចូលរួមជាមួយប្រទេសចិន ម៉ាកាវ វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កូរ៉េខាងជើង ប្រ៊ុយណេ ស៊ីរី អាហ្វហ្គានីស្ថាន ស៊ូដង់ខាងត្បូង និងរដ្ឋចំនួន១២ផ្សេងទៀត ជាប្រទេសដែលស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៣៕


បកប្រែនិងសម្រួលដោយលោក លី សេងហន ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ US Report Red Flags Scam Operations, Widespread Trafficking and Forced Labor

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ